* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បណ្ឌិត ខែក វីរៈ បង្ហាញពីទិដ្ឋភាពភូមិសាស្ត្រនយោបាយ នៃមជ្ឈមណ្ឌលយោធារួមរវាងចិន-ឡាវ

08-10-2026 17:46

(ភ្នំពេញ)៖ ទំនាក់ទំនងរវាងចិននិងឡាវ បានឈានចូលដល់ទំព័រថ្មីមួយក្រោយពេលប្រទេសទាំងពីរបានសម្ពោធមជ្ឈមណ្ឌលគាំទ្រ និងហ្វឹកហ្វឺនយោធារួមនៅអាកាសយានដ្ឋានបានកើន (BanKeun) ស្ថិតនៅភាគខាងជើងក្រុងវៀងចន្ទន៍ ដែលអនុញ្ញាតឱ្យភាគីទាំងពីរគ្រប់គ្រងនិងប្រើប្រាស់រួមគ្នា។

ក្នុងនាមជាអ្នកស្រាវជ្រាវភូមិសាស្រ្តនយោបាយមួយរូប លោកបណ្ឌិត ខែក វីរៈ បានយល់ឃើញថា តាមពិតទៅករណីបានកើនមិនមែនជាមូលដ្ឋានយោធាក្រៅប្រទេសទី១របស់ចិនទេ ព្រោះថាចិនក៏មានមូលដ្ឋានយោធានៅប្រទេសជីប៊ូទី (Djibouti) ផងដែរ គឺតាំងពីឆ្នាំ២០១៧មកម្លេះ។ ប៉ុន្តែអ្វីយើងចាប់អារម្មណ៍នោះនៅត្រង់ថា ករណីនៅឡាវ អាចជាការបង្កើតវត្តមានកងទ័ពអាកាសចិន នៅក្រៅប្រទេសជាលើកដំបូង និងជាជំហានថ្មីមួយនៃការពង្រីកវត្តមានសន្តិសុខរបស់ចិននៅអាស៊ីអាគ្នេយ៍។

លោកបណ្ឌិត ខែក វីរៈ បានបន្តថា ការវិវត្តថ្មីនេះ បាននាំឱ្យមានការជជែកវែកញែកក្នុងចំណោមអ្នកជំនាញ អ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ និងអ្នកវិភាគជាច្រើន អំពីវត្តមាននិងឥទ្ធិពលរបស់ចិននៅក្នុងតំបន់អាស៊ាននិយាយជារួម និងនៅក្នុងប្រទេសឡាវនិយាយដោយឡែក។ ពិតណាស់ ឡាវហាក់ជាប្រទេសមួយដែលមានទំនាក់ទំនងជាប្រពៃណីយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងវិស័យនយោបាយ និងសន្តិសុខអស់រយៈពេលជាយូរមកហើយ។ ប៉ុន្តែគេសម្គាល់ឃើញថា ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ ឥទ្ធិពលសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធនិងសន្តិសុខរបស់ចិននៅឡាវ ហាក់បានកើនឡើងគួរឱ្យកត់សម្គាល់។

ស្ថានភាពនេះ នាំឱ្យសាធារណជនជាច្រើនបានចោទជាសំណួរភូមិសាស្ត្រនយោបាយមួយចំនួនដូចជា៖
តើចិន កំពុងចូលកាន់តែជ្រៅទៅក្នុងដែនឥទ្ធិពលប្រពៃណីរបស់វៀតណាម នៅឡាវហើយឬ?
តើមូលដ្ឋានថ្មីនេះអាចជួយឱ្យឡាវបង្កើនតម្លៃយុទ្ធសាស្ត្ររបស់ខ្លួន និងកាត់បន្ថយភាពឯកោរបស់ប្រទេសគ្មានច្រកសមុទ្រមួយនេះបានកម្រិតណា?
តើវត្តមានយោធាចិននៅជិតព្រំដែនថៃនឹងធ្វើឱ្យបាងកកគិតគូរឡើងវិញអំពីបរិយាកាសសន្តិសុខរបស់ខ្លួនឬទេ? ហើយនៅក្នុងរូបភាពធំជាងនេះ តើចិនកំពុងបង្កើតបណ្តាញចូលប្រើប្រាស់ជាយុទ្ធសាស្ត្រដែលភ្ជាប់អាស៊ានដីគោកទៅនឹងអាស៊ានដីកោះ (ដែនសមុទ្រ) ឬយ៉ាងណា?

