* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្ពុជា-អារ៉ាប៊ីសាអូឌីត ជំរុញការបង្កើតជើងហោះហើរត្រង់រវាងកម្ពុជា និងទីក្រុងរីយ៉ាដ ដើម្បីបង្កើនភ្ញៀវទេសចរ និងការធ្វើដំណើរ

07-10-2026 15:26

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ បានទទួលជួបលោក Thamer Mohammed A Algosaibi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម និងសហការី ដើម្បីពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

ក្នុងជំនួបនេះ លោក ហួត ហាក់ បានស្វាគមន៍លោកឯកអគ្គរាជទូត និងអបអរសាទរចំពោះការតែងតាំងជាឯកអគ្គរាជទូតថ្មី ព្រមទាំងថ្លែងអំណរគុណដល់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដែលបានបន្តផ្តល់កិច្ចសហប្រតិបត្តិការដល់កម្ពុជា លើវិស័យជាច្រើន និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងទេសចរណ៍ត្រៀមខ្លួនជាស្រេចក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយភាគីអារ៉ាប៊ីសាអូឌីត ជាពិសេសលើវិស័យទេសចរណ៍ ដើម្បីបង្កើនប្រសិទ្ធភាព និងផលប្រយោជន៍ទៅវិញទៅមក។

លោក ហួត ហាក់ បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ គឺជាវិស័យអាទិភាព និងជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា។ លោកបន្តថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងបដិសណ្ឋារកិច្ចកក់ក្តៅ ដែលត្រៀមស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទីផ្សារ ជាពិសេសភ្ញៀវទេសចរពីតំបន់មជ្ឈិមបូព៌ា។

លោករដ្ឋមន្ត្រី បានលើកឡើងពីយុទ្ធនាការ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ សូមស្វាគមន៍ដោយភាពកក់ក្តៅ» និង «ទស្សនាកម្ពុជា នារដូវកាលបៃតង» ដែលកម្ពុជាកំពុងជំរុញ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀត។

ជាកិច្ចឆ្លើយតប លោក Thamer Mohammed A Algosaibi បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី ដែលបានទទួលជួប និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងមានភាពជាក់ស្តែង។

តាមរយៈការពិភាក្សា ភាគីទាំងពីរបានឯកភាពពិនិត្យលទ្ធភាពពន្លឿនការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ព្រមទាំងសម្របសម្រួលរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់ប្រតិបត្តិករទេសចរណ៍ អ្នកបង្កើតមាតិកាតាមបណ្តាញសង្គម និងអ្នកសារព័ត៌មាននៃប្រទេសទាំងពីរ។

ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការជំរុញការវិនិយោគ ការធ្វើទីផ្សារ និងការផ្សព្វផ្សាយរួមលើទេសចរណ៍មូស្លីម ព្រមទាំងសហការជំរុញក្រុមហ៊ុនអាកាសចរណ៍ Saudia Airlines ពិនិត្យលទ្ធភាពបង្កើត ជើងហោះហើរត្រង់ និងទៀងទាត់រវាងកម្ពុជា និងទីក្រុងរីយ៉ាដ ដើម្បីជួយសម្រួលការធ្វើដំណើរ និងជំរុញកំណើនភ្ញៀវទេសចរ និងអ្នកធ្វើដំណើររវាងប្រទេសទាំងពីរ។

សូមជម្រាបថា កម្ពុជា និងអារ៉ាប៊ីសាអូឌីត បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាតាំងពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១០ ហើយកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ត្រូវបានជំរុញជាបន្តបន្ទាប់ តាមរយៈការគាំទ្ររបស់កម្ពុជាចំពោះការបង្កើតការិយាល័យតំបន់របស់អង្គការទេសចរណ៍ពិភពលោក (UN Tourism) នៅរដ្ឋធានីរីយ៉ាដ និងការគាំទ្រការធ្វើជាម្ចាស់ផ្ទះសន្និបាតទូទៅរបស់ UN Tourism ឆ្នាំ២០២៥ នៅរដ្ឋធានីរីយ៉ាដ៕