* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សមាគមឥស្លាមកម្ពុជាចំនួន២ ចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយពិភពម៉ាឡាយូពិភពឥស្លាម នៃទីក្រុង Padang សាធារណរដ្ឋឥណ្ឌូនេស៉ី

07-10-2026 19:16

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ សមាគមឥស្លាមកម្ពុជាចំនួន២ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយពិភពម៉ាឡាយូពិភពឥស្លាម (DMDI) នៃទីក្រុង Padang សាធារណរដ្ឋឥណ្ឌូនេស៉ី ក្រោមវត្តមានលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញ ក្នុងឱកាសលោក Said Aldi Al-Idrus ប្រធានអង្គការយុវជននៃវិហារអ៊ីស្លាមពិភពលោក និងជាប្រធាន DMDI នៃសាធារណរដ្ឋឥណ្ឌូនេសុី អញ្ជើញដឹកនាំប្រតិភូឥណ្ឌូនេស៉ីមកកម្ពុជា ដើម្បីចូលរួមក្នុង «សន្និសីទប្រទេសក្នុងតំបន់អាស៊ានលើកទី៤» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ការចុះ MoU នេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរ និងពិភាក្សាអំពីការកសាងសមត្ថភាពយុវជន សហគ្រិនភាព កម្មវិធីផ្លាស់ប្តូរបទពិសោធន៍យុវជន ព្រមទាំងកិច្ចសហការលើការងារមនុស្សធម៌ ការថែទាំសុខភាពសហគមន៍ និងការផ្តល់អាហារូបករណ៍ផងដែរ។ សមាគមឥស្លាមទាំង២ ខាងលើរួមមាន៖ សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA) និងសមាគមជំនួយវេជ្ជសាស្ត្រឥស្លាម ដើម្បីមនុស្សធម៌កម្ពុជា (IMR-CHA)។

ក្នុងឱកាសនោះ ក្នុងនាមប្រធានក្រុមប្រឹក្សាភិបាលសមាគម CMYA ,IMR-CHA និងជាប្រធាន DMDI កម្ពុជា លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានបង្ហាញសេចក្តីសោមនស្សរីករាយជាខ្លាំង និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា ការចុះអនុស្សរណៈនេះ នឹងក្លាយជាផ្លែផ្កា និងជាស្ពានចងភ្ជាប់កិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ រវាងសមាគមឥស្លាមខាងលើ ជាមួយពិភពម៉ាឡាយូពិភពឥស្លាម នៃទីក្រុង Padang ដើម្បីផ្តល់ផលប្រយោជន៍ដល់សហគមន៍ឥស្លាម នៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោក Datuk Said Aldi Al-Idrus ប្រធាន DMDI ឥណ្ឌូនេស៊ី សង្ឃឹមយ៉ាងមុតមាំថា ការរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនេះ នឹងពង្រឹងកាន់តែខ្លាំងឡើងជាលំដាប់។ ជាមួយគ្នានោះ លោក ក៏បានអញ្ជើញថ្នាក់ដឹកនាំ និងយុវជនឥស្លាមកម្ពុជា ឱ្យទៅធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី ជាពិសេសនៅទីក្រុង Padang ដើម្បីផ្លាស់ប្តូរបទពិសោធន៍រវាងគ្នា នាពេលខាងមុខ។ លោក បានឲ្យដឹងថាដែរ បច្ចប្បន្នអង្គការយុវជននៃវិហារអ៊ីស្លាមពិភពលោក មានយុវជនជាង១លាននាក់ ក្នុងការមើលថែវិហារឥស្លាម៦ លាន នៅឥណ្ឌូនេស៉ី។

ចំណែកលោក Fadly Amran ប្រធានពិភពម៉ាទ្បាយូពិភពឥស្លាមទីក្រុងPadang និងជាអភិបាលក្រុង Padang សាធារណរដ្ឋឥណ្ឌូនេស៊ី បានសម្តែងនូវសេចក្តីរីករាយយ៉ាងខ្លាំង និងបានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ។ លោកអភិបាលក្រុង បានជម្រាបជូនថា ទីក្រុង Padang គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងជាទីក្រុងអប់រំដ៏សំខាន់មួយដែលមានគ្រឹះស្ថានឧត្តមសិក្សាប្រមាណ ៤០ស្ថាប័ន និងមាននិស្សិតសិក្សាជាង ២០ម៉ឺននាក់។

លោកបានគូសបញ្ជាក់ថា ការចុះអនុស្សរណៈនាពេលនេះ គឺជាជំហានដ៏ប្រពៃបំផុត ដោយសារបច្ចុប្បន្នមាននិស្សិតកម្ពុជាជាង២០០នាក់ កំពុងសិក្សានៅទីក្រុង Padang ស្រាប់។ ក្នុងនាមជា អតីតប្រធានយុវជននៅសូម៉ាត្រាខាងលិច លោក មានបំណងភ្ជាប់ទំនាក់ទំនងរវាងយុវជនកម្ពុជា ជាមួយសមាគមយុវជនជាង ៦០ស្ថាប័ននៅក្នុងទីក្រុង Padang ព្រមទាំងបង្កើតច្រកទ្វារសម្រាប់កិច្ចសហប្រតិបត្តិការលើការងារមនុស្សធម៌ និងការថែទាំសុខភាពឱ្យកាន់តែជិតស្និទ្ធ។

សូមជម្រាបថា DMDI ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០០ នៅប្រទេសម៉ាឡេស៊ី ដើម្បីសាមគ្គីភាព ក្នុងចំណោមប្រជាជនមុស្លិមម៉ាឡេ ដូចជាការលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើវប្បធម៌ សេដ្ឋកិច្ចអប់រំ និងគ្រប់ទិដ្ឋភាពទាំងអស់ នៃការអភិវឌ្ឍក្នុងចំណោមប្រជាជនមុស្លិមម៉ាឡេ ជាមួយប្រជាជនប្រទេសផ្សេងទៀត ក្នុងពិភពលោក៕