វេជ្ជបណ្ឌិត មុំ គង់៖ ថ្លៃបារីទាបនឹងបង្កើនបន្ទុកលើវិស័យសុខាភិបាល ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ
05-10-2026 09:52
(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជា បានថ្លែងបញ្ជាក់ថា បច្ចុប្បន្ននេះថ្លៃបារីដែលដាក់លក់នៅលើទីផ្សារកម្ពុជា មានតម្លៃទាបបំផុតត្រឹមតែ ១,៥០០រៀលក្នុងមួយកញ្ចប់ ដែលធ្វើឱ្យកុមារ និងយុវជនអាចទិញបារីបានយ៉ាងងាយស្រួល ហើយនៅពេលថ្លៃបារីទាបដូចនេះ អត្រាអ្នកជក់បារីនឹងបន្តកើនឡើង ហើយក៏នឹងបង្កើនបន្ទុកលើវិស័យសុខាភិបាល និងអាចប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦នេះ លោកវេជ្ជបណ្ឌិត មុំ គង់ បានបន្ថែមថា នៅពេលកុមារ និងយុវជនញៀនបារីតាំងពីវ័យក្មេង ពួកគេងាយប្រឈមនឹងផលប៉ះពាល់សុខភាព ប៉ះពាល់ការវិវឌ្ឍន៍ខួរក្បាល សមត្ថភាពក្នុងការបំពេញការងារចុះអន់ថយ និងនាំទៅរកការប៉ះពាល់ដល់ធនធានមនុស្សដ៏មានតម្លៃសម្រាប់ការកសាង និងការពារជាតិនាពេលបច្ចុប្បន្ន និងពេលអនាគត។
ដើម្បីបង្ការ និងទប់ស្កាត់ផលប៉ះពាល់ពីការប្រើប្រាស់បារី កម្ពុជាគួរពិចារណាដំឡើងអាករពិសេសលើបារី ដើម្បីឱ្យថ្លៃបារីកើនឡើង ដែលអាចកាត់បន្ថយលទ្ធភាពទិញបារីរបស់កុមារ និងយុវជន។ ការដំឡើងអាករពិសេសលើផលិតផលបារី គឺជាវិធានការ «ឈ្នះ-ឈ្នះ» ដែលមិនត្រឹមតែជួយឱ្យរដ្ឋាភិបាល ទទួលបានចំណូលបន្ថែម ដើម្បីរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយអត្រាអ្នកកើតជំងឺ និងការស្លាប់មុនអាយុរបស់ប្រជាពលរដ្ឋដោយសារការជក់បារីផងដែរ។ លើសពីនេះទៀត ការកើនថ្លៃបារី ក៏រួមចំណែកកាត់បន្ថយបន្ទុកចំណាយរបស់រដ្ឋាភិបាលលើ បសស និងប្រព័ន្ធសុខាភិបាលផងដែរ ព្រោះមានអ្នកជក់បារីតិចជាងមុន ការកើតជំងឺក៏មានអត្រាទាបជាងមុន។
កន្លងមកមានការលើកឡើងពីភាគីឧស្សាហកម្មថ្នាំជក់ ដើម្បីជំទាស់នឹងការដំឡើងអាករពិសេសលើបារី ដោយអះអាងថា កម្ពុជាគួរផ្តោតលើការទប់ស្កាត់បារីខុសច្បាប់ មុនការដំឡើងអាករពិសេស ព្រោះបារីខុសច្បាប់នៅកម្ពុជាមានអត្រារហូតដល់ជាង ៥០%។
