* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចប្រធានរដ្ឋសភា៖ ការកែទម្រង់វិស័យយុត្តិធម៌ គឺជាយុទ្ធសាស្ត្រដ៏សំខាន់ និងជាអាទិភាព ក្នុងការពង្រឹងនីតិរដ្ឋ ការលើកកម្ពស់អភិបាលកិច្ចល្អ និងការធានាឱ្យប្រជាពលរដ្ឋគ្រប់រូប ទទួលបានយុត្តិធម៌ប្រកបដោយសមធម៌

01-10-2026 14:30

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ បានមានប្រសាសន៍ថា ការកែទម្រង់វិស័យយុត្តិធម៌ គឺជាបេសកកម្មយុទ្ធសាស្ត្រដ៏សំខាន់ និងជាអាទិភាពមួយក្នុងការពង្រឹងនីតិរដ្ឋ ការលើកកម្ពស់អភិបាលកិច្ចល្អ និងការធានាឱ្យប្រជាពលរដ្ឋគ្រប់រូប អាចទទួលបានយុត្តិធម៌ប្រកបដោយសមធម៌។

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញជាអធិបតីបើកវេទិកាស្តីពីការកែទម្រង់វិស័យយុត្តិធម៌ នៅវិមានព្រឹទ្ធសភា។ វេទិកានេះបានប្រារព្ធធ្វើឡើងក្រោមកិច្ចសហការរវាងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា រដ្ឋសភា និងក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា។

សម្ដេចមហារដ្ឋសភា បានថ្លែងថា ការកែទម្រង់វិស័យយុត្តិធម៌ ផ្តោតលើការកែលម្អក្របខណ្ឌច្បាប់ សមត្ថភាពស្ថាប័នយុត្តិធម៌ ការអភិវឌ្ឍធនធានមនុស្ស ការធ្វើទំនើបកម្មប្រព័ន្ធយុត្តិធម៌ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់សង្គម ស្របតាមគោលការណ៍នីតិរដ្ឋ និងស្តង់ដារយុត្តិធម៌ទំនើប។

សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា វិស័យយុត្តិធម៌ គឺជាសសរស្តម្ភនៃនីតិរដ្ឋ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការធានា និងការពារសិទ្ធិ និងសេរីភាពស្របច្បាប់របស់ប្រជាពលរដ្ឋ ព្រមទាំងធានាឱ្យការអនុវត្តច្បាប់ប្រព្រឹត្តទៅដោយត្រឹមត្រូវ ស្មើភាព និងយុត្តិធម៌។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់បន្ថែមថា វិស័យយុត្តិធម៌ក៏ជាយន្តការដ៏ចាំបាច់ក្នុងការដោះស្រាយវិវាទតាមផ្លូវច្បាប់ រក្សាសណ្តាប់ធ្នាប់សង្គម និងរួមចំណែកយ៉ាងសំខាន់ក្នុងការធានា និងពង្រឹងនិរន្តរភាពនៃសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ក្នុងការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើង ដែលបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តរួមគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក្នុងការជំរុញការកែទម្រង់វិស័យយុត្តិធម៌ ដោយគោរពគោលការណ៍ដែលបានបញ្ញត្តិនៅក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋានគតិយុត្តនានា ដើម្បីការពារសិទ្ធិ សេរីភាពរបស់ប្រជាពលរដ្ឋ និងការលើកកម្ពស់ទំនុកចិត្តរបស់សាធារណជនចំពោះប្រព័ន្ធយុត្តិធម៌។

សម្តេចរដ្ឋសភាធិបតី បានបញ្ជាក់បន្ថែមទៀតថា អង្គនីតិប្បញ្ញត្តិមានតួនាទីសំខាន់ ក្នុងការចូលរួមចំណែកគាំទ្រដល់ការអនុវត្តគោលនយោបាយ និងកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល តាមរយៈការបំពេញមុខងារស្នូលរបស់ខ្លួន ក្នុងនោះ មុខងារនីតិកម្ម សំដៅធានាឱ្យក្របខ័ណ្ឌគតិយុត្តមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងតម្រូវការវិវត្តនៃសង្គម ព្រមទាំងអាចដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាព និងគាំទ្រដល់ការធ្វើទំនើបកម្មក្របខ័ណ្ឌច្បាប់។

វេទិកាស្តីពីការកែទម្រង់វិស័យយុត្តិធម៌ ដែលមានសមាជិកព្រឹទ្ធសភា រដ្ឋសភា ស្ថាប័នតុលា ក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត សរុបជាង៣០០នាក់ ដោយត្រូវពិភាក្សាគ្នាលើប្រធានបទ «ទិសដៅកែទម្រង់វិស័យយុត្តិធម៌និងការលើកកម្ពស់ការការពារសិទ្ធិប្រជាពលរដ្ឋក្នុងសង្គមនីតិរដ្ឋ»។

