* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បដិសំយោគវិចារវិទ្យារបស់ចិន៖ ពីការយល់អតីតកាល មកឆ្លុះបញ្ចាំងលើបច្ចុប្បន្ន ដើម្បីកសាងអនាគត

07-10-2026 13:43

(ភ្នំពេញ)៖ បណ្ឌិត កៅ មុយថង អ្នកស្រាវជ្រាវពីទំនាក់ទំនងកម្ពុជា-ចិន បានអះអាងថា នៅពេលពិភាក្សាអំពីប្រទេសចិនសម័យថ្មី ភាគច្រើនគេតែងផ្តោតលើសូចនាករដែលអាចវាស់វែងបាន ដូចជា ទំហំសេដ្ឋកិច្ច ពលានុភាពយោធា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយជាមួយសហរដ្ឋអាមេរិក ឥទ្ធិពលពាណិជ្ជកម្ម និងការវិនិយោគសកល ព្រមទាំងការរីកចម្រើនផ្នែកបច្ចេកវិទ្យា។

សូចនាករទាំងនេះពិតជា មានសារៈសំខាន់សម្រាប់ការវាស់វែងសមត្ថភាព និងឥទ្ធិពលរបស់ចិន ប៉ុន្តែវានៅតែមិនទាន់គ្រប់គ្រាន់សម្រាប់ការស្វែងយល់អំពីចរិតលក្ខណៈ និងផ្នត់គំនិតដែលស្ថិតនៅពីក្រោយការរីកចម្រើនរបស់ប្រទេសនេះឡើយ។

តាមទស្សនៈរបស់លោកបណ្ឌិត ទិន្នន័យអាចបង្ហាញយើងអំពី «ទំហំអំណាច» ដែលចិនមាន ប៉ុន្តែគេមិនអាចពន្យល់បានទាំងស្រុងអំពី «ផ្នត់គំនិត» ដែលចិនប្រើដើម្បីយល់ និងកំណត់ទីតាំងរបស់ចិននៅក្នុងពិភពលោកនោះទេ។ ដូច្នេះការយល់អំពីចិនសម័យថ្មី មិនគួរឈប់ត្រឹមការវាស់វែងថា ចិនមានសេដ្ឋកិច្ចធំប៉ុណ្ណា មានសមត្ថភាពយោធាកម្រិតណា ឬមានឥទ្ធិពលសកលដល់កម្រិតណានោះឡើយ ប៉ុន្តែត្រូវស្វែងយល់បន្ថែមថា ចិនយល់ឃើញយ៉ាងដូចម្តេចចំពោះភាពជាមហាអំណាច ការអភិវឌ្ឍសង្គម ទំនាក់ទំនងរវាងរដ្ឋ និងសណ្តាប់ធ្នាប់ពិភពលោក។

ក្នុងន័យនេះបណ្ឌិត កៅ មុយថង អះអាងថា ការសិក្សាអំពីប្រទេសចិនត្រូវការក្របខណ្ឌមួយ ដែលអាចភ្ជាប់អតីតកាល បច្ចុប្បន្ន និងអនាគត ដើម្បីយល់ថា តើបទពិសោធន៍ប្រវត្តិសាស្ត្រ មរតក អរិយធម៌ និងការបកស្រាយអំពីអតីតកាល បានចូលរួមបង្កើតវិធីដែលចិនយល់អំពីខ្លួនឯង និងពិភព លោកយ៉ាងដូចម្តេច។ នេះហើយជាចំណុចដែលនាំឱ្យការស្វែងយល់អំពីចិន មិនមែនជាការអានតួលេខ នៃអំណាចប៉ុណ្ណោះទេ ប៉ុន្តែជាការស្វែងយល់ពីវិធីដែលចិនគិត អត្ថន័យដែលចិនផ្តល់ដល់អតីតកាល និងរបៀបដែលការយល់ឃើញទាំងនោះត្រូវបានយកមកប្រើក្នុងការកសាងអនាគត។

* បដិសំយោគវិចារវិទ្យារបស់ចិន៖ ហេតុអ្វីបានជាតួលេខសេដ្ឋកិច្ច និងយោធា មិនអាចពន្យល់ ចិនបានទាំងមូល?

