* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

វិភាគអន្តរជាតិ៖ អ្វីទៅនៅពីក្រោយការទាត់ចោលសំណើសន្តិភាពរបស់អ៉ីរ៉ង់ដោយលោក ដូណាល់ ត្រាំ?

28-09-2026 20:35

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានទាត់ចោលសំណើចុងក្រោយបំផុតមួយរបស់អ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ខណៈក្រុមអ្នកជំនាញបាននិយាយថាលោក ត្រាំ ជឿថាទីក្រុងវ៉ាស៊ីនតោននឹងទទួលបានផលរឹតតែច្រើនតាមរយៈការរង់ចាំ ជាជាងទទួលយកលក្ខខណ្ឌរបស់តេហេរ៉ង់ក្នុងកាលៈទេសៈសព្វថ្ងៃ។ «ខ្ញុំបានទាត់ចោលសំណើរបស់ពួកគេ»។ នេះជាការលើកឡើងរបស់លោក ត្រាំប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយអះអាងថាអ៉ីរ៉ង់ចង់បានកិច្ចព្រមព្រៀងមួយ ដោយសារតែកំពុងបរាជ័យធ្ងន់ធ្ងរ។ បើតាមក្រុមអ្នកជំនាញ ការបដិសេធរបស់លោក ត្រាំ អាចសន្មត់បានថាខណៈទាំងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់បន្តបើកចំហទ្វារការទូតជាសាធារណៈ ភាគីទាំងសងខាងនៅតែខ្វែងគំនិតគ្នា និងរង់ចាំអ៊ុតមើលរៀងៗខ្លួនថាតើនរណាជាអ្នកធ្វើសម្បទានមុន?

«ការគិតគូរបស់លោក ត្រាំ មើលទៅមិនពិបាកយល់ទេ។ លោកប្រហែលជាជឿថាការអនុវត្តការបិទខ្ទប់ និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៉ីរ៉ង់ក្នុងពេលតែមួយ កំពុងលេចចេញជាលទ្ធផលជាបណ្ដើរៗ។ លោកអាចមើលឃើញថាការលើកឡើងនូវសំណើសន្តិភាពរបស់តេហេរ៉ង់បានបង្ហាញពីប្រសិទ្ធភាពនៃការដាក់សម្ពាធ និងភាពទន់ខ្សោយរបស់អ៉ីរ៉ង់។ ដូច្នេះទីក្រុងវ៉ាស៊ីនតោនអាចរង់ចាំដោយមិនប្រញាប់ពេកនោះទេដើម្បីទទួលបានសម្បទានដែលលោកត្រូវការ»។ នេះជាការយល់ឃើញរបស់លោក Andreas Krieg ជាសាស្ត្រាចារ្យរងមកពីសាកលវិទ្យាល័យ King’s College London។ លោកបានបន្ថែមថាការអះអាងជាសាធារណៈរបស់លោក ត្រាំ ថាអ៉ីរ៉ង់កំពុងបរាជ័យធ្ងន់ធ្ងរអាចសន្មត់បានថាលោកកំពុងគិតថាពេលវេលាកំពុងឈរនៅខាងសហរដ្ឋអាមេរិក ពោលគឺការរង់ចាំ​ ឬការដាក់សម្ពាធកាន់តែយូរ អាចនឹងធ្វើឱ្យគោលជំហររបស់សហរដ្ឋអាមេរិកនៅឯតុចរចារឹតតែមានភាពល្អប្រសើរ។

