រដ្ឋបាលខេត្តកំពង់ចាម ត្រៀមរៀបចំពិធីព្រឹត្តិការណ៍ប្រណាំងទូក និងតាំងពិព័រណ៍ក្នុងឱកាសបុណ្យចេញព្រះវស្សាខាងមុខនេះ
29-09-2026 14:38
(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម ត្រៀមរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប តាំងពិព័រណ៍សមិទ្ធផលនានា និងអុចកាំជ្រួច បង្កការសប្បាយរីករាយជូនប្រជាពលរដ្ឋ នាឱកាសបុណ្យចេញព្រះវស្សាខាងមុខនេះ។
ក្នុងការរៀបចំព្រឹត្តិការណ៍ខាងលើនេះ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិធីប្រណាំងទូក ដើម្បីពិភាក្សា និងរៀបចំផែនការការងារ ឱ្យដំណើរការទៅដោយរលូន សុវត្ថិភាព និងកាន់តែអធិកអធម នៅក្រុងកំពង់ចាម។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងកិច្ចប្រជុំនោះ លោក អ៊ុន ចាន់ដា បានណែនាំ និងរំលេចចំណុចសំខាន់ៗដល់អនុគណៈកម្មការ និងផ្នែកពាក់ព័ន្ធទាំងអស់ ឲ្យសហការគ្នាយ៉ាងជិតស្និទ្ធ ជាពិសេសលើកិច្ចការរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ការត្រៀមលក្ខណៈបច្ចេកទេសប្រណាំងទូក រៀបចំស្តង់តាំងពិព័រណ៍សមិទ្ធផល បណ្តែតប្រទីប និងការអុចកាំជ្រួច ឱ្យមានភាពទាក់ទាញ ព្រមទាំងយកចិត្តទុកដាក់លើការគ្រប់គ្រងអនាម័យ បរិស្ថាន និងសម្រួលចរាចរណ៍នៅតាមដងផ្លូវសំខាន់ៗក្នុងក្រុងកំពង់ចាម ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់មហាជន។
អភិបាលខេត្ត បានបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះ រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចរៀបចំពិធីប្រណាំងទូក «ង» ទូកខ្នាតអន្តរជាតិ អមដោយការប្រគុំតន្ត្រី តាំងពិព័រណ៍ភូមិ១ ផលិតផល១ រយៈពេល៥ថ្ងៃ និងមានពិធីសាសនា បណ្តែតប្រទីប នៅថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ដែលជាថ្ងៃចេញព្រះវស្សា។ រីឯចំនួនទូកចូលរួមចំនួន ៨៨ទូក ស្មេីនឹង៤៤គូ (ទូកខ្នាតអន្តរជាតិ ២៤គូ និងទូកង ខ្នាតវែង ២០គូ)។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់សប្បុរសជននានា ចូលរួមជួយឧបត្ថម្ភគាំទ្រដល់ការរៀបចំពិធី ក៏ដូចជាជួយដល់កីឡាករអុំទូកទាំងអស់ផងដែរ និងបានជំរុញឱ្យគ្រប់ផ្នែកពាក់ព័ន្ធ ខិតខំបំពេញភារកិច្ចតាមបណ្តាអនុគណៈកម្មការនីមួយៗ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅដោយសប្បាយរីករាយ និងសុវត្ថិភាព៕






