* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បាននាំយកទេយ្យទាន​ដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រគេនដល់វត្តខ្វះខាតចំនួន ១១១វត្ត នៅខេត្តបាត់ដំបង ក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឆ្នាំ២០២៦

08-10-2026 16:13

(បាត់ដំបង)៖ អនុវត្តតាមអនុសាសន៍ណែ​នាំដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ​កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ព្រមទាំងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញនាំយកទេយ្យទាន​ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់ព្រះសង្ឃតាមវត្តអារាមដែលមានការខ្វះខាត ក្នុងឱកាសបុណ្យ​កាន់​​បិណ្ឌ-ភ្ជុំបិណ្ឌ ប្រពៃណីជាតិ ឆ្នាំ២០២៦ សរុបចំនួន ១១១វត្ត ​ស្ថិតនៅ​វត្តពោធិ៍វាល សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។

ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះមេគណខេត្ត​​ព្រះអនុគណ ព្រះចៅអធិការ និង​​ព្រះថេរានុត្ថេរៈ ​តំណាងឱ្យវត្តទាំង១១១វត្ត ​និងលោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ​ប្រធានមន្ទីរ​ធម្មការ​និងសាសនា​ខេត្ត​បាត់ដំបង អាជ្ញាធរមូលដ្ឋាន អាចារ្យ គណៈកម្មការវត្ត ព្រមទាំងលោកតា លោកយាយ ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត។

លោក​រដ្ឋមន្ត្រី បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រ​កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការកាយឫទ្ធិ​នារី​កម្ពុជា ប្រគេនដល់ព្រះមន្ត្រីសង្ឃ និងជូនពុទ្ធបរិស័ទទាំងអស់ ដោយក្ដី​នឹក​រលឹក ដែលជានិច្ចជាកាល សម្តេច និងលោកជំទាវបណ្ឌិត តែងតែគិតគូរដល់សុខទុក្ខព្រះសង្ឃ និងទីវត្ត​អារាម​នៅតំបន់ជនបទ​ដាច់​ស្រយាល ដែលខ្សត់ពុទ្ធបរិស័ទ ជាពិសេសក្នុងរដូវបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដែលជា​ឱកាសដ៏​សំខាន់​សម្រាប់ពុទ្ធបរិស័ទធ្វើទាន រក្សាសីល និងឧទ្ទិសកុសលដល់បុព្វការីជន។

លោក​រដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ​ប្រកប​ដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបាន​បន្ត​ដឹកនាំ​ពី​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន កំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រក្សា​បាននូវសុខសន្តិភាព ស្ថិរភាព ​អធិបតេយ្យភាព ​បូរណភាពទឹកដី និង​បាន​យកចិត្ត​ទុក​ដាក់ខ្ពស់លើការអភិរក្ស ​​លើកតម្កើង​ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។

ការប្រគេនអង្ករដល់​វត្តខ្វះខាត​នាឱកាសនេះ គឺជាការបន្តប្រពៃណីដ៏ល្អផូរផង់​របស់ថ្នាក់​ដឹកនាំ​កម្ពុជា ក្នុងការឧបត្ថម្ភ​ព្រះពុទ្ធ​សាសនា និងធានា​ឱ្យ​ព្រះសង្ឃដែលគង់នៅវត្តតំបន់ដាច់ស្រយាល មាន​ចង្ហាន់​គ្រប់គ្រាន់ក្នុង​ការ​បំពេញសមណកិច្ច ទាំង​ក្នុងរដូវបុណ្យ និងក្រោយរដូវបុណ្យ។

លោកបានបន្តទៀតថា ព្រះពុទ្ធសាសនាបានដើរតួនាទី​យ៉ាងសំខាន់ក្នុងការ​អប់រំ​សីលធម៌ ចរិយាធម៌ និងគុណធម៌ដល់ប្រជាពលរដ្ឋ និងចូលរួមចំណែកអភិវឌ្ឍ​សង្គម​ជាតិ​ជាមួយ​រាជរដ្ឋាភិបាល ហើយបាន​​អំពាវនាវដល់ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទ ចូលរួមរៀបចំវត្ត​អារាម​ឱ្យស្របតាមអភិក្រម ស៣ របស់ក្រសួងធម្មការនិងសាសនា គឺ វត្តស្អាត វត្តស្វាង វត្តស្ងប់ រៀបចំ​សាសន​ពិធី​ឱ្យបាន​ត្រឹមត្រូវ​តាមគន្លងព្រះពុទ្ធសាសនា ក្នុងស្មារតី «ព្រះពុទ្ធសាសនាតែមួយ សាសន​ពិធី​តែមួយ» ​។

ក្នុងឱកាសនោះលោក ចាយ បូរិន បានប្រគេនទេយ្យទាន​ជាអង្ករ និងបច្ច័យមួយចំនួនដែលជាសទ្ធា​ជ្រះថ្លា​បំផុតរបស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់វត្តខ្វះខាត​សរុប​ចំនួន ១១១វត្ត ដែលក្នុងមួយវត្តទទួលបានអង្ករចំនួន៣០០គីឡូក្រាម សរុបអង្ករ​ទាំងអស់​ចំនួន ៣៣ ៣០០ គីឡូក្រាម។

ព្រះមេគណខេត្ត​ តំណាងព្រះមន្ត្រីសង្ឃ និងពុទ្ធបរិស័ទទាំង១១១វត្ត មានក្ដីរំភើបរីករាយ និងបាន​សម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចមហាបវរធិបតី ​និងលោកជំទាវ​បណ្ឌិត និងបានបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធិ​ក្នុងលោក តាមជួយបីបាច់ថែរក្សា ប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងក្រុមគ្រួសារទាំងមូល ក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនេះ ព្រមទាំងទទួលបាននូវឧត្តមពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​​​ឡើយ៕