បណ្ឌិត កៅ មុយថង ពន្យល់ថា ដើម្បីយល់ពីចិនសម័យទំនើប យើងចាំបាច់ត្រូវចូលទៅពិនិត្យ «ស្រទាប់ផ្នត់គំនិត» (Ideological and Conceptual Domain) ដើម្បីស្វែងយល់ពីរបៀបដែលចិនទាញយកមេរៀនប្រវត្តិសាស្ត្រ និងមូលហេតុដែលជំរុញឱ្យមានទស្សនទានសំខាន់ៗដូចជា «ការធ្វើទំនើបកម្ម តាមបែបបទចិន» «ខុងជឺនិយម» «ការស្តារឡើងវិញនូវប្រជាជាតិចិន» និង«សហគមន៍ជោគវាសនា រួមនៃមនុស្សជាតិ» ជាដើម នៅក្នុងចក្ខុវិស័យអនាគតរបស់ខ្លួន។

ដើម្បីឆ្លើយតបនឹងសំណួរទាំងនេះក្របខ័ណ្ឌ «បដិសំយោគវិចារវិទ្យា» (Reconstructive Hermeneutics) អាចផ្តល់នូវឧបករណ៍វិភាគដ៏មានប្រសិទ្ធភាព។ យោងតាមទស្សនវិទូ និងជាអ្នក ច្បាប់ជនជាតិអ៊ីតាលី Emilio Betti អះអាងថា ការបកស្រាយអត្ថន័យនៃបទដ្ឋាន ឬទស្សនទានណា មួយគឺទាមទារឱ្យមានការស្វែងយល់ពីបរិបទប្រវត្តិសាស្ត្រ និងរចនាសម្ព័ន្ធអត្ថន័យដើមរបស់វា ដោយឈរលើកត្តា «សត្យានុម័ត» (ការពិតជាក់ស្តែងនៃកម្មវត្ថុ) មិនមែនធ្វើឡើងតាម «អត្តនោម័ត» (ទស្សនៈផ្ទាល់ខ្លួនរបស់អ្នកបកស្រាយ) នោះឡើយ។

និយាយក្នុងន័យសាមញ្ញ «បដិសំយោគវិចារវិទ្យា» (Reconstructive Hermeneutics) មិនមែនជាការយកអតីតកាល ឬប្រពៃណីបុរាណ មកចម្លងប្រើប្រាស់ទាំងស្រុងដោយងងឹតងងល់នោះឡើយ។ ផ្ទុយទៅវិញ វាគឺជាដំណើរការពិភាក្សា និងឈ្វេងយល់យ៉ាងស៊ីជម្រៅ ដោយទាញយកអតីតកាលមកបកស្រាយឡើងវិញ (Reinterpretation) តាមរយៈការពិនិត្យលើបរិបទប្រវត្តិសាស្ត្រដើម រួចរៀបចំ រចនាសម្ព័ន្ធអត្ថន័យឡើងវិញ (Reconstruction) ឱ្យមានភាពស្របគ្នានឹងបរិបទថ្មី។

គោលបំណងចម្បងនៃដំណើរការនេះ គឺមិនមែនដើម្បីរំលឹកអតីតកាលដោយក្តីស្រណោះ ឬចង់ថយក្រោយទៅរកអតីតកាលនោះទេ ប៉ុន្តែជាការចម្រាញ់យក «ប្រាជ្ញាញាណ និងគ្រឹះទស្សនវិជ្ជា» ពី អតីតកាលមកធ្វើជាសោរទស្សនវិជ្ជា សម្រាប់ដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន ព្រមទាំងតម្រង់ទិសដៅយុទ្ធសាស្ត្រសម្រាប់ការកសាងសណ្តាប់ធ្នាប់ និងចក្ខុវិស័យនាពេលអនាគត។

ប្រសិនបើយកក្របខ័ណ្ឌនេះមកឆ្លុះបញ្ចាំងលើប្រទេសចិន នោះយើងអាចមើលឃើញនូវទស្សនវិស័យថ្មីមួយ ដែលជ្រាលជ្រៅជាងការវាយតម្លៃត្រឹមតែលើតួលេខសេដ្ឋកិច្ច ឬពលានុភាពខាង យោធាសុទ្ធសាធ។

១. ចិនមិនត្រឹមតែចោទសួរពី «កម្លាំងដែលខ្លួនមាន» ប៉ុណ្ណោះទេ ប៉ុន្តែស្វែងរក «អត្តសញ្ញាណ ពិតរបស់ខ្លួន»

ជាទូទៅរដ្ឋនានាអាចវាស់ស្ទង់អំណាចរបស់ខ្លួនតាមរយៈសូចនាករជារូបវន្ត ដូចជាទំហំសេដ្ឋកិច្ច កម្លាំងយោធា កម្រិតបច្ចេកវិទ្យា ឬសមត្ថភាពឧស្សាហកម្ម។ ប៉ុន្តែរដ្ឋ ដែលមានអរិយធម៌ចំណាស់ តែងតែស្វែងរកចម្លើយចំពោះសំណួរដែលមានជម្រៅវប្បធម៌ និងអត្តសញ្ញាណ៖ «តើយើងជានរណា?» «តើយើងមានប្រភពមកពីណា?» និង «តើយើងចង់ឆ្ពោះទៅកាន់ទិសដៅណា?»