ដើម្បីស្រាយចម្ងល់នៃសំណួរសំខាន់ៗខាងលើយើងអាចប្រើ «វ៉ែនតាភូមិសាស្ត្រនយោបាយ» ដើម្បីវិភាគនិងវែកញែកបញ្ហានេះតាមជ្រុងចំនួន៦ រួមមាន៖ ជ្រុងនៃទិដ្ឋភាពភូមិសាស្ត្រ, ជ្រុងពីខាងចិន, ជ្រុងពីខាងឡាវ, ជ្រុងពីខាងវៀតណាម, ជ្រុងពីខាងថៃ និងជ្រុងនៃការប្រកួតប្រជែងឥទ្ធិពលរវាងចិននិងសហរដ្ឋអាមេរិក ព្រមទាំងផលប៉ះពាល់របស់វាចំពោះអាស៊ាន។

- ទិដ្ឋភាពភូមិសាស្ត្រ៖ បើយើងក្រឡេកមើលទីតាំងភូមិសាស្ត្ររបស់ឡាវ យើងនឹងឃើញថា ប្រទេសនេះស្ថិតនៅចំណុចប្រសព្វមួយដ៏សំខាន់រវាងមហាយក្សចិន និងអាស៊ានដីគោក។ ឡាវមានព្រំប្រទល់ជាប់ខេត្តយូណានរបស់ចិននៅភាគខាងជើង ជាប់មីយ៉ាន់ម៉ានៅភាគពាយ័ព្យ ជាប់វៀតណាមនៅភាគខាងកើត ជាប់ថៃនៅភាគខាងលិច ហើយជាប់នឹងកម្ពុជានៅភាគខាងត្បូង។ ទីតាំងនេះធ្វើឱ្យឡាវ មានតម្លៃជាច្រកដែនគោកដ៏សំខាន់មួយសម្រាប់ការតភ្ជាប់រវាងចិន និងបណ្តាប្រទេសអាស៊ានដីគោក បើទោះបីជាឡាវគ្មានច្រកសមុទ្រក៏ដោយ។

កន្លងមកគេនិយាយតែងថា ភូមិសាស្ត្ររបស់ឡាវជាឧបសគ្គ ដោយសារប្រទេសនេះគ្មានច្រកចេញទៅសមុទ្រ។ ប៉ុន្តែការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធឆ្លងដែន ជាពិសេសផ្លូវដែកចិន-ឡាវ ដែលភ្ជាប់ពីខេត្តយូណានមកកាន់វៀងចន្ទន៍ បានចាប់ផ្តើមបម្លែងទីតាំងភូមិសាស្ត្រនេះពីភាពជាប្រទេសគ្មានច្រកសមុទ្រ ទៅជាប្រទេសតភ្ជាប់ផ្លូវគោក។ ផ្លូវដែកនេះបានបង្កើនការដឹកជញ្ជូន និងពាណិជ្ជកម្មរវាងចិននិងឡាវថែមទាំងបានបើកផ្លូវឱ្យចិនអាចតភ្ជាប់បន្តទៅកាន់ថៃ និងផ្នែកផ្សេងទៀតនៃអាស៊ីអាគ្នេយ៍ដីគោកថែមទៀតផង។

ក៏ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នៅពេលនេះ គឺការតភ្ជាប់នោះកំពុងវិវត្តហួសពីវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មទៅវិស័យសន្តិសុខនិងយោធា។ គេយល់ថាការបង្កើតមជ្ឈមណ្ឌលគាំទ្រ និងហ្វឹកហ្វឺនយោធារួមចិន-ឡាវ នៅភាគខាងជើងក្រុងវៀងចន្ទន៍ ហាក់បានបន្ថែមស្រទាប់យុទ្ធសាស្ត្រថ្មីមួយទៅលើបណ្តាញតភ្ជាប់ដែលមានស្រាប់។ ពោលគឺផ្លូវដែកចិន-ឡាវ ជានិមិត្តរូបនៃការតភ្ជាប់សេដ្ឋកិច្ច ចំណែកមូលដ្ឋានថ្មីនេះអាចមើលឃើញថា ជាការចាប់ផ្តើមនៃការតភ្ជាប់ផ្នែកសន្តិសុខរវាងប្រទេសទាំងពីរ។ និយាយតាមម្យ៉ាងទៀត ឡាវកំពុងឆ្លងកាត់ការប្រែប្រួលបីជំហានគឺ ពីប្រទេសគ្មានច្រកសមុទ្រ ទៅជាប្រទេសតភ្ជាប់ផ្លូវគោក និងកំពុងវិវត្តទៅជាចំណុចតភ្ជាប់ជាយុទ្ធសាស្ត្រនិងសន្តិសុខ។

