ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ប្រាប់ប្រតិបត្តិករអាជីវកម្មកាស៊ីណូថា បើកាស៊ីណូណាមួយ លបលួចដំណើរការល្បែងតាមប្រព័ន្ធអនឡាញ នឹងត្រូវរងនូវវិធានការច្បាប់យ៉ាងតឹងរ៉ឹងបំផុត !
07-10-2026 08:14
(ភ្នំពេញ)៖ អនុលោមតាមច្បាប់ ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងស្របតាមការសម្រេចរបស់រាជរដ្ឋាភិបាល, ល្បែងតាមប្រព័ន្ធអនឡាញ (ONLINE GAMBLING) គ្រប់ទម្រង់ មិនត្រូវបានអនុញ្ញាតឱ្យបើកដំណើរការក្នុងទីតាំង និង/ឬ បរិវេណកាស៊ីណូ ដែលទទួលបានអាជ្ញាបណ្ណនោះឡើយ។
នាព្រឹកថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦, លេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) (គ.ប.ឆ.ប.) សហការជាមួយ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានរៀបចំកិច្ចប្រជុំជាលើកទី២ ដើម្បីផ្សព្វផ្សាយអំពីការមិនអនុញ្ញាត និងបញ្ឈប់រាល់សកម្មភាពពាក់ព័ន្ធល្បែងតាមប្រព័ន្ធអនឡាញក្នុងទីតាំង និង/ឬ បរិវេណកាស៊ីណូ ចាប់ពីខែតុលា ឆ្នាំ២០២៦ នេះតទៅ។
កិច្ចប្រជុំនេះ មានការចូលរួមពីប្រតិបត្តិករ, កម្មសិទ្ធិករ, និង/ឬ តំណាងក្រុមហ៊ុនកាស៊ីណូសរុបចំនួន ១៤៥ នាក់។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ សន្ដិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, អនុប្រធានប្រចាំការ នៃ គ.ប.ឆ.ប. និងជាប្រធានលេខាធិការដ្ឋាន នៃ គ.ប.ឆ.ប. បានគូសបញ្ជាក់ថា «មានភស្ដុតាងជាច្រើនបង្ហាញថា ល្បែងតាមប្រព័ន្ធអនឡាញ ត្រូវបានប្រើប្រាស់ជាទម្រង់មួយ នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការប្រើប្រាស់វិធីសាស្រ្ដផ្សព្វផ្សាយ ដើម្បីទាក់ទាញភ្ញៀវល្បែង, ការរៀបចំ និងប្រើប្រាស់កម្មវិធី ឬ ឧបករណ៍ល្បែងដែលពុំមានសុចរិតភាព, និងការប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុ ដែលមានលាយឡំជាមួយនឹងគណនីក្លែងក្លាយ ជាដើម»។
ក្នុងន័យនេះ លោកទេសរដ្ឋមន្ត្រី បានបន្ដទៀតថា «ក្នុងករណីរកឃើញថា ក្រុមហ៊ុនកាស៊ីណូណាមួយ លបលួចដំណើរការល្បែងតាមប្រព័ន្ធអនឡាញ, ក្រៅពីវិធានការចាត់ដោយ គ.ល.ក. ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម, អាជ្ញាធរមានសមត្ថកិច្ចផ្សេងទៀត ដោយសហការយ៉ាងពេញទំហឹងជាមួយស្ថាប័នជាតិ និងអន្តរជាតិដែលមានការពាក់ព័ន្ធ នឹងបើកការស៊ើបអង្កេតលើបទល្មើសបន្ថែមមួយចំនួន ស្របតាមច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម, និង/ឬ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ជាធរមាន»។
ទន្ទឹមនេះ លោក ម៉ុក ច័ន្ទសុធា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានលេខា-ធិការដ្ឋាន នៃ គ.ប.ឆ.ប. បានគូសរំលេចបន្ថែមផងដែរថា ក្នុងករណីសង្ស័យមានការពាក់ព័ន្ធ, លេខាធិការដ្ឋាន នៃ គ.ប.ឆ.ប. នឹងបន្ដបញ្ជូនសំណុំរឿងដល់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីតាមដាន និងចាត់វិធានការ តាមច្បាប់ ជាធរមាន។
ឆ្លៀតក្នុងឱកាសនេះ លោក យ៉េត វីណែល អគ្គលេខាធិការ នៃ គ.ល.ក. តំណាងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក. ក៏បានគូសរំលេចជូនអង្គប្រជុំផងដែរថា បច្ចុប្បន្ន រាជរដ្ឋាភិបាល បាននិងកំពុងធ្វើការកែទម្រង់វិស័យល្បែងពាណិជ្ជកម្មកម្ពុជា ដើម្បីពង្រឹងតម្លាភាព គណនេយ្យភាព និងសុចរិតភាព នៃវិស័យសំដៅលើកកម្ពស់ និងទាក់ទាញវិនិយោគិន ដែលមានគោលបំណងធ្វើអាជីវកម្មល្បែងពាណិជ្ជកម្ម នៅកម្ពុជាដ៏ពិតប្រាកដ។
ទន្ទឹមនេះ លោកអគ្គលេខាធិការ ក៏បានបង្ហាញពីជំហររបស់ គ.ល.ក. ផងដែរថា ក្នុងបរិការណ៍ នៃការកែទម្រង់នេះ, គ.ល.ក. នឹងចាត់វិធានការតឹងរឹងបំផុត ស្របទៅតាមច្បាប់ជាធរមាន ដែលក្នុងនោះមានរួមបញ្ចូលទាំងការដកហូតអាជ្ញាបណ្ណចំពោះទីតាំងកាស៊ីណូទាំងឡាយណាដែលលបលួចដំណើរការល្បែងតាមប្រព័ន្ធអនឡាញ ផ្ទុយពីលក្ខខណ្ឌអាជ្ញាបណ្ណ ដែល គ.ល.ក. បានផ្ដល់ជូន។ ក្រៅពីការចាត់វិធានការក្នុងដែនសមត្ថកិច្ចរបស់ គ.ល.ក. នេះ, គ.ល.ក. នឹងបន្ដផ្ដល់កិច្ចសហការយ៉ាងពេញទំហឹងដល់ស្ថាប័ន អង្គភាព និងអាជ្ញាធរដែលមានការពាក់ព័ន្ធ ដើម្បីជាប្រយោជន៍ដល់ការស្រាវជ្រាវ និងដាក់បន្ទុកជាអតិបរមា ចំពោះអ្នកដែលមានការពាក់ព័ន្ធទាំងអស់ ស្របទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។
លោកទេសរដ្ឋមន្ត្រី បានរំលឹកបន្ថែមអំពីជំហររបស់រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ឱ្យអស់ និងធានាកុំឱ្យកើតមានឡើងវិញនូវការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងប្រទេសកម្ពុជា។ ក្នុងស្មារតីនេះ លេខាធិការដ្ឋាន នៃ គ.ប.ឆ.ប. នឹងបន្ដបើកចំហសម្រាប់កិច្ចសហប្រតិបត្តិការទាំងជាមួយស្ថាប័នជាតិ និងស្ថាប័នអន្តរជាតិ ក្នុងយុទ្ធនាការ នៃការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕









































