សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី នាំយកទេយ្យវត្ថុ និងបច្ច័យប្រគេនសម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ដេីម្បីជួយសម្រាលការលំបាកដល់ព្រះសង្ឃ ៣៣៥អង្គ ដែលគង់នៅវត្តឧណ្ណាលោម
01-10-2026 18:42
(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រីបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា នាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនដែលជាសទ្ធាជ្រះថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅវេរប្រគេនចំពោះ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះចៅអធិការវត្តឧណ្ណាលោម ដេីម្បីជួយសម្រាលការលំបាកដល់ព្រះសង្ឃ ៣៣៥អង្គ ដែលគង់នៅវត្តឧណ្ណាលោម ដែលស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សូមជម្រាបជូនថា ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាឆ្នាំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានសទ្ធាជ្រះថ្លាចាត់ឱ្យតំណាងនាំយកទេយ្យវត្ថុ និងគ្រឿងអត្ថបរិក្ខា ព្រមទាំងបច្ច័យមួយចំនួន ទៅវេរប្រគេនចំពោះព្រះសង្ឃគង់នៅតាមទីអារាមនានាចំនួន ១៥វត្តផ្សេងទៀតផងដែរ។
សូមអំណាចតេជះនៃបុណ្យកុសលនេះបានសម្រើនសព្ទសាធុការដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងសូមឧទ្ទិសនូវផលានិសង្ឃ ជូនទៅដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី (ត្រូវជាមាតាបិតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត), ដួងវិញ្ញាណក្ខន្ធ លោកជំទាវមហាសទ្ធាភិរក្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា, អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក (ត្រូវជាមាតាបិតាបង្កើត សម្តេចអគ្គមហាសេនាបតីតេជោ), កុមារា ហ៊ុន កំសត់ ព្រមទាំងឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធ ជីដូនជីតា និងបុព្វការីជនទាំងអស់សូមបានទទួលយកមនុញ្ញផល និងងាកក្រោយឱ្យពរជ័យជូនដល់សម្តេចទាំងទ្វេ និងក្រុមគ្រួសារ ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រេីន រស់នៅក្រោមម្លប់នៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជានិច្ចនិរន្តរ៍៕





















