* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងសេដ្ឋកិច្ចបន្ត​ផ្សព្វផ្សាយ និងពង្រីកការអនុវត្តប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកដល់ក្រសួង-ស្ថាប័ន ដែលនៅសេសសល់ចំនួន១០ ​ជំរុញឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលពេញលេញ

28-09-2026 14:11

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា» ទៅកាន់អង្គភាពថវិការបស់ក្រសួង-ស្ថាប័នដែលនៅសេសសល់ចំនួន១០ ​ដើម្បីជំរុញការផ្សព្វផ្សាយ និងផ្តល់ព័ត៌មានអំពីទិដ្ឋភាពទូទៅ និងការអនុវត្តប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (CamInvoice) ប្រភេទ B2G (Business-to-Government) ក្នុងការត្រៀមលក្ខណៈឱ្យបានរួចរាល់សម្រាប់ការអនុវត្តនៅក្នុងត្រីមាសទី ៤ ឆ្នាំ២០២៦ នេះ។

ក្រសួង-ស្ថាប័នទាំង១០ ដែលជាគោលដៅនៃការពង្រីកលើកនេះ រួមមាន​ ទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ, ក្រសួងព្រះបរមរាជវាំង, អគ្គលេខាធិការដ្ឋានរដ្ឋសភា, អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា, អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ, គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, អាជ្ញាធរសវនកម្មជាតិ, និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ​បានឱ្យដឹងថា ប្រព័ន្ធ CamInvoice ត្រូវបានអភិវឌ្ឍ និងដាក់ឱ្យដំណើរការផ្លូវការដោយជោគជ័យអស់រយៈពេលជិត ២ឆ្នាំមកហើយ គិតចាប់ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។ ប្រព័ន្ធនេះមានសមាសធាតុសំខាន់ៗដូចជា ថ្នាល CamInvoice Platform ដែលជាប្រព័ន្ធប្រតិបត្តិការស្នូល ផតថល CamInvoice Portal សម្រាប់ចុះឈ្មោះ និងប្រើប្រាស់មុខងារនានា និងកម្មវិធីទូរសព្ទ CamInvoice Mobile App ដែលជួយសម្រួលដល់ការប្រើប្រាស់ និងផ្ទៀងផ្ទាត់វិក្កយបត្រ។

លោកបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ចំនួនសមាជិកសរុបបានចុះឈ្មោះមាន ៣៣៤ ក្នុងនោះមានអង្គភាពរដ្ឋ ១៦៧ និងក្រុមហ៊ុនឯកជន១៦៧។ ចំនួនវិក្កយបត្រអេឡិចត្រូនិកដែលបានចេញសរុបមាន ៣,២២២ ដោយក្នុងនោះវិក្កយបត្រប្រភេទ B2G (ពីក្រុមហ៊ុនទៅរដ្ឋ) មាន ១,២៦៨ និងប្រភេទ B2B (ពីក្រុមហ៊ុនទៅក្រុមហ៊ុន) មាន ១,៩៥៤ ដែលអនុវត្តដោយស្ម័គ្រចិត្ត។ ការអនុវត្តជាកាតព្វកិច្ចប្រភេទ B2G បានគ្របដណ្តប់លើក្រសួង-ស្ថាប័នថ្នាក់កណ្តាលចំនួន ២៨ រួចមកហើយ។

លោកបន្តថា សម្រាប់ទិសដៅបន្ត ក្នុងត្រីមាសទី៤ ឆ្នាំ២០២៦ នេះ គឺការពង្រីកការអនុវត្តជាកាតព្វកិច្ច B2G ទៅដល់គ្រប់អង្គភាពថ្នាក់កណ្តាលនៃក្រសួង-ស្ថាប័នដែលនៅសេសសល់ទាំងអស់។ ចាប់ពីឆ្នាំ២០២៧ តទៅ ការអនុវត្តនឹងពង្រីកទៅដល់អង្គភាពរដ្ឋនៅថ្នាក់មូលដ្ឋាន ដូចជា មន្ទីរជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយគ្រោងពង្រីកឱ្យបានពេញលេញទូទាំងប្រទេសត្រឹមឆ្នាំ២០២៨។ លើសពីនេះ ក្រុមការងារក៏គ្រោងនឹងពិនិត្យលទ្ធភាពអនុវត្តជាកាតព្វកិច្ចលើវិក្កយបត្រប្រភេទ B2B ជាចំណុចចាប់ផ្តើមផងដែរ ក្នុងឆ្នាំ២០២៧។

ការបន្តជំរុញការប្រើប្រាស់ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់តម្លាភាព ប្រសិទ្ធភាព និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។

នាឱកាសថ្លែងបើកសិក្ខាសាលានេះ លោកបណ្ឌិត គង់ ម៉ារី បានគូសបញ្ជាក់ថា ប្រព័ន្ធ CamInvoice គឺជាផ្នែកមួយនៃការកសាងថ្នាលឌីជីថលគ្រឹះ ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ៧ ដែលបានដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ប្រព័ន្ធនេះក៏ចូលរួមគាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងផ្នែកចំណូល និងផ្នែកចំណាយ ដោយលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពចំណាយរដ្ឋ ព្រមទាំងរួមចំណែកកៀរគរចំណូលពន្ធដារបន្ថែម។

លោករដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា ការអនុវត្តវិក្កយបត្រអេឡិចត្រូនិកប្រភេទ B2G ជាកាតព្វកិច្ចនេះ មានន័យថា គ្រប់អង្គភាពថ្នាក់កណ្តាលនៃក្រសួង-ស្ថាប័នរដ្ឋ ត្រូវតែទទួលតែវិក្កយបត្រអេឡិចត្រូនិកដែលបញ្ជាក់ពីប្រព័ន្ធ CamInvoice ប៉ុណ្ណោះ សម្រាប់ចំណាយដែលឆ្លងកាត់នីតិវិធីលទ្ធកម្មសាធារណៈ។

លោកបានស្នើសុំការសហការពីក្រសួង-ស្ថាប័នទាំងអស់ ក្នុងការផ្តល់ព័ត៌មាន និងរៀបចំឈ្មោះអ្នកតំណាងទទួលបន្ទុកវិក្កយបត្រ ព្រមទាំងជួយផ្សព្វផ្សាយការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកជាកាតព្វកិច្ចនេះ ទៅដល់អង្គភាពផ្ទៃក្នុង និងក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួន​៕