គ្រួសារសពរបស់ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ អតីតមេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ផ្ញើសារលិខិតថ្លែងអំណរគុណជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលអញ្ជើញចូលរួមពិធីបញ្ចុះអដ្ឋិធាតុ
01-10-2026 15:15
(ភ្នំពេញ)៖ ក្រុមគ្រួសាររបស់ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ អតីតមេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានផ្ញើសារលិខិតថ្លែងអំណរគុណជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលអញ្ជើញចូលរួមពិធីបញ្ចុះអដ្ឋិធាតុ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។
នាងខ្ញុំ តាន់ ពិនស៊ីន និងក្រុមគ្រួសារសពឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ អតីតមេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមលំអោនកាយសម្តែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតគោរពជូនសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល សម្ដេចកត្តិសិង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី, ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រួមជាមួយនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ញាតិមិត្តជិតឆ្ងាយ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ដាក់កូរ៉ោនផ្កា និងជូនសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បង់ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ អតីតមេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលត្រូវជាស្វាមី ឪពុក ឪពុកក្មេក ជីតា ជីតាទួត បងប្រុសបង្កើត ប្អូនប្រុសបង្កើត បងប្រុសថ្លៃ ប្អូនប្រុសថ្លៃ ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅប្រកបដោយព្រហ្មវិហារធម៌របស់យើងខ្ញុំ។ ទឹកចិត្តដ៏ថ្លៃថ្លា និងកាយវិការដ៏ប្រពៃខាងលើនេះ គឺជាកម្លាំងចិត្តដ៏ធំធេង និងជាសមានចិត្តស្រលាញ់រាប់អានដ៏ជ្រាលជ្រៅបំផុត ចំពោះក្រុមគ្រួសាររបស់យើងខ្ញុំ។
ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ អតីតមេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលមរណភាព នៅថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យក្រៅប្រទេស ដោយរោគាពាធ ក្នុងជន្មាយុ ៧០ឆ្នាំ។ ពិធីបុណ្យសព និងបុណ្យខួបគម្រប់ ៧ថ្ងៃ និង ១០០ថ្ងៃ បានប្រព្រឹត្តទៅនិងបញ្ចប់ដោយរលូនសមរម្យតាមគន្លងប្រពៃណីខ្មែរនិងព្រះពុទ្ធសាសនា។
យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ព្រមទាំងបារមីវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រសិទ្ធពរជ័យ បវរសួស្តី ជ័យមង្គល វិបុលសុខគោរពជូន សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ញាតិមិត្តជិតឆ្ងាយ ភ្ញៀវកិត្តិយសទាំងអស់ និងសូមបានសមប្រកប ដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ទន្ទឹមនឹងនេះ យើងខ្ញុំគោរព សូមការយោគយល់អធ្យាស្រ័យដោយក្តីអនុគ្រោះបំផុតចំពោះកំហុសឆ្គងជាយថាហេតុក្នុងប្រការណាមួយ។
សូម សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ញាតិមិត្តជិតឆ្ងាយ ភ្ញៀវកិត្តិយសទាំងអស់ ទទួលនូវសេចក្តីគោរពដ៏ជ្រាលជ្រៅបំផុតអំពីយើងខ្ញុំ៕