សម្តេចប្រធានរដ្ឋសភាបានលើកទឹកចិត្តឱ្យមានវេទិកាបែបនេះបន្តទៀតដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិនិងប្រជាពលរដ្ឋ។ វេទិកាអន្តរស្ថាប័ននេះ ចាត់ទុកជាយន្តការមួយដ៏មានប្រសិទ្ធភាពសម្រាប់ពង្រឹងកិច្ចសន្ទនា ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធ សំដៅធានាឱ្យការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមគោលការណ៍នីតិរដ្ឋ និងជាពិសេស ការពង្រឹងការគោរព ការការពារ និងការលើកកម្ពស់សិទ្ធិ សេរីភាព និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា សន្តិភាព និងសន្តិសុខសង្គម ជាបំណងប្រាថ្នាដ៏សំខាន់របស់ប្រជាពលរដ្ឋគ្រប់រូប មិនថានៅក្នុងប្រទេសកម្ពុជា ឬប្រទេសនានាផ្សេងទៀតនៅលើពិភពលោកឡើយ។ ការធានាបាននូវនិរន្តរភាពនៃសន្តិភាព និងសន្តិសុខ មិនអាចសម្រេចបានដោយប្រទេសណាមួយតែឯងឡើយ ប៉ុន្តែទាមទារឱ្យមានការចូលរួម និងការប្តេជ្ញាចិត្តរួមពីប្រទេសនានា ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ។

ការធានាបាននូវសន្តិភាព និងសន្តិសុខ មិនត្រឹមតែមានន័យថា ការការពារសង្គមឱ្យរួចផុតពីជម្លោះ និងអំពើហិង្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានដ៏សំខាន់សម្រាប់ការពង្រឹងនីតិរដ្ឋ ការគោរព និងការការពារសិទ្ធិមនុស្ស ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការធានាសុខុមាលភាពរបស់ប្រជាពលរដ្ឋថែមទៀតផង។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា ជាក់ស្តែង សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលបានប្រព្រឹត្តទៅកាលពីចុង ខែសីហា ឆ្នាំ២០២៦ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការប្តេជ្ញារួមរបស់ប្រទេស និងសភានានា ក្នុងការរួមគ្នាជាសំឡេងតែមួយ ដើម្បីលើកកម្ពស់សន្តិភាព និងវិបុលភាពរួម តាមរយៈការពង្រឹងការគោរពច្បាប់អន្តរជាតិ លើកកម្ពស់កិច្ចសន្ទនា និងការដោះស្រាយជម្លោះដោយសន្តិវិធី។

សន្និសីទ ISC-2 ដែលបានអនុម័ត «សេចក្តីប្រកាសទីក្រុងភ្នំពេញ» បានបង្ហាញអំពីឆន្ទៈរួមរបស់សភា និងការប្តេជ្ញាចិត្តរបស់សភាក្នុងការចូលរួម និងពង្រឹងការទូតសភា សំដៅកសាងការយោគយល់ និងទំនុកចិត្តរវាងប្រទេសនានា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ម្យ៉ាងទៀត រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកិច្ចការនារី ក៏បាននិងកំពុងពិភាក្សា និងរៀបចំឯកសារ «ផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ ដើម្បីបង្កើតផែនការសកម្មភាពជាតិស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ (NAP-WPS) លើកដំបូងរបស់កម្ពុជា»។ ការផ្តួចផ្តើមនេះ ឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងការការពារ និងកសាងសន្តិភាព ការបង្ការ និងការដោះស្រាយជម្លោះដោយសន្តិវិធី ព្រមទាំងការការពារសិទ្ធិ និងសុវត្ថិភាពរបស់ស្ត្រី និងកុមារនៅក្នុងគ្រប់ដំណាក់កាលនៃការកសាងសន្តិភាព និងសន្តិសុខសង្គម។

វេទិកាស្តីពីការកែទម្រង់វិស័យយុត្តិធម៌ បានបង្ហាញឱ្យឃើញថា ស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ បាននិងកំពុងរួមគ្នាយ៉ាងសកម្មក្នុងការពង្រឹងសន្តិភាព និងសន្តិសុខសង្គម ព្រមទាំងធានាការពារសិទ្ធិ សេរីភាព និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ឱ្យរស់នៅប្រកបដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ សមភាព និងយុត្តិធម៌ នៅក្នុងសង្គមមួយដែលប្រកាន់ខ្ជាប់នូវនីតិរដ្ឋ និងការគោរពសិទ្ធិមនុស្ស៕