លោកស្រី ហ៊ឹម ម៉ាលី នាំទេយ្យទាន និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃគង់ក្នុងវត្តចំនួន៣ នៅខេត្តស្វាយរៀង ក្នុងឱកាសបុណ្យកាន់បិណ្ឌ
30-09-2026 15:10
(ស្វាយរៀង)៖ លោកស្រីមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហុឹម ម៉ាលី សមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានឃុំសង្កែ ព្រមទាំងកូនចៅ នៅព្រឹកថ្ងៃទី២៩ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បាននាំទេយ្យទាន និងបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃនៅវត្តចំនួន ៣វត្តរួមមាន៖ វត្ដវង្សពិសីហៅវត្ដបាក្រុង ក្នុងឃុំស្វាយចេក, វត្ដជយ័មន្នី ក្នុងឃុំមុឺនជ័យ និងវត្ដកំពង់អំពិល ក្នុងឃុំកំពង់អំពិល ស្ថិតនៅក្នុងស្រុករំដួល ខេត្តស្វាយរៀង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
ក្នុងឱកាសនោះ លោកស្រីមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហុឹម ម៉ាលី បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តស្វាយរៀង ជូនចំពោះលោកយាយ លោកតា ប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទចំណុះជើងវត្តទាំងពីរ ដោយក្តីនឹករលឹក និងការគិតគូរសុខទុក្ខប្រជាពលលរដ្ឋនៅខេត្តស្វាយរៀង ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ។
ជាមួយគ្នានេះលោកស្រីមហាឧបាសិកា ហុឹម ម៉ាលី បានថ្លែងថា ជារៀងរាល់ឆ្នាំនៅពេលដល់ពិធីបុណ្យភ្ជុំបិណ្ឌ លោកស្រីផ្ទាល់ និងកូនចៅ សាច់ញាតិនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នានៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតិការទាំង៧សណ្តាន រួមមាន៖ មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧជ្ឈាយាចារ្យ បុព្វការីជន-បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ ហើយសូមអញ្ជើញមកទទួលយកផល្លា និសង្ឃបានគ្រប់ៗគ្នា។
លោកស្រីមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហុឹម ម៉ាលី បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋសូមអញ្ជើញទៅត្រួតពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានត្រឹមត្រូវតាមការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីត្រៀមខ្លួនចូលរួមបោះឆ្នោតនាពេលខាងមុខ និងគាំទ្រគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន ជាបន្តបន្ទាប់ទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងសម្ដេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
លោកស្រីមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហុឹម ម៉ាលី បានអរគុណសន្តិភាព និងសូមដឹងអរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនវីរកងទ័ពជួរមុខទាំងអស់ ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា និងសូមជូនពរបងប្អូនវីរកងទ័ពទាំងអស់ ជួបប្រទះតែសេចក្តីសុខ សុវត្ថិភាព មានសុខភាពល្អបរិបូរណ៍ និងកម្លាំងកាយចិត្តរឹងមាំ និងទទួលបានជ័យជំនះរាល់ឧបសគ្គ និងឈ្នះអស់មារសត្រូវ។ ប្រជាពលរដ្ឋជាកម្លាំងជួរក្រោយជានិច្ចកាល តែងតែគោរព និងចងចាំជានិច្ចនូវវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពយើង។
សូមបញ្ជាក់ថា នៅក្នុងឱកាសនោះដែរ លោកស្រីមហាឧបាសិកា ហុឹម ម៉ាលី និងកូនចៅចែកជូនសារុង១ និងថវិកាមួយចំនួនជូនដល់ពុទ្ធបរិស័ទ និងកងកម្លាំង ដែលបានចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៤នេះផងដែរ៕























