នាយឧត្តមសេនីយ៍ ឃុន វុធ ជួបសំណេះសំណាលក្រុមគ្រួសារវីរកងទ័ពចំនួន ៨៧គ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
06-10-2026 14:53
(សៀមរាប)៖ នាយឧត្តមសេនីយ៍ ឃុន វុធ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអង្គរធំ និងក្រុមការងារ នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦នេះ បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមគ្រួសារវីរកងទ័ព ចំនួន ៨៧គ្រួសារ នៅស្រុកអង្គរធំ ខេត្តសៀមរាប ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
យោងតាមរបាយការណ៍របស់លោក ពៅ ប៊ុនធឿន អភិបាលស្រុកអង្គរធំ បានឲ្យដឹងថា នៅទូទាំងស្រុកអង្គរធំ មានក្រុមគ្រួសាររបស់វីរកងកងទ័ព ដែលកំពុងឈរជើងនៅសមរភូមិមុខ តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានចំនួន ៨៧ គ្រួសារ ដែលកំពុងរស់នៅក្នុងស្រុកអង្គរធំ ខេត្តសៀមរាប។
នាយឧត្តមសេនីយ៍ ឃុន វុធ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ និងព្រួយបារម្ភជានិច្ចពីសុខទុក្ខរបស់បងប្អូន។
នាយឧត្តមសេនីយ៍ ក៏បានធ្វើការថ្លែអំណរគុណចំពោះវីរជនក្រុមគ្រួសារ វីរកងទ័ពគ្រប់រូប ដែលបានអនុញ្ញាតឲ្យប្តី ប្អូននិងកូន ទៅបំពេញភារកិច្ចក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិ។ នាយឧត្តមសេនីយ៍ ក៏បានវាយតម្លៃខ្ពស់ចំពោះទឹកចិត្តសេ្នហាជាតិមាតុភូមិ ដើមី្បភាពសុខសាន្តរបស់ប្រជាជន។ ម៉្យាងទៀតចំពោះក្មួយៗយុវជនទាំងពីរភេទ ដែលមានស្មារតីមុះមុត ស្មត្រ័ចិត្តក្នុងការមកទទួលពាក្យបំពេញកាតព្វកិច្ចយោធា ដែលសបញ្ជាក់ពីស្មារតីស្នេហាជាតិមាតុភូមិ។
នាយឧត្តមសេនីយ៍ ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តមានការជឿទុកចិត្តលើកងកម្លាំងយោធាកម្ពុជា និង ជឿជាក់លើការដឹកនាំរបស់ប្រមុខដឹកនាំកំពូលរបស់កម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារបូរណភាពទឹកដីឲ្យបានគង់វង្ស។
នាយឧត្តមសេនីយ៍ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមកុំជឿនូវព័ត៌មានណា ដែលជាព័ត៌មានគ្មានប្រភពច្បាស់លាស់ ដែលនាំឲ្យយើងបែកបាក់សាមគ្គីភាពជាតិ និងត្រូវបន្ដរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដែលជាខឿនដ៏រឹងមាំនៅសមរភូមិក្រោយ ដើម្បីគាំទ្រលើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្តដល់វីរកងទ័ពឈរជើងការពារទឹកដីកម្ពុជា ឲ្យបានស្ថិតស្ថេរគង់វង្ស។
នាយឧត្តមសេនីយ៍ ឃុន វុធ ក៏បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជូន ចំពោះស្ថាបនិកមគ្គទេសឯក គឺសម្ដេចតេជោ ហ៊ុន សែន និងសម្ដែងនូវការដឹងគុណជាពន់ពេកចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព នៅសមរភូមិមុខ ក្នុងការប្រយុទ្ធការពារបូរណភាពទឹកដី។
នាយឧត្តមសេនីយ៍ ក៏បាននាំមកជាមួយនូវជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ដែលអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ជូនដល់បងប្អូនប្រជាពលរដ្ឋក្រុមគ្រួសារវីរកងទ័ព ដែលជាការសបញ្ជាក់អំពីការផ្សារ ភ្ជាប់នូវសុខទុក្ខ និងសេចក្ដីស្រលាញ់របស់សម្ដេច។ អំណោយនោះ រួមមាន៖ អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ និងថវិក៥ម៉ឺនរៀល៕

