- ប្រទេសចិន តម្លៃយុទ្ធសាស្ត្ររបស់បានកើន៖ បើយើងមើលមួយភ្លែត ព្រលានយន្តហោះបានកើនហាក់ដូចជាមិនមានភាពចាំបាច់ខ្លាំងសម្រាប់ចិនឡើយ។ ហេតុផលសាមញ្ញនោះគឺថា ឡាវស្ថិតនៅជាប់ប្រទេសចិនស្រាប់ ហើយចិនមានខេត្តយូណានជាប់ព្រំដែនឡាវ។ ស្ថានភាពនេះ ក្នុងករណីមានហេតុការណ៍ណាមួយដែលគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន ចិនមានសមត្ថភាពគ្រប់គ្រាន់ប្រើប្រាស់មូលដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធយោធានៅលើទឹកដីខ្លួនឯង ដើម្បីធ្វើប្រតិបត្តិការដោយមិនចាំបាច់ពឹងផ្អែកលើទឹកដីឡាវឡើយ។ ដូច្នេះហើយបើគិតត្រឹមចម្ងាយ និងសមត្ថភាពប្រតិបត្តិការយោធាបានកើនប្រហែលជាមិនបានបន្ថែមអ្វីច្រើនដល់អំណាចយោធាចិននោះទេ។

ប៉ុន្តែបើយើងមើលឱ្យហួសពីផ្លូវរត់របស់យន្តហោះបន្តិច យើងនឹងឃើញរូបភាពភូមិសាស្ត្រនយោបាយមួយទៀតនៅពីក្រោយ។ តម្លៃរបស់បានកើន សម្រាប់ចិនប្រហែលមានអត្ថន័យជ្រៅជាងនេះ។ អត្ថន័យទី១៖ បានកើនផ្តល់ឱ្យចិននូវតម្លៃនៃ «វត្តមានចិន» នៅក្នុងបេះដូងអាស៊ានដីគោក។ ក្រោមហេតុផលថា ឡាវមិនមែនគ្រាន់តែជាប្រទេសជិតខាងចិនទេ ឡាវក៏ជាសមាជិកអាស៊ាន និងស្ថិតនៅចំណុចប្រសព្វរវាងចិន មីយ៉ាន់ម៉ា វៀតណាម ថៃ និងកម្ពុជាផងដែរ។ ក្នុងន័យនេះ ការមានវត្តមានយោធាចិននៅឡាវ ទោះជានៅក្នុងទម្រង់ជាមជ្ឈមណ្ឌលហ្វឹកហ្វឺននិងគាំទ្ររួមក៏ដោយ ក៏វាមានអត្ថន័យខុសពីការមានមូលដ្ឋានយោធានៅយូណាន។ មែនហើយយូណានជាទឹកដីចិន ប៉ុន្តែបើនៅបានកើនវិញវាគឺជាការចូលប្រើប្រាស់ជាយុទ្ធសាស្ត្រនៅក្នុងទឹកដីរបស់ប្រទេសដែលជាសមាជិកមួយរបស់អាស៊ាន។ នេះហើយជាភាពខុសគ្នាដ៏សំខាន់។

អត្ថន័យទី២៖ បានកើន ហាក់បានបង្ហាញពីការពង្រីកឥទ្ធិពលចិន ពីវិស័យសេដ្ឋកិច្ចចូលទៅក្នុងវិស័យសន្តិសុខ។ ពិតណាស់ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ឥទ្ធិពលចិននៅឡាវត្រូវបានគេមើលឃើញច្បាស់តាមរយៈពាណិជ្ជកម្ម វិនិយោគ ថាមពល និងផ្លូវដែកចិន-ឡាវតែប៉ុណ្ណោះ។ ប៉ុន្តែនៅពេលការបង្កើតមជ្ឈមណ្ឌលយោធារួមនៅបានកើន ហាក់បានបង្ហាញថា ទំនាក់ទំនងនេះកំពុងឆ្លងដែនចូលដល់វិស័យដែលមានភាពរសើបជាងមុនគឺ វិស័យសន្តិសុខ និងការពារជាតិ។