ក្នុងឯកសារផ្លូវការរបស់ចិននាពេលបច្ចុប្បន្ន «ការធ្វើទំនើបកម្មតាមបែបបទចិន» ត្រូវបានចងភ្ជាប់ក្នុងខ្សែប្រវត្តិសាស្ត្រយ៉ាងច្បាស់លាស់ ចាប់តាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅខែតុលា ឆ្នាំ១៩៤៩ បទពិសោធន៍នៃការកែទម្រង់ និងបើកទូលាយនៅឆ្នាំ១៩៧៨ រហូតមកដល់ការបន្ត អភិវឌ្ឍន៍ទ្រឹស្តី និងការអនុវត្តជាក់ស្តែងក្នុងសម័យកាលថ្មី។ ឯកសារមហាសន្និបាតបក្សកុម្មុយនីស្តចិន បានពិពណ៌នាថា ការធ្វើទំនើបកម្មតាមបែបបទចិន មានទាំងធាតុផ្សំសកលដែលបណ្តាប្រទេសនានា មានដូចគ្នា និងមានទាំងលក្ខណៈពិសេសដែលភ្ជាប់យ៉ាងជាក់លាក់ទៅនឹងបរិបទប្រវត្តិសាស្ត្រ និងសង្គមចិន។

មានន័យថា «ការធ្វើទំនើបកម្មតាមបែបបទចិន» (Chinese Modernization) មិនមែនជាគោល គំនិតមួយដែលស្រាប់តែកើតមានឡើងភ្លាមៗ ឬកើតឡើងដោយកាត់ផ្តាច់ពីអតីតកាលនោះទេ។ ផ្ទុយទៅវិញ ចិនបានពន្យល់ថា គោលគំនិតនេះគឺជាលទ្ធផលនៃការវិវត្ត និងការបន្តវេនគ្នាយ៉ាងមាន លំដាប់លំដោយ។ ពោលគឺមានចំណុចចាប់ផ្តើមឆ្នាំ១៩៤៩ ការបង្កើតសាធារណរដ្ឋប្រជាមានិតចិន (គ្រឹះដំបូង)។ មានជំហានបន្តឆ្នាំ១៩៧៨ គោលនយោបាយកែទម្រង់ និងបើកទូលាយ (ការអភិវឌ្ឍសេដ្ឋកិច្ច)។ ដំណាក់កាលបច្ចុប្បន្ន (សម័យកាលថ្មី)៖ ការបន្តអភិវឌ្ឍទ្រឹស្តី និងការអនុវត្តជាក់ ស្តែងនាពេលសព្វថ្ងៃ។

ឃ្លានេះចង់ប្រាប់ថា «គំនិត ឬព្រឹត្តិការណ៍នោះ ត្រូវបានគេពន្យល់ និងតភ្ជាប់យ៉ាងរលូនពីអតីតកាល មកដល់បច្ចុប្បន្ន តាមលំដាប់លំដោយនៃប្រវត្តិសាស្ត្រ ដោយមានឬសគល់ច្បាស់លាស់ មិនមែនជាការបង្កើតឡើងដោយគ្មានប្រភពដើមនោះឡើយ»។

ដូច្នេះដើម្បីយល់ពីទស្សនទាន «Modernization» ក្នុងបរិបទចិន យើងមិនគួរមើលត្រឹមតែ សំណួរដែលថា «តើចិនកំពុងធ្វើទំនើបកម្មដោយរបៀបណា?» នោះទេ ប៉ុន្តែត្រូវសួរពិចារណាថែម ទៀតថា «តើចិនកំពុងកំណត់និយមន័យនៃ «ភាពទំនើប» ឡើងវិញដោយរបៀបណា?»

