វិភាគអន្តរជាតិ៖ រុស្ស៉ីគំរាមប្រើអាវុធនុយក្លេអ៊ែរ បើ NATO ប៉ះ Kaliningrad តើមកពីហេតុអ្វី?
02-10-2026 21:24
(ឡុងដ៍)៖ រុស្ស៉ីកាលពីពេលថ្មីៗនេះបានចេញសារគំរាមធ្ងន់ៗជុំវិញអ្វីដែលទីក្រុងមូស្គូហៅថាជាការពង្រីកសកម្មភាពយោធារបស់ NATO ក្នុងតំបន់បាល់ទិក ជាមួយការព្រមានថានឹងប្រើប្រាស់គ្រប់អាវុធទាំងអស់ដែលខ្លួនមាន ក្នុងនោះរួមមានទាំងអាវុធនុយក្លេអ៊ែរ ដើម្បីការពារទឹកដីរបស់ខ្លួន ប្រសិនបើបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះព្យាយាមកាត់ផ្ដាច់ បិទខ្ទប់ ឬវាយប្រហារលើតំបន់ Kaliningrad របស់រុស្ស៉ី។ ជាការឆ្លើយតបទៅនឹងការគំរាមនេះ អគ្គលេខាធិការអង្គការ NATO លោក Mark Rutte កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បាននិយាយថា NATO ជាបក្សសម្ព័ន្ធយោធាដែលត្រូវបានបង្កើតឡើងដើម្បីការពារខ្លួន ហើយបានថ្កោលទោសនូវអ្វីដែលលោកហៅថាជាការសម្លុតគំរាមនុយក្លេអ៊ែររបស់រុស្ស៉ី។
ការផ្លោងពាក្យសម្ដីដាក់គ្នាទៅវិញទៅមកនេះមានមួយផ្នែកធំនៅតែជាសង្រ្គាមពាក្យសម្ដី។ ប៉ុន្តែវាបានគូសបញ្ជាក់ពីការកើនឡើងភាពតានតឹងពាក់ព័ន្ធនឹងតំបន់ Kaliningrad និងក្នុងតំបន់បាល់ទិកទាំងមូល។ សំណួរសំខាន់នៅទីនេះ នោះគឺថាតើសង្រ្គាមពាក្យសម្ដីនេះអាចនឹងផ្ទុះរាលដាលទៅជាសង្រ្គាមក្ដៅ ឬការប្រឈមមុខដាក់គ្នារវាងរុស្ស៉ី និង NATO ដែរឬក៏យ៉ាងណា?
* អ្វីទៅជា Kaliningrad?
Kaliningrad ជាដែនដីមួយដែលស្ថិតនៅដាច់ឆ្ងាយពីរុស្ស៉ី និងត្រូវបានធ្វើយោធូបនីយកម្មយ៉ាងខ្លាំងដោយទីក្រុងមូស្គូ។ ដែនដីនេះមានទីតាំងស្ថិតនៅចន្លោះរវាងសមាជិក NATO ប៉ូឡូញ និងលីទុយអានី ហើយមានព្រំដែនជាប់សមុទ្របាល់ទិកផងដែរ។ Kaliningrad មានច្រកផ្លូវដ៏សំខាន់មួយទៀតមានឈ្មោះថា «Suwalki» ដែលជាច្រកផ្លូវតូចមួយប្រវែងត្រឹមតែប្រមាណ ៦០គីឡូម៉ែត្រប៉ុណ្ណោះ តភ្ជាប់ពី Kaliningrad កាត់តាមបណ្តោយព្រំដែនរវាងប៉ូឡូញ និងលីទុយអានី ឆ្លងចូលទៅក្នុងទឹកដីបេឡារុស ដែលជាប្រទេសសម្ព័ន្ធមិត្តរបស់រុស្ស៊ី។ Kaliningrad មានប្រជាជនរស់នៅប្រមាណ ១លាននាក់ និងមានផ្ទៃដីធំជាងរដ្ឋ Connecticut របស់សហរដ្ឋអាមេរិកបន្តិច។
* តើ Kaliningrad ក្លាយជាទឹកដីរបស់រុស្ស៉ីដោយរបៀបណា?
Kaliningrad ដែលកាលពីអតីតកាលមានឈ្មោះថា Königsberg ជាអតីតរដ្ឋធានីនៃខេត្ត Prussia ខាងកើត (East Prussia) របស់អាល្លឺម៉ង់។ ក៏ប៉ុន្តែ ត្រូវបានកងទ័ពក្រហមនៃអតីតសហភាពសូវៀតវាយដណ្តើមកាន់កាប់ និងកាត់យកមកធ្វើជាទឹកដីរបស់ខ្លួន នៅក្រោយពេលអាល្លឺម៉ង់ណាហ្ស៊ីចាញ់សង្រ្គាមលោកលើកទី២។
* អ្វីទៅធ្វើឱ្យ Kaliningrad មានសារៈសំខាន់ជាយុទ្ធសាស្ត្រ?