* ហេតុអ្វីលោក ត្រាំ ជឿថាលោកអាចរង់ចាំ?
បើតាមក្រុមអ្នកជំនាញ លោក ដូណាល់ ត្រាំ ប្រហែលជាជឿថាទណ្ឌកម្មសេដ្ឋកិច្ចកំពុងបង្ហាញប្រសិទ្ធភាព តែមិនទាន់ឈានដល់កម្រិតអតិបរមានៅឡើយទេ។ ក្នុងន័យនេះលោក ត្រាំជឿថាការបន្តដាក់សម្ពាធ អាចនឹងធ្វើឱ្យអ៉ីរ៉ង់កាន់តែមានឆន្ទៈធ្វើសម្បទាន។ រដ្ឋបាលលោក ត្រាំ បានបង្កើនការដាក់សម្ពាធសេដ្ឋកិច្ចលើតេហេរ៉ង់ រួមជាមួយការរឹតបន្តឹងការបិទខ្ទប់មិនឱ្យកប៉ាល់ចេញចូលកំពង់ផែអ៉ីរ៉ង់ និងការដាក់ទណ្ឌកម្មដោយកំណត់គោលដៅលើប្រភពចំណូលរបស់អ៉ីរ៉ង់បានមកពីការលក់ប្រេង ហើយគំរាមដាក់ទណ្ឌកម្មលើបណ្ដាប្រទេសដទៃដែលបន្តធ្វើពាណិជ្ជកម្មជាមួយអ៉ីរ៉ង់។ កាលពីសប្ដាហ៍មុន សហរដ្ឋអាមេរិកបានអនុវត្តការដាក់ទណ្ឌកម្មប្រឆាំងនឹងវិស័យអាកាសចរណ៍អ៉ីរ៉ង់ដោយបានបង្កការរំខានដល់ជើងហោះហើរទៅនិងមកពីអ៉ីរ៉ង់។ ទណ្ឌកម្មថ្មីនេះកើតមានឡើងបន្ទាប់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានប្រកាសពីការធ្វើយុទ្ធនាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមិនធ្លាប់មានប្រឆាំងអ៉ីរ៉ង់ដែលកំណត់គោលដៅលើផលប្រយោជន៍ហិរញ្ញវត្ថុរបស់តេហេរ៉ង់នៅជុំវិញពិភពលោក។

លោក Richard Weitz ជាអ្នកជំនាញម្នាក់មកពី NATO Defence College បានប្រាប់សារព័ត៌មាន Al Jazeera ថាសេតវិមានប្រហែលជាកំពុងជឿថាខ្លួនអាចរង់ចាំបន្តិចសិនកុំប្រញាប់ពេក ដើម្បីទទួលបានលក្ខខណ្ឌកាន់តែប្រសើរ។ បានន័យថាទីក្រុងវ៉ាស៊ីនតោន ប្រហែលជាកំពុងគិតថាការបន្តដាក់សម្ពាធសេដ្ឋកិច្ចកាន់តែយូរ អាចនឹងបង្ខំឱ្យរដ្ឋាភិបាលអ៉ីរ៉ង់ធ្វើសម្បទានកាន់តែច្រើន។ លោក Weitz បានពន្យល់ថានេះជាអ្វីដែលធ្លាប់បានកើតឡើងកាលជាងមួយទសវត្សរ៍មុន ដែលនាំទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥។ នៅពេលនោះរដ្ឋាភិបាលអ៉ីរ៉ង់បានសម្រេចចិត្តថាសហរដ្ឋអាមេរិកមានបំណងបិទបញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ច ជាថ្នូរឱ្យអ៉ីរ៉ង់ធ្វើសម្បទានលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ បើតាមអ្នកជំនាញរូបនេះ វាមានលទ្ធភាពទៅរួចថាគេអាចនឹងបានឃើញការធ្វើសម្បទានទៅវិញទៅមកស្រដៀងគ្នានេះនៅប៉ុន្មានខែខាងមុខ។

