លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាមួយលោកឪពុក អ្នកម្តាយ សហការី សមាជិកាសមាគមកាយឫទ្ធិនារីកម្ពុជា ប្រគេនចង្ហាន់បិណ្ឌបាត្រ បច្ច័យ៤ ដល់ព្រះសង្ឃ និងជូនសីលវន្ត សីលវតី ៤០០នាក់ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈកម្ពុជា
04-10-2026 17:51
(កណ្ដាល)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឬទ្ធិកម្ពុជា, អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាឧត្តមភរិយានាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយឯកឧត្តម ពេជ សោភ័ន និងលោកជំទាវ ម៉ុក ប៉ូប៉ុនរិទ្ធ ដែលត្រូវជាបិតាមាតាបង្កើតរបស់លោកជំទាវបណ្ឌិត និងសមាជិការបស់សមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញចូលរួមកាន់បិណ្ឌទី៨ ប្រកបដោយទឹកចិត្ដសទ្ធាជ្រាះថ្លា នៅពុទ្ធបណ្ឌលវិស្សនាធុរៈកម្ពុជា ស្ថិតនៅភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្ដកណ្ដាល ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣-៤ ខែតុលា ឆ្នាំ២០២៦។
ដោយនៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាមួយលោកឪពុក អ្នកម្តាយ សហការី និងសមាជិការបស់សមាគមកាយឫទ្ធិនារីកម្ពុជា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានចូលមកថ្វាយកម្រងផ្កា គ្រឿងសក្ការៈបូជា និងនមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា ។
នាឳកាសនោះព្រះសង្ឃគ្រប់ព្រះអង្គ ដែលគង់នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា បានជូនពរសព្ទសាធុការដល់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងមាតា បិតា បង្កើត របស់លោកទាំងទ្វេ ព្រមទាំងបុត្រាបុត្រី សហការី និងយុវតីសមាជិកានៃសមាគមកាយឫទ្ធិនារីកម្ពុជាទាំងអស់ សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនេះ លោកជំទាវបណ្ឌិត សូមជូនមគ្គផល កុសលផលបុណ្យ ដែលលោកជំទាវបានធ្វើសូមគោរពជូនពរបងប្អូនជនរួមជាតិខ្មែរ ជាពិសេសវីរយុទ្ធជនទាំងអស់ សូមទទួលបានសុខភាពល្អបរិបូណ៌ និងធ្វើដំណើរទៅគ្រប់ទិសទីប្រកបដោយសុខសុវត្ថិភាព។
លុះនាព្រឹកថ្ងៃទី៤ ខែតុលានេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាមួយលោកឪពុក អ្នកម្តាយ សហការី និងសមាជិការបស់សមាគមកាយឫទ្ធិនារីកម្ពុជា បានចាត់ចែងផ្តត់ផ្គង់ឧបត្ថម្ភចង្ហាន់បិណ្ឌបាត្រ ភេសជ្ជទាន បច្ច័យ៤ ប្រគេនដល់ព្រះសង្ឃ១៩០អង្គ គង់ចាំព្រះវស្សា និងជូនសីលវន្ត សីលវតី ៤០០នាក់ នៅពុទ្ធមណ្ឌលពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។
ដោយបុញ្ញានុភាព អាមិសទាន និងធម្មទាន ដែលសម្តេចធិបតី លោកជំទាវបណ្ឌិត ជាមួយលោកឪពុក អ្នកម្ដាយ ព្រមទាំងបុត្រ និងសហការី ព្រះសង្ឃគ្រប់ព្រះអង្គ សូមសម្រេចបុណ្យកុសលដល់បុព្វការីជន ព្រមទាំងញាតិ៧សន្តាន វីរៈកងទ័ព និងវីរៈនគរបាល បានពលីជីវិតដើម្បីបុព្វហេតុជាតិ និងប្រជាជន ។
ជាមួយគ្នានេះគណៈគ្រប់គ្រងពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចធិបតី លោកជំទាវបណ្ឌិត លោកឪពុក អ្នកម្ដាយ ព្រមទាំងបុត្រ និងសមាជិក សមាជិកា នៃសមាគមកាយឫទ្ធិនារីកម្ពុជា មានសុខភាពល្អ សម្រេចជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធពរទាំង ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមជម្រាបថាបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៦នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញាដល់ថ្ងៃទី១២ ខែតុលា។
បើតាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា បានបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ ប៉ុន្តែទាស់ត្រង់ថា កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះ គេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំ។
កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះ គឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា។ នៅក្នុងចំណេរកាលបុរាណបានចារថា ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឱ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរ (ដើរ) បិណ្ឌបាត។ ហេតុដូច្នេះ ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។
ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួក ប្រេតជនញាតិ និងញាតិទាំង ៧សណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាពនៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្ដីលំបាកសោកសៅ៕



















































