* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥
* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

Fresh Exclusive: ទឹកជំនន់ដូចគ្នា រូបភាពពីរខុសគ្នា៖ ពេលមេដឹកនាំចុះជួបប្រជាពលរដ្ឋ តើប្រតិកម្មពីមហាជនប្រាប់យើងអ្វីខ្លះ? (Video inside)

29-09-2026 17:37

(ភ្នំពេញ)៖ កម្ពុជា និងថៃ បានប្រឈមនឹងទឹកជំនន់នៅតំបន់មួយចំនួន ស្របពេលដែលតំបន់កំពុងប្រឈមនឹងអាកាសធាតុធ្ងន់ធ្ងរ។ ខណៈនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ចុះពិនិត្យស្ថានភាពទឹកជំនន់ដោយផ្ទាល់, រូបភាព និងសេចក្តីរាយការណ៍ពីទីតាំង បានបង្ហាញពីប្រតិកម្មខុសគ្នារបស់ប្រជាពលរដ្ឋមួយចំនួនចំពោះវត្តមានរបស់មេដឹកនាំ។ តើភាពខុសគ្នានេះប្រាប់យើងអ្វីខ្លះ អំពីវត្តមានរបស់មេដឹកនាំ និងទំនុកចិត្តរបស់ប្រជាពលរដ្ឋក្នុងគ្រាមានវិបត្តិ?

Fresh Exclusive មានអត្ថបទពិនិត្យស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖

ទឹកជំនន់មិនស្គាល់ព្រំដែននយោបាយទេ។ នៅចុងខែកញ្ញា ឆ្នាំ២០២៦ ទាំងកម្ពុជា និងថៃកំ ពុងប្រឈមនឹងទឹកជំនន់ធ្ងន់ធ្ងរ ហើយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរក៏បានចុះទៅជួបប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់។

ប៉ុន្តែ រូបភាពដែលលេចចេញពីដំណើររបស់មេដឹកនាំទាំងពីរ បានបង្ហាញប្រតិកម្មខុសគ្នាគួរឱ្យចាប់អារម្មណ៍ពីប្រជាពលរដ្ឋនៅទីតាំងនីមួយៗ។

នៅកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចុះទៅតំបន់ទឹកជំនន់នៅថ្ងៃទី២៨ ខែកញ្ញានៅខេត្តបាត់ដំបង និង បន្ទាយមានជ័យ។ រូបភាព និងវីដេអូ បង្ហាញសម្តេចបវរធិបតីបានដើរនៅក្នុងទឹក ចូលទៅជិតប្រជាពលរដ្ឋ ខណៈពលរដ្ឋទាំងឡាយ បានសម្តែងក្តីរំភើបរីករាយ នៅពេលឃើញវត្តមានរបស់ថ្នាក់ដឹកនាំចុះមកពិនិត្យសុខទុក្ខដល់ពួកគេ ដោយពលរដ្ឋមួយចំនួន បានចូលមកជិតចាប់ដៃសម្តេច សុំថតវីដេអូ និងសុំថតរូបជាមួយលោកថែមទៀត។

នៅទីក្រុងបាងកកវិញ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ក៏បានចុះទៅដល់តំបន់ទឹកជំនន់ និងចែកសម្ភារៈសង្គ្រោះផងដែរ។ ប៉ុន្តែនៅ Khlong Chan លោកបានប្រឈមនឹងសំឡេងតវ៉ាពីអ្នកស្រុកមួយចំនួន។ សារព័ត៌មាន Khaosod English រាយការណ៍ថា បុរសម្នាក់បានស្រែកសួរលោកអនុទិនថា «Why did you come?» ហេតុអ្វីបានជាអ្នកឯងមក? ខណៈអ្នកស្រុកខ្លះទៀត បានស្នើឱ្យអាជ្ញាធរនាំម៉ាស៊ីនបូមទឹកមកជាបន្ទាន់។