*​ អ៉ីរ៉ង់អាចធ្វើឱ្យលោក ត្រាំ បង់តម្លៃតបស្នង
តែទោះជាយ៉ាងនេះក្ដី ការរង់ចាំក៏អាចនឹងបង្កហានិភ័យនយោបាយចំពោះលោក ត្រាំផងដែរ ដ្បិតគណបក្សសាធារណរដ្ឋរបស់លោកអាចនឹងទទួលបរាជ័យក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកាខាងមុខ។ នេះបើតាមក្រុមអ្នកជំនាញ។ ការស្ទង់មតិកាលពីខែសីហាកន្លងទៅរបស់ Reuters/Ipsos បានបង្ហាញថា ៦៣ភាគរយនៃប្រជាជនអាមេរិកបានប្រឆាំងជំទាស់នឹងសង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល ជាមួយអ៉ីរ៉ង់ ខណៈ ៣១ភាគរយគាំទ្រសង្រ្គាមនេះ។ បន្ថែមពីលើនេះតិច ឬច្រើន ការឡើងថ្លៃតម្លៃប្រេងឥន្ធនៈ និងការដឹកជញ្ជូនក៏បាន និងកំពុងបង្កការលំបាកដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនអាមេរិកផងដែរ។

លោក Krieg បានកត់សម្គាល់ថាបញ្ហាសម្រាប់លោក ត្រាំ នោះគឺពេលវេលាមិនត្រឹមតែបង្កើនការដាក់សម្ពាធលើអ៉ីរ៉ង់ប៉ុណ្ណោះទេ តែវាក៏អាចបង្កភាពស្មុគស្មាញនយោបាយសម្រាប់លោក ត្រាំដែរ។ ត្រង់ចំណុចនេះ​ លោក Krieg បានពន្យល់ថាខណៈការបោះឆ្នោតពាក់កណ្ដាលអាណត្តិខិតជិតមកដល់ លោក ត្រាំមិនចង់ឱ្យគេមើលឃើញថារូបលោកមានបំណងលុបចោលការបិទខ្ទប់ ដកទណ្ឌកម្មប្រេង និងបញ្ចេញទ្រព្យសម្បត្តិរបស់អ៉ីរ៉ង់ ដើម្បីត្រឹមតែឱ្យច្រកសមុទ្រ Hormuz ដែលអ៉ីរ៉ង់ខ្លួនឯងជាអ្នកបិទខ្ទប់ បើកឡើងវិញប៉ុណ្ណោះទេ។ ប៉ុន្តែពេលវេលាកាន់តែអូសបន្លាយពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ តម្លៃថាមពលអាចនឹងកាន់តែឡើងថ្លៃ រីឯប្រទេសជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក្នុងតំបន់ឈូងសមុទ្រពែក្សកាន់តែរងសម្ពាធ។ ការបិទខ្ទប់ច្រកសមុទ្រ Hormuz បានបង្កផលរំខានយ៉ាងខ្លាំងដល់នាំចេញប្រេងរបស់បណ្ដាប្រទេស ក្នុងតំបន់ឈូងសមុទ្រពែក្ស ដែលពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញប្រេងជាប្រភពចំណូលដ៏សំខាន់។

