* វិភាគអន្តរជាតិ៖ អ្វីទៅនៅពីក្រោយកិច្ចព្រមព្រៀងទិញប្រេងម៉ាស៊ូតរបស់លោក ត្រាំ ពីលោក ពូទីន?
* ឧបនាយករដ្ឋមន្រ្តី ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ទៅចូលរួមអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណកាហ្សាក់ស្ថាន
* ក្រុមអ្នកស្រាវជ្រាវ រកឃើញថាក្រុមហ៊ុនអ៊ីស្រាអែល ប្រើផ្ទាំងពាណិជ្ជកម្មអនឡាញ ដើម្បីលួចធ្វើចារកម្មទ្រង់ទ្រាយធំ
* ជំនួបសម្តេចមហាបវរធិបតី និងប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ជជែកលើការពង្រឹងទំនាក់ និងសេដ្ឋកិច្ច
* ទោះជាមេដឹកនាំប្រទេសក៏ដោយ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Takaichi នៅតែបំពេញការងារផ្ទះ ដូចជារៀបចំអាហារពេលព្រឹក និងលាងចាន ជាដើម
* បណ្ឌិត យង់ ពៅ៖ រាជបណ្ឌិត្យសភាកម្ពុជាដើរតួនាទីជាថ្នាលបណ្ដុះពូជស្រាវជ្រាវវិទ្យាសាស្ត្រ
* សហភាពអឺរ៉ុប និងបណ្តាប្រទេសឈូងសមុទ្រ ពន្យារពេលកិច្ចប្រជុំកំពូលនៅអារ៉ាប៊ីសាអូឌីត ដោយសារការវាយប្រហាររបស់ក្រុមហ៊ូទី
* ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យុះទី៣០ «ចម្ពី» កំពុងមានឥទ្ធិពលមកលើអាកាសធាតុនៅកម្ពុជា
* សម្តេចមហាបវរធិបតី ជួបពិភាក្សាការងារជាមួយប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទអន្តរសកម្មភាព និងការកសាងទំនុកចិត្តនៅអាស៊ី នៅអាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី និងរដ្ឋមន្ត្រីការបរទេសចិន ជួបគ្នាក្នុងសន្និសីទ CICA នៅអាស៊ែបៃហ្សង់
* CNN៖ យោធាអាមេរិក កំពុងពិចារណាប្រើគ្រាប់បែកមានរហស្សនាមថា «ម៉ែគ្រាប់បែក» ក្នុងការវាយប្រហារថ្មី ដែលអាចធ្វើឡើងប្រឆាំងអ៉ីរ៉ង់
* «ជួញជិត ប្រសើរជាងជួញឆ្ងាយ», «ថែចាបមួយក្នុងដៃ ប្រសើរជាងសម្លឹងចាបពីរលើមេឃ» ជាពាក្យពីរប្រយោគដែលកម្ពុជា និងវៀតណាម ផ្តល់ឱ្យគ្នាក្នុងវេទិកាធុរកិច្ច
* មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រំលេចពីចំណងមិត្តភាពកងទ័ពទាំងពីរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្ពុជាបោះជំហានឆ្ពោះទៅកសាងវប្បធម៌ស្អាតប្រកបដោយចីរភាព តាមរយៈយុទ្ធនាការគ្រប់គ្រងសំរាមទូទាំងប្រទេស

06-10-2026 15:07

(ភ្នំពេញ)៖ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការកសាងបរិស្ថានឱ្យកាន់តែស្អាត បានវិវត្តហួសពីយុទ្ធនាការកាត់បន្ថយយការប្រើប្រាស់ប្លាស្ទិក។ ចាប់ផ្តើមដោយការលើកទឹកចិត្ត បានធ្វើឱ្យប្រជាជនកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក បានប្រែក្លាយទៅជាចលនាថ្នាក់ជាតិ ដើម្បីសំអាតទីសាធារណៈ កែលម្អការគ្រប់គ្រងសំរាម បែងចែកសំរាមឱ្យបានត្រឹមត្រូវ និងចុងក្រោយគឺការកសាងវប្បធម៌ស្អាតឱ្យមានភាពស្ថិតស្ថេរ និងយូរអង្វែង។

