រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការពង្រឹងសមត្ថភាពមន្ត្រីជំនាញព័ត៌មាន និងការងាររដ្ឋបាលទំនើប ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍនៃសង្គមឌីជីថល
06-10-2026 15:48
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា ការពង្រឹងសមត្ថភាពធនធានមនុស្ស ប្រសិទ្ធភាពស្ថាប័ន និងសមត្ថភាពរដ្ឋបាល គឺជាមូលដ្ឋានសំខាន់សម្រាប់លើកកម្ពស់គុណភាព និងប្រសិទ្ធភាពការងាររបស់ក្រសួងព័ត៌មាន ជាពិសេសក្នុងបរិបទដែលវិស័យព័ត៌មានកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ព្រមទាំងសំដៅដើរឱ្យស្របតាមការវិវឌ្ឍនៃបច្ចេកវិទ្យា ការវិវឌ្ឍនៃសង្គម ដើម្បីធានាប្រសិទ្ធភាពការងារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។
ការលើកឡើងបែបនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត័មានបានធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្ដាលស្ដីពី «ការគ្រប់គ្រងធនធានមនុស្ស និង លិខិតរដ្ឋបាល» នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នាសាលមជ្ឈមណ្ឌលបណ្ដុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន។វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមជាង ៨៣នាក់ ក្នុងនោះមានស្ត្រី ៤១នាក់ មកពីអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានទាំង៤ និងអង្គភាពចំណុះ ក្រសួងព័ត៌មាន ដើម្បីពង្រឹងចំណេះដឹង និងជំនាញពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានមនុស្ស និងការងាររដ្ឋបាល។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួង គឺជាកត្តាចាំបាច់ ដើម្បីពង្រឹងសមត្ថភាព ជំនាញវិជ្ជាជីវៈ បទពិសោធន៍ និងវិន័យរបស់មន្ត្រីរាជការ ព្រមទាំងលើកកម្ពស់សមត្ថភាពរបស់ក្រសួងក្នុងការបំពេញតួនាទី និងការទទួលខុសត្រូវឱ្យបានកាន់តែ មានប្រសិទ្ធភាព ស្របតាមការវិវឌ្ឍនៃវិស័យព័ត៌មាន និងការទំនាក់ទំនង។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ក្រសួងព័ត៌មានមានតួនាទីសំខាន់ក្នុងការដឹកនាំ និងអភិវឌ្ឍវិស័យព័ត៌មាន ព្រមទាំងចូលរួមតម្រង់ទិសមតិសាធារណៈ ខណៈដែលការផ្លាស់ប្តូរនៃប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាឌីជីថល ទាមទារឱ្យស្ថាប័ន និងមន្ត្រីមានសមត្ថភាពសម្របខ្លួន និងអភិវឌ្ឍជាបន្តបន្ទាប់។ ក្នុងន័យនេះលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានកំណត់វិស័យអាទិភាពចំនួន៥ សម្រាប់ការពង្រឹងរបស់ក្រសួង រួមមានទី១៖ ការដឹកនាំ, ២៖ ប្រសិទ្ធភាព ស្ថាប័ន និងការងារ, ៣៖ ធនធានមនុស្ស, ៤៖ ការអនុវត្តច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ និង៥៖ ការទូតផ្នែកព័ត៌មាន និងទំនាក់ទំនងអន្តរជាតិ។
ជាមួយគ្នានេះ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសង្កត់ធ្ងន់លើការគ្រប់គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព តាមរយៈការរៀបចំផែនការអភិវឌ្ឍសមត្ថភាពមន្ត្រី ការវាយតម្លៃលទ្ធផលការងារ ការគ្រប់គ្រងវត្តមាន និងការឈប់សម្រាក ព្រមទាំងការអនុវត្តនីតិវិធីរដ្ឋបាលឱ្យបានត្រឹមត្រូវ និងស្របតាមបទប្បញ្ញត្តិ ជាធរមាន។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន គូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ធនធានមនុស្ស គឺជាអាទិភាពមួយរបស់យើង ការកងសាងធនធានមនុស្សនៅកម្ពុជា គឺឆ្លងកាត់ដំណាក់កាលច្រើន ដោយចាប់ផ្តើមអ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកដែលអត់ចេះ»។ អ៊ឹចឹងធនធានមនុស្សជាចំណុចគន្លឹះធំដែលរាជរដ្ឋាភិបាលកម្ពុជា គ្រប់អាណត្តិ»។