ប៉ុន្តែយោងតាមលទ្ធផលសិក្សារបស់រាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញតួលេខខុសពីការអះអាងខាងលើ។ ការសិក្សាបានរកឃើញថា អត្រាបារីខុសច្បាប់មានចំនួន ១៥% ក្នុងឆ្នាំ២០២៥ និងថយចុះ មកនៅត្រឹម១៣,៦% នៅពាក់កណ្តាលឆ្នាំ២០២៦ ទាបជាអត្រាមធ្យមនៃបារីខុសច្បាប់ ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ១៦.៨% ទៅទៀត (ការសិក្សារបស់ Joossens, Merriman, Ross និង Raw (2009) ស្តីពី How Eliminating the Global Illicit Cigarette Trade Would Increase Tax Revenue and Save Lives)។
ភស្តុតាងជាក់ស្តែងបានបង្ហាញថា គ្មានទំនាក់ទំនងរបស់បារីខុសច្បាប់ និងអត្រាអាករពិសេសលើបារីទេ។ ប្រទេសជាច្រើនមានអត្រាអាពិសេសលើបារីខ្ពស់ ប៉ុន្តែមានអត្រាបារីខុសច្បាប់ទាបទៅវិញ។ ប្រទេសខ្លះទៀតមានអត្រាអាពិសេសលើបារីទាប តែនៅតែមានអត្រាបារីខុសច្បាប់ខ្ពស់។
លោកវេជ្ជបណ្ឌិត មុំ គង់ បានបន្ថែមថា គិតត្រឹមឆ្នាំ២០២៦ កម្ពុជាបានខកខានការដំឡើងអាករពិសេសលើបារីអស់រយៈពេលប្រមាណ ១១ឆ្នាំមកហើយ។ ទោះជាយ៉ាងណា តម្លៃបារីមួយចំនួននៅលើទីផ្សារបានកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ការមិនដំឡើងអាករពិសេសឱ្យស្របតាមការកើនឡើងនៃតម្លៃ និងស្ថានភាពសេដ្ឋកិច្ច អាចធ្វើឱ្យរដ្ឋខកខានឱកាសក្នុងការបង្កើនចំណូលពន្ធ ព្រមទាំងកាត់បន្ថយប្រសិទ្ធភាពនៃគោលនយោបាយពន្ធថ្នាំជក់ក្នុងការកាត់បន្ថយការប្រើប្រាស់បារី។
ប្រទេសក្នុងអាស៊ានភាគច្រើន បានដំឡើងអាករពិសេសជាច្រើនដង ជាអាថ៌ ហ្វីលីពីនបានដំឡើងអាករពិសេស៧ដង សិង្ហបុរី២ដង ថៃឡង់២ដង វៀតណាម២ដង ពីឆ្នាំ២០១៦ដល់ឆ្នាំ២០២៥។ ការដំឡើងអាករពិសេសលើបារី ត្រូវបានបញ្ជាក់ដោយភស្តុតាងវិទ្យាសាស្រ្តថា ជាវិធានការឈ្នះ ឈ្នះ ព្រោះរដ្ឋាភិបាលទទួលចំណូលពន្ធបន្ថែម រីឯជំងឺ ពិការភាពនិងមរណភាពដោយសារជំងឺដែលបណ្តាលមកពីជក់បារី ថយចុះ។ បើធៀបនឹងបណ្តាប្រទេសអាស៊ាន កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានបន្ទុកពន្ធសរុបលើបារីទាបជាងគេ ត្រឹមតែ២៥%នៃថ្លៃលក់រាយ បើធៀបនឹងប្រទេសសិង្ហបុរី៧១% និងប្រទេសប៊្រុយណេ៦២%ជាដើម។ កម្ពុជាក៏នៅឆ្ងាយពីអត្រាដែលផ្តល់អនុសាសន៍ដោយអង្គការសុខភាពពិភពលោក ឱ្យយកពន្ធយ៉ាងតិច៧៥%នៃថ្លៃលក់រាយ។
គូសបញ្ចាក់ផងដែរថា នៅកម្ពុជាមានប្រជាពលរដ្ឋ ១៥,០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំ បណ្តាលមកពីការជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់ ហើយ៣៣%នៃអ្នកស្លាប់ទាំងអស់ កើតឡើងចំពោះប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបបំផុត៕






