* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អភិបាលស្រុកតាំងគោក ចុះជួយអន្តរាគមន៍​ការប្រមូលផលដំឡូង​របស់កសិករ ​នៅឃុំអណ្តូងពោធិ៍ ចៀសវាងការ​ខូចខាត​ដោយសារទឹកភ្លៀង

05-10-2026 14:13

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក រួមជាមួយអាជ្ញាធរឃុំអណ្តូងពោធិ៍ និងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ បានចុះពិនិត្យស្ថានភាព​ផ្ទាល់​នៅតាមចម្ការដំឡូងរបស់ប្រជាកសិករ ដែលកំពុងប្រមូលផលនៅក្នុងឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ សំដៅជួយអន្តរាគមន៍ការប្រមូលផល​ដំឡូង​របស់កសិករ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នា​ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលបណ្តាលឱ្យផ្ទៃដីដាំដំឡូងមីមួយចំនួនរងផលប៉ះពាល់។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងវាយតម្លៃស្ថានភាពជាក់ស្តែង និងជួយអន្តរាគមន៍ទាន់ពេលវេលា ខណៈដែលតំបន់ទំនាបមួយចំនួនកំពុងប្រឈមនឹងការលិចខូចដើម និងមើមដំឡូង ដោយសារស្ថានភាពធាតុអាកាស​មានភ្លៀងធ្លាក់បន្តបន្ទាប់។ ប្រសិនបើគ្មានវិធានការ​ប្រមូលផលឱ្យបានទាន់ពេលទេ ដំណាំដំឡូង​អាចនឹងរលួយខូចខាត និងបង្កជាការខាតបង់​ប៉ះពាល់ដល់ជីវភាពកសិករ។

បើតាមការបញ្ជាក់ពីប្រជាកសិករនៅក្នុងមូលដ្ឋាន បានឱ្យដឹងថា ទិន្នផលដំឡូងនៅលើផ្ទៃដី ១ហិកតា អាចប្រមូលផលបានជាមធ្យមប្រមាណ ២០តោន ហើយតម្លៃទីផ្សារបច្ចុប្បន្នក្នុងតំបន់ គឺចន្លោះពី ៤៣០រៀល ទៅ ៤៤០រៀល ក្នុងមួយគីឡូក្រាម។

ក្នុងដំណើរចុះពិនិត្យនោះលោកអភិបាលស្រុក ហាក់ ម៉ុងហួត បានកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋមួយចំនួន​បានសម្រេចចិត្តប្រមូលផល (ដកដំឡូង) មុនកាលកំណត់នៅលើផ្ទៃដីទំនាបដែលជាំទឹក ដើម្បីចៀសវាងការរលួយខូចខាតដំណាំ។

លោកអភិបាលស្រុក និងអាជ្ញាធរមូលដ្ឋាន ក៏បានណែនាំ និងសម្របសម្រួលជួយដល់ប្រជាកសិករ ដើម្បីពន្លឿនការកាប់ និងប្រមូលផលឱ្យបានឆាប់រហ័ស សំដៅការពារផលដំណាំ និងរក្សាប្រាក់ចំណូលជូនកសិករ។ ទន្ទឹមនឹងនេះ អាជ្ញាធរស្រុកតាំងគោក ក៏បានបញ្ជាក់ពីការបន្តតាមដានស្ថានភាពធាតុអាកាសយ៉ាងយកចិត្តទុកដាក់ ដើម្បីត្រៀមលក្ខណៈអន្តរាគមន៍ និងជួយសង្គ្រោះផលដំណាំផ្សេងៗទៀតនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលាផងដែរ។

សូមបញ្ជាក់ដែរថា ការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន​ក្នុងការចុះពិនិត្យ និងតាមដានស្ថានភាពដំណាំ​របស់ប្រជាពលរដ្ឋ គឺជារឿងសំខាន់ ដើម្បីធានាបាននូវដំណោះស្រាយទាន់ពេលវេលា និងកាត់បន្ថយហានិភ័យនៃការខាតបង់របស់កសិករ ជាពិសេសក្នុងរដូវវស្សាដែលមានការប្រែប្រួលអាកាសធាតុនេះផងដែរ៕