២. ខុងជឺនិយម (Confucianism)៖ អតីតកាលដែលមិនមែនជា «ការដើរថយក្រោយ»

នៅពេលពិភាក្សាអំពីប្រភពគំនិតចិន យើងមិនអាចមើលរំលង «ខុងជឺនិយម» បានឡើយ។ ទោះជាយ៉ាងណា ការអះអាងថា «ចិនកំពុងត្រឡប់ទៅរកខុងជឺនិយម» គឺជាការសន្និដ្ឋានដែល សាមញ្ញពេក។ អ្នកសិក្សាស្រាវជ្រាវទ្រឹស្តីនយោបាយខុងជឺនិយមបានបង្ហាញថា អ្នកគិតសហសម័យ បានធ្វើ ការស្ថាបនា និងបកស្រាយខុងជឺនិយមឡើងវិញ (Reconstruction) គឺដើម្បីបម្រើឲ្យការ ដោះស្រាយបញ្ហាប្រឈមដែលកើតមានក្នុងសម័យទំនើប។ ការសិក្សាថ្មីៗបានបង្ហាញថា ទ្រឹស្តីនយោ បាយខុងជឺនិយមបច្ចុប្បន្នបានរីកចម្រើនទៅជាទម្រង់ចម្រុះ រាប់ចាប់ពី Confucian Democracy, Meritocracy, Communitarianism រហូតដល់ Public-reason Approaches។

នៅក្នុងទស្សនទានស្នូលនៃទស្សនវិជ្ជាខុងជឺ (Confucianism) គឺផ្តោតសំខាន់លើការរៀបចំសណ្តាប់ធ្នាប់សង្គម គុណធម៌ និងទំនាក់ទំនងរវាងមនុស្សនិងមនុស្ស។ ខុងជឺជឿថា សង្គមមានសុខ សន្តិភាពទៅបាន លុះត្រាតែទំនាក់ទំនង៥យ៉ាង ដែលត្រូវបានគ្រប់គ្រងដោយកាតព្វកិច្ច និងការទទួល ខុសត្រូវ៖ ១. អ្នកដឹកនាំនិងរាស្ត្រ (ស្មោះត្រង់/មេត្តា), ២. ឪពុកម្តាយនិងកូន (កតញ្ញូ/ស្រឡាញ់) , ប្តីនិងប្រពន្ធ (ការគោរពនិងយល់ចិត្ត), បងនិងប្អូន (ការយោគយល់និងគោរព), មិត្តភក្តិនិងមិត្តភក្តិ (សច្ចៈនិងភាពស្មោះត្រង់)។

ចិនសម័យទំនើបបានទាញយកទស្សនទានទាំងនេះ មកធ្វើ «បដិសំយោគ (Reconstruction)» ដើម្បីពន្យល់ពីគំរូនៃការដឹកនាំសង្គមបែប «សុខដុមរមនា» (Harmonious Society) និងការរៀបចំ សណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយការគោរពគ្នាទៅវិញទៅមក ជំនួសឱ្យការប្រកួតប្រជែងបែបសង្គ្រាមត្រជាក់។ ទស្សនវិជ្ជានេះមិនបានផ្តោតសំណួរត្រឹមតែថា «តើអ្នកមានអំណាចខ្លាំងកម្រិតណា?» នោះទេ ប៉ុន្តែសួរថា «តើអ្នកប្រើប្រាស់អំណាចនោះក្នុងទំនាក់ទំនងជាមួយអ្នកដទៃដោយរបៀបណា?»

ចំណុចនេះមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាតម្រង់ទិសឲ្យយើងយល់កាន់តែស៊ីជម្រៅថា ក្នុង ផ្នត់គំនិតចិន «ទំនាក់ទំនង សណ្តាប់ធ្នាប់ និងគុណធម៌» ត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងសំណួរអំពី អំណាច និង ផលប្រយោជន៍។ សម្រាប់អ្នករៀបចំគោលនយោបាយអន្តរជាតិ នៅពេលចិនប្រកាសប្រើ ប្រាស់ភាសានៃ «ទំនាក់ទំនង» ឬ «កិច្ចសហប្រតិបត្តិការ» ភាសានោះមានឫសគល់គំនិតទស្សនវិជ្ជាដ៏ ជ្រៅជាងត្រឹមតែជាពាក្យការទូតធម្មតាក្នុងសហសម័យ។