ក្រោមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ របស់ក្រសួងបរិស្ថាន ដែលដឹកនាំដោយគោលការណ៍ «ស្អាត បៃតង និងចីរភាព» ការអនុវត្តត្រូវបានធ្វើឡើងដោយយកចិត្តទុកដាក់ និងចម្រើនឡើងជាលំដាប់។

កម្ពុជាស្អាតមិនអាចសម្រេចបានត្រឹមតែការប្រមូលសំរាម បន្ទាប់ពីវាត្រូវបានបោះចោលនោះទេ។ ភាពស្អាតត្រូវតែ ក្លាយជាទម្លាប់ ហើយទម្លាប់នោះត្រូវតែចាប់ផ្តើមចេញពីបុគ្គលម្នាក់ៗ។ ការចែកចាយធុងសំរាមនៅទូទាំងប្រទេស ដល់សាលារៀន វត្តអារាម មណ្ឌលសុខភាព ពន្ធនាគារ និងគ្រឹះស្ថានសាធារណៈផ្សេងទៀត តំណាងឱ្យជំហានដ៏សំខាន់មួយទៀតនៅក្នុងការផ្លាស់ប្តូរនេះ។ គិតត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ ២០២៦ ក្រសួងបរិស្ថានបានចែកចាយធុងសំរាមចំនួន ៤៥.១២០ធុង នៅទូទាំងប្រទេស ខណៈដែលការចែកចាយបន្ថែមទៀតកំពុងត្រូវបានរៀបចំ។

២. ជំហានដំបូង៖ ការកាត់បន្ថយប្លាស្ទិកនៅប្រភពដើម

ចាប់ផ្តើមនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។ យុទ្ធនាការនេះ បានផ្តោតលើសាលារៀន ដោយសារតែកុមារ និងយុវជនគឺជាភ្នាក់ងារដ៏មានឥទ្ធិពលបំផុត នៃការផ្លាស់ប្តូរឥរិយាបថរយៈពេលវែង។ វាបានពង្រីកបន្តិចម្តងៗពីសាលារៀនមួយទៅដល់សាលារៀនទូទាំងស្រុក/ខណ្ឌ/ក្រុង ពីស្រុក/ខណ្ឌ/ក្រុង ទៅរាជធានី ខេត្ត និងចុងក្រោយនៅទូទាំងប្រទេស។

យុទ្ធនាការនេះបានទាក់ទាញសិស្សានុសិស្សប្រមាណ ៣,៦លាននាក់ និងប្រជាជនជាង ១៤ លាននាក់នៅទូទាំងប្រទេសឱ្យចូលរួម។ យុទ្ធនាការនេះរៀបចំជាសារយ៉ាងសាមញ្ញ៖ មុនពេលកម្ពុជាអាចគ្រប់គ្រងសំរាមប្លាស្ទិកបាន កម្ពុជាត្រូវតែកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកជាមុនសិន។ កិច្ចខិតខំប្រឹងប្រែងនេះបានបង្កើតលទ្ធផលបរិស្ថានដ៏សំខាន់មួយ។ ក្នុងរយៈពេលមួយឆ្នាំ កម្ពុជាបានកត់ត្រាការកាត់បន្ថយការនាំចូល និងការផលិតថង់ប្លាស្ទិករហូតដល់ ៨៤,៥%។ ប៉ុន្តែការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក គ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះ។

៣. ពីយុទ្ធនាការ ទៅជាចលនា

យុទ្ធនាការខាងលើ បានវិវត្តបន្តិចម្តងៗ ទៅជាចលនាដ៏ទូលំទូលាយមួយគឺ «កម្ពុជាស្អាត ខ្មែរធ្វើបាន»។ ប្រជាជនជាង ៧ លាននាក់បានចូលរួមក្នុងសកម្មភាពសំអាតផ្លូវថ្នល់ សាលារៀន ផ្សារ ភូមិ ទីសាធារណៈ និងសហគមន៍។ សិស្សានុសិស្ស គ្រូបង្រៀន ព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន អង្គការ សមាគមសង្គមស៊ីវិល យុវជន វិស័យឯកជន និងប្រជាពលរដ្ឋទូទៅ បានក្លាយជាអ្នកចូលរួមផ្ទាល់។ នេះតំណាង ឱ្យការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងគំនិតបរិស្ថាន។

