រដ្ឋបាលស្រុកតាំងគោក ចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តថ្លា ស្របទៅតាមគន្លងព្រះពុទ្ធសាសនា និងប្រពៃណីជាតិ
03-10-2026 14:42
(កំពង់ធំ)៖ លោក ប៊ុន ឈួន ប្រធានក្រុមប្រឹក្សាស្រុកតាំងគោក លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ និងប្រជាពលរដ្ឋ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តថ្លា ស្ថិតក្នុងឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ យ៉ាងអធិកអធម ខណៈការចូលរួមពិធីកាន់បិណ្ឌនេះ គឺដើម្បីរួមចំណែកថែរក្សា និងលើកស្ទួយប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិខ្មែរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
ក្នុងពិធីដ៏មានសារៈសំខាន់នេះប្រធានក្រុមប្រឹក្សា និងលោកអភិបាលស្រុក រួមជាមួយមន្ត្រីរាជការ និងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនរូប បាននាំយកទេយ្យទាន និងបច្ច័យមួយចំនួន ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា ដើម្បីជាការរួមចំណែកទ្រទ្រង់វិស័យព្រះពុទ្ធសាសនា និងបានឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ញាតិកាទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។
នាឱកាសនោះលោក ហាក់ ម៉ុងហួត ក៏បានឆ្លៀតនាឱកាសនោះថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមសហការគ្នាយ៉ាងសកម្ម ក្នុងការរៀបចំពិធីបុណ្យកាន់បិណ្ឌនេះឡើង ប្រកបដោយសេចក្តីថ្លៃថ្នូរ និងភាពសប្បាយរីករាយ។ លោកក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តថែរក្សា និងលើកកម្ពស់សាមគ្គីភាពផ្ទៃក្នុង ដើម្បីរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើន។
ពិធីបុណ្យកាន់បិណ្ឌរបស់រដ្ឋបាលស្រុកតាំងគោក នៅវត្តថ្លានេះ បានប្រព្រឹត្តទៅដោយរលូន និងបានបញ្ចប់ទៅដោយបរិយាកាសរីករាយ និងពោរពេញដោយក្តីជ្រះថ្លា ស្របតាមគន្លងព្រះពុទ្ធសាសនា និងប្រពៃណីជាតិ។
សូមបញ្ជាក់ដែរថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយរបស់កម្ពុជា ដែលមានតាំងពីបុរាណកាលមកម្ល៉េះ ហើយត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំដោយអ្នកកាន់ព្រះពុទ្ធសាសនា។ ពិធីបុណ្យនេះមានរយៈពេល ១៥ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃ ១រោច រហូតដល់ថ្ងៃ ១៥រោច ខែភទ្របទ។ សម្រាប់ឆ្នាំ២០២៦ ពិធីបុណ្យភ្ជុំបិណ្ឌនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា។
មូលហេតុចម្បងនៃការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីទំនុកបម្រុងព្រះសង្ឃ ដែលគង់ចាំវស្សារយៈពេល ៣ខែ និងដើម្បីឧទ្ទិសកុសលដល់ពពួកប្រេតជនញាតិ និងញាតិទាំង ៧សណ្ដាន ដែលបានចែកឋានទៅហើយ។ កាលពីសម័យបុរាណ ពិធីនេះមានរយៈពេល ៣ខែ ប៉ុន្តែត្រូវបានកែប្រែមកត្រឹម ១៥ថ្ងៃវិញ ដើម្បីសម្រួលដល់ប្រជារាស្ត្រក្នុងការធ្វើស្រែចម្ការ។ ក្នុងអំឡុងពេល ១៤ថ្ងៃដំបូង គេហៅថាពិធីកាន់បិណ្ឌ ឬដាក់បិណ្ឌ ដែលពុទ្ធបរិស័ទរៀបចំចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត។ នៅថ្ងៃទី១៥រោច គឺជាថ្ងៃភ្ជុំបិណ្ឌធំ ដែលជាថ្ងៃប្រមូលផ្ដុំគ្នាធ្វើបុណ្យយ៉ាងអធិកអធម។ ក្នុងពិធីនេះគេនិយមធ្វើម្ហូបអាហារ និងនំខ្មែរជាច្រើនប្រភេទ ដើម្បីចែកញាតិមិត្ត និងប្រគេនព្រះសង្ឃផងដែរ៕





























