វិភាគអន្តរជាតិ៖ តើកូរ៉េខាងត្បូងអាចដកខ្លួននៅឱ្យឆ្ងាយពីសង្រ្គាមពាក់ព័ន្ធនឹងតៃវ៉ាន់ឬ?
30-09-2026 23:21
(តូក្យូ)៖ ខណៈសម្ព័ន្ធមិត្តជាច្រើនរបស់សហរដ្ឋអាមេរិកក្នុងតំបន់អាស៊ីបង្ហាញការព្រួយបារម្ភ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានលើកឡើងពីសំណុំរឿងតៃវ៉ាន់នៅក្នុងកិច្ចប្រជុំកំពូលជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅទីក្រុងវ៉ាស៊ីនតោនកាលពីសប្ដាហ៍មុន ជាមួយការដាក់សម្ពាធឱ្យទីក្រុងវ៉ាស៊ីនតោនប្រឆាំងជំទាស់ដាច់ខាតទៅនឹងឯករាជ្យភាពរបស់តៃវ៉ាន់។ ព្រមពេលជាមួយគ្នា ជប៉ុនបានស្នើសុំការពន្យល់ភ្លាមៗពីលោក ត្រាំ។ ប៉ុន្តែកូរ៉េខាងត្បូងនៅតែរក្សាការប្រុងប្រយ័ត្នយ៉ាងស្ងៀមស្ងាត់។ ជាទម្លាប់ដោយសារតែខ្លាចធ្វើឱ្យចិនខឹងសម្បារ និងមិនចង់បង្វែរចំណាប់អារម្មណ៍ចេញពីតំបន់ឧបទ្វីបកូរ៉េ ទីក្រុងសេអ៊ូលតែងតែធ្វើសកម្មភាព ឬសេចក្ដីថ្លែងការណ៍ប្រកបដោយការប្រុងប្រយ័ត្ន ជុំវិញសំណុំរឿងរសើបដូចជាតៃវ៉ាន់ជាដើម។
លោក Kim Young-bae ជាសមាជិកសភាជាន់ខ្ពស់ម្នាក់គណបក្សប្រជាធិបតេយ្យជាបក្សកាន់អំណាចកូរ៉េខាងត្បូង បានកត់សម្គាល់ថា ជាការពិតណាស់ អាទិភាពចម្បងរបស់កូរ៉េខាងត្បូង នោះគឺស្ថិរភាពនៅលើតំបន់ឧបទ្វីបកូរ៉េ។ ប៉ុន្តែក្នុងរយៈពេលវែង ការផ្លាស់ប្ដូរឆ្ពោះទៅរកប្រព័ន្ធមួយដែលនៅក្នុងនោះទីក្រុងសេអ៊ូលមានទំនួលខុសត្រូវចម្បងលើស្ថានការណ៍អាសន្នក្នុងតំបន់ វានឹងកាន់តែធ្វើឱ្យសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដទៃក្នុងតំបន់មានភាពរឹងមាំ។ លោកបន្តថាសរសរស្ដម្ភមួយនៃការជំរុញរបស់សហរដ្ឋអាមេរិកដើម្បីធ្វើទំនើបកម្មសម្ព័ន្ធភាពរវាងប្រទេសទាំង២ នោះគឺគំនិតដែលប្រទេសនីមួយៗគួរតែមានទំនួលខុសត្រូវយ៉ាងធំលើការការពារខ្លួនឯង ដូច្នេះកូរ៉េខាងត្បូងចាំបាច់ត្រូវតែត្រៀមលក្ខណៈដើម្បីប្រឈមមុខនឹងគ្រប់សេណារីយ៉ មិនមែនត្រឹមតែការគំរាមកំហែងពីអាវុធនុយក្លេអ៊ែរ និងមីស៊ីលកូរ៉េខាងជើងប៉ុណ្ណោះទេ។