អត្ថន័យទី៣៖ បានកើនមានអត្ថន័យចំពោះតុល្យភាពឥទ្ធិពលរវាងចិននិងវៀតណាមនៅឡាវ។ ឡាវមានទំនាក់ទំនងនយោបាយ សន្តិសុខ និងប្រវត្តិសាស្ត្រយ៉ាងជិតស្និទ្ធជាមួយវៀតណាម។ ដូច្នេះហើយការណ៍ដែលចិនកំពុងពង្រីកពីឥទ្ធិពលសេដ្ឋកិច្ចចូលទៅក្នុងវិស័យការពារជាតិ យើងអាចមើលឃើញថា វាជាការចូលកាន់តែជ្រៅទៅក្នុងវិស័យមួយដែលវៀតណាមមានទំនាក់ទំនងប្រពៃណីខ្លាំងជាមួយឡាវ។ នៅពេលនេះ យើងក៏នៅមិនទាន់អាចសន្និដ្ឋានបានភ្លាមថា ចិនបានចូលខ្លួនមក «ជំនួស» ឬ «បណ្ដេញ» ឥទ្ធិពលវៀតណាមចេញពីឡាវនោះទេ។

អ្វីដែលអាចនិយាយបាននាពេលនេះគឺ តុល្យភាពឥទ្ធិពលរវាងចិននិងវៀតណាម នៅឡាវកំពុងមានអថេរថ្មីមួយបន្ថែមទៀត នោះគឺវត្តមានរបស់ចិនក្នុងវិស័យយោធា។ បើនិយាយឱ្យធ្ងន់ជាងនេះ ការវិវត្តនេះគេក៏អាចមើលមួយជ្រុងថា ចិនកំពុងព្យាយាមបន្សាបឥទ្ធិពលប្រពៃណីរបស់វៀតណាមនៅឡាវ។ ត្រង់នេះក៏មានទំនាក់ទំនងជាមួយសមុទ្រចិនខាងត្បូងផងដែរ ព្រោះថាវៀតណាមនិងចិន មានការទាមទារដែនសមុទ្រត្រួតស៊ីគ្នា។ ហេតុនេះហើយ ហាណូយទំនងជាអាចមានហេតុផលតាមដានការកើនឡើងនៃវត្តមានសន្តិសុខចិននៅឡាវ។

អត្ថន័យទី៤៖ បានកើនមានតម្លៃនិមិត្តរូបភូមិសាស្ត្រនយោបាយដែលគួរឱ្យចាប់អារម្មណ៍។ ប្រភពមួយចំនួនបង្ហាញថា ទីតាំងថ្មីនេះត្រូវបានសាងសង់មួយផ្នែកនៅលើ ឬក្បែរអតីតអាកាសយានដ្ឋានដែលគេស្គាល់ថា Lima Site 44 ដែលធ្លាប់ស្ថិតក្នុងបណ្តាញអាកាសយានដ្ឋានដែលសហរដ្ឋអាមេរិក និងស៊ីអាយអេប្រើក្នុងប្រតិបត្តិការនៅឡាវកាលពីសម័យសង្គ្រាមវៀតណាម។ ចំណុចនេះ មានអត្ថន័យលើសពីប្រវត្តិសាស្ត្ររបស់ព្រលានយន្តហោះ។

វាបានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរតុល្យភាពអំណាចតាមពេលវេលា ពោលគឺ ទីតាំងដែលធ្លាប់បម្រើឱ្យវត្តមានជាយុទ្ធសាស្ត្ររបស់អាមេរិកក្នុងសម័យសង្គ្រាមត្រជាក់ ឥឡូវបែជាកំពុងបម្រើដល់កិច្ចសហប្រតិបត្តិការយោធារវាងឡាវនិងចិនក្នុងសតវត្សរ៍ទី២១។ ភូមិសាស្ត្រនៅតែដដែល ប៉ុន្តែអ្នកប្រើប្រាស់ភូមិសាស្ត្របានផ្លាស់ប្តូរហើយ។
សរុបសេចក្តីជារួមមកបានកើនពិតជាមានតម្លៃហួសពីទីតាំងព្រលានយោធាដែនអាកាសសម្រាប់ក្រសែភ្នែកចិន។