នៅដើមដំបូងយើងមានសារសម្រាប់ផ្សព្វផ្សាយគឺ៖ «កុំប្រើប្រាស់ប្លាស្ទិកដែលមិនចាំបាច់» បន្ទាប់មកបានក្លាយជា៖ «កុំចោលសំរាមទៅក្នុងបរិស្ថាន» ជំហានបន្ទាប់គឺ៖ «ចូរយើងរួមគ្នាប្រមូលសំរាម ដែលមានស្រាប់នៅក្នុងបរិស្ថានរបស់យើង» ហើយនៅថ្ងៃនេះ កម្ពុជាកំពុងផ្លាស់ប្តូរឆ្ពោះទៅរក គោលការណ៍កាន់តែជ្រាលជ្រៅមួយទៀត៖ «ចូរយើងគ្រប់គ្រង និងញែកសំរាមរបស់យើងឱ្យបានត្រឹមត្រូវ និងធ្វើឱ្យមានភាពស្អាត ដែលជាផ្នែកមួយនៃឥរិយាបថប្រចាំថ្ងៃរបស់យើង»។

៤. ការផ្លាស់ប្តូរពីការប្រមូលសំរាម ទៅជាការគ្រប់គ្រងសំរាម

យុទ្ធនាការសម្អាតអនាម័យបរិស្ថាន គឺមានសារៈសំខាន់ ប៉ុន្តែការសម្អាតកន្លែងដដែលៗម្តងហើយម្តងទៀត មិនអាចជាដំណោះស្រាយចុងក្រោយនោះទេ។ ប្រសិនបើប្រជាជនសម្អាត តំបន់មួយនៅថ្ងៃនេះ ប៉ុន្តែនៅមានការបោះចោលសំរាមនៅទីនោះនៅថ្ងៃស្អែក បញ្ហានឹងត្រឡប់មកវិញដដែល។ ដូច្នេះ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា បានឈានទៅមុខជាលំដាប់ ពីការប្រមូលទុកដាក់សំរាម ទៅរកការគ្រប់គ្រងសំរាម។

ធុងសំរាមគឺជាផ្នែកមួយសាមញ្ញ ប៉ុន្តែចាំបាច់បំផុតនៃអន្តរកាលនេះ។ ការផ្តល់ធុងសំរាមនៅក្នុងគ្រឹះស្ថានដែលប្រជាជនរៀនសូត្រ កន្លែងគោរពបូជា កន្លែងដែលពលរដ្ឋមកទទួលសេវាព្យាបាល លំនៅឋាន និងទីកន្លែងធ្វើការ គឺជាការបង្កើតហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលចាំបាច់ ដើម្បីបំប្លែង ការយល់ដឹងផ្នែកបរិស្ថានឱ្យទៅជាការអនុវត្តប្រចាំថ្ងៃ។ ដូច្នេះ ធុងសំរាមគឺលើសពីប្រអប់សម្រាប់ដាក់សំរាម។ វាគឺជាឧបករណ៍ សម្រាប់ការផ្លាស់ប្តូរឥរិយាបថ។ វាជួយបង្កើតវិន័យប្រចាំថ្ងៃដ៏សាមញ្ញមួយ៖ ប្រើប្រាស់ឱ្យតិច។ កុំបោះចោលពាសវាពាសកាល។ ប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ ញែកវាឱ្យបានត្រឹមត្រូវ។ គ្រប់គ្រងវាដោយការទទួលខុសត្រូវ។ រក្សាបរិស្ថានជុំវិញឱ្យស្អាត។ ការធ្វើសកម្មភាពសាមញ្ញទាំងនេះ ឡើងវិញរៀងរាល់ថ្ងៃ នឹងប្រែក្លាយវាទៅជាទម្លាប់។