សម្រាប់កូរ៉េខាងត្បូង អ្វីដែលជាព្រួយបារម្ភធំបំផុត គឺហានិភ័យដែលសង្រ្គាមក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ និងឧបទ្វីបកូរ៉េផ្ទុះឡើងក្នុងពេលដំណាលគ្នា។ កាលពីខែមីនា ឆ្នាំ២០២៥ ក្រុមអ្នកជំនាញមកពីស្ថាប័នស្រាវជ្រាវ Brookings Institution មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោនបានព្រមានថាសង្រ្គាមណាមួយនៅតៃវ៉ាន់អាចនឹងបង្ខំឱ្យសហរដ្ឋអាមេរិកត្រូវដកធនធានយោធាមួយចំនួនមានទាំងកងទ័ព និងសព្វាវុធចេញពីឧបទ្វីបកូរ៉េ ដែលនេះនឹងក្លាយជាការទុកឱកាសមួយសម្រាប់កូរ៉េខាងជើង។ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានឯកភាពគ្នាលើអ្វីដែលពួកគេហៅថា «ភាពបត់បែនជាយុទ្ធសាស្ត្រ»។ ប៉ុន្តែនៅមានបញ្ហាជាច្រើននៅមិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ។ កាលពីឆ្នាំ២០០៦ កូរ៉េខាងត្បូងបានទទួលស្គាល់ពីតម្រូវការដែលកងទ័ពអាមេរិកកំពុងឈរជើងនៅលើទឹកដីរបស់ខ្លួន អាចធ្វើប្រតិបត្តិការហួសពីតំបន់ឧបទ្វីបកូរ៉េ។ ជាថ្នូរត្រឡប់ទៅវិញ ទីក្រុងវ៉ាស៊ីនតោនបានយល់ព្រមគោរពគោលជំហររបស់កូរ៉េខាងត្បូងថាទីក្រុងសេអ៊ូលមិនគួរត្រូវបាន អូសទាញ ឬបង្ខំឱ្យចូលរួមជម្លោះក្នុងតំបន់ទេ ប្រសិនបើវាផ្ទុយពីឆន្ទៈរបស់ប្រជាជនកូរ៉េខាងត្បូង។
តែទោះជាបែបនេះក្ដី ការព្រមព្រៀងគ្នានេះមិនបានកំណត់ថាតើសម្ព័ន្ធមិត្តទាំង២ នឹងត្រូវដោះស្រាយវិបត្តិ ឬជម្លោះណាមួយជុំវិញកោះតៃវ៉ាន់ដោយរបៀបណានោះទេ ពាក់ព័ន្ធមូលដ្ឋានទ័ព ឬកងទ័ពអាមេរិក ឈរជើងនៅលើទឹកដីកូរ៉េខាងត្បូង? លោក Hong Tae-hwa ជាអ្នកជំនាញម្នាក់មកពីវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយការបរទេសមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបាននិយាយថាការទុកសំណួរទាំងនោះ ដោយមិនមានចម្លើយ គឺវាមានលក្ខណៈខុសគ្នាពីឆន្ទៈដែលចង់ទុកឱ្យមេដឹកនាំចិនមិនដឹងពីចេតនាពិតប្រាកដរបស់កូរ៉េខាងត្បូង។ លោកពន្យល់ថាភាពមិនច្បាស់លាស់ចំពោះគោលដៅរបស់ខ្លួនឯង ពោលគឺថាតើផលប្រយោជន៍របស់កូរ៉េខាងត្បូងនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ជាអ្វីឱ្យប្រាកដ វាជាចំណុចខ្សោយមួយ ហើយវាជាយុទ្ធសាស្ត្រគេចវេស មិនមែនជាយុទ្ធសាស្ត្រមិនច្បាស់លាស់នោះទេ។