- ឡាវ ពីភាពឯកោទៅរកតម្លៃយុទ្ធសាស្ត្រ៖ សម្រាប់ឡាវ តម្លៃរបស់បានកើន គឺពិតជាមានសារៈសំខាន់ ប៉ុន្តែមិនមែនត្រឹមតែសម្រាប់ការពង្រឹងសមត្ថភាពកងទ័ពអាកាសប៉ុណ្ណោះទេ។ បើមើលឱ្យជ្រៅទៅក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយ វាអាចជួយបង្កើនតម្លៃយុទ្ធសាស្ត្រ របស់ឡាវនៅក្នុងតំបន់ផងដែរ។ ពិតហើយ ឡាវជាប្រទេសតែមួយគត់នៅអាស៊ីអាគ្នេយ៍ដែលគ្មានច្រកចេញទៅសមុទ្រ។ កត្តាភូមិសាស្ត្រនេះហាក់បានកំណត់ជម្រើសរបស់ឡាវអស់រយៈពេលជាយូរ ដោយការធ្វើពាណិជ្ជកម្ម និងការតភ្ជាប់ទៅពិភពខាងក្រៅត្រូវពឹងផ្អែកលើប្រទេសជិតខាង។

ក្នុងន័យនេះ ភូមិសាស្ត្រធ្លាប់ជាចំណុចខ្សោយមួយរបស់ឡាវ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ឡាវកំពុងព្យាយាមបម្លែងភាពជាប្រទេសគ្មានច្រកសមុទ្រទៅជាប្រទេសដែលមានការតភ្ជាប់ផ្លូវគោក។ ផ្លូវដែកចិន-ឡាវ បានបង្កើនតម្លៃនេះក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ចំណែកឯព្រលានបានកើនវិញអាចបន្ថែមជ្រុងថ្មីមួយទៀតនោះគឺ សន្តិសុខនិងយុទ្ធសាស្ត្រ។

ត្រង់នេះបើយើងនិយាយតាមមួយបែបទៀតគឺថា ផ្លូវដែកចិន-ឡាវ បានធ្វើឱ្យពិភពលោកមើលឡាវជាច្រកតភ្ជាប់សេដ្ឋកិច្ច ហើយបានកើនវិញអាចធ្វើឱ្យប្រទេសក្នុងតំបន់ និងមហាអំណាចចាប់ផ្តើមមើលឡាវ បន្ថែមទៀតក្នុងនាមជាទីតាំងយុទ្ធសាស្ត្រ។ ពោលគឺទីតាំងដែលធ្លាប់ជាចំណុចខ្សោយរបស់ឡាវ អាចកំពុងក្លាយជាទ្រព្យសម្បត្តិភូមិសាស្ត្រនយោបាយរបស់ខ្លួន។ បន្ថែមពីលើនេះ បានកើនអាចជួយឱ្យឡាវទទួលបានអត្ថប្រយោជន៍ពីរយ៉ាងរួមមាន៖ ទី១ សមត្ថភាពតាមរយៈការហ្វឹកហ្វឺនអ្នកបើកយន្តហោះ ការផ្ទេរជំនាញ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយោធា។ ទី២ ដែលសំខាន់ជាងនេះតាមទិដ្ឋភាពភូមិសាស្ត្រនយោបាយ គឺតម្លៃនៃទីតាំង។ នៅពេលចិនបង្កើនវត្តមានសន្តិសុខនៅឡាវ វៀតណាម ថៃ និងសហរដ្ឋអាមេរិកក៏មានហេតុផលកាន់តែច្រើនក្នុងការតាមដានការវិវត្តនៅឡាវ។

នោះមានន័យថា ឡាវអាចនឹងទទួលបានការចាប់អារម្មណ៍ជាយុទ្ធសាស្ត្រកាន់តែខ្លាំងជាងមុន។ ជាមួយគ្នានេះការកើនឡើងនៃតម្លៃយុទ្ធសាស្ត្រនេះអាចជាដាវមុខពីរផងដែរ។ នៅម្ខាងវាអាចផ្តល់ឱ្យឡាវនូវអំណាចចរចាកាន់តែច្រើនជាមួយដៃគូខាងក្រៅ។ នៅជ្រុងម្ខាងទៀត ការភ្ជាប់សន្តិសុខកាន់តែជ្រៅជាមួយចិនក៏អាចធ្វើឱ្យឡាវត្រូវគ្រប់គ្រងដោយប្រុងប្រយ័ត្ននូវទំនាក់ទំនងជាមួយវៀតណាម ថៃ និងដៃគូដទៃទៀត។

