កម្ពុជា-ម៉ាឡេស៊ី រៀបចំជំនួបទ្វេភាគី ដើម្បីជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍
29-09-2026 15:49
(ភ្នំពេញ)៖ កម្ពុជា និងម៉ាឡេស៊ី នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានរៀបចំជំនួបទ្វេភាគីនឹងគ្នា ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍ និងជំរុញឱ្យមានទេសចរបន្ថែមនាពេលអនាគត។
ជំនួបទ្វេភាគី ឬB2B (Tourism Malaysia B2B & Networking Sesion 2026) ដើម្បីផ្លាស់ប្តូរ និងផ្សព្វផ្សាយវិស័យទេសចរណ៍រវាងកម្ពុជា និងម៉ាឡេស៊ី ដែលរៀបចំឡើងនៅសណ្ឋាគារ SUN & MOON រាជធានីភ្នំពេញ។ វេទិកានេះ រៀបចំឡើងស្របពេលម៉ាឡេស៊ី កំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយម សម្រាប់ប្រជាពលរដ្ឋកម្ពុជាទៅកម្សាន្ត និងទេសចរណ៍សុខភាព។
លោកស្រី Baizuri Baharum នាយិកាផ្នែកផ្សព្វផ្សាយអន្តរជាតិប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃក្រុមប្រឹក្សាទេសចរណ៍ម៉ាឡេស៊ី (Tourism Malaysia) បានបង្ហាញសញ្ញាជាវិជ្ជមាន និងរីករាយចំពោះកំណើនទេសចរកម្ពុជាទៅកាន់ម៉ាឡេស៊ី។ លោកស្រី បានចាត់ទុកជំនួបធុរកិច្ចទ្វេភាគីនៅពេលនេះ មានសារសំខាន់ ក្នុងការជំរុញទីផ្សារទេសចរណ៍បន្ថែមរវាងប្រទេសទាំងពីរ។
លោកស្រីបញ្ជាក់ថា ម៉ាឡេស៊ីបានទទួលភ្ញៀវទេសចរពីកម្ពុជាចំនួន ៤៨ ០២៨ នាក់ ក្នុងឆមាសទី១ ឆ្នាំ២០២៦ កើនឡើង ៥២,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥ ម៉ាឡេស៊ីទទួលបានទេសចរកម្ពុជា សរុប ៣១ ២៥២នាក់។ បច្ចុប្បន្នកម្ពុជា និងម៉ាឡេស៊ី មានជើងហោះហើរនឹងគ្នា ៥១ជើងក្នុងមួយសប្តាហ៍ ដែលផ្តល់កៅអីសរុប ៨ ៨៥៤។
លោកស្រី Baizuri Baharum ក៏បានអញ្ជើញសមាគមទេសចរណ៍កម្ពុជា (CATA) ឱ្យដាក់បញ្ចូលគោលដៅទេសចរណ៍ម៉ាឡេស៊ីក្នុងកញ្ចប់ដំណើរកម្សាន្តរបស់ខ្លួន និងអះអាងថា Tourism Malaysia ត្រៀមជួយរៀបចំដំណើរទស្សនកិច្ចស្វែងយល់សម្រាប់ប្រតិបត្តិករ ការផ្សព្វផ្សាយរួម និងជំនួបធុរកិច្ចជាមួយដៃគូជាមួយកម្ពុជាផងដែរ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានលើកឡើងថា ការធ្វើដំណើរទៅទទួលសេវាសុខាភិបាលនៅប្រទេសម៉ាឡេស៊ី កំពុងក្លាយជាគោលដៅដ៏ពេញនិយម សម្រាប់ទេសចរកម្ពុជា ក្រោយពេលមានជម្លោះព្រំដែន។ លោកស្រីពន្យល់ថា ការធ្វើដំណើរទៅទទួលសេវាសុខាភិបាលនៅម៉ាឡេស៊ី ជាឱកាសមួយសម្រាប់វិស័យទេសចរណ៍ ដោយមានពលរដ្ឋកម្ពុជាកាន់តែច្រើនស្វែងរកសេវាព្យាបាលនៅទីនោះ។
លោកស្រី ឆាយ ស៊ីវលីន បានបន្តថា ប្រតិបត្តិករអាចបង្កើតកញ្ចប់ដែលភ្ជាប់ការព្យាបាល និងការសម្រាកក្រោយព្យាបាល ជាមួយសេវាសុខុមាលភាព និងដំណើរកម្សាន្ត។ ទន្ទឹមនឹងនេះ លោកស្រីបានជំរុញឱ្យមានការផ្សព្វផ្សាយ កម្ពុជាទៅកាន់ភ្ញៀវទេសចរម៉ាឡេស៊ីកាន់តែខ្លាំង ដោយលើកយកតំបន់អង្គរ ឆ្នេរសមុទ្រ និងសម្បត្តិវប្បធម៌របស់កម្ពុជា ជាតំបន់គោលដៅអាទិភាព។
លោកបណ្ឌិត Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ក៏បានគាំទ្រការបង្កើនលំហូរទេសចរទ្វេភាគីនេះដែរ។ លោកទូតថា ជំនួបនេះអាចជួយឱ្យអ្នកផ្ដល់សេវាទេសចរណ៍ម៉ាឡេស៊ីយល់ច្បាស់ពីទីផ្សារកម្ពុជា ហើយឱ្យភ្នាក់ងារទេសចរណ៍កម្ពុជាស្គាល់ផលិតផល និងកញ្ចប់ទេសចរណ៍ថ្មីៗរបស់ម៉ាឡេស៊ីបន្ថែមទៀត។
ឯកអគ្គរាជទូតម៉ាឡេស៊ី លើកឡើងយ៉ាងដូច្នេះថា «ភាគីទាំងពីរសង្ឃឹមថា ជំនួបធុរកិច្ចនេះនឹងនាំឱ្យមានដៃគូថ្មី កញ្ចប់ទេសចរណ៍ថ្មី និងការផ្សព្វផ្សាយរួម ដែលអាចបង្កើនចំនួនភ្ញៀវទេសចររវាងប្រទេសទាំងពីរ»។
គួរជម្រាបថា ជំនួបនេះធ្វើឡើងស្របពេលម៉ាឡេស៊ីផ្សព្វផ្សាយយុទ្ធនាការ ឆ្នាំទស្សនាម៉ាឡេស៊ី ២០២៦-២០២៧ ឬ Visit Malaysia 2026–2027។ ជំនួបនេះ គ្រោងនឹងរៀបចំនៅខេត្តសៀមរាបផងដែរ នាថ្ងៃទី១ ខែតុលា ខាងមុខ។ ម៉ាឡេស៊ីជាគោលដៅទេសចរណ៍ដ៏ពេញនិយមនៅក្នុងតំបន់ ដោយក្នុងនោះ
ម៉ាឡេស៊ីទទួលបានភ្ញៀវអន្តរជាតិ ២១,១ លាននាក់ ក្នុងឆមាសទី១ ឆ្នាំ២០២៦ កើនឡើង ២,៥% ពីចំនួន ២០,៦ លាននាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥៕




