លោក Mohamad Elmasry ជាសាស្ត្រាចារ្យម្នាក់មកពី Doha Institute for Graduate Studies បាននិយាយថាសំណើរបស់អ៉ីរ៉ង់អាចត្រូវបានចាត់ទុកជាការធ្វើសម្បទានមួយទៅឱ្យលោក ត្រាំ ព្រោះវាហាក់ផ្ដល់លទ្ធភាពមួយឆ្ពោះទៅរកការធ្លាក់ចុះតម្លៃប្រេង និងឧស្ម័ន មុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិចូលមកដល់។ ក៏ប៉ុន្តែអ៉ីរ៉ង់ប្រហែលជាអាចសម្រេចចិត្តថានឹងធ្វើឱ្យលោក ត្រាំសងមកវិញនូវតម្លៃមួយយ៉ាង ស័ក្តិសមសម្រាប់ការទាត់ចោលសំណើរបស់អ៉ីរ៉ង់ និងដោយសារតែការកើនឡើងសម្ពាធសេដ្ឋកិច្ចដែលអ៉ីរ៉ង់កំពុងប្រឈម។ «ពួកគេប្រហែលជាអាចសម្រេចចិត្តថានេះជាពេលត្រូវបង្កើនជម្លោះ... ខណៈការបោះឆ្នោតពាក់កណ្ដាលអាណតិ្តរបស់សហរដ្ឋអាមេរិកកាន់តែខិតជិតមកដល់»។ នេះបើតាមលោក Mohamad Elmasry។ អ្នកជំនាញរូបនេះបានកត់សម្គាល់ទៀតថាគណបក្សសាធារណរដ្ឋកំពុងធ្វើមិនបានល្អនោះទេនៅក្នុងការស្ទង់មតិ ហើយបេក្ខជនមួយចំនួនរបស់ខ្លួនហាក់ដកខ្លួនចេញឆ្ងាយពីលោក ត្រាំ។ ការស្ទង់មតិបានបង្ហាញថាគណបក្សសាធារណរដ្ឋអាចនឹងបាត់បង់សំឡេងភាគច្រើនតិចតួចរបស់ខ្លួននៅក្នុងសភាអាមេរិក។ «វាមិនមែនតែអ៉ីរ៉ង់ទេដែលកំពុងប្រឈមមុខសម្ពាធសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយសារតែការបិទខ្ទប់កំពង់ផែអ៉ីរ៉ង់ និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពោលគឺរដ្ឋបាលលោក ត្រាំក៏កំពុងរងសម្ពាធដែរ»។

* ការរង់ចាំរបស់លោក ត្រាំដើម្បីឱ្យអ៉ីរ៉ង់ធ្វើសម្បទាន អាចជះផលអវិជ្ជមាន
លោក Krieg បាននិយាយថាលោក ត្រាំចង់ឱ្យតេហេរ៉ង់បើកច្រកសមុទ្រ Hormuz ឡើងវិញ តែមិនចង់ធ្វើសម្បទានគ្រប់យ៉ាងដែលអ៉ីរ៉ង់ទាមទារចង់បាននោះទេ។ លោកបានបន្តថាជាការពិតណាស់ អ៉ីរ៉ង់ពិតជាកំពុងរងសម្ពាធដោយសារតែទណ្ឌកម្ម រីឯការបិទខ្ទប់កំពង់ផែអ៉ីរ៉ង់បានបង្កផលប៉ះពាល់យ៉ាងខ្លាំង ដែលនេះមើលទៅជាមូលហេតុមួយដែលអ៉ីរ៉ង់ត្រូវការកិច្ចព្រមព្រៀង។ ប៉ុន្តែការបង្កើនការដាក់សម្ពាធមិនមែនមាន ន័យថាវានឹងធ្វើឱ្យអ៉ីរ៉ង់ធ្វើសម្បទានដោយស្វ័យប្រវត្តិនោះទេ។ តាមលោក Krieg អ៉ីរ៉ង់អាចនឹងជ្រើសរើសយកការបង្កើនជម្លោះដើម្បីបង្កើនការខាតបង់ដល់សត្រូវរបស់ខ្លួន ក្នុងនោះរួមមានតាមរយៈច្រកសមុទ្រ Hormuz ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ និងច្រកសមុទ្រ Bab al-Mandeb ក្នុងតំបន់សមុទ្រក្រហម ដែលឥលូវត្រូវបានរាយការណ៍ថាបានធ្លាក់ចូលទៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ូទីមានមូលដ្ឋាននៅយេម៉ែនដែលជាកូនចៅរបស់អ៉ីរ៉ង់។