ឆ្លងកាត់ដំណាក់កាលជាច្រើននៃដំណើរកម្ពុជា ដែលងើបពីគំនរផេះផង់ និងការកាប់សម្លាប់របស់ខ្មែរក្រហម, រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ក្រោមការយកចិត្តទុកដាក់កសាងធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋន្ត្រី និងបន្តវេនដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពង្រឹងឱ្យកាន់ខ្លាំងក្លាបន្ថែមទៀតទៅលើមូលធនមនុស្ស។
ពាក់ព័ន្ធនឹងការងាររដ្ឋបាល លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានណែនាំឱ្យមន្ត្រីយកចិត្តទុកដាក់លើការតាក់តែងលិខិតបទដ្ឋានគតិយុត្ត និងលិខិតរដ្ឋបាល ការរៀបចំឯកសារ ព្រមទាំងលំហូរ និងការចរាចរឯកសារ ឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត និងស្តង់ដារួម ស្របតាមគោលការណ៍ណែនាំ និងបទប្បញ្ញត្តិរបស់ រាជរដ្ឋាភិបាល និងសេចក្ដីណែនាំរបស់ក្រសួងព័ត៌មាន។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកឡើងពីសារៈសំខាន់នៃការបង្កើតបរិយាកាសការងារល្អ ការគោរពវិន័យ និងការទទួលខុសត្រូវរបស់មន្ត្រីរាជការ ដោយ ចាត់ទុកថា ការគ្រប់គ្រងមន្ត្រីប្រកបដោយប្រសិទ្ធភាព និងការរៀបចំប្រព័ន្ធការងាររដ្ឋបាលច្បាស់លាស់ នឹងរួមចំណែកដោយផ្ទាល់ដល់ការលើកកម្ពស់ ប្រសិទ្ធភាពស្ថាប័ន។
នៅក្នុងឱកាសនោះ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកទឹកចិត្តឱ្យសិក្ខាកាមយកចំណេះដឹង បទពិសោធន៍ និងជំនាញដែលទទួលបានពីវគ្គបណ្តុះបណ្តាល នេះ ទៅអនុវត្តឱ្យមានប្រសិទ្ធភាពក្នុងការងារប្រចាំថ្ងៃ ដើម្បីរួមចំណែកពង្រឹងគុណភាពការងាររដ្ឋបាល ការគ្រប់គ្រងធនធានមនុស្ស និងប្រសិទ្ធភាពស្ថាប័ន សំដៅបម្រើវិស័យព័ត៌មាន និងសោតទស្សន៍ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងការវិវឌ្ឍនៃសង្គមឌីជីថល។
បើតាមលោកស្រី ទេស ផល្លីន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងព័ត៌មាន ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ និងផែនការសកម្មភាពការងារ របស់អគ្គលេខាធិការដ្ឋាន ឆ្នាំ២០២៦-២០២៨ វគ្គបណ្តុះបណ្តាលនេះគឺជាការអនុវត្តជាក់ស្តែងនូវយុទ្ធសាស្ត្រទី៣ (ការអភិវឌ្ឍធនធានមនុស្ស និងការបណ្តុះស្មារតីវិជ្ជាជីវៈ) ស្រមតាមផែនការកសាង និងអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យព័ត៌មាន និងសោទស្សន៍ឆ្នាំ២០២៥-២០២៨ ដែលបានដាក់ចេញដោយ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបានកំណត់យក «មនុស្ស» ជាអាទិភាពគន្លឹះទីមួយ។
លោកស្រី ទេស ផល្លីន ថារាល់វគ្គបណ្តុះបណ្តាលដែលអគ្គលេខាធិការដ្ឋានរៀបចំតែងតែរួមបញ្ចូលគ្នា រវាងការបង្រៀនជាទ្រឹស្តី ការធ្វើតេស្តស្ទង់សមត្ថភាពមុននិងក្រោយទទួលបានការបណ្តុះបណ្តាល និងការពិភាក្សាក្រុម (GROUP WORKSHOP) ដើម្បីផ្តល់ឱកាសជូនសិក្ខាកាមយកចំណេះដឹងដែលទទួលបានពីវាគ្មិនមកអនុវត្ត ជាក់ស្តែងតាមរយៈការអនុវត្តការងារជាក្រុម៕





