សហរដ្ឋអាមេរិកបានប្រកាន់យកយុទ្ធសាស្ត្រមិនច្បាស់លាស់ ឬ «strategic ambiguity» ដែលទុកឱ្យគេសង្ស័យថាតើសហរដ្ឋអាមេរិកនឹងធ្វើអន្តរាគមន៍យោធាដើម្បីការពារតៃវ៉ាន់ដែរឬក៏យ៉ាងណា ក្នុងករណីមានការវាយប្រហារណាមួយពីចិន? តាមលោក Hong កូរ៉េខាងត្បូងគួរតែបន្តរក្សាគោលនយោបាយមិនច្បាស់លាស់ជុំវិញថាតើកងទ័ពអាមេរិកឈរនៅលើទឹកដីកូរ៉េខាងត្បូងនឹងចូលរួម ឬធ្វើអន្តរាគមន៍យោធា ដែរឬក៏យ៉ាងណាក្នុងជម្លោះ ឬសង្រ្គាមណាមួយជុំវិញតៃវ៉ាន់? ប៉ុន្តែសេអ៊ូលក៏ត្រូវសំម្ងំកសាងសមត្ថភាពយោធាដើម្បីអាចធ្វើប្រតិបត្តិការដែលត្រូវការចាំបាច់ក្នុងករណីជម្លោះផ្ទុះឡើងផងដែរ។ លោកបានបន្ថែមថាដើម្បីសម្រេចគោលដៅនេះ វាគួរតែមានការកែសម្រួលបន្ថែមគោលនយោបាយសព្វថ្ងៃរបស់កូរ៉េខាងត្បូងចំពោះតៃវ៉ាន់។ «ការកំញើញទប់ស្កាត់ដោយយុទ្ធសាស្ត្រមិនច្បាស់លាស់អាចដំណើរការទៅបាន លុះត្រាតែសមត្ថភាពយោធា និងការត្រៀមលក្ខណៈមានភាពច្បាស់លាស់ ហើយចេតនាពិតប្រាកដត្រូវបានលាក់បាំង។ ប៉ុន្តែសព្វថ្ងៃ កូរ៉េខាងត្បូងបានដើរបញ្ចា្រសពីរូបមន្តនេះ ដោយការស្ទាក់ស្ទើរត្រូវបានបង្ហាញ ការត្រៀមលក្ខណៈមិនទាន់រួចរាល់ ហើយភាពមិនច្បាស់ថាតើកូរ៉េខាងត្បូងខ្លួនឯងចង់បានអ្វី ឬធ្វើអ្វីឱ្យប្រាកដនឹងមិនអាចកំញើញនរណាបានទេ»។ នេះជាការគូសបញ្ជាក់របស់លោក Hong Tae-hwa។
គួរបញ្ជាក់ថា ក្នុងករណីជម្លោះ ឬសង្រ្គាមពាក់ព័ន្ធនឹងតៃវ៉ាន់ផ្ទុះឡើង សហរដ្ឋអាមេរិកត្រូវបានរំពឹងថាអាចនឹងប្រើប្រាស់មូលដ្ឋានទ័ពអាកាសក្នុងប្រទេសកូរ៉េខាងត្បូងដូចជាមូលដ្ឋានទ័ព Osan និង Kunsan ឬ Camp Humphreys ដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់ខ្លួនក្នុងតំបន់។ មិនតែប៉ុណ្ណោះ បើទោះជាកងកម្លាំងកូរ៉េខាងត្បូងចង់ផ្ដោតលើការការពារឧបទ្វីបកូរ៉េក៏ដោយ ក៏យន្ដហោះយោធា និងកងទ័ពរបស់សហរដ្ឋអាមេរិក រួមទាំងការផ្គត់ផ្គង់នានាអាចនឹងឆ្លងកាត់ ឬប្រើប្រាស់មូលដ្ឋានទ័ពនៅលើទឹកដីកូរ៉េខាងត្បូង។ បើតាមការស្ទង់មតិមួយក្នុងឆ្នាំ២០២៦ របស់វិទ្យាស្ថាន Asan Institute for Policy Studies ប្រជាជនកូរ៉េខាងត្បូង ៣៩,៤ភាគរយគាំទ្រការផ្ដល់ជំនួយមិនមែនយោធាក្នុងករណីផ្ទុះវិបត្តិ និងជម្លោះពាក់ព័ន្ធនឹងតៃវ៉ាន់ ១៥,៦ភាគរយគាំទ្រការផ្ដល់ជំនួយយោធា និង១៤ភាគរយបាននិយាយថាពួកគេយល់ព្រមឱ្យកងទ័ពអាមេរិកឈរជើងនៅកូរ៉េខាងត្បូងអាចត្រូវបានដាក់ពង្រាយឱ្យធ្វើប្រតិបត្តិការចេញពីប្រទេសរបស់ពួកគេ៕









