លោក លឹម ជាវុត្ថា ដឹកនាំបុគ្គលិករបស់បណ្តាញព័ត៌មាន Fresh News ចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល
04-10-2026 21:54
(កណ្តាល)៖ ឆ្លៀតពេលព្រឹកថ្ងៃអាទិត្យចុងសប្ដាហ៍ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦នេះលោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News ស្ថាបនិក និងជាអគ្គនាយកបណ្តាញទំនាក់ទំនងសង្គម CoolApp & Fresh AI បានដឹកនាំក្រុមការងារ ចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តរកាជន្លឹង ស្ថិតនៅភូមិរកាជន្លឹង ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ដែលមានចម្ងាយប្រមាណ៧គីឡូម៉ែត្រ ខាងកើតស្ពានព្រែកតាមាក់។
នាឱកាសនោះ លោក លឹម ជាវុត្ថា រួមជាមួយក្រុមការងារ បានរួមគ្នាធ្វើកិច្ចនមស្សការបង្សុកូល ព្រមទាំងបាននាំយកនូវទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសម្ល នំចំណីជាច្រើនមុខវេរប្រគេនជូនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លាអានិសង្សជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតាបិតា ជីដូនជីតា ញាតិការទាំងប្រាំពីរសន្តានជាដើម។
ជាមួយគ្នានោះលោក លឹម ជាវុត្ថា ក៏បានប្រគេនព្រះគ្រូចៅអធិការវត្តនូវបច្ច័យចំនួន ៤,០០០,០០០រៀល សម្រាប់កសាងសមិទ្ធផលនានាក្នុងវត្តព្រះពុទ្ធពរនេះផងដែរ។
ថ្នាក់ដឹកនាំ និងក្រុមការងារ គ្រប់គ្នាបានបង្ហាញនូវទឹកចិត្តជ្រះថ្លាញញឹមរីករាយនឹងការកសាងកុសលផលបុណ្យជាមួយព្រះពុទ្ធសាសនា នាឱកាសពិធីបុណ្យប្រពៃណីជាតិនេះ។
សូមជម្រាបថា យោងតាមឯកសារកត់ត្រាពីប្រវត្តិបុណ្យរបស់ខ្មែរបង្ហាញថា ការប្រារព្ធពិធីបុណ្យកាន់បិណ្ឌនេះ គឺដើម្បីបួងសួងឧទ្ទិសមគ្គផលកុសលផលបុណ្យ ទៅឱ្យមាតាបិតា ញាតិកាទាំងប្រាំពីរសន្តានដែលបានចែកឋាន ដើម្បីឱ្យពួកគាត់មកទទួលយកកុសលផលបុណ្យទៅកើតក្នុងសុគតិភព។ ម្យ៉ាងទៀត ប្រជាពលរដ្ឋខ្មែរមានជំនឿថា អ្នកមានគុណបុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ ដែលបានសាងបាបកាលពីនៅមានជីវិតរស់នៅ ហើយពេលចែកឋានទៅមិនដឹងចាប់ជាតិជាអ្វី ឬមានបាបទៅកើតជាប្រេត នឹងឡើងមកទទួលកុសលផលបុណ្យនេះពីពួកគេផងដែរ នៅពេលពពួកប្រេតទាំងនោះត្រូវបានគេដោះលែងឲ្យមានសេរីភាពរយៈពេល១៥ថ្ងៃក្នុងថ្ងៃកាន់បិណ្ឌ។
គួរឱ្យដឹងថា វត្តរកាជន្លឹង មានឈ្មោះ «ប្រាសាទរកាជន្លឹង» ចម្ងាយប្រមាណ៧គ.ម. ខាងកើតស្ពានព្រែកតាមាក់។ ប្រាសាទនេះទំនងជាប្រាសាទសាងនៅស.វ.ទី១១ មានតួចំនួន៣ តម្រៀបជើងត្បូង។ តួខាងជើងតូចជាងគេធ្វើអំពីឥដ្ឋខូចខាតអស់ សល់តែជើងជញ្ជាំង និងស៊ុមទ្វារធ្វើពីថ្មភក់។ ឯតួកណ្ដាល និងតួខាងត្បូងធ្វើពីថ្មបាយក្រៀម និងក្បាច់លម្អនានាអំពីថ្មភក់ នៅសល់រូបរាង តែបាត់បង់ផ្នែកដំបូល។
ចំពោះតួកណ្ដាល ក្បាច់លម្អមានតែនៅខាងកើតតែប៉ុណ្ណោះ ពោលគឺផ្ដែរដែលបង្ហាញរូបរាហូពាំដងធ្នូដែលគេឆ្លាក់លម្អជាក្បាច់រុក្ខជាតិ នៅពីលើក្បាលរាហ៊ូមានរូបព្រះឥន្ទ ជិះដំរី តែគេឆ្លាក់ឱ្យឃើញថាមើលពីចំហៀងវិញ។ ក្រៅពីនេះសសរពេជ្រ និងសសរផ្អោបដែលធ្វើពីថ្មភក់ក៏មានក្បាច់លម្អដែរ។ ក្រៅពីនេះធ្វើពីថ្មបាយក្រៀមទាំងអស់សូម្បីតែទ្វារបញ្ឆោតទាំងបីទិសផ្សេងទៀត។
ចំពោះតួខាងត្បូង យើងឃើញមានផ្ដែរនៅសេសសល់ចំនួនបី ក្នុងនោះផ្ដែរនៅទិសខាងជើងមានឆ្លាក់រឿងកូរសមុទ្រទឹកដោះដ៏ពេញនិយម។ ឯនៅផ្នែកខាងកើតមិនមានសល់ផ្ដែរនោះទេ នៅសល់តែស៊ុមទ្វារ។ ចំពោះផ្ដែរខាងត្បូងជារូបរាហូពាំដងធ្នូដែលគេឆ្លាក់លម្អជាក្បាច់រុក្ខជាតិ នៅពីលើក្បាលរាហ៊ូមានរូបទេពអង្គុយបញ្ឈរជង្គង់ស្ដាំ លុតជង្គង់ឆ្វេង។ ចំពោះផ្ដែរខាងលិចទំនងជាមានលំនាំដូចផ្ដែរខាងត្បូងដែរ ប៉ុន្តែផ្នែកកណ្ដាលបានខូចខាតទៅហើយ។ នៅជិតនោះយើងក៏ឃើញកំពូលប្រាសាទធ្វើពីថ្មភក់ចំនួនពីរដែរ៕





