សារព័ត៌មាន Thai Newsroom ក៏បានរាយការណ៍អំពីសំឡេងមិនពេញចិត្តពីប្រជាពលរដ្ឋមួយចំនួននៅ Khlong Chan ផងដែរ ក្នុងពេលដំណើររបស់នាយករដ្ឋមន្ត្រីថៃលោកអនុទិននោះ។

រូបភាពទាំងពីរនេះ បង្កើតជាសំណួរមួយគួរឱ្យចាប់អារម្មណ៍៖ ទឹកជំនន់ដូចគ្នា នាយករដ្ឋមន្ត្រីទាំងពីរ ចុះទៅជួបអ្នករងគ្រោះដោយផ្ទាល់ដូចគ្នា ប៉ុន្តែហេតុអ្វីប្រតិកម្មរបស់ប្រជាពលរដ្ឋដែលកាមេរ៉ាចាប់បាននៅទីតាំងទាំងពីរ បែរជាខុសគ្នា?

*វត្តមាននៅទីតាំង៖ ក្នុងទឹកដូចគ្នា ប៉ុន្តែប្រតិកម្មមិនដូចគ្នា
នៅពេលទឹកជំនន់កំពុងវាយប្រហារខេត្តមួយចំនួន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មិនបានត្រឹមតែទទួលរបាយការណ៍ពីស្ថានភាពនោះទេ។ នៅថ្ងៃទី២៨ ខែកញ្ញា សម្តេចបានចុះទៅពិនិត្យស្ថានភាពដោយផ្ទាល់នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ ហើយបានចុះពិនិត្យដោយផ្ទាល់ចូលទៅក្នុងតំបន់ទឹកលិច ដើម្បីជួប និងសាកសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ។

រូបភាព និងវីដេអូពីដំណើរនោះ បង្ហាញពីភាពយកចិត្តទុកដាក់និងសម្តីសាកសូរសុកទុក្ខសិ្នទ្ធស្នាល រវាងមេដឹកនាំ និងប្រជាពលរដ្ឋនៅពេលមានគ្រោះអាសន្ន។ ប្រជាពលរដ្ឋមួយចំនួនបានចូលមកជិត ចាប់ដៃ ថតវីដេអូ និងសុំថតរូបជាមួយសម្តេច ខណៈសម្តេចបានដើរចូលទៅជួបពួកគេនៅក្នុងទឹកដោយផ្ទាល់។

សម្តេចបវរធិបតីបានបញ្ជាក់ថា «ការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល» ព្រមទាំងបានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត ស្រុក-ក្រុង កងកម្លាំងប្រដាប់អាវុធ កម្លាំងស្ម័គ្រចិត្ត គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។

មុនដំណើរចុះពិនិត្យនេះ រាជរដ្ឋាភិបាលក៏បានដាក់ឱ្យស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានត្រៀមទីទួលសុវត្ថិភាព កម្លាំងមនុស្ស មធ្យោបាយ និងសម្ភារៈចាំបាច់ ដើម្បីឆ្លើយតបនឹងស្ថានភាពទឹកជំនន់។

ទំហំនៃប្រតិបត្តិការនេះ អាចមើលឃើញតាមតួលេខ។ គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ទឹកជំនន់បានប៉ះពាល់ប្រមាណ ៤៤,៨០០គ្រួសារ នៅកម្ពុជា ហើយប្រមាណ ៣,៦០០គ្រួសារ ត្រូវបានជម្លៀស។ នៅខេត្តបន្ទាយមានជ័យតែមួយ គ្រួសារជាង ១,៣០០គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព។

វត្តមានរបស់ប្រមុខរាជរដ្ឋាភិបាល នៅកន្លែងដែលប្រតិបត្តិការសង្គ្រោះកំពុងកើតឡើង និងនៅកន្លែងដែលប្រជាពលរដ្ឋកំពុងប្រឈមការលំបាកដោយផ្ទាល់ បានបង្ហាញយ៉ាងហោចណាស់ ពីប្រតិកម្មវិជ្ជមានរបស់ប្រជាពលរដ្ឋខ្មែរចំពោះនាយករដ្ឋមន្ត្រីរបស់ខ្លួន ខណៈការចុះមកដល់របស់នាយករដ្ឋមន្ត្រីថៃ ក្នុងពេលពួកគេកំពុងប្រឈមគ្រោះទឹកជំនន់ បែរជាទទួលបានការខឹងសម្បារពីពលរដ្ឋថៃរបស់ខ្លួនឯងទៅវិញ។