៥. ការចែកចាយធុងសំរាមនៅទូទាំងប្រទេស

គិតត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ ២០២៦ ក្រសួងបរិស្ថានបានចែកចាយធុងសំរាមចំនួន៤៥,១២០ធុង។ ធុងសំរាមទាំងនេះត្រូវបានចែកចាយទៅកាន់គ្រឹះស្ថាន និងទីតាំងសាធារណៈនានានៅទូទាំងប្រទេសកម្ពុជា រួមមាន៖ សាលារៀន វត្តអារាម មណ្ឌលសុខភាព និងពន្ធនាគារ ដែលជួយរៀបចំប្រព័ន្ធអនុវត្តជាក់ស្តែង ដើម្បីបរិស្ថានជុំវិញកាន់តែស្អាត និងការគ្រប់គ្រងសំរាមកាន់តែប្រសើរ។ ធុងសំរាមចំនួន ២០.៧៤១ធុងទៀតនៅតែមាននៅក្នុងស្តុក សម្រាប់បន្តចែកចាយ។ ធុងសំរាមទាំងនោះរួមមាន៖ ១៩.១៦៧ធុង មានចំណុះ ២៤០លីត្រ និង១.៥៧៤ធុង មានចំណុះ ១២០លីត្រ បន្ថែមពីនេះ ក្រសួងបរិស្ថាន មានផែនការចែកជូនធុងសំរាមចំនួន ១៧.១៧៥ធុងបន្ថែមទៀត ទៅកាន់សាលារៀនចំនួន ៥.៧២៥សាលា នៅតាមរាជធានី-ខេត្តចំនួន១៤។

ផែនការចែកធុងសំរាមនេះ គឺសាលារៀននីមួយៗ ទទួលបានធុងសំរាមចំនួន៣ ដែលផ្តល់នូវឱកាសដ៏សំខាន់ក្នុងការប្រមូលសំរាម និងការអនុវត្តការញែកសំរាមនៅតាមគ្រឹះស្ថានសិក្សា។ នៅពេលចែកជូនធុងសំរាមបន្ថែមចំនួន ១៧.១៧៥ធុង ចំនួនធុងសំរាមដែលក្រសួងបានចែកជូននឹងកើនឡើងដល់ចំនួន ៦២.២៩៥ ធុង។

៦. មូលហេតុដែលសាលារៀនគឺជាបេះដូងនៃយុទ្ធសាស្ត្រចែកធុងសំរាម

សាលារៀនមានតួនាទីសំខាន់ជាពិសេស ដោយសារតែវប្បធម៌បរិស្ថាន មានចីរភាពបំផុតនៅពេលដែលមានការរៀនសូត្រចាប់តាំងពីកុមារ។ ធុងសំរាមមួយនៅសាលារៀន មិនមែនគ្រាន់តែជាឧបករណ៍ប្រើប្រាស់មួយប៉ណ្ណោះទេ។ វាអាចក្លាយជាផ្នែកមួយនៃការអប់រំបរិស្ថាន។ សិស្សានុសិស្សអាចរៀនសូត្រថា សំរាមប្រភេទខុសៗគ្នា គួរតែត្រូវបានរៀបចំទុកដាក់ផ្សេងគ្នា, ប្លាស្ទិកមានតម្លៃនៅពេលដែលវាត្រូវបានប្រមូល និងកែច្នៃឡើងវិញបានត្រឹមត្រូវ, ការបោះចោលសំរាមពាសកាលប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថាន និងការរក្សាថ្នាក់រៀន ទីធ្លាសាលា និងសហគមន៍ឱ្យស្អាត គឺជាការទទួលខុសត្រូវរួមគ្នា។

នៅពេលដែលកុមារអនុវត្តឥរិយាបថទាំងនេះ ជារៀងរាល់ថ្ងៃនៅសាលារៀន ពួកគេអាចនាំយកទៅផ្ទះវិញ។ សិស្សម្នាក់ដែលរៀនមិនបោះចោលសំរាមពាសកាល អាចមានឥទ្ធិពលលើឪពុកម្តាយ បងប្អូន និងអ្នកជិតខាង។ តាមវិធីនេះ សាលារៀនមួយអាចមានឥទ្ធិពលលើសហគមន៍ទាំងមូល។ ដូច្នេះ គោលបំណងមិនមែនគ្រាន់តែបង្កើតសាលារៀនស្អាតប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីជួយអប់រំជំនាន់មនុស្សដែលស្អាតស្អំ។

