ក្រសួងទេសចរណ៍ ទទួលស្គាល់បញ្ហាប្រឈមវិស័យទេសចរណ៍ និងបន្តបើកចំហទទួលយកមតិយោបល់ ដើម្បីជំរុញដំណោះស្រាយជាក់ស្តែង
07-10-2026 16:34
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានទទួលស្គាល់ពីការថយចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិ និងបញ្ហាប្រឈមដែលប្រតិបត្តិករទេសចរណ៍ អាជីវករ និងប្រជាពលរដ្ឋដែលពឹងផ្អែកលើវិស័យទេសចរណ៍ កំពុងជួបប្រទះ ខណៈក្រសួងបញ្ជាក់ថា នឹងបន្តបើកចំហទទួលយកមតិយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាស្វែងរក និងអនុវត្តដំណោះស្រាយជាក់ស្តែង។
ការបញ្ជាក់របស់ក្រសួងទេសចរណ៍នេះ ធ្វើឡើងស្របពេលមានការលើកឡើង និងពិភាក្សាយ៉ាងទូលំទូលាយតាមបណ្តាញសង្គម ពាក់ព័ន្ធនឹងស្ថានភាពវិស័យទេសចរណ៍កម្ពុជា ជាពិសេសការថយចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិ និងផលប៉ះពាល់មួយចំនួនដល់អ្នកប្រកបអាជីវកម្មក្នុងវិស័យនេះ។
ក្រសួងទេសចរណ៍ បានឱ្យដឹងថា ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមខាងលើ រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ក្នុងនោះរួមមាន កម្មវិធីជំរុញការស្ដារឡើងវិញនូវវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប វិធានការអន្តរាគមន៍ជាបន្តបន្ទាប់ និងការលើកទឹកចិត្តផ្នែកពន្ធមួយចំនួន។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ និងមហាគ្រួសារវិស័យទេសចរណ៍ទាំងមូល កំពុងដាក់ចេញ និងអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្រគន្លឹះទាំង៦ ព្រមទាំងយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» ក្នុងគោលបំណងជំរុញចរន្តទេសចរណ៍ក្នុងស្រុក និងធ្វើពិពិធកម្មទីផ្សារទេសចរណ៍អន្តរជាតិ។
ក្រសួងទេសចរណ៍បានបញ្ជាក់ថា ក្រសួងតែងប្រកាន់ខ្ជាប់នូវគោលការណ៍ផ្តល់កិច្ចសហការ សម្របសម្រួល និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាលើកស្ទួយ និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែមានភាពរឹងមាំ និងប្រកបដោយចីរភាព។
ទន្ទឹមនឹងនេះ ក្រសួងនឹងបន្តផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងស្ថានភាពវិស័យទេសចរណ៍ វិធានការដែលបានអនុវត្ត និងលទ្ធផលការងារដែលអាចផ្ទៀងផ្ទាត់បាន ដើម្បីផ្តល់ជាមូលដ្ឋានគ្រប់គ្រាន់ដល់សាធារណជន សម្រាប់ធ្វើការវាយតម្លៃអំពីស្ថានភាព និងការវិវត្តនៃវិស័យទេសចរណ៍កម្ពុជា។
ក្រសួងទេសចរណ៍ នឹងបន្តបើកចំហទទួលយកមតិយោបល់ និងសំណូមពរពីអ្នកជំនាញ ប្រតិបត្តិករទេសចរណ៍ អ្នកបង្កើតមាតិកាព័ត៌មាន និងប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ដោយចាត់ទុកការលើកឡើងពីបញ្ហាជាក់ស្តែងថា ជាធាតុចូលដ៏មានតម្លៃ និងជាឱកាសសម្រាប់រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ និងកែលម្អការងារឱ្យកាន់តែប្រសើរឡើង។
ក្រសួងទេសចរណ៍បានបញ្ជាក់ថា ការចូលរួមផ្តល់មតិយោបល់ និងការសហការពីគ្រប់ភាគី គឺជាផ្នែកសំខាន់ក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈម និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ស្របតាមស្មារតី «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍!»៕