ភាពផ្ទុយគ្នានេះ ទោះបីមិនអាចយកទៅសន្និដ្ឋានពីទស្សនៈរបស់ប្រជាពលរដ្ឋកម្ពុជា ឬថៃទាំងមូលបានក៏ពិតមែន ប៉ុន្តែវាបង្ហាញថា ក្នុងគ្រាមានវិបត្តិ វត្តមានរបស់មេដឹកនាំនៅទីតាំងផ្ទាល់អាចទទួលបានប្រតិកម្មខុសគ្នា អាស្រ័យលើបទពិសោធន៍ និងស្ថានភាពជាក់ស្តែងដែលប្រជាពលរដ្ឋនៅទីនោះកំពុងប្រឈម។

*រូបភាពពីរ នៃទឹកជំនន់ឆ្នាំ២០០០ និង២០២៦ បង្ហាញអ្វីខ្លះ?
មានរូបភាពមួយគូទៀត ដែលបានបន្ថែមអត្ថន័យនិមិត្តរូបដល់ដំណើរចុះតំបន់ទឹកជំនន់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។

នៅយប់ថ្ងៃទី២៨ ខែកញ្ញា ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបថតពីរសន្លឹកដាក់ប្រៀបធៀបគ្នា៖ មួយសន្លឹកជារូបសម្តេចចុះជួបប្រជាពលរដ្ឋក្នុងគ្រោះទឹកជំនន់កាលពីឆ្នាំ២០០០ និងមួយសន្លឹកទៀតជារូបសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចុះជួបប្រជាពលរដ្ឋក្នុងទឹកជំនន់ឆ្នាំ២០២៦។ ជាមួយរូបភាពទាំងពីរ សម្តេចតេជោបានសរសេរខ្លីថា៖ «ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់»។

រូបភាពទាំងពីរ ដែលមានគម្លាតពេលវេលា ២៦ឆ្នាំ មានភាពស្រដៀងគ្នាគួរឱ្យកត់សម្គាល់៖ មេដឹកនាំពីរជំនាន់ ឈរនៅក្នុងទឹក និងនៅក្បែរប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ពីគ្រោះធម្មជាតិ។

ការដាក់រូបឆ្នាំ២០០០ និង២០២៦ទន្ទឹមគ្នា រួមជាមួយឃ្លា «ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់» បង្កើតនិទានកថាអំពី ភាពបន្តនៃរបៀបបង្ហាញវត្តមានរបស់មេដឹកនាំនៅជាមួយប្រជាពលរដ្ឋក្នុងគ្រាមានវិបត្តិ។

ប៉ុន្តែអត្ថន័យរបស់រូបភាពទាំងនេះ មិនគួរឈប់ត្រឹមនិមិត្តរូបនៃការឈរនៅក្នុងទឹកនោះទេ។ នៅពេលប្រជាពលរដ្ឋកំពុងប្រឈមនឹងគ្រោះអាសន្ន វត្តមានរបស់មេដឹកនាំអាចផ្តល់សារថា បញ្ហារបស់ប្រជាពលរដ្ឋកំពុងទទួលបានការយកចិត្តទុកដាក់នៅកម្រិតដឹកនាំកំពូល៖ ទាំងការជួយសង្គ្រោះជីវិត ការជម្លៀសទៅទីសុវត្ថិភាព ការផ្គត់ផ្គង់អាហារ និងទឹកស្អាត ព្រមទាំងការស្តារជីវភាពរបស់អ្នករងគ្រោះក្រោយទឹកស្រក។

ដូច្នេះ រូបភាពឆ្នាំ២០០០ និង២០២៦ មិនត្រឹមតែបង្ហាញពីមេដឹកនាំពីរជំនាន់ឈរនៅក្នុងទឹកជាមួយប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏ឆ្លុះបញ្ចាំងពីនិមិត្តរូបនៃភាពជិតស្និទ្ធ និងការយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ដែលភ្ជាប់ជាមួយសកម្មភាពសង្គ្រោះ និងការឆ្លើយតបរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងគ្រាដែលប្រជាពលរដ្ឋកំពុងប្រឈមនឹងគ្រោះធម្មជាតិ។

*ហេតុអ្វីនាយករដ្ឋមន្ត្រីថៃ Anutin ប្រឈមនឹងសំឡេងខឹងពីពលរដ្ឋរបស់ខ្លួន?
រូបភាពពីទីក្រុងបាងកក បង្ហាញទិដ្ឋភាពមួយផ្សេងពីអ្វីដែលកាមេរ៉ាចាប់បាន ក្នុងដំណើរចុះតំបន់ទឹកជំនន់របស់នាយករដ្ឋមន្ត្រីថៃ។

ការស្រែកដាក់លោក Anutin Charnvirakul ទោះបីមិនអាចយកទៅសន្និដ្ឋានថា ប្រជាជនថៃទាំងមូលមិនពេញចិត្តនាយករដ្ឋមន្ត្រីរបស់ខ្លួននោះក៏ដោយ។ ប៉ុន្តែវាបង្ហាញយ៉ាងច្បាស់ពី ភាពមិនពេញចិត្ត និងសម្ពាធ ដែលកំពុងកើតមានក្នុងចំណោមអ្នករងគ្រោះមួយចំនួននៅ Khlong Chan ខណៈពួកគេកំពុងរង់ចាំដំណោះស្រាយចំពោះទឹក ដែលនៅមិនទាន់ស្រក។

Khlong Chan មិនមែនជាតំបន់ដែលប្រជាពលរដ្ឋ គ្រាន់តែរអ៊ូរទាំពីផ្លូវលិចទឹកនោះទេ។ មុនដំណើរចុះពិនិត្យរបស់នាយករដ្ឋមន្ត្រី អ្នកស្រុកនៅទីនោះបានអំពាវនាវសុំអាហារ ទឹកស្អាត និងជំនួយចាំបាច់ ខណៈតំបន់មួយចំនួនមានទឹកលិចខ្លាំង មានការដាច់ចរន្តអគ្គិសនី ហើយរថយន្តជាង១០០គ្រឿងត្រូវបានទឹកលិច។ នៅទូទាំងទីក្រុងបាងកក ប្រហែល ៣២៩,០០០គ្រួសារ ឬប្រមាណ៧០០,០០០នាក់ ត្រូវបានរាយការណ៍ថារងផលប៉ះពាល់។

ក្នុងស្ថានភាពបែបនេះ សំណួរដែលអ្នករងគ្រោះមួយចំនួនស្រែកសួរនាយករដ្ឋមន្ត្រីថៃ មានលក្ខណៈជាក់ស្តែង និងបន្ទាន់៖ តើទឹកនឹងស្រកនៅពេលណា? ហេតុអ្វីមិនទាន់អាចបូមទឹកចេញ? តើម៉ាស៊ីនបូមទឹកនៅឯណា? ហើយអាហារ និងទឹកស្អាតនឹងមកដល់នៅពេលណា?

ការស្រែកតវ៉ាដែលកើតឡើងក្នុងដំណើរចុះពិនិត្យរបស់នាយករដ្ឋមន្ត្រីថៃនៅ Khlong Chan បានបង្ហាញពីការមិនពេញចិត្តរបស់អ្នករងគ្រោះមួយចំនួនចំពោះស្ថានភាពដែលពួកគេកំពុងប្រឈម។ រូបភាពនេះមានភាពផ្ទុយគ្នាគួរឱ្យកត់សម្គាល់នឹងអ្វីដែលកាមេរ៉ាចាប់បាននៅកម្ពុជា ដែលប្រជាពលរដ្ឋមួយចំនួនបានចូលមកជិត ចាប់ដៃ ថតវីដេអូ និងសុំថតរូបជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពេលសម្តេចចុះពិនិត្យស្ថានភាពទឹកជំនន់ដោយផ្ទាល់។ រូបភាព និងវីដេអូពីទីតាំងទាំងពីរ ក្លាយជាភស្តុតាងជាក់ស្តែងនៃប្រតិកម្មខុសគ្នារបស់ប្រជាពលរដ្ឋមួយចំនួនចំពោះវត្តមានរបស់មេដឹកនាំទាំងពីរ នៅក្នុងគ្រាមានគ្រោះអាសន្នដូចគ្នា។

សំឡេងស្រែកទាមទាររបស់ពលរដ្ឋថៃទាំងនេះដែរ គឺជាភស្តុតាងផ្ទាល់ នៃការមិនពេញចិត្តរបស់អ្នករងគ្រោះមួយចំនួននៅទីតាំងនោះ ដែលចង់ឃើញការឆ្លើយតប និងការដោះស្រាយរបស់រដ្ឋាភិបាលថៃ មានល្បឿនលឿនជាងអ្វីដែលពួកគេកំពុងជួបប្រទះ។

*ចំណុចធំជាងទឹកជំនន់៖ «ទំនុកចិត្ត» ត្រូវបានសាកល្បងនៅពេលមានវិបត្តិ
ទឹកជំនន់អាចជាគ្រោះធម្មជាតិ ប៉ុន្តែប្រតិកម្មរបស់ប្រជាពលរដ្ឋចំពោះមេដឹកនាំ និងរដ្ឋាភិបាល មិនកើតឡើងដោយគ្មានបរិបទនោះទេ។ វាអាចត្រូវបានបង្កើតឡើងពីបទពិសោធន៍ដែលពួកគេកំពុងជួបប្រទះផ្ទាល់ មុនពេល និងក្នុងពេលមានវិបត្តិ។

នៅពេលមេដឹកនាំ ដើរចូលទៅក្នុងសហគមន៍ដែលកំពុងលិចទឹក ប្រជាពលរដ្ឋមិនបានឃើញត្រឹមតែរូបភាពមេដឹកនាំម្នាក់កំពុងឈរ ឬដើរក្នុងទឹកនោះទេ។ ពួកគេក៏អាចវាយតម្លៃការឆ្លើយតបរបស់រដ្ឋតាមអ្វីដែលកំពុងកើតឡើងជុំវិញខ្លួន៖ តើការសង្គ្រោះ មកដល់ទាន់ពេលឬទេ? តើអាជ្ញាធរឆ្លើយតបលឿនប៉ុណ្ណា? តើអាហារ និងទឹកស្អាតទៅដល់អ្នករងគ្រោះឬនៅ? ហើយក្រោយទឹកស្រក តើពួកគេនឹងទទួលបានការជួយស្តារផ្ទះសម្បែង និងជីវភាពយ៉ាងដូចម្តេច?

ហេតុនេះ វិបត្តិធម្មជាតិអាចក្លាយជា ការសាកល្បងទំនុកចិត្ត មួយរវាងប្រជាពលរដ្ឋ និងរដ្ឋាភិបាល។ នៅពេលប្រជាពលរដ្ឋយល់ថា រដ្ឋមានវត្តមាន ការសង្គ្រោះមកដល់ និងបញ្ហារបស់ពួកគេត្រូវបានស្តាប់ វាអាចពង្រឹងទំនុកចិត្ត។ ផ្ទុយទៅវិញ នៅពេលអ្នករងគ្រោះយល់ថា ការឆ្លើយតបមិនទាន់ឆ្លើយតបនឹងតម្រូវការបន្ទាន់របស់ពួកគេ វាអាចបង្កើតការមិនពេញចិត្ត និងការទាមទារឱ្យរដ្ឋធ្វើសកម្មភាពលឿនជាងមុន។

ក្នុងន័យនេះ រូបភាពដែលកាមេរ៉ាចាប់បាននៅកម្ពុជា និងថៃនៅចុងខែកញ្ញា ឆ្នាំ២០២៦ អាចមើលឃើញជារូបភាពឆ្លុះបញ្ចាំងនៃទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងរដ្ឋាភិបាលនៅក្នុងគ្រាមានវិបត្តិ។ នៅកម្ពុជា ប្រជាពលរដ្ឋមួយចំនួន បានចូលមកជិត ចាប់ដៃ និងសុំថតរូបជាមួយនាយករដ្ឋមន្ត្រី ខណៈនៅ Khlong Chan អ្នករងគ្រោះមួយចំនួនបានស្រែកសួរ និងទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ និងអាជ្ញាធរពន្លឿនការដោះស្រាយ។

រូបភាពទាំងនេះមិនមែនជាការស្ទង់មតិ ហើយមិនអាចតំណាងឱ្យទស្សនៈរបស់ប្រជាពលរដ្ឋកម្ពុជា ឬថៃទាំងមូលក៏ពិតមែន។ ប៉ុន្តែវាបង្ហាញពីគោលការណ៍ធំមួយនៃការដឹកនាំក្នុងគ្រាមានវិបត្តិ៖ ទំនុកចិត្ត មិនត្រូវបានបង្កើតដោយវត្តមានរបស់មេដឹកនាំតែមួយមុខទេ ប៉ុន្តែដោយរបៀបដែលវត្តមាននោះ ភ្ជាប់ទៅនឹងការស្តាប់ ការឆ្លើយតប និងលទ្ធផលដែលប្រជាពលរដ្ឋអាចមើលឃើញ និងទទួលបានដោយផ្ទាល់។

*សេចក្តីសន្និដ្ឋាន
រូបភាពពីកម្ពុជា និងថៃ បង្ហាញប្រតិកម្មខុសគ្នារបស់ប្រជាពលរដ្ឋមួយចំនួនចំពោះវត្តមានរបស់មេដឹកនាំក្នុងគ្រាមានវិបត្តិ៖ នៅកម្ពុជា មានការចូលមកជិត ចាប់ដៃ និងសុំថតរូបជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ខណៈនៅថៃ លោកនាយករដ្ឋមន្ត្រី Anutin បានប្រឈមនឹងសំឡេងស្រែកតវ៉ា និងទាមទារឱ្យពន្លឿនការដោះស្រាយបញ្ហាទឹកជំនន់។

កម្ពុជា និងថៃប្រឈមទឹកជំនន់ដូចគ្នា ហើយមេដឹកនាំទាំងពីរ ក៏បានចុះទៅដល់តំបន់រងគ្រោះដោយផ្ទាល់ដូចគ្នា ប៉ុន្តែប្រតិកម្មដែលកាមេរ៉ាចាប់បានពីប្រជាពលរដ្ឋនៅទីតាំងទាំងពីរ បែរជាផ្ទុយខុសគ្នា។ ភាពផ្ទុយគ្នានេះ រំលឹកថា ក្នុងគ្រាមានវិបត្តិ វត្តមានរបស់មេដឹកនាំ មានសារៈសំខាន់ ប៉ុន្តែទំនុកចិត្តរបស់ប្រជាពលរដ្ឋ ក៏ត្រូវបានសាកល្បងតាមរយៈការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះការលំបាករបស់ពួកគេដែរ។ សំឡេងតវ៉ាដែលនាយករដ្ឋមន្ត្រីថៃ បានជួបនៅ Khlong Chan គឺជាឧទាហរណ៍មួយ នៃការមិនពេញចិត្តរបស់អ្នករងគ្រោះថៃមួយចំនួន ដែលមិនពេញ ចិត្តនឹងកិច្ចការរបស់នាយករដ្ឋមន្ត្រីអនុទិនរបស់ខ្លួនឡើយ៕