៧. វត្តអារាមជាកន្លែងការផ្សារភ្ជាប់ភាពស្អាតជាមួយតម្លៃសីលធម៌

វត្តអារាម គឺជាផ្នែកដ៏សំខាន់មួយទៀតនៃកិច្ចខិតខំប្រឹងប្រែងក្នុងយុទ្ធសាស្រ្តដើម្បីភពាស្អាតនៅកម្ពុជា។ វត្តអារាមនៅកម្ពុជា មិនត្រឹមតែជាកន្លែងប្រតិបត្តិសាសនានោះទេ ថែមទាំងជាមជ្ឈមណ្ឌលនៃជីវិត សហគមន៍ ការអប់រំ ពិធីបុណ្យផ្សេងៗ និងការប្រាស្រ័យទាក់ទងគ្នានៅក្នុងសង្គមផងដែរ។ ការផ្តល់សម្ភារគ្រប់គ្រងសំរាម នៅតាមវត្តអារាម ជួយបង្ហាញថាការគោរពបរិស្ថាន គឺត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការគោរពសហគមន៍ និងមនុស្សជំនាន់ក្រោយ។ វត្តអារាមស្អាត អាចក្លាយជាគំរូសម្រាប់ភូមិស្អាត។ ព្រះសង្ឃ គ្រួសារ យុវជន និងអ្នកទស្សនាកម្សាន្ត ទាំងអស់គ្នាអាចចូលរួមក្នុងការថែរក្សាបរិស្ថានជុំវិញឱ្យស្អាត ដែលជាការទទួលខុសត្រូវក្នុងការអនុវត្តកិច្ចកិច្ចគាំពារបរិស្ថាន របស់រាជរដ្ឋាភិបាល និងតម្លៃសង្គមមួយដ៏ល្អ។

៨. មណ្ឌលសុខភាព៖ បរិស្ថានស្អាត មនុស្សមានសុខភាពល្អ

ភាពស្អាតនៃបរិស្ថាន និងសុខភាពសាធារណៈមានទំនាក់ទំនងគ្នាដោយផ្ទាល់។ សំរាមដែលគ្រប់គ្រងមិនបានត្រឹមត្រូវ អាចទាក់ទាញសត្វល្អិតចង្រៃ វាមានក្លិនមិនល្អ បំពុលដី និងទឹក និងបង្កឱ្យការរស់នៅគ្មានអនាម័យ។ ដូច្នេះ ធុងសំរាមនៅតាមមណ្ឌលសុខភាព គឺជាផ្នែកបរិស្ថាន និងសុខភាពសាធារណៈ។ គ្រឹះស្ថានសុខាភិបាល បានបង្ហាញតាមរយៈបរិស្ថានជុំវិញថា បរិស្ថានស្អាត គឺជាផ្នែកមួយនៃជីវិតដែលមានសុខភាពល្អ។

៩. ពន្ធនាគារ៖ ភាពស្អាតជាវិន័យ និងការទទួលខុសត្រូវ

ការរាប់បញ្ចូលយុទ្ធនាការប្រគល់ជូនធុងសំរាមដល់ពន្ធនាគារ ក៏មានសារៈសំខាន់ផងដែរ។ ការទទួលខុសត្រូវផ្នែកបរិស្ថាន គួរតែគ្របដណ្តប់នៅទូទាំងសង្គម។ បរិស្ថានជុំវិញស្អាត ការទុកដាក់សំរាមបានត្រឹមត្រូវ និងការញែកសំរាម អាចបង្កើតជាផ្នែកមួយនៃវិន័យប្រចាំថ្ងៃ និងឥរិយាបថទទួលខុសត្រូវ។ គោលដៅក្នុងការផ្តល់ជូននេះ គឺដើម្បីលើកទឹកចិត្តដល់បុគ្គលម្នាក់ៗ ទោះបីជាពួកគេរស់នៅ ឬធ្វើការនៅទីណាក៏ដោយ ឱ្យយល់ថាការរក្សាភាពស្អាត គឺជាការទទួលខុសត្រូវផ្ទាល់ខ្លួន និងជាការទទួលខុសត្រូវរួម។

១០. ជំហានបន្ទាប់៖ ជំរុញការញែកសំរាម

ការផ្តល់ជូនធុងសំរាម ផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដំណាក់កាលសំខាន់បន្ទាប់ ដូចជាការញែកសំរាមតាមប្រព័ន្ធត្រឹមត្រូវ។ គេបានពិនិត្យឃើញថាសំរាម មិនមែនមានប្រភេទដូចគ្នាតែមួយនោះទេ ប៉ុន្តែជាប្រភេទផ្សេងៗគ្នា ដែលតម្រូវឱ្យមានទម្រង់នៃការគ្រប់គ្រងខុសៗគ្នា។ ប្លាស្ទិក និងសម្ភារដែលអាចកែច្នៃឡើងវិញបានផ្សេងទៀត អាចត្រូវបានញែកសម្រាប់ការកែច្នៃ និងការស្តារឡើងវិញ។

