ក្រុមហ៊ុនអាល្លឺម៉ង់ TUI Hotels & Resorts សហការជាមួយ OCIC បើកសម្ពោធសណ្ឋាគារ TUI Suneo Olympia Phnom Penh ដែលជាសណ្ឋាគារទី៣ របស់ខ្លួននៅកម្ពុជា
02-10-2026 12:13
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធជាផ្លូវការសណ្ឋាគារ TUI Suneo Olympia Phnom Penh ដែលជាការបើកដំណើរការម៉ាក TUI Suneo ជាលើកដំបូងនៅកម្ពុជា និងជាការពង្រីកវត្តមានបន្ថែមទៀតរបស់ក្រុមហ៊ុនអាល្លឺម៉ង់ TUI Hotels & Resorts នៅកម្ពុជា។
ពិធីនេះបានធ្វើឡើងក្រោមកិច្ចសហការរវាងក្រុមហ៊ុន TUI Hotels & Resorts និងក្រុមហ៊ុន OCIC ដោយមានការអញ្ជើញចូលរួមពីលោកស្រី Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា, លោកឧកញ៉ាវេជ្ជបណ្ឌិត លឹម លីណា អនុប្រធានក្រុមហ៊ុន OCIC, លោក Artur Gerber នាយកប្រតិបត្តិក្រុមហ៊ុន TUI Hotels & Resorts, លោកអ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងក្រុមហ៊ុន Cambodia Airport Investment Co., Ltd. (CAIC) ព្រមទាំងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងវិស័យឯកជន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាង១០០រូប នៅសណ្ឋាគារ TUI Suneo Olympia Phnom Penh។
ក្នុងឱកាសនោះ លោក ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តបណ្តាក់ទុនរបស់ក្រុមហ៊ុនទេសចរណ៍ដ៏ធំមួយលើពិភពលោកនៅកម្ពុជា ព្រមទាំងបានសម្តែងការអបអរសាទរចំពោះក្រុមហ៊ុន TUI Hotels & Resorts ដែលបានបើកសម្ពោធសណ្ឋាគារ TUI Suneo Olympia Phnom Penh ដែលជាសណ្ឋាគារទី៣ របស់ក្រុមហ៊ុននៅកម្ពុជា បន្ទាប់ពីសណ្ឋាគារ TUI Blue Sihanoukville នៅខេត្តព្រះសីហនុ និង TUI Blue Angkor Grace នៅខេត្តសៀមរាប។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការពង្រីកវត្តមានរបស់ក្រុមហ៊ុន TUI Hotels & Resorts នៅកម្ពុជា បានរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេសវិស័យសេវាកម្មស្នាក់នៅ និងការបង្កើតឱកាសការងារផ្ទាល់ដល់ប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់នៅទីតាំងទាំង៣ របស់ក្រុមហ៊ុន។
លោក ហួត ហាក់ បានបញ្ជាក់បន្ថែមថា ការសម្រេចចិត្តបើកដំណើរការសណ្ឋាគារថ្មីនេះ គឺស្របពេលដែលកម្ពុជាកំពុងត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍ក៏ត្រូវបានចាត់តាំងឱ្យរៀបចំកម្មវិធីអម «ភូមិហ្វ្រង់កូហ្វូនី» ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនច្បារវត្តបទុមផងដែរ។
ព្រឹត្តិការណ៍នេះគ្រោងនឹងមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំអង្គការអន្តរជាតិ ព្រមទាំងតំណាងមកពីជាង៩០ប្រទេសជុំវិញពិភពលោក និងថ្នាក់ដឹកនាំវិស័យឯកជនពីក្រុមហ៊ុនរាប់ពាន់។ ការរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់នេះ ត្រូវបានចាត់ទុកថាជាឱកាសសម្រាប់កម្ពុជាក្នុងការលើកកម្ពស់សក្តានុពលទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរ ព្រមទាំងវិនិយោគិនអន្តរជាតិបន្ថែមទៀត។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះលោកស្រី Silke Röfer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ ដោយចាត់ទុកថា ជាការបង្ហាញពីការគាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគរបស់ក្រុមហ៊ុនអាល្លឺម៉ង់នៅកម្ពុជា ព្រមទាំងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់លើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍។
ជាថ្មីម្តងទៀត លោក ហួត ហាក់ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន TUI Hotels & Resorts ក្រុមហ៊ុន OCIC និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន បង្កើនឱកាសធុរកិច្ច និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។ លោកក៏បានលើកឡើងពីការបង្ហាញទំនុកចិត្តរបស់វិនិយោគិនចំពោះកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានគូសបញ្ជាក់ពីសក្តានុពលរបស់កម្ពុជាក្នុងនាមជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព បដិសណ្ឋារកិច្ចកក់ក្តៅ និងភាពទាក់ទាញ៕















