* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ត្រីជាន់ខ្ពស់ គ.ជ.ប​​ អំពាវនាវដល់ប្រជាពលរដ្ឋ សូមអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា

28-09-2026 16:05

(ភ្នំពេញ)៖ ​លោក សោម សូរីដា សមាជិក គ.ជ.ប បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ឆ្នាំនេះមានរយៈពេល ៥៥ថ្ងៃ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។

ជាមួយគ្នានេះដែរ លោក សោម សូរីដា បានថ្លែងថា ដើម្បីឱ្យដំណើរការនេះប្រព្រឹត្តទៅដោយរលូនល្អ និងទទួលបានជោគជ័យស្ថិតក្នុងបរិយាកាសនយោបាយស្ងប់ស្ងាត់ ប្រកបដោយសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ គ.ជ.ប ក៏បានចេញសេចក្តីណែនាំលេខ ០៣៣ គ.ជ.ប.ស.ណ.ន ស្តីពីកិច្ចសហការ និងវិធានការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ជូនដល់លេខាធិការដ្ឋានសន្តិសុខបោះឆ្នោតនៃ គ.ជ.ប លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត ដើម្បីសហការអនុវត្តតាមគោលការណ៍ និងវិធានការចាំបាច់មួយចំនួន។

អំពីការងារសន្តិសុខ លោក សោម សូរីដា បានបន្តថា គណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោត និង គ.ជ.ប បានបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីធានាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតឆ្នាំ២០២៦។ ឯកឧត្ដម បានបញ្ជាក់ជូនអំពីមុខសញ្ញាសំខាន់ៗដែលត្រូវការពារ គោលដៅសំខាន់ៗដែលត្រូវការពារ និងការរៀបចំយន្តការរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោត និងការរៀបចំកម្លាំងការពារនៅថ្នាក់រាជធានី ខេត្ត។

គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្តដែលមានស្រាប់ ត្រូវបានកំណត់ និងប្រើប្រាស់ជាយន្តការរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតរាជធានី ខេត្ត ហៅថា គណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍រាជធានី ខេត្តសម្រាប់ការបោះឆ្នោត ត្រូវបំពេញមុខងារតាមឋានៈ តួនាទី និងការទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចរាជធានី ខេត្តរៀងៗខ្លួន ដែលមានស្នងការដ្ឋាននគរបាលរាជធានី ខេត្តធ្វើជាសេនាធិការ ត្រូវគ្រប់គ្រង ដឹកនាំ និងបញ្ជាគ្រប់យន្តការរចនាសម្ព័ន្ធសន្តិសុខ និងមន្រ្តីអនុវត្តច្បាប់នៅក្រោមឱវាទ ដោយសហការជាមួយ គ.ជ.ប ឬ/និង លធ.ខប ឬ/និង កប.ឃស ត្រួតពិនិត្យការរៀបចំកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ ដើម្បីការពារតាមផែនការ និងសេចក្តីណែនាំផ្សេងៗដែលបានកំណត់។ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬ/និងកម្លាំងកងរាជអាវុធហត្ថនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានី ខេត្ត និងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌ ត្រូវបានរៀបចំជាភ្នាក់ងារសន្តិសុខបោះឆ្នោត តាមសំណូមពរចាំបាច់របស់ គ.ជ.ប ឬ/និង លធ.ខប ឬ/និង កប.ឃស។

ចំពោះការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ, លោក សោម សូរីដា បានលើកឡើងថា គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ មានសិទ្ធិចាត់តាំងភ្នាក់ងាររបស់ខ្លួនមួយចំនួនតាមការចាំបាច់របស់គណបក្ស ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ ឬតាមការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលបានកំណត់ដោយ គ.ជ.ប។ គណបក្សនយោបាយដែលមានបំណងចាត់តាំងភ្នាក់ងាររបស់ខ្លួន ត្រូវដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងាររបស់ខ្លួនទៅក្រុមប្រឹក្សាឃុំ សង្កាត់ ៧ថ្ងៃ មុនថ្ងៃចាប់ផ្តើមដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត រហូតដល់ ១០ថ្ងៃ មុនថ្ងៃបញ្ចប់ដំណើរការនេះ។ កាលបរិច្ឆេទនៃការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ចាប់ផ្តើមពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ និងបញ្ចប់នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៧។

ពាក្យសុំចុះឈ្មោះភ្នាក់ងារតាមទម្រង់បែបបទលេខ ១០០៧ ផ្តល់ជូនដោយ គ.ជ.ប ដោយឥតគិតថ្លៃ ឬអាចទាញយកពីអាសយដ្ឋានវេប គ.ជ.ប www.nec.gov.kh។ ចំពោះអភិបាល អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មេភូមិ ជំនួយការមេភូមិ និងកម្លាំងប្រដាប់អាវុធ មិនត្រូវបានអនុញ្ញាតឱ្យធ្វើជាភ្នាក់ងារគណបក្សនយោបាយដើម្បីសង្កេតមើលដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឡើយ។

លោក សោម សូរីដា បានបន្តទៀតថា គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ គណបក្សនយោបាយចំនួន ១២ បានធ្វើការផ្ទេរសិទ្ធិជូនតំណាងរបស់ខ្លួន ដើម្បីចុះហត្ថលេខាលើពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ (ទ.១០០៧) សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សកម្លាំងជាតិ គណបក្សអំណាចប្រជាពលរដ្ឋ គណបក្សខ្មែរតែមួយ គណបក្សប្រជាធិបតេយ្យជឿនលឿន គណបក្សខ្មែររួបរួមជាតិ គណបក្សសន្តិភាពជាតិ គណបក្សឆន្ទៈខ្មែរ គណបក្សជំនាន់ថ្មី និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

ចំពោះសភាពការណ៍ទូទៅ មុនចាប់ផ្តើមដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់, លោក សោម សូរីដា បានមានប្រសាសន៍ថា ការរៀបចំបញ្ជីបោះឆ្នោតសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ ត្រូវអនុវត្តតាមច្បាប់ស្ដីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ សេចក្តីសម្រេច ផែនការមេ និងប្រតិទិនដែលបានកំណត់។ ដោយសារកត្តាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមល្អ បានធ្វើឱ្យ គ.ជ.ប មានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំចាត់ចែងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនាពេលខាងមុខ។ មកដល់ពេលនេះ គ.ជ.ប បានបំពេញភារកិច្ចមួយចំនួនរួចហើយមានដូចជា ការបណ្តុះបណ្តាលដល់ភាគីពាក់ព័ន្ធនៅថ្នាក់ គ.ជ.ប និងថ្នាក់លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ការប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយអំពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតជាដើម។

គួរឱ្យដឹងថា ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះ មានសមាសភាពមកពីតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងក្រសួងព័ត៌មាន តំណាងគណបក្សនយោបាយចំនួន ២០គណបក្ស តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៩ អង្គការ សមាគម ព្រមទាំងអ្នកសារព័ត៌មានប្រមាណ ១០០ នាក់៕