ក្នុងមហាសន្និបាត IPU លោក អ៊ុច បូររិទ្ធ បញ្ជាក់ថា កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងស្នើអាទិភាព ៥ចំណុច ដើម្បីពង្រឹងអភិបាលកិច្ច និងសន្តិភាពសកល
07-10-2026 19:11
(អារូសា, តង់ហ្សានី)៖ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ បានថ្លែងបទអន្តរាគមន៍ដ៏មានសារៈសំខាន់ ក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតសហភាពអន្តរសភា លើកទី១៥៣ (153rd IPU Assembly) នៅទីក្រុងអារូសា ប្រទេសតង់ហ្សានី ក្រោមមូលបទ «ការលើកកម្ពស់អភិបាលកិច្ចល្អ និងការពង្រឹងសហគមន៍ តាមរយៈបរិយាបន្ន ភាពជឿជាក់ និងឱកាសសម្រាប់ទាំងអស់គ្នា»។
ថ្លែងនៅចំពោះមុខថ្នាក់ដឹកនាំសភាមកពីជុំវិញពិភពលោក លោក អ៊ុច បូររិទ្ធ បានគូសបញ្ជាក់ថា បទពិសោធន៍ជាក់ស្តែងរបស់កម្ពុជាបានបង្ហាញយ៉ាងច្បាស់ថា អភិបាលកិច្ចល្អគឺជាគ្រឹះមិនអាចខ្វះបានសម្រាប់សន្តិភាពយូរអង្វែង និងការអភិវឌ្ឍប្រកបដោយចីរភាព។ តាមរយៈការអនុវត្តប្រកបដោយជោគជ័យនូវ «នយោបាយឈ្នះ-ឈ្នះ» ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន កម្ពុជាសម្រេចបាននូវការបង្រួបបង្រួមជាតិ និងសន្តិភាពពេញលេញ ដែលបានបង្កើតឱកាសយ៉ាងទូលំទូលាយជូនប្រជាពលរដ្ឋ។ លោកបានសង្កត់ធ្ងន់ថា គោលការណ៍កសាងទំនុកចិត្តនៅក្នុងសង្គមជាតិ ក៏មានតម្លៃដូចគ្នាទៅនឹងទំនាក់ទំនងអន្តរជាតិ ដែលតម្រូវឱ្យរដ្ឋទាំងអស់ត្រូវគោរពអធិបតេយ្យ បូរណភាពទឹកដី និងអនុវត្តកិច្ចព្រមព្រៀងនានាដោយសុចរិតភាព។
ឆ្លៀតក្នុងឱកាសនោះ លោកអនុប្រធានទី១ ព្រឹទ្ធសភា បានលើកឡើងដោយត្រង់ទៅត្រង់មក អំពីបញ្ហាប្រឈមនៅតាមបណ្តោយព្រំដែនភាគខាងលិចរបស់កម្ពុជា ដែលស្ថានភាពមិនទាន់មានការប្រែប្រួលជាវិជ្ជមាននៅឡើយ ចាប់តាំងពីជម្លោះក្នុងឆ្នាំ២០២៥ មក។ លោកបានបញ្ជាក់ថា តំបន់មួយចំនួននៃទឹកដីកម្ពុជានៅតែបន្តរងការកាន់កាប់ និងការបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធយោធា-ស៊ីវិល ការដាក់កុងតឺន័រ និងបន្លាលួស ដែលរារាំងប្រជាពលរដ្ឋភៀសសឹកមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព។ បន្ថែមលើនេះ ក្តីបារម្ភកាន់តែធ្ងន់ធ្ងរឡើងចំពោះការខូចខាតដល់ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោករបស់យូណេស្កូ និងរបាយការណ៍ស្តីពីការប្រើប្រាស់គ្រាប់បែកចង្កោម ដែលត្រូវបានកត់ត្រាដោយយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ យូណេស្កូ ICOMOS និងរបាយការណ៍ Cluster Munition Monitor 2026។
ទោះបីជាប្រឈមនឹងស្ថានភាពដ៏លំបាកនេះក្តី លោក អ៊ុច បូររិទ្ធ បានគូសបញ្ជាក់ជាថ្មីនូវជំហរដ៏រឹងមាំរបស់កម្ពុជា ក្នុងការដោះស្រាយរាល់វិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
ជាក់ស្តែង បន្ទាប់ពីមានការបញ្ចប់ជាឯកតោភាគីលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០១ កម្ពុជាបានផ្តួចផ្តើមដំណើរការសម្រុះសម្រួលដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយវិវាទដែនសមុទ្រប្រកបដោយតម្លាភាព។
ដើម្បីរួមចំណែកដល់សន្តិភាព និងយុត្តិធម៌សកល លោកប្រធានគណៈប្រតិភូកម្ពុជា បានដាក់ចេញនូវអនុសាសន៍អាទិភាពសំខាន់ៗចំនួន ៥ចំណុច ជូនអង្គមហាសន្និបាត IPU រួមមាន៖
១. ប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិឱ្យបានខ្ជាប់ខ្ជួន និងដោយសុចរិតភាព រួមទាំងការអនុវត្តតាមសេចក្តី សម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ដែលមានអានុភាពចងកាតព្វកិច្ច និងកាតព្វកិច្ចអន្តរជាតិពាក់ព័ន្ធដទៃទៀត។
ទី២. ការពារអធិបតេយ្យ និងបូរណភាពទឹកដី តាមរយៈការដោះស្រាយវិវាទដោយសន្តិវិធី និង ការគោរពបទឈប់បាញ់ ទាំងតាមស្មារតី និងខ្លឹមសារ។
ទី៣. ពង្រឹងគណនេយ្យភាព តាមរយៈការដោះស្រាយការរំលោភបំពានធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌ អន្តរជាតិ និងច្បាប់សិទ្ធិមនុស្ស តាមយន្តការជាតិ និងអន្តរជាតិដែលសមស្រប។
ទី៤. កសាងទំនុកចិត្តតាមរយៈយុត្តិធម៌ និងសកម្មភាពមនុស្សធម៌ ដោយការពារជនស៊ីវិល ធានាការ វិលត្រឡប់ដោយសុវត្ថិភាព និងប្រកបដោយសេចក្តីថ្លៃថ្នូររបស់ជន ដែលត្រូវបានជម្លៀស បំពេញ តម្រូវការមនុស្សធម៌ និងផ្តល់មធ្យោបាយដោះស្រាយ និងសំណងសមស្រប។
ទី៥. ផ្តល់សិទ្ធិអំណាចដល់សហគមន៍ តាមរយៈការចូលរួមប្រកបដោយអត្ថន័យ ការទទួលបាន ឱកាស និងធនធានដោយសមធម៌ និងសមត្ថភាពក្នុងការចូលរួមកំណត់អនាគតរបស់ខ្លួន ក្នុងក្រប ខណ្ឌអធិបតេយ្យ សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ៕











