អភិបាលស្រុកព្រៃនប់ នាំយកអំណោយសប្បុរសធម៌ ចែកជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួន ១៥០គ្រួសារ មកពីឃុំចំនួន ៣ក្នុងព្រៃនប់
01-10-2026 20:47
(ព្រះសីហនុ) លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ និងសប្បុរសធម៌ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះ ជាពិសេសនារដូវវស្សាដែលមានភ្លៀងធ្លាក់ញឹកញាប់ចំនួន ១៥០គ្រួសារ មកពីឃុំចំនួន៣ គឺឃុំសាមគ្គី ឃុំទឹកល្អក់ និងឃុំទឹកថ្លា ដោយក្នុងមួយឃុំៗ មានចំនួនសរុប ៥០គ្រួសារ។
នាឱកាសនោះ លោក អ៉ី ធារិន បានអរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោកបានផ្តល់កម្លាំងចិត្តដល់ប្រជាពលរដ្ឋឱ្យខិតខំប្រឹងប្រែងស្តារជីវភាពឡើងវិញ តាមរយៈការបង្កបង្កើនផល និងប្រកបមុខរបរផ្សេងៗ។
លោកបានគូសបញ្ជាក់ថា សកម្មភាពមនុស្សធម៌នេះគឺជាកាយវិការ និងការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរដែនដី សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងបងប្អូនសប្បុរសជនជាច្រើនរូប ដែលតែងតែជួយឧបត្ថម្ភជាថវិកា និងគ្រឿងឧបភោគបរិភោគ ដើម្បីជួយសម្រាលទុក្ខលំបាក។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលស្រុកព្រៃនប់ ព្រមទាំងក្រុមការងារ បានអញ្ជើញកាន់បិណ្ឌវេនទី៤ និងនាំយកទេយ្យទានវត្ថុទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តទួលកែវ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជាមួយគ្នានេះដែរ ក្នុងអំឡុងរដូវកាលបុណ្យភ្ជុំបិណ្ឌ ដែលជាពេលវេលាប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើត និងជួបជុំគ្រួសារយ៉ាងច្រើនកុះករ លោកអភិបាលស្រុកបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរជិតឆ្ងាយ ចូលរួមគោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់អាធ្យាស្រ័យ និងជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យជួបតែសេចក្តីសុខ សុវត្ថិភាព តាមដងផ្លូវ និងទទួលបានសិរីសួស្តី ជ័យមង្គល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះគ្រប់ៗគ្រួសារ។
គូសជម្រាបជូនថា អំណោយសប្បុរសធម៌ដែលបានចែកជូនដល់គ្រួសារនីមួយៗនាពេលនោះក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ១០គីឡូក្រាម, មី១កេស, ប្រេងឆា១ដប, ទឹកស៊ីអ៊ីវ១ដប, ស្ករស១កញ្ចប់, ប៊ីចេង ១កញ្ចប់ និងថវិកាមួយចំនួនផងដែរ៕
