សំរាមសរីរាង្គអាចត្រូវបានគ្រប់គ្រងតាមរបៀបផ្សេង។ សំរាមសំណល់ចុងក្រោយ គួរតែត្រូវបានប្រមូល និងបោះចោលឱ្យបានត្រឹមត្រូវ។ ការបែងចែកនៅប្រភពដើម កាត់បន្ថយបរិមាណសំរាមលាយឡំគ្នា និងធ្វើឱ្យការកែច្នៃ និងការស្តារឡើងវិញកាន់តែមានប្រសិទ្ធភាព និងអនុវត្តបានជាក់ស្តែង។ ដោយសារហេតុផលនេះ ចោគជ័យនៃកម្មវិធីផ្តល់ធុងសំរាម គួរតែត្រូវវាស់វែងនៅចុងបញ្ចប់ មិនត្រឹមតែតាមរយៈចំនួនធុងសំរាម ដែលកម្ពុជាបានផ្តល់ជូនប៉ុណ្ណោះទេ ប៉ុន្តែគឺតាមរយៈប្រសិទ្ធភាពនៃការប្រើប្រាស់ធុងសំរាមទាំងនោះ ពីសំណាក់ប្រជាពលរដ្ឋ។ ការបង្កើតបានហេដ្ឋារចនាសម្ព័ន្ធ គឺជាបង្កើតនូវឱកាស។ ដូចគ្នាដែរ ឥរិយាបថបង្កើតនូវលទ្ធផល។

១១. ពីភាពស្អាតខាងក្រៅ ជំរុញ «ភាពស្អាតពីខាងក្នុង»

គោលបំណងរយៈពេលវែង គឺជ្រាលជ្រៅជាងផ្លូវថ្នល់ស្អាត។ ក្រសួងបរិស្ថានបន្តបង្កើនការយកចិត្តទុកដាក់លើ «ភាពស្អាតពីខាងក្នុង» គឺការកសាងការយល់ដឹង បរិស្ថាន ការទទួលខុសត្រូវ និងវិន័យនៅក្នុងខ្លួន របស់បុគ្គលម្នាក់ៗ។ រាជរដ្ឋាភិបាលអាចផ្តល់ជូនធុងសំរាម។ អាជ្ញាធរអាចប្រមូលសំរាម។ មន្ត្រីអាចអនុវត្តបទបញ្ញត្តិនិងច្បាប់នានាពាក់ព័ន្ធ។

សហគមន៍អាចរៀបចំយុទ្ធនាការសំអាត។ ប៉ុន្តែ ភាពស្អាតដែលមានចីរភាព មិនអាចពឹងផ្អែកជាអចិន្ត្រៃយ៍ លើការដើររើសសំរាម នៅពីក្រោយនរណាម្នាក់ ដែលបានបោះចោលនោះទេ។ ប្រព័ន្ធគ្រប់គ្រងសំរាមដ៏រឹងមាំបំផុត គឺជាប្រព័ន្ធដែលប្រជាជនជ្រើសរើសចូលរួម មិនបោះចោលសំរាមពាសកាលចាប់តាំងពីពេលដំបូង។ នោះហើយជាមូលហេតុដែលវិស័យបរិស្ថានរបស់កម្ពុជា គឺជាការផ្លាស់ប្តូរឥរិយាបថជាមូលដ្ឋាន៖ យុទ្ធនាការ → ចលនា → ការប្រមូល → ការគ្រប់គ្រង → ការបែងចែក → ទម្លាប់ → វប្បធម៌។

១២. ការកសាងវប្បធម៌ស្អាតសម្រាប់មនុស្សជំនាន់ក្រោយ

ដូច្នេះ ការផ្តល់ជូនធុងសំរាមរាប់ម៉ឺនធុង ត្រូវបានចាត់ទុកថាជាផ្នែកមួយ នៃការផ្លាស់ប្តូរការគិតវិជ្ជមានចំពោះបរិស្ថាន ដ៏ធំធេង។ កម្ពុជាបានចាប់ផ្តើមឡើងដោយការប្តេជ្ញាចិត្ត និងស្នើឱ្យប្រជាជនកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។ យុទ្ធនាការនេះបានកៀរគរប្រជាជនរាប់លាននាក់ ឱ្យមានការចូលរួមសម្អាតសហគមន៍របស់ពួកគេ។

