សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលសម្រេចទម្លាក់ថវិកាជួសជុលផ្លូវ និងធ្វើផ្លូវថ្មីសរុប ២៨ខ្សែ ក្នុងក្រុងបាត់ដំបង (Video inside)
08-10-2026 12:09
(បាត់ដំបង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសពីគម្រោងជួសជុលផ្លូវសំខាន់ៗចំនួន ២១ខ្សែ ក្នុងក្រុងបាត់ដំបង ដែលគ្រោងនឹងចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ ខណៈដែលផ្លូវថ្មីចំនួន ៧ខ្សែទៀត ប្រវែង ១១គីឡូម៉ែត្រ ក៏ត្រូវបានរាជរដ្ឋាភិបាលទម្លាក់ថវិកាធ្វើដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែប្រកាសដូចនេះនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅខេត្តបាត់ដំបង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់ខេត្តបាត់ដំបង កន្លងមកខាងក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ADB បានបញ្ចប់ ២ជំហានរួចហើយលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចជា៖ កន្លែងទឹកកខ្វក់ កន្លែងចាក់សំរាម និងកន្លែងធ្វើពិពិធកម្មទឹកស្អាត រួចហើយផងដែរ។
មកដល់ដំណាក់កាលធ្វើផ្លូវវិញម្តង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ឥឡូវក្នុងគម្រោងនេះមាន ២១ខ្សែសំខាន់ៗនៅខេត្តបាត់ដំបង ខ្ញុំសួរទៅឯកឧត្តម ប៉េង ពោធិ៍នា (ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន) កំពុងតែដេញថ្លៃចុងក្រោយហើយ អាចចាប់ផ្ដើមក្នុងខែវិច្ឆិកានេះទៅ គឺជួសជុលឡើងវិញនូវផ្លូវសំខាន់នៅក្នុងក្រុងបាត់ដំបង, ក្រៅពីនោះរាជរដ្ឋាភិបាលក៏បានអនុម័តឲ្យធ្វើបន្ថែមផ្លូវ ៧ខ្សែថែមទៀត សរុប ១១គីឡូម៉ែត្រ ដោយប្រើថវិកាថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា សម្រាប់ផ្លូវទាំងជួសជុល និងធ្វើថ្មី ២៨ខ្សែនេះ គឺផ្ដោតទៅលើកន្លែងផ្លូវសំខាន់ៗធំៗជាអាទិភាព ហើយការធ្វើផ្លូវនេះមិនត្រឹមតែផ្តោតលើផ្ទៃផ្លូវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលទាំងប្រព័ន្ធលូបង្ហូរទឹក ឱ្យបានដំណើរការជាមួយគ្នាទាំងផ្លូវ ទាំងលូ ដើម្បីធានាបាននូវគុណភាព និងនិរន្តរភាពនៃការប្រើប្រាស់បានយូអង្វែងតទៅ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានចាត់ទុកគម្រោងជួសជុល និងធ្វើផ្លូវនេះ គឺជាកាដូដ៏មានតម្លៃសម្រាប់ប្រជាពលរដ្ឋខេត្តបាត់ដំបង ដែលនឹងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។ ការចាប់ផ្តើមគម្រោងនេះមុនចូលឆ្នាំថ្មី ២០២៧ គឺជាសញ្ញាណដ៏ល្អប្រសើរមួយសម្រាប់ការអភិវឌ្ឍខេត្តបាត់ដំបង ក្រោយពីការរងផលប៉ះពាល់ដោយទឹកជំនន់ផងដែរ៕








































































