កម្ពុជា-គុយបា ចុះ MoU ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍
28-09-2026 15:06
(សៀមរាប)៖ ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍នៃសាធារណរដ្ឋគុយបា បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជំរុញការផ្លាស់ប្តូរបទពិសោធន៍ និងធ្វើពិពិធកម្មទីផ្សារទេសចរណ៍កម្ពុជាទៅកាន់តំបន់អាមេរិកឡាទីន។
ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយក្រសួងទេសចរណ៍នៃសាធារណរដ្ឋគុយបា ដែលតំណាងដោយលោកស្រី Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជា នៅខេត្តសៀមរាប។
អនុស្សរណៈនេះ ជាជំហានសំខាន់ក្នុងការបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ព្រមទាំងពង្រីកកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការទេសចរណ៍ ដោយឈរលើមូលដ្ឋានសមភាព និងផលប្រយោជន៍រួម។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្ពុជាក៏មានឱកាសធ្វើពិពិធកម្មទីផ្សារទេសចរណ៍របស់ខ្លួនទៅកាន់តំបន់អាមេរិកឡាទីន ដើម្បីពង្រីកទីផ្សារទេសចរណ៍ និងស្វែងរកឱកាសថ្មីៗក្នុងការទាក់ទាញភ្ញៀវទេសចរពីតំបន់នេះផងដែរ។
សូមជម្រាបថា កម្ពុជា និងគុយបា បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៦០ មកម្ល៉េះ។ គិតត្រឹមឆ្នាំ២០២៦ ប្រទេសទាំងពីរមានទំនាក់ទំនងការទូតរយៈពេល៦៦ឆ្នាំហើយ៕











