អ.វ.ត.ក. ចង់ឱ្យភ្ញៀវទេសចរ ស្វែងយល់អំពីប្រវត្តិសាស្ត្រ ការចងចាំ និងកេរដំណែលរបស់សាលាក្តីខ្មែរក្រហម តាមរយៈការស្នើបញ្ចូលមជ្ឈមណ្ឌលធនធានអ.វ.ត.ក. ក្នុងកញ្ចប់ទេសចរណ៍ប្រវត្តិសាស្ត្រខ្មែរក្រហម
01-10-2026 14:33
(ភ្នំពេញ)៖ លោក ហែម ក្រាញ់ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក. បានស្នើឱ្យគណៈប្រតិភូវិទ្យាស្ថានជាតិទេសចរណ៍ ពិចារណាបញ្ចូលមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ទៅក្នុងកញ្ចប់ទេសចរណ៍ប្រវត្តិសាស្ត្រ ពាក់ព័ន្ធនឹងរបបខ្មែរក្រហម ដើម្បីបង្កើនឱកាសឱ្យភ្ញៀវទេសចរ និងសាធារណជនបានសិក្សាស្វែងយល់កាន់តែទូលំទូលាយអំពីប្រវត្តិសាស្ត្រ ការចងចាំ និងកេរដំណែលរបស់ អ.វ.ត.ក.។
សំណើនេះត្រូវបានលើកឡើងក្នុងឱកាសដែលលោក ហែម ក្រាញ់ តូនី បានទទួលស្វាគមន៍គណៈប្រតិភូមកពីក្រសួងទេសចរណ៍ ដឹកនាំដោយលោកស្រី ប៉ូច វរលក្ខណ៍ នាយិកាវិទ្យាស្ថានជាតិទេសចរណ៍ ក្នុងឱកាសមកបំពេញទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។
លោក ហែម ក្រាញ់ តូនី បានលើកឡើងថា មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. មិនត្រឹមតែជាកន្លែងសម្រាប់រក្សាទុកឯកសារ និងធនធានប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងសម្រាប់សិក្សា និងស្វែងយល់អំពីប្រវត្តិសាស្ត្រ ដំណើរការស្វែងរកយុត្តិធម៌ ការចូលរួមរបស់ជនរងគ្រោះ និងកេរដំណែលរបស់ អ.វ.ត.ក.ដែលបានរួមចំណែកបិទទំព័រដ៏ខ្មៅងងឹតរបស់កម្ពុជាតាមរយៈយន្តការតុលាការ។
លោកបានបញ្ជាក់ថា ការពិចារណាបញ្ចូលមជ្ឈមណ្ឌលធនធានទៅក្នុងកញ្ចប់ទេសចរណ៍ប្រវត្តិសាស្ត្រ អាចជួយភ្ជាប់ទីតាំងប្រវត្តិសាស្ត្រសំខាន់ៗទៅជាបទពិសោធន៍សិក្សាដែលមានអត្ថន័យសម្រាប់អ្នកទស្សនា ព្រមទាំងជួយឱ្យភ្ញៀវជាតិ និងអន្តរជាតិយល់ដឹងកាន់តែច្បាស់អំពីដំណើររបស់កម្ពុជាក្នុងការប្រឈមមុខនឹងអតីតកាល និងការស្វែងរកយុត្តិធម៌។
ជាមួយគ្នានេះ លោកស្រី ប៉ូច វរលក្ខណ៍ បានសម្តែងការកោតសរសើរចំពោះការរៀបចំ និងការងាររបស់មជ្ឈមណ្ឌលធនធាន ព្រមទាំងបានចាត់ទុកការរក្សាទុក និងផ្សព្វផ្សាយប្រវត្តិសាស្ត្រ ជាការគិតគូរវែងឆ្ងាយសម្រាប់អ្នកជំនាន់ក្រោយ។
លោកស្រីបានលើកឡើងថា មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. អាចជាផ្នែកមួយនៃការផ្សព្វផ្សាយការយល់ដឹងអំពីការបង្រួបបង្រួមជាតិ យុត្តិធម៌ និងសន្តិភាព តាមរយៈការបង្ហាញពីដំណើររបស់កម្ពុជាក្នុងការប្រឈមមុខនឹងអតីតកាល និងការកសាងអនាគត។ ក្នុងអំឡុងទស្សនកិច្ច គណៈប្រតិភូបានសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រ តួនាទី និងការងាររបស់ អ.វ.ត.ក. ព្រមទាំងបានទស្សនាបណ្ណាល័យ បណ្ណសារ សាលពិព័រណ៍អចិន្ត្រៃយ៍ និងផ្នែកសំខាន់ៗផ្សេងទៀតនៃមជ្ឈមណ្ឌលធនធាន។ គណៈប្រតិភូក៏បានសម្តែងការកោតសរសើរចំពោះការរៀបចំ និងការផ្តល់ព័ត៌មានរបស់មជ្ឈមណ្ឌល ដែលបានជួយឱ្យពួកគេកាន់តែយល់ច្បាស់អំពីការងារ និងកេរដំណែលរបស់ អ.វ.ត.ក.។
មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. មានតួនាទីជាកន្លែងតម្កល់ឯកសារ និងធនធានសម្រាប់ការសិក្សា និងស្រាវជ្រាវអំពីប្រវត្តិសាស្ត្រកម្ពុជា របបខ្មែរក្រហម ដំណើរការស្វែងរកយុត្តិធម៌ និងកេរដំណែលរបស់ អ.វ.ត.ក.។ មជ្ឈមណ្ឌលមានបណ្ណាល័យ បណ្ណសារ សាលពិព័រណ៍អចិន្ត្រៃយ៍ និងកន្លែងសម្រាប់សិក្សាស្រាវជ្រាវ ដែលបើកទទួលសិស្ស និស្សិត អ្នកស្រាវជ្រាវ គ្រូបង្រៀន មន្ត្រីរាជការ អ្នកប្រកបវិជ្ជាជីវៈទេសចរណ៍ ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងសាធារណជនទូទៅ។
តាមរយៈការរក្សាទុកឯកសារ ការផ្តល់ធនធានសិក្សា ការរៀបចំពិព័រណ៍ និងកម្មវិធីអប់រំ មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. មានគោលបំណងចូលរួមរក្សាការចងចាំប្រវត្តិសាស្ត្រ លើកកម្ពស់ការយល់ដឹងអំពីយុត្តិធម៌ និងផ្សព្វផ្សាយមេរៀនពីអតីតកាលទៅកាន់អ្នកជំនាន់ក្រោយ ដើម្បីរួមចំណែកដល់ការយល់ដឹង ការចងចាំ និងការកសាងសន្តិភាពក្នុងសង្គម៕














