រក្សាប្រពៃណីដូនតា! ព្រះគ្រូ ខាត់ ខេមរា ដឹកនាំពុទ្ធបរិស័ទគាស់រំលើង និងអភិរក្សពិធី «បោះបាយបិណ្ឌ» នៅវត្តហ្លួង
08-10-2026 07:40
(ពោធិ៍សាត់)៖ នាព្រឹកព្រលឹមស្រាងៗ ថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ នៅទីអារាមវត្តហ្លួង ដែលមានទីតាំងស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានរៀបចំពិធីបុណ្យប្រពៃណីជាតិដ៏មានអត្ថន័យជ្រាលជ្រៅ ក្នុងព្រះពុទ្ធសាសនា គឺពិធី «បោះបាយបិណ្ឌ» នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ (បិណ្ឌ១២)។
ពិធីនេះត្រូវបានដឹកនាំផ្ទាល់ដោយ ព្រះគ្រូ ខាត់ ខេមរា ព្រះចៅអធិការវត្តហ្លួង ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ពុទ្ធបរិស័ទចំណុះជើងវត្ត។
មានសង្ឃដិកាក្នុងឱកាសនោះ ព្រះគ្រូ ខាត់ ខេមរា បានមានថេរដិកាបញ្ជាក់ពីអត្ថន័យ និងគោលបំណងដ៏ស៊ីជម្រៅថា៖ ពិធីបោះបាយបិណ្ឌ មិនមែនជាជំនឿអរូបីគ្មានហេតុផលនោះទេ ប៉ុន្តែវាគឺជាការអនុវត្តតាមគន្លងព្រះពុទ្ធសាសនា និងប្រពៃណីដូនតាខ្មែរយើងបុរាណ ដើម្បីឧទ្ទិសកុសលដល់ ប្រេតពាលី ឬ ញាតិកាទាំងប្រាំពីរសណ្តាន ដែលបានចែកឋានទៅ ល្ងង់ខ្លៅ ឬធ្លាក់ខ្លួនទៅក្នុងអបាយភូមិ និងមិនអាចទទួលយកចំណីអាហារតាមច្រកទ្វារធម្មតាបាន។ គោលបំណងសំខាន់ គឺការបង្ហាញនូវមេត្តាធម៌ដ៏ទូលំទូលាយ ដល់សត្វលោកគ្រប់រូប ដោយមិនប្រកាន់បក្ខពួក និងជួយសង្គ្រោះដល់វិញ្ញាណក្ខន្ធដែលកំពុងរងទុក្ខវេទនា។
ព្រះគ្រូព្រះចៅអធិការ ក៏បានផ្ដាំផ្ញើយ៉ាងទទូចដល់កូនខ្មែរគ្រប់រូប ត្រូវតែជួយគ្នាថែរក្សា និងអភិរក្សទុក ពិធីបោះបាយបិណ្ឌដែលធ្លាប់មានតាំងពីបុរាណកាល កុំឱ្យបាត់បង់ ព្រោះវាជាកេរមរតកដ៏មានតម្លៃរបស់ដូនតា។ ជាមួយគ្នានោះ សូមអំពាវនាវដល់យុវជន និងពុទ្ធបរិស័ទជំនាន់ក្រោយ គួរស្វែងយល់ពីអត្ថន័យពិតប្រាកដនៃពិធីបុណ្យនីមួយៗ ក្នុងព្រះពុទ្ធសាសនា ដើម្បីការពារកុំឱ្យវប្បធម៌បរទេសលេបត្របាក់។
បន្ថែមពីលើការឧទ្ទិសដល់ញាតិកាក្រោយខ្នង ព្រះគ្រូ ខាត់ ខេមរា បានដឹកនាំសូត្រធម៌ឧទ្ទិសកុសលផលបុណ្យដ៏វិសេសវិសាលនេះ ជូនចំពោះបុព្វបុរស និងពិសេសបំផុត គឺសូមឧទ្ទិសផលានុប្បទាន និងបុណ្យកុសលដែលកើតចេញពីការបោះបាយបិណ្ឌនេះ ជូនចំពោះ វិញ្ញាណក្ខន្ធវីរកងទ័ពជួរមុខ ទាំងអស់ ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី សុខសន្តិភាព និងទឹកដីមាតុភូមិកម្ពុជាយើង។ សូមបុណ្យកុសលនេះជួយទ្រទ្រង់ដួងវិញ្ញាណក្ខន្ធលោកអ្នកទាំងនោះ ឱ្យបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសនោះ លោកអាចារ្យ ក៏បានលើកយក បរាភវសូត្រ (ព្រះសូត្រស្ដីពីហេតុនៃការវិនាស ឬធ្លាក់ចុះថោកទាប) មកសម្តែងអប់រំដល់ពុទ្ធបរិស័ទ ដោយបានលើកឡើងថា៖
ដើម្បីកុំឱ្យជីវិតខ្លួនឯង គ្រួសារ និងសង្គមជាតិធ្លាក់ទៅក្នុងភាពវិនាសអន្តរាយ ពុទ្ធបរិស័ទត្រូវស្វែងយល់ និងអនុវត្តតាមធម៌ បរាភវសូត្រ។ ព្រះពុទ្ធអង្គបានសម្តែងបង្ហាញយ៉ាងច្បាស់អំពីអំពើបាប ចរិយាធម៌អាក្រក់ ការលេងល្បែងស៊ីសង ភាពខ្ជិលច្រអូស ការមិនចេះមើលខុសត្រូវចំពោះមាតាបិតា និងអំពើអបាយមុខផ្សេងៗ ដែលជា ហេតុនាំឱ្យវិនាស (បរាភវៈ)។ ដូច្នេះ ការចូលរួមបុណ្យទាន មិនត្រឹមតែបានបុណ្យស្លាប់ខ្លួនទៅមុខទេ តែត្រូវចេះយកធម៌អបរំចិត្តកុំឱ្យប្រព្រឹត្តអំពើអាក្រក់ក្នុងពេលបច្ចុប្បន្ននេះផងដែរ។
ពិធីបោះបាយបិណ្ឌ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅវត្តហ្លួង នាព្រឹកថ្ងៃនេះ មិនត្រឹមតែជាការបំពេញបុណ្យកុសលតាមប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដាស់ស្មារតីកូនខ្មែរឱ្យចេះស្រឡាញ់ ថែរក្សា អភិរក្សប្រពៃណីជាតិ និងស្គាល់ខុសត្រូវតាមពុទ្ធឱវាទ នៃបរាភវសូត្រយ៉ាងខ្ជាប់ខ្ជួនផងដែរ៕






















