៣. ការធ្វើទំនើបកម្មតាមបែបបទចិន៖ «ភាពទំនើប» ដែលគ្មានរូបមន្តទោល

បញ្ហាស្នូលមួយទៀត គឺការយល់អំពី Chinese Modernization។ តាមការបកស្រាយផ្លូវការ ការធ្វើទំនើបកម្មតាមបែបបទចិនត្រូវរួមបញ្ចូលគ្នានូវធាតុផ្សំប្រាំយ៉ាង៖ ការធ្វើទំនើបកម្មដែលមានប្រជាជនច្រើន, ការសម្រេចបាននូវផ្លូវសុភមង្គលរួម (Common Prosperity), ការអភិវឌ្ឍសមតុល្យរវាងសម្ភារៈនិងវប្បធម៌-សីលធម៌, ការរស់នៅដោយសុខដុមរវាងមនុស្សនិងធម្មជាតិ និងការដើរលើផ្លូវអភិវឌ្ឍន៍ដោយសន្តិវិធី។

លក្ខណៈនេះកាន់តែស្តែងឡើងច្បាស់នៅក្នុងការអនុវត្តជាក់ស្តែង តាមរយៈការអនុម័ត «ផែនការ អភិវឌ្ឍន៍ជាតិរយៈពេល៥ឆ្នាំ លើកទី១៥ (២០២៦–២០៣០)» ដោយសភាប្រជាជនចិន ព្រមទាំង ការដាក់ចេញនូវច្បាប់រៀបចំផែនការអភិវឌ្ឍន៍ជាតិ ដែលទាញយកបទពិសោធន៍នៃការធ្វើផែនការជា ច្រើនទសវត្សរ៍មកធ្វើជាគ្រឹះ។ ទិដ្ឋភាពនេះស្តែងឲ្យឃើញថា ការអភិវឌ្ឍរបស់ចិនត្រូវបានរៀបចំឡើងក្នុងខ្សែពេលវេលាដ៏វែងឆ្ងាយ (Long-term Time Horizon)។ ដូច្នេះក្នុងការវិភាគសេដ្ឋកិច្ចចិន គេមិនមើលត្រឹមតែគោលដៅឆ្នាំបន្ទាប់ ឬកំណើន GDP រយៈពេលខ្លីនោះទេ ប៉ុន្តែត្រូវមើលថាតើគោលដៅរយៈពេលខ្លីទាំងនោះត្រូវបាន តភ្ជាប់ទៅកាន់គោលដៅឆ្នាំ២០៣០, ២០៣៥ និងឆ្នាំ២០៤៩ យ៉ាងដូចម្តេច។ ត្រង់ចំណុចនេះហើយដែលអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល ត្រូវបានចងភ្ជាប់គ្នាជាធ្លុងតែមួយ។

៤. គោលគំនិត ស៊ី ជិនពីង៖ ការសំយោគរវាងទ្រឹស្តី បទពិសោធន៍ និងវប្បធម៌

ដើម្បីវិភាគការដឹកនាំចិនសហសម័យ យើងចាំបាច់ត្រូវយល់អំពី «គោលគំនិតស៊ីជិនពីងស្តីពី សង្គមនិយមតាមលក្ខណៈពិសេសចិនសម្រាប់សម័យកាលថ្មី» (Xi Jinping Thought on Socialism with Chinese Characteristics for a New Era)។ យោងតាមឯកសារមហាសន្និបាតបក្សកុម្មុយនីស្តចិន គំនិតនេះត្រូវបានគេលាតត្រដាងថាជាការ បន្តអភិវឌ្ឍទ្រឹស្តី ដោយការធ្វើ «បដិសំយោគ» រវាង ម៉ាក្សនិយម (Marxism) ជាមួយនឹង ស្ថានភាព ជាក់ស្តែងរបស់ចិន និង វប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ចិន ។

* រូបមន្តនៃការស្ថាបនាគំនិតនេះ អាចសង្ខេបបានដូចខាងក្រោម៖

ទ្រឹស្តីមូលដ្ឋានគ្រឹះ + បទពិសោធន៍ប្រវត្តិសាស្រ្ត + បញ្ហាប្រឈមថ្មី + ការអនុវត្តជាក់ស្តែង = ការបង្កើតទស្សនទានថ្មី។