- ពីខាងវៀតណាម ចិនកំពុងចូលដល់ «ខ្នងផ្ទះ» របស់វៀតណាមឬ? ចំពោះវៀតណាម ការបង្កើតមជ្ឈមណ្ឌលយោធារួមចិន-ឡាវ នៅបានកើនអាចជាបញ្ហារសើបជាងសម្រាប់ប្រទេសដទៃទៀត។ បើនិយាយជាភាសាសាមញ្ញ វាហាក់ប្រៀបបាននឹង «ការទះកំផ្លៀង» ផ្នែកភូមិសាស្ត្រនយោបាយមួយ ព្រោះឡាវ មិនមែនគ្រាន់តែជាប្រទេសជិតខាងរបស់វៀតណាមទេ ប៉ុន្តែជាប្រទេសដែលហាណូយ មានទំនាក់ទំនងជ្រាលជ្រៅយ៉ាងស្អិតរមួតរួមទាំងប្រវត្តិសាស្ត្រ នយោបាយ បក្ស វិស័យការពារជាតិ និងសន្តិសុខអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

បើមើលតាមប្រវត្តិសាស្ត្រ ឡាវមានតម្លៃខ្លាំងចំពោះសន្តិសុខជាតិវៀតណាម។ ប្រទេសទាំងពីរមានព្រំដែនគោករួមគ្នាយ៉ាងវែង ហើយក្នុងសម័យសង្គ្រាមត្រជាក់ ហាណូយបានចាត់ទុកឡាវនិងកម្ពុជាថា ជាផ្នែកសំខាន់នៃជម្រៅយុទ្ធសាស្ត្រនៅប៉ែកខាងលិចរបស់ខ្លួន។ តាមរយៈសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការវៀតណាម-ឡាវ ឆ្នាំ១៩៧៧ ក៏បានក្លាយជាគ្រឹះសំខាន់មួយនៃទំនាក់ទំនងនយោបាយនិងសន្តិសុខរវាងប្រទេសទាំងពីរ។

ហេតុអ្វីបានជា «ខ្នងផ្ទះ» នេះសំខាន់? ព្រោះវៀតណាមមានរូបរាងភូមិសាស្ត្រ វែងនិងតូចចង្អៀត ដោយខាងកើតបែរទៅសមុទ្រចិនខាងត្បូង ខាងជើងជាប់ចិននិងខាងលិចជាប់ឡាវនិងកម្ពុជា។ ការណ៍នេះសម្រាប់ហាណូយ សន្តិសុខមិនអាចគិតត្រឹមសមុទ្រចិនខាងត្បូងនៅខាងកើត និងព្រំដែនចិននៅខាងជើងតែប៉ុណ្ណោះទេ។ ស្ថិរភាពនិងទំនាក់ទំនងជិតស្និទ្ធជាមួយឡាវនៅខាងលិចក៏ជាផ្នែកមួយនៃការគិតគូរសន្តិសុខរបស់វៀតណាមដែរ។

ដោយផ្អែកលើបរិបទនេះ បានកើនទើបមានអត្ថន័យពិសេស។បញ្ហាសម្រាប់វៀតណាមមិនមែននៅត្រង់ថា ចិនជាមិត្តឬសត្រូវរបស់ឡាវ ឬថាចិនចង់ប្រើប្រាស់បានកើនដើម្បីវាយវៀតណាមនោះទេ។ បញ្ហាស្នូលនោះគឺ អ្វីៗដែលបានផ្លាស់ប្តូរ។ ចិនដែលធ្លាប់តែមានឥទ្ធិពលខ្លាំងនៅឡាវជាចម្បងតាមរយៈពាណិជ្ជកម្ម វិនិយោគ ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធ ឥឡូវកំពុងពង្រីកការចូលរួមទៅក្នុងវិស័យការពារជាតិនិងសន្តិសុខ ជាវិស័យមួយដែលវៀតណាមមានទំនាក់ទំនងជាប្រពៃណីយ៉ាងជ្រៅជាមួយឡាវ។ នេះហើយជាការផ្លាស់ប្តូរដែលហាណូយមានហេតុផលត្រូវតាមដាន។ វាមិនទាន់មានន័យថា «ចិនបានដណ្ដើមឡាវពីវៀតណាម» នោះទេ ប៉ុន្តែវាមានន័យថា ចិនបានឈានចូលទៅក្នុងវិស័យមួយដែលពីមុនវៀតណាមមានប្រៀបជាងចិន។

ម្យ៉ាងទៀត បើយើងមើលពីភូមិសាស្ត្រវិញ តំបន់ឥណ្ឌូចិនបារាