អភិបាលខេត្តព្រៃវែង ចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តបុញ្ញខេត្តារាម ព្រមទាំងប្រគេនបច្ច័យកសាងវត្តជាង១៨លានរៀល
08-10-2026 15:10
(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកស្រី រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តបុញ្ញខេត្តារាម (ហៅវត្តថ្មី) ស្ថិតក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង ប្រកបដោយក្តីជ្រះថ្លា។
ពិធីបុណ្យនេះ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ញាតិកាទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ និងដួងវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតការពារបូរណភាពទឹកដីកម្ពុជា។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ លោក អភិបាលខេត្ត និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំខេត្ត បាននាំយកនូវចង្ហាន់ និងទេយ្យទានជាច្រើន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ដើម្បីជាការរួមចំណែកទ្រទ្រង់វិស័យ ព្រះពុទ្ធសាសនា និងបានបង្សុកូលឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធទាំងអស់នោះ។
លើសពីនេះ លោក និងលោកស្រីរួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក៏បាននាំយកនូវបច្ច័យសរុបចំនួន ១៨.១៨០.០០០ (ដប់ប្រាំបីលានដប់ប្រាំបីម៉ឺន) រៀល ប្រគេនដល់ព្រះសង្ឃ ដើម្បីចូលរួមកសាងសមិទ្ធផលនានា ក្នុងវត្តបុញ្ញខេត្តារាម (ហៅវត្តថ្មី) ឲ្យកាន់តែមានការរីកចម្រើន និងស្រស់បំព្រង។
ការចូលរួម និងការបរិច្ចាគដ៏សប្បុរសនេះ បានឆ្លុះបញ្ចាំងពីសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំខេត្ត ក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាមូលដ្ឋានគ្រឹះនៃសីលធម៌សង្គមជាតិ។ ទន្ទឹមនឹងនេះ ក៏បានបង្ហាញពីការដឹងគុណចំពោះវីរជនដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិផងដែរ៕



