ឥឡូវនេះ វាបាននិងកំពុងផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធ ដើម្បីគ្រប់គ្រង និងញែកសំរាមឱ្យបានត្រឹមត្រូវ។ បញ្ហាដែលត្រូវធ្វើបន្ទាប់ គឺការធ្វើឱ្យសកម្មភាពទាំងនេះ ក្លាយជាស្វ័យប្រវត្តិជាអ្វីដែលប្រជាជនធ្វើដោយមិនបាច់មានការរំលឹក។ នៅពេលដែលកុមារម្នាក់ឃើញសំរាម ហើយដាក់វាចូលទៅក្នុងធុងដោយសភាវគតិ នោះហើយគឺជាវប្បធម៌។

នៅពេលដែលគ្រួសារមួយ ចេះញែកសំរាម ដោយមិនបាច់មានការណែនាំ នោះហើយគឺជាវប្បធម៌។ នៅពេលដែលប្រជាជន បដិសេធមិនបោះចោលសំរាមនៅលើផ្លូវ ក្នុងប្រឡាយ ឬនៅទីសាធារណៈ នោះហើយគឺជាវប្បធម៌។ លើសពីនេះ នៅពេលដែលគ្រឹះស្ថាននានារក្សាបានភាពស្អាត មិនមែនដោយសារតែមានការចុះត្រួតពិនិត្យនោះទេ ប៉ុន្តែដោយសារតែភាពស្អាត បានក្លាយជាតម្លៃរបស់ពួកគេ កម្ពុជានឹងសម្រេចបាននូវអ្វីដែលធំធេង ជាងយុទ្ធនាការដ៏ជោគជ័យមួយទៅទៀត។ វានឹងបានកសាងវប្បធម៌ស្អាតសម្រាប់ប្រទេសជាតិ។

គិតត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ការផ្តល់ជូនធុងសំរាមសម្រេចបានប ចំនួន ៤៥.១២០ធុង ដោយមានធុងសំរាមចំនួន ២០.៧៤១ ធុងទៀតនៅក្នុងស្តុក និងធុងសំរាមចំនួន ១៧.១៧៥ធុងផ្សេងទៀត នឹងត្រូវផ្តល់ជូនតាមផែនការដល់ សាលារៀនចំនួន ៥.៧២៥កន្លែង នៅតាមរាជធានី-ខេត្តចំនួន១៤។ គម្រោងនេះបានបង្ហាញពីការវិនិយោគជាបន្តបន្ទាប់របស់កម្ពុជា លើហេដ្ឋារចនាសម្ព័ន្ធ គ្រប់គ្រងសំរាមជាក់ស្តែង ឱ្យកាន់តែប្រសើរ។ ប៉ុន្តែ តម្លៃពិតប្រាកដនៃធុងសំរាមទាំងនេះ មិនអាចវាស់វែងបានត្រឹមតែតួលេខនោះទេ។

គោលបំណងដ៏ធំធេងរបស់វា គឺការអប់រំ ឥរិយាបថ និងវប្បធម៌។ ដំណើរបរិស្ថានរបស់កម្ពុជា កំពុងផ្លាស់ប្តូរជាលំដាប់ ពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ទៅជាការប្រមូលសំរាម, ពីការប្រមូលសំរាម ទៅជាការគ្រប់គ្រងសំរាម, ពីការគ្រប់គ្រងសំរាម ទៅជាការញែកសំរាម, និងពីការញែកសំរាម ទៅជាការអភិវឌ្ឍទម្លាប់ពេញមួយជីវិត។

គោលដៅចុងក្រោយ គឺកម្ពុជាមានភាពស្អាត ដោយសារតែទម្លាប់ស្អាត បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ។ បរិស្ថានជុំវិញស្អាត ចាប់ផ្តើមចេញពីឥរិយាបថស្អាត។ ឥរិយាបថស្អាត ចាប់ផ្តើមចេញពីគំនិតស្អាត។ ហើយកម្ពុជាស្អាត ចាប់ផ្តើមចេញពីខាងផ្នែកក្នុង។ នេះគឺជាគ្រឹះសម្រាប់កម្ពុជាដែលមាន «ភាពស្អាត ភាពបៃតង និងចីរភាព» យ៉ាងពិតប្រាកដ៕