រដ្ឋមន្ត្រី នេត្រ ភក្រ្តា ដឹកនាំមន្ត្រីរាជការក្រសួងព័ត៌មាន អញ្ជើញរាប់បាត្រ និងកាន់បិណ្ឌវេនទី១១ នៅវត្តព្រះពុទ្ធឃោសាចារ្យ
07-10-2026 15:26
(ភ្នំពេញ)៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រី ទុយ សិរីរតនៈ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងព័ត៌មានជាច្រើនរូប នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមរាប់បាត្រ និងកាន់បិណ្ឌវេនទី១១ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅវត្តព្រះពុទ្ធឃោសាចារ្យ (វត្តចិនដំដែក) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិ និងសាសនាដ៏ធំទូលាយ និងមានអត្ថន័យជ្រាលជ្រៅបំផុតសម្រាប់ជនជាតិខ្មែរយើង។ ពិធីបុណ្យនេះមានរយៈពេល ១៥ថ្ងៃ (ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ)។
ពិធីបុណ្យកាន់វេនបិណ្ឌ និងភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីដ៏សំខាន់មួយរបស់ប្រជាពលរដ្ឋខ្មែរ គ្រាប់ជំនាន់បានប្រតិបត្តិបន្តតាំងពីបុរាណកាលមក និងបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ ជាមួយព្រះពុទ្ធសាសនាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ដ៏ល្អផូរផង់របស់ជាតិខ្មែរ មានតែក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ប៉ុល ពតទេ បានបំបាត់ប្រពៃណី សាសនាស្ទើរគ្មានសល់ មិនឲ្យប្រជាជនយើងគោរពប្រតិបត្តិឡើយ។
ការចូលរួមរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងព័ត៌មាន ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ គឺដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន ញាតិកាទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ក៏ដូចជាបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនដល់ប្រទេសជាតិ មាតុភូមិ និងប្រជាពលរដ្ឋខ្មែរគ្រប់រូប។ ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីជាតិខ្មែរដ៏ធំមួយ ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីបង្ហាញនូវការដឹងគុណ និងការគោរពចំពោះបុព្វការីជន។
វត្តអារាមនានានៅទូទាំងប្រទេស បានក្លាយជាទីប្រជុំនៃសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ដើម្បីបំពេញបុណ្យកុសលតាមរយៈការប្រគេនចង្ហាន់ បច្ច័យបួន និងគ្រឿងឧបភោគបរិភោគផ្សេងៗដល់ព្រះសង្ឃ។
វត្តព្រះពុទ្ធឃោសាចារ្យ ក៏ដូចជាវត្តដទៃទៀតដែរ បានទទួលនូវការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ ដែលបាននាំគ្នាមកកាន់បិណ្ឌ និងរាប់បាត្រ ដើម្បីសន្សំកុសលផលបុណ្យសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ៕






