ឧទាហរណ៍៖ របាយការណ៍វិភាគរបស់វិទ្យាស្ថានស្រាវជ្រាវនៃសាលាបក្សមជ្ឈិមចិន និងភ្នាក់ងារ ព័ត៌មានស៊ីនហួរ បានពន្យល់ថា «គោលគំនិតស៊ីជិនពីងស្តីពីការស្ថាបនាបក្ស» គឺមានប្រភពចេញពី ម៉ាក្សនិយម មានឫសគល់ក្នុងវប្បធម៌ប្រពៃណីចិន និងត្រូវបានចម្រាញ់ចេញពីបទពិសោធន៍នៃការ គ្រប់គ្រង និងការកែទម្រង់ស៊ីជម្រៅរបស់បក្សកុម្មុយនីស្តចិន។
ការលើកឡើងនេះ មិនថាអ្នកណាយល់ស្រប ឬខ្វែងគំនិតនឹងការរៀបរាប់ខាងលើទេ គេត្រូវទទួលស្គាល់ថា ប្រព័ន្ធគំនិតផ្លូវការរបស់ចិនតែងតែព្យាយាមពន្យល់ពីអត្ថិភាព និងទិសដៅរបស់ខ្លួនតាមរយៈខ្សែចង្វាក់នៃប្រវត្តិសាស្ត្រ និងបទពិសោធន៍ស្ថាប័ន។

៥. ទ្រឹស្តីនីតិរដ្ឋ៖ ការយល់ឃើញច្បាប់តាមបរិបទប្រវត្តិសាស្ត្រ

«បដិសំយោគវិចារវិទ្យា» មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ Legal Hermeneutics (វិចារ វិទ្យានៃច្បាប់) ព្រោះ Emilio Betti ផ្ទាល់ មានមូលដ្ឋានគ្រឹះយ៉ាងរឹងមាំផ្នែកប្រវត្តិសាស្ត្រច្បាប់។ ក្នុងន័យនេះ ការបកស្រាយច្បាប់មិនមែនត្រឹមតែជាការអានតួអក្សរផ្លូវការប៉ុណ្ណោះទេ ផ្ទុយទៅវិញវាគឺជា ដំណើរការពិនិត្យស្រាវជ្រាវយ៉ាងស៊ីជម្រៅ ដើម្បីស្វែងយល់ពី «ស្មារតីដើមនៃច្បាប់» តាមរយៈការវិភាគលើអត្ថន័យ បរិបទប្រវត្តិសាស្ត្រ និងរចនាសម្ព័ន្ធសង្គម-នយោបាយ ដែលបានបង្កើតនិងបង្កើតបទដ្ឋាននោះឡើយ។ ការយល់ដឹងពីឫសគល់នៃច្បាប់ក្នុងបរិបទបែបនេះ ទើបអនុញ្ញាតឱ្យគេអាចទាញយកខ្លឹមសារដើមមកបកស្រាយ និងរៀបចំរចនាសម្ព័ន្ធឡើងវិញឱ្យស្របទៅនឹងតថភាពសង្គមសម័យទំនើបប្រកបដោយប្រសិទ្ធភាព។

ក្របខ័ណ្ឌនេះជួយឲ្យយើងយល់ពីប្រព័ន្ធច្បាប់ចិនកាន់តែស៊ីជម្រៅ។ ចិនមិនដែលពិពណ៌នា ប្រព័ន្ធច្បាប់របស់ខ្លួនថាជា «ការចម្លងគំរូច្បាប់លោកខាងលិច» នោះឡើយ។ ផ្ទុយទៅវិញគេតែងតែប្រើប្រាស់ពាក្យ «ប្រព័ន្ធច្បាប់សង្គមនិយមតាមបែបផែនចិន» (Socialist System of Laws with Chinese Characteristics) ដោយភ្ជាប់ការអភិវឌ្ឍច្បាប់ទៅនឹងបរិបទប្រវត្តិសាស្ត្រ និងលក្ខខណ្ឌ សេដ្ឋកិច្ច-សង្គមជាក់ស្តែងរបស់ខ្លួន។ ចាប់តាំងពីការប្រកាសដាក់ចេញនូវ «គោលគំនិតស៊ី ជិនពីង ស្តីពីនីតិរដ្ឋ» (Xi Jinping Thought on the Rule of Law) ប្រព័ន្ធអភិបាលកិច្ចចិនបានចាត់ទុកទស្សនទាននេះជាគ្រឹះនៃការដឹកនាំរដ្ឋតាមច្បាប់ ដោយគូសបញ្ជាក់ថា នេះជាការអភិវឌ្ឍទ្រឹស្តីនីតិរដ្ឋសង្គមនិយមឲ្យស្របតាមបរិបទចិន។
ដូច្នេះគេមិនគួរសួរថា «តើប្រព័ន្ធច្បាប់ចិនដូច ឬខុសពីច្បាប់លោកខាងលិច?» យ៉ាងណាខ្លះនោះទេ ប៉ុន្តែគួរសួរសំណួរថា «តើចិនកំពុងផ្លាស់ប្តូរនិងផ្តល់អត្ថន័យដល់ «នីតិរដ្ឋ» តាមរយៈប្រវត្តិសាស្ត្រ ប្រព័ន្ធនយោបាយ និងទស្សនវិជ្ជារដ្ឋរបស់ខ្លួនយ៉ាងដូចម្តេច?»។

