មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បើកវគ្គបណ្ដុះបណ្ដាលការសង្គ្រោះ ដោយធ្វើចលនាបេះដូង និងដង្ហើម
01-10-2026 15:00
(កំពង់ឆ្នាំង)៖ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលសង្គ្រោះជីវិត ដោយការធ្វើចលនាបេះដូង និងដង្ហើម ឬហៅកាត់ថា CPR សម្រាប់បុគ្គលិកសុខាភិបាលមកពីមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង មន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាពនានាទូទាំងខេត្តកំពង់ឆ្នាំង។
ពិធីបើកវគ្គបណ្ដុះបណ្ដាលខាងលើនេះធ្វើឡើងក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត ហ៊ុន សុគាំ នាយករងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ, លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង, លោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីលោក-លោកស្រី ថ្នាក់ដឹកនាំមន្ទីរពេទ្យខេត្ត លោកវេជ្ជបណ្ឌិតជាគ្រូបង្គោល, លោក-លោក ស្រីគិលានុបដ្ឋាក ឆ្មប ដែលមកពីមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាពទាំងអស់នៅទូទាំងខេត្ត។
ថ្លែងក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដែលបានបញ្ជូនមន្ត្រីជំនាញជួយបណ្ដុះបណ្ដាល អំពីវិធីជួយសង្គ្រោះជីវិតដោយការប្រើចលនាបេះដូង និងដង្ហើម ដើម្បីពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល និងសាធារណៈជនទូទៅ។ លោកបានថ្លែងអំណរគុណដល់លោកវេជ្ជបណ្ឌិត នាយករងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ដែលបានដឹកនាំក្រុមគ្រូពេទ្យជួយចុះបណ្ដុះបណ្ដាលពីការសង្គ្រោះបឋម នៃការគាំងបេះដូង និងការគ្រប់គ្រងផ្លូវដង្ហើម ជូនដល់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដែលមានរយៈពេល៣ថ្ងៃ។
លោកវេជ្ជបណ្ឌិត អ្នកចូលរូមទាំងអស់ ត្រូវផ្ដោតការយកចិត្តដាក់រៀនសូត្រ និងអនុវត្តចំណេះដឹងទាំងនោះឲ្យបានស្ទាត់ជំនាញ នឹងអាចក្លាយជាគ្រូបង្គោលដ៏ល្អ ដើម្បីបន្តបណ្ដុះបណ្ដាល និងផ្សព្វផ្សាយចំណេះដឹងអំពីការសង្គ្រោះបឋម ទៅដល់សហគមន៍មូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋទូទៅ។ ការចែករំលែកចំណេះដឹងនេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយសង្គ្រោះជីវិតមនុស្ស និងកាត់បន្ថយហានិភ័យផ្សេងៗ នៅពេលមានអាសន្ន។
វគ្គបណ្ដុះបណ្ដាលនេះ គឺជាការវិនិយោគលើជីវិតមនុស្ស ក្នុងការសង្គ្រោះព្យាបាលមួយវិនាទី គឺមានតម្លៃណាស់នៅពេលអ្នកជំងឺមានការគាំងបេះដូង ឬឈប់ដកដង្ហើមការឆ្លើយតបយ៉ាងឆាប់រហ័សត្រឹមត្រូវ ប្រកបដោយសមត្ថភាពរបស់បុគ្គលិកសុខាភិបាល អាចសង្គ្រោះជីវិតការបាត់បង់ជីវិតបាន។ ដូច្នេះការមានបុគ្គលិកសុខាភិបាល ដែលមានចំណេះដឹងជំនាញ និងទំនុកចិត្តក្នុងការអនុវត្ត (CPR) គឺជាផ្នែកមួយដ៏សំខាន់ នៃការពង្រឹងសុវត្ថិភាពអ្នកជំងឺគុណភាព សេវាសុខាភិបាល និងសមត្ថភាពឆ្លើយតបនឹងគ្រាអាសន្ន។ ជាពិសេសសម្រាប់បុគ្គលិកសុខាភិបាលខេត្ត ហើយនេះជាលើកដំបូងដែលបានរៀបចំវគ្គបណ្ដុះបណ្ដាល (CPR) ជាប្រព័ន្ធសម្រាប់បុគ្គលិកទាំងអស់របស់មន្ទីរពេទ្យ និងមណ្ឌលសុខភាពរួមគ្នា។
លោកវេជ្ជបណ្ឌិត បានបន្ដទៀតថា លោកចង់ឲ្យការបណ្ដុះបណ្ដាលនេះ មិនបញ្ចប់ត្រឹមការទួលបានការចូលរួមនោះទេ គឺលោកចង់ឲ្យចំណេះដឹង និងជំនាញដែលទទួលបាននៅថ្ងៃនេះ ក្លាយជាសមត្ថភាពដែលបុគ្គលិកអាចអនុវត្តបានពិតប្រាកដ នៅពេលអ្នកជំងឺត្រូវការពួកយើង។
លោកលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ចូលរួមរៀនដកស្រង់យកបទពិសោធន៍ការសង្គ្រោះជីវិតមនុស្សនាថ្ងៃនេះ ត្រូវយកចិត្តទុកដាក់សួរសំណួរហាត់អនុវត្តឱ្យបានច្រើនលើកពីព្រោះជំនាញ CPR នេះមិនមែនជាជំនាញដែលគួរតែចេះតាមទ្រឹស្ដីប៉ុណ្ណោះទេ ប៉ុន្តែត្រូវចេះអនុវត្តចេះធ្វើការជាក្រុម នឹងអាចឆ្លើយតបបានភ្លាមៗនៅពេលមានអាសន្ន។ លើសពីនេះ លោកវេជ្ជបណ្ឌិតលើកទឹកចិត្ត ឲ្យបុគ្គលិកទាំងអស់យកចំណេះដឹងនេះ ទៅចែករំលែកជាមួយមិត្តរួមការងារ និងបន្តអនុវត្តជាប្រចាំដើម្បីឲ្យសមត្ថភាព CPR ក្លាយជាផ្នែកមួយ នៃវប្បធម៌សុវត្ថិភាពអ្នកជំងឺនៅក្នុងមន្ទីរពេទ្យ និងមណ្ឌលសុខភាព៕
