ក្រុមហ៊ូទីបានបិទខ្ទប់ប្រឆាំងកប៉ាល់ដឹកប្រេងរបស់អារ៉ាប៊ីសាអូឌីតរួចទៅហើយនៅសមុទ្រក្រហម ដែលទីក្រុងរីយ៉ាដបានប្រើប្រាស់ជាផ្លូវដឹកជញ្ជូនជំនួសច្រកសមុទ្រ Hormuz ដើម្បីនាំចេញប្រេងរបស់ខ្លួន។ «ដូច្នេះវាអាចជះផលអវិជ្ជមានត្រឡប់ទៅវិញ។ លោក ត្រាំប្រហែលជាគិតថាពេលវេលារបស់អ៉ីរ៉ង់ខើចកាន់តែលឿនជាងពេលវេលារបស់សហរដ្ឋអាមេរិក។ តែអ៉ីរ៉ង់គិតផ្សេងពីនេះ នោះគឺកាតា អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម រួមទាំងទីផ្សារថាមពលពិភពលោក អាចរួមមានទាំងលោក ត្រាំខ្លួនឯងទៅវិញទេដែលមិនអាចស៊ូទ្រាំនឹងផលរំខានបានយូរជាងអ៉ីរ៉ង់»។ យល់ឃើញស្រដៀងគ្នានេះដែរ លោក Ross Harrison មកពី Middle East Institute បានលើកឡើងថាក្នុងពេលឥលូវ អ៉ីរ៉ង់អាចមើលឃើញថាការបង្កើនជម្លោះមានហានិភ័យ ឬការប្រឈមមុខនឹងការខាតបង់ទាបជាងការយល់ព្រមធ្វើសម្បទានទៅឱ្យសហរដ្ឋអាមេរិកភ្លាមៗ ជាពិសេសបន្ទាប់ពីលោក ត្រាំទាត់ចោលសំណើរបស់អ៉ីរ៉ង់ ព្រោះមើលទៅប្រៀបដូចជាការសុំចុះចាញ់។

លោក Harrison យល់ថាអ៉ីរ៉ង់ទំនងជាមិនមានអ្វីត្រូវភ្ញាក់ផ្អើលទេចំពោះការបដិសេធរបស់លោក ត្រាំ ហើយប្រហែលជាចង់ប្រើសំណើរបស់ខ្លួនដើម្បីបញ្ជូនសារទៅកាន់ប្រជាជនអ៉ីរ៉ង់ និងប្រជាជនអាមេរិកថាតេហេរ៉ង់នៅតែមានឆន្ទៈចង់ចរចា។ បើតាមក្រុមអ្នកជំនាញ អ៉ីរ៉ង់ក៏ប្រហែលជាយល់ផងដែរថាលោក ត្រាំ ចង់បានច្រកចេញមួយ ដើម្បីយកទៅប្រាប់ប្រជាជនអាមេរិកថាវាជាជ័យជម្នះ។ ដូច្នេះអ៉ីរ៉ង់មិនត្រូវប្រញាប់ពេក ឬព្រមព្រៀងជាមួយសហរដ្ឋអាមេរិកដោយងាយៗពេកនោះទេ។ ពីព្រោះនៅពេលលោក ត្រាំ កាន់តែចង់បានកិច្ចព្រមព្រៀងរឹតតែខ្លាំង វាប្រហែលជាអាចធ្វើឱ្យកិច្ចចរចាកាន់តែងាយស្រួលជាងមុនក៏ថាបាន។

សម្រាប់លោក Krieg ការអូសបន្លាយ ឬភាពរ៉ុំារ៉ៃនៃជម្លោះទំនងនឹងក្លាយជាលទ្ធផលមួយអាចទៅរួច។ លោកបានបន្ថែមថា «ទាំងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់សុទ្ធតែត្រូវការកិច្ចព្រមព្រៀង ប៉ុន្តែទាំងសងខាងប្រហែលជាកំពុងគិតថាការរង់ចាំអាចនឹងធ្វើឱ្យពួកគេទទួលបានកិច្ចព្រមព្រៀងមួយដែលល្អប្រសើរជាងមុន ឬអាចទទួលយកបាន»៕