៦. ការប្រុងប្រយ័ត្នផ្នែកវិធីសាស្ត្រវិភាគ

ទោះជាយ៉ាងណាការវិភាគតាមក្របខ័ណ្ឌនេះ ទាមទារឱ្យមានការបែងចែកឱ្យច្បាស់រវាងទស្សនទានដែលមានប្រភព និងតួនាទីខុសៗគ្នា៖

- Confucianism ៖ ប្រពៃណីទស្សនវិជ្ជា និងសីលធម៌ប្រវត្តិសាស្ត្រ។
- Chinese Modernization ៖ គម្រោងការអភិវឌ្ឍសង្គម-នយោបាយសហសម័យ។
- Xi Jinping Thought ៖ ប្រព័ន្ធគំនិតផ្លូវការដែលបក្សកុម្មុយនីស្តចិនប្រើប្រាស់ដើម្បីដឹកនាំរដ្ឋ។
- និងទស្សនគំនិតដទៃទៀត ដូចជា សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ និងការយល់ពីចិន តាមរយៈទំនាក់ទំនង។

ប្រសិនបើយើងមិនបែងចែកទេ យើងអាចច្រឡំថា «ខុងជឺនិយម គឺជាគោលនយោបាយបក្សកុម្មុយនីស្ត» ឬ «គំនិតស៊ី ជិនពីង គ្រាន់តែជាការចម្លងតាមខុងជឺបុរាណ» ដែលជាការយល់ខុសទំរាំធំ អំពីទម្រង់ដឹកនាំរបស់ចិន។ ក្នុងន័យផ្សេងទៀត ការបែងចែកនេះជួយឱ្យអ្នកវិភាគមើលឃើញថាតើ «ចិនកំពុងរៀបចំផ្ទះខ្លួនឯងដោយរបៀបណា (ផ្ទៃក្នុង)» និង «ចិនចង់ប្រស្រ័យទាក់ទងជាមួយពិភព លោកខាងក្រៅដោយរបៀបណា (ការទូត)»។

បានសេចក្តីថា «ការបែងចែកឱ្យច្បាស់» នូវទស្សនទានដែលមានប្រភព និងតួនាទីខុសៗគ្នា ទាំងនេះ គឺមិនមែនដើម្បីញែកធាតុទាំងនេះឱ្យដាច់ពីគ្នារហូតគ្មានទំនាក់ទំនងនោះទេ ប៉ុន្តែគឺដើម្បី «ស្គាល់តួនាទី និងកម្រិតនៃទស្សនទាននីមួយៗ» ឱ្យបានត្រឹមត្រូវ។ ហេតុផលដ៏ស៊ីជម្រៅបំផុតនៃការបែងចែក គឺដើម្បីឱ្យយើងមើលឃើញពី «របៀបដែលទស្សន ទានទាំងនេះធ្វើអន្តរកម្មជាមួយគ្នា»។
"* Confucianism (វប្បធម៌ដើម)
"
"Marxism/Modern Challenges (បរិបទថ្មី)" →("បដិសំយោគ" ) "Xi Jinping Thought / Chinese Modernization"

- ខុងជឺនិយម៖ ផ្តល់នូវ «ឃ្លាំងប្រាជ្ញាញាណ និងតម្លៃសីលធម៌ប្រវត្តិសាស្ត្រ»។
- បក្សកុម្មុយនីស្តចិន (តាមរយៈ Xi Jinping Thought)៖ ដើរតួជា «អ្នកបកស្រាយ និងរៀបចំរចនាសម្ព័ន្ធគំនិតទាំងនោះឡើងវិញ»។
- Chinese Modernization និងសហគមន៍ជោគវាសនារួម៖ គឺជា «ផលសម្រេចជាក់ស្តែងនៃការយកទ្រឹស្តីទាំងនោះមកអនុវត្តក្នុងសង្គម និងការទូត»។
អ្វីដែលតភ្ជាប់ធាតុទាំងនេះគឺ «ដំណើរការនៃការសន្ទនារវាងអតីតកាល បទពិសោធន៍ និងបញ្ហា ប្រឈមនៃសម័យកាល» ហើយនេះហើយគឺជាខ្លឹមសារពិតប្រាកដនៃ «បដិសំយោគវិចារវិទ្យា»។

នៅពេលយើងស្គាល់ច្បាស់ថាអ្វីជាមរតកវប្បធម៌ (Confucianism) អ្វីជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ (Chinese Modernization) អ្វីជាមគ្គទេសក៍នយោបាយ (Xi Jinping Thought) និងអ្វីជាចក្ខុវិស័យការទូត (Shared Future) នោះយើងនឹងមាន «កញ្ចក់វិភាគ» ដ៏ស្រួចស្រាវ ដែលអាចឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ នយោបាយបច្ចុប្បន្ន និងទិសដៅអនាគតរបស់ចិនបានយ៉ាងច្បាស់លាស់។

* សេចក្តីសន្និដ្ឋាន៖ ការមើលចិនតាមរយៈ «អំណាច» និង «អត្ថន័យ»

ការស្វែងយល់ពីចិនសម័យបច្ចុប្បន្ន មិនគួរត្រូវបានកម្រិតត្រឹមសំណួរថា «តើចិនមានអំណាចខ្លាំងប៉ុណ្ណា?» នោះទេ ប៉ុន្តែត្រូវបន្តទៅកាន់សំណួរថា «តើចិនប្រើប្រាស់ប្រវត្តិសាស្ត្រ វប្បធម៌ ទ្រឹស្តី និង បទពិសោធន៍របស់ខ្លួន ដើម្បីទាញយកន័យសម្រាប់បច្ចុប្បន្ន និងកសាងអនាគតដោយរបៀបណា?»

តាមរយៈក្របខ័ណ្ឌ «បដិសំយោគវិចារវិទ្យា» យើងឃើញខ្សែចង្វាក់គំនិតដែលតភ្ជាប់គ្នា៖ ខុង ជឺនិយមផ្តល់នូវឃ្លាំងគំនិតអំពីគុណធម៌និងទំនាក់ទំនង, ការធ្វើទំនើបកម្មតាមបែបបទចិនកំណត់ផ្លូវ អភិវឌ្ឍន៍ផ្ទាល់ខ្លួន, គំនិត ស៊ី ជិនពីង សំយោគប្រវត្តិសាស្ត្រនិងទ្រឹស្តីទៅជាគ្រឹះដឹកនាំ ដែលជំរុញឲ្យមានការទទួលស្គាល់ភាពចម្រុះនៃប្រភពចំណេះដឹង។

ការយល់ដឹងពីស្រទាប់គំនិតនេះ អនុញ្ញាតឲ្យសាធារណជនមើលឃើញចិនលើសពីព័ត៌មានប្រចាំថ្ងៃ ហើយផ្តល់ឲ្យអ្នកដឹកនាំនយោបាយនូវឧបករណ៍វិភាគកាន់តែមុតស្រួច៖ នៅពេលយើងវិភាគ ប្រទេសមួយ យើងមិនត្រូវអានត្រឹមតែ «សមត្ថភាពអំណាច» (Capabilities) របស់ប្រទេសនោះទេ ប៉ុន្តែត្រូវអាន «អត្ថន័យ» (Meanings) ដែលប្រទេសនោះផ្តល់ឲ្យប្រវត្តិសាស្ត្រ អំណាច ការអភិវឌ្ឍ និងទំនាក់ទំនងជាមួយពិភពលោក។

ហេតុនេះ «ការយល់អតីតកាល មកឆ្លុះបញ្ចាំងលើបច្ចុប្បន្ន ដើម្បីកសាងអនាគត» មិនមែនគ្រាន់តែជាចំណងជើងនៃបទវិភាគនេះប៉ុណ្ណោះទេ ប៉ុន្តែជាសោរទស្សនវិជ្ជាមួយសម្រាប់បើកការយល់ដឹងពីអត្ថន័យនៃប្រទេសចិនសម័យទំនើប។ បើតាមការអះអាងរបស់បណ្ឌិត កៅ មុយថង អ្នកស្រាវជ្រាវអំពីទំនាក់ទំនងកម្ពុជា-ចិន ប្រទេសចិនអាចត្រូវបានយល់ឃើញថា ជារដ្ឋអរិយធម៌មួយដែលយកអតីតកាលមកពន្យល់បច្ចុប្បន្ន ហើយយកការយល់ឃើញអំពីបច្ចុប្បន្នមកកំណត់ទិសដៅ និងកសាងអនាគតរបស់ខ្លួន៕