ACU បំបែករចនាសម្ព័ន្ធក្រុម Online Scam៖ ពីក្រុមរកមុខសញ្ញា លួងលោម រហូតដល់ក្រុម Killer យកប្រាក់
30-09-2026 12:41
(ភ្នំពេញ)៖ ការធ្វើកោសលវិច័យលើទូរស័ព្ទ កុំព្យូទ័រ និងស៊ីមទូរស័ព្ទជាង ១,៦០០ ដែលពាក់ព័ន្ធនឹងសំណុំរឿង Online Scams បាននាំឱ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) រកឃើញជំហានដំបូងថា ក្រុមឆបោកនេះ មានរចនាសម្ព័ន្ធការងារបែងចែកជាអនុក្រុម ដោយចាប់ផ្តើមពីការស្វែងរកមុខសញ្ញា លួងលោមឱ្យជឿទុកចិត្ត រហូតដល់ការទាញជនរងគ្រោះឱ្យដាក់ប្រាក់វិនិយោគលើ Crypto ក្លែងក្លាយ និងយកប្រាក់នៅដំណាក់កាលចុងក្រោយ។
លទ្ធផលនេះត្រូវបានបង្ហាញក្នុងរបាយការណ៍របស់លោក ឱម យ៉ិនទៀង ប្រធាន ACU នៅក្នុងកិច្ចប្រជុំលើកទី១៤ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។
តាមរបាយការណ៍ ការស៊ើបអង្កេតពាក់ព័ន្ធនឹងជនត្រូវចោទ ២២នាក់ ដែលសមត្ថកិច្ចបានបង្ក្រាបនៅអូរបែកក្អម កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។ ACU ត្រូវបានសាលាដំបូងរាជធានីភ្នំពេញប្រគល់ភារកិច្ចឱ្យស្រាវជ្រាវ ក្នុងនោះរួមមានការកំណត់រចនាសម្ព័ន្ធ និងការទទួលខុសត្រូវក្នុងបណ្តាញឆបោក ការស្វែងរកជនរងគ្រោះ និងការតាមដានវិធីផ្ទេរ និងទទួលប្រាក់។
ការរកឃើញបឋមបង្ហាញថា ក្រុម Online Scam នេះមានការបែងចែកការងារជាពីរកម្រិតធំៗ។
កម្រិតទីមួយ ផ្តោតលើ ការស្វែងរក និងបង្កើតទំនុកចិត្តជាមួយមុខសញ្ញា។ អនុក្រុមមួយ ស្វែងរកមនុស្សដែលអាចក្លាយជាជនរងគ្រោះតាម Facebook និង Google ខណៈអនុក្រុមផ្សេងទៀតធ្វើការលួងលោមឱ្យចាប់អារម្មណ៍លើការវិនិយោគ។ ក្រុមមួយទៀតបង្កើត Account ក្លែងក្លាយ ដោយបង្ហាញរូបភាពជីវិតអ្នកមាន និងចូល Comment ដើម្បីជួយបង្កើនទំនុកចិត្តថា ការវិនិយោគអាចរកប្រាក់ចំណេញបាន។
កម្រិតទីពីរ គឺការនាំមុខសញ្ញាដែលចាប់ផ្តើមជឿទុកចិត្ត ចូលទៅក្នុងដំណាក់កាលដែលក្រុមនេះហៅថា “Killer”។ ជនរងគ្រោះត្រូវបានណែនាំឱ្យសាកល្បងវិនិយោគលើ Crypto ដែលរបាយការណ៍ ACU បញ្ជាក់ថា ជាប្រព័ន្ធក្លែងក្លាយស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមឆបោក។
នៅដំណាក់កាលដំបូង ក្រុមនេះអាចផ្តល់ប្រាក់ប្រមាណ ៥០០ដុល្លារ ឱ្យជនរងគ្រោះសាកល្បងវិនិយោគ និងបង្ហាញលទ្ធផលថា ទទួលបានប្រាក់ចំណេញ។ បន្ទាប់ពីជនរងគ្រោះមានទំនុកចិត្ត ពួកគេត្រូវបានជំរុញឱ្យដាក់ប្រាក់ផ្ទាល់ខ្លួនកាន់តែច្រើន។
នៅពេលក្រុមឆបោកវាយតម្លៃថា ជនរងគ្រោះបានដាក់ប្រាក់គ្រប់គ្រាន់ ពួកគេអាចទាមទារឱ្យបង់ប្រាក់បន្ថែមក្រោមហេតុផលថា ជា «ពន្ធ» មុនពេលដកប្រាក់ចំណេញ។
បន្ទាប់មក គណនីរបស់ជនរងគ្រោះត្រូវបាន Block ហើយប្រាក់ត្រូវបានយក។
របាយការណ៍ក៏បង្ហាញថា ក្រុមនេះមានអត្ថបទណែនាំសម្រាប់ការលួងលោម និងមានការវាយតម្លៃមុខសញ្ញាតាមដំណាក់កាល ដើម្បីសម្រេចថា ជនណាអាចបន្តទាញយកប្រាក់បាន និងជនណាមិនគួរបន្តចំណាយពេល។
ការស្រាវជ្រាវរបស់ ACU នៅមិនទាន់បញ្ចប់ទេ ដោយក្រុមការងារកំពុងបន្តស្វែងរកភស្តុតាងពាក់ព័ន្ធ ដើម្បីបញ្ជាក់បន្ថែមពីរចនាសម្ព័ន្ធ ទំនាក់ទំនង និងលំហូរប្រាក់នៅក្នុងសំណុំរឿងនេះ៕