Kaliningrad បានផ្ដល់ឱ្យរុស្ស៉ីនូវមូលដ្ឋានទ័ពដ៏ធំមួយនៅចំកណ្ដាលដែនដី NATO ដែលអនុញ្ញាតឱ្យកងកម្លាំងអាកាស មីស៊ីល និងកងទ័ពជើងទឹករុស្ស៉ីអាចធ្វើប្រតិបត្តិការយោធា ឬបើកការវាយប្រហារចូលជ្រៅក្នុងទឹកដីភាគខាងជើង និងភាគកណ្ដាលនៃតំបន់អឺរ៉ុប ក្នុងករណីជម្លោះផ្ទុះឡើង។ តែព្រមពេលជាមួយគ្នា Kaliningrad ក៏ជាចំណុចខ្សោយ និងងាយរងគ្រោះមួយសម្រាប់រុស្ស៉ីផងដែរ ប្រសិនបើច្រក Suwalki ធ្លាក់ចូលទៅក្នុងដៃ ឬត្រូវបានបិទខ្ទប់ដោយ NATO។ ពីព្រោះបើច្រកផ្លួវដ៏តូចនេះត្រូវបានបិទខ្ទប់ វាមានន័យថាផ្លូវគោកទៅកាន់ Kaliningrad ប្រាកដជានឹងត្រូវកាត់ផ្តាច់។ ផ្ទុយទៅវិញ ប្រសិនកងទ័ពរុស្ស៊ីអាចចូលទៅគ្រប់គ្រងច្រកផ្លូវ Suwalki បានសម្រេច វាមាន ន័យថារដ្ឋជាសមាជិក NATO ទាំង៣ ក្នុងតំបន់បាល់ទិក រួមមានលីទុយអានី ឡេតូនី និងអេស្តូនី នឹងត្រូវកាត់ផ្តាច់ពីប្រទេសជាសមាជិក NATO ផ្សេងទៀត។ ដ្បិតច្រកដ៏តូចមួយនេះជាច្រកផ្លូវគោកតែមួយគត់ដែលតភ្ជាប់ប្រទេសបាល់ទិកមកប៉ូឡូញ និងប្រទេស NATO ផ្សេងទៀត។
* ហេតុអ្វីភាពតានតឹងជុំវិញ Kaliningrad កក្រើកឡើងជាថ្មី?
តាមពិតទៅ ភាពតានតឹងបានកើតឡើងស្ទើរជាប្រចាំចាប់តាំងពីរុស្ស៉ីបញ្ជូនកងទ័ពលុកលុយចូលអ៊ុយក្រែនកាលពីឆ្នាំ២០២២ ដោយជំរុញឱ្យ NATO ងាកទៅពង្រឹងខ្សែការពាររបស់ខ្លួនក្នុងតំបន់អឺរ៉ុបខាងកើត។ NATO បានពង្រីកខ្លួនកាន់តែធំក្នុងតំបន់អឺរ៉ុប ជាមួយការទទួលបានសមាជិកថ្មីចំនួន២ គឺហ្វាំងឡង់ក្នុងឆ្នាំ២០២៣ និងស៊ុយអែតក្នុងឆ្នាំ២០២៤។
រុស្ស៉ីមើលឃើញការកើនឡើងការគំរាមកំហែងកាន់តែខ្លាំងពីលោកខាងលិចចំពោះតំបន់ Kaliningrad។ កាលពីខែឧសភា ឆ្នាំ២០២៦ រុស្ស៉ីក្ដៅស្លឹកត្រចៀក និងបានថ្កោលទោសយ៉ាងខ្លាំងលើការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការបរទេសលីទុយអានីថាជាសម្ដីព្រហើន បន្ទាប់ពីរូបលោកបាននិយាយថា NATO ត្រូវតែបង្ហាញឱ្យទីក្រុងមូស្គូបានឃើញថាខ្លួនមានសមត្ថភាពវាយទម្លុះខ្សែការពារនៅ Kaliningrad ហើយអាចកម្ទេចប្រព័ន្ធការពារដែនអាកាស និងមូលដ្ឋានមីស៊ីលរបស់រុស្ស៉ីនៅលើដែនដីមួយនេះ។ ប្រភពយោធាលោកខាងលិចមួយបានប្រាប់ Reuters ថាយន្ដហោះយោធារាប់សិបគ្រឿងមកពីរដ្ឋជាសមាជិក NATO បានចូលរួមក្នុងប្រតិបត្តិការមួយធ្វើឡើងដោយមិនប្រកាសឱ្យដឹងជាមុន នៅក្នុងដែនអាកាសជុំវិញតំបន់ Kaliningrad កាលពីពាក់កណ្ដាលខែសីហាកន្លងទៅ ដើម្បីហាត់សម និងបង្ហាញពីសមត្ថភាពកាត់ផ្ដាច់ប្រព័ន្ធវិទ្យុទាក់ទង និងរ៉ាដា ព្រមទាំងប្រព័ន្ធការពារដែនអាកាសនៅលើដែនដីមួយនេះក្នុងករណីជម្លោះជាមួយរុស្ស៉ីផ្ទុះឡើង។
នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម ស្ថានទូតរុស្ស៉ីនៅតាមបណ្ដាប្រទេសអឺរ៉ុប បានគូសបញ្ជាក់ពីអ្វីដែលទីក្រុងមូស្គូមើលឃើញថាជាសកម្មភាពយោធាបង្កការគំរាមកំហែងរបស់ NATO ក្នុងតំបន់បាល់ទិក។ NATO បានអះអាងថាខ្លួនបានបង្កើនវត្តមានក្នុងតំបន់សមុទ្របាល់ទិក មានមួយផ្នែកជាការឆ្លើយតបទៅនឹងការព្រួយបារម្ភពាក់ព័ន្ធនឹងការគំរាមកំហែងចំពោះហេដ្ឋារចនាសម្ព័ន្ធថាមពល និងទូរគមនាគមន៍សំខាន់ៗនៅក្រោមបាតសមុទ្រ។ ជាការឆ្លើយតបទៅនឹងការគំរាមពីរុស្ស៉ី NATO បានជំរុញឱ្យទីក្រុងមូស្គូបញ្ឈប់នូវអ្វីដែលបក្សសម្ព័ន្ធយោធានេះហៅថាអាកប្បកិរិយាគ្មានការប្រុងប្រយ័ត្ន និងវោហាសាស្ត្រនុយក្លេអ៊ែរគ្មានការទទួលខុសត្រូវ។
* អ្វីទៅដែលក្រុមអ្នកជំនាញភ័យខ្លាចថាអាចផ្ទុះទៅជាវិបត្តិ?
ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីឆ្នាំ២០២២ បណ្ដាប្រទេសក្នុងតំបន់អឺរ៉ុបបានព្យាយាមរក្សានូវតុល្យភាព។ នៅម្ខាងពួកគេគាំទ្រ និងផ្ដល់អាវុធ ព័ត៌មានសម្ងាត់ ទៅឱ្យអ៊ុយក្រែន ហើយដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ី។ នៅម្ខាងទៀត ពួកគេបាន និងកំពុងព្យាយាមបញ្ចៀសកុំឱ្យ សង្រ្គាមនៅអ៊ុយក្រែនរាលដាលទៅជាជម្លោះដោយផ្ទាល់រវាង NATO និងរុស្ស៉ី បើទោះជាមូស្គូក្នុងសប្ដាហ៍នេះបាននិយាយថា NATO បានធ្វើសង្រ្គាមរួចទៅហើយប្រឆាំងនឹងរុស្ស៉ីក៏ដោយ។ ក្រុមអ្នកជំនាញបាននិយាយថាការយល់ច្រឡំ ឬការគណនាខុសណាមួយ អាចនឹងនាំទៅរកការប្រឈមមុខយោធាដាក់គ្នាដោយផ្ទាល់ ហើយផ្អែកលើសារៈសំខាន់នៃទីតាំងភូមិសាស្ត្រ Kaliningrad អាចនឹងក្លាយជាចំណុចក្ដៅមួយជាទីដែលជម្លោះអាចចាប់ផ្ដើម ឬក៏រាលដាលកាន់តែធំ។
ក្នុងចំណោមកត្តាដែលអាចធ្វើឱ្យជម្លោះផ្ទុះឡើងរួមមាន ឧបទ្ទវហេតុដ្រូន ការវាយប្រហារ ឬការបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ការដាក់ពង្រាយមីស៊ីលទ្រង់ទ្រាយធំ ឬសកម្មភាពណាមួយដែលទីក្រុងមូស្គូចាត់ទុក ឬមើលឃើញថាជាការប៉ុនប៉ងមួយរបស់ NATO ដើម្បីបិទខ្ទប់ ឬកាត់ផ្ដាច់តំបន់ Kaliningrad ពីរុស្ស៉ី៕










