* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ក្នុងក្រុងសៀមរាប ពិធីបុណ្យកាន់វេនបិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ជាឱកាសជួយពង្រឹងចំណងសាមគ្គីភាព ភាពស្និទ្ធស្នាលក្រុមគ្រួសារ និងសង្គមជាតិ

01-10-2026 16:14

(សៀមរាប)៖ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក មានថេរដីកាថា ពិធីបុណ្យកាន់វេនបិណ្ឌ និងភ្ជុំបិណ្ឌ គឺជាឱកាសជួយពង្រឹងចំណងសាមគ្គីភាព និងភាពស្និទ្ធស្នាលក្នុងក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិ ព្រោះកូនចៅ សាច់ញាតិ ដែលរស់នៅទីជិតទីឆ្ងាយតែងវិលត្រឡប់មកជួបជុំក្រុមគ្រួសារ និងរួមគ្នាធ្វើបុណ្យតាមគន្លងប្រពៃណីដូនតា។

មានថេរដីកាដូច្នេះរបស់ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន នៅក្នុងពិធីកាន់វេនបិណ្ឌទី៥ របស់រដ្ឋបាលខេត្តសៀមរាប នៅក្នុងវត្តប្រាសាទគោកចក ក្រុងសៀមរាប នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦នេះ។ ពិធីបុណ្យកាន់វេនបិណ្ឌ និងភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីដ៏សំខាន់មួយរបស់ប្រជាពលរដ្ឋខ្មែរ ដែលបានប្រតិបត្តិបន្តតាំងពីបុរាណកាលមក និងបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយព្រះពុទ្ធសាសនាទំនៀមទម្លាប់ប្រពៃណីនិងវប្បធម៌ដ៏ល្អផូរផង់របស់ជាតិខ្មែរ។

ព្រះគ្រូវិចិត្រវង្សា មានថេរដីកាបន្តថា ការធ្វើបុណ្យទានក្នុងរដូវកាលនេះ ជាឱកាសឱ្យពុទ្ធបរិស័ទបានបំពេញទាន សីល និងភាវនា ព្រមទាំងសម្ដែងនូវកតញ្ញូកតវេទិតាធម៌ចំពោះមាតាបិតាជីដូនជីតានិងបុព្វការីជន។ ការកាន់វេនបិណ្ឌមិនមានន័យត្រឹមតែការយកចង្ហាន់និងទេយ្យទានមកប្រគេនព្រះសង្ឃប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសសម្រាប់ពុទ្ធបរិស័ទធ្វើចិត្តឱ្យជ្រះថ្លា ប្រព្រឹត្តអំពើល្អ រក្សាសីល ចេះចែករំលែក និងជួយសង្គ្រោះគ្នាទៅវិញទៅមក។ចំពោះការធ្វើអំពើល្អដោយកាយ វាចា និងចិត្ត គឺជាមូលដ្ឋាននៃការកសាងសេចក្តីសុខទាំងក្នុងគ្រួសារនិងសង្គម។

ព្រះគ្រូចៅអធិការវត្ត មានថេរដីកាបញ្ជាក់ថា សមិទ្ធផលនានាដែលបានកសាងឡើង និងកំពុងបម្រើដល់វិស័យព្រះពុទ្ធសាសនានៅក្នុងទីអារាមនាពេលបច្ចុប្បន្ននេះ គឺមិនមែនកើតឡើងដោយការខិតខំរបស់បុគ្គលណាម្នាក់តែឯងនោះទេ ប៉ុន្តែជាផ្លែផ្កានៃសទ្ធាជ្រះថ្លា កម្លាំងសាមគ្គី និងការចូលរួមធ្វើបុណ្យរបស់ពុទ្ធបរិស័ទ សប្បុរសជន និងប្រជាពលរដ្ឋជិតឆ្ងាយ ដែលតែងតែគាំទ្រ និងចូលរួមជួយកសាងវត្តអារាមជាបន្តបន្ទាប់។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន មានថេរដីកាបន្ថែមថា រាល់បច្ច័យ ទេយ្យទាន និងការចូលរួមឧបត្ថម្ភតាមសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ត្រូវបានប្រើប្រាស់ក្នុងការកសាង ជួសជុល និងអភិវឌ្ឍសមិទ្ធផលនានានៅក្នុងវត្ត ដើម្បីបម្រើដល់ការប្រតិបត្តិព្រះពុទ្ធសាសនា ការសិក្សាព្រះធម៌ និងជាទីកន្លែងសម្រាប់ពុទ្ធបរិស័ទធ្វើបុណ្យទានតាមប្រពៃណីព្រះពុទ្ធសាសនា។

ព្រះគ្រូចៅអធិការ មានថេរដីកាបញ្ជាក់ថា សមិទ្ធផលដែលកើតមានឡើងមួយៗ គឺជាសមិទ្ធផលរួមរបស់ពុទ្ធបរិស័ទទាំងអស់ ព្រោះអ្នកខ្លះបានចូលរួមជាបច្ច័យ អ្នកខ្លះជាសម្ភារៈ អ្នកខ្លះចូលរួមជាកម្លាំងកាយ កម្លាំងចិត្ត និងអ្នកខ្លះទៀតបានជួយតាមលទ្ធភាពរៀងៗខ្លួនហើយទោះបីការចូលរួមមានតិចឬច្រើនក្តី សុទ្ធតែជាកម្លាំងដ៏មានតម្លៃ ដែលបានរួមចំណែកធ្វើឱ្យទីអារាមមានការរីកចម្រើន និងមានសមិទ្ធផលជាបន្តបន្ទាប់។

ជាមួយគ្នានេះដែរ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ក៏បានមានថេរដីកាអំពាវនាវដល់ពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ សូមបន្តរក្សាសទ្ធាជ្រះថ្លា និងសាមគ្គីភាព ដើម្បីរួមគ្នាថែរក្សាសមិទ្ធផលដែលមានស្រាប់ និងបន្តកសាងសមិទ្ធផលថ្មីៗតាមលទ្ធភាព សម្រាប់ទុកជាប្រយោជន៍ដល់ព្រះពុទ្ធសាសនា និងជាកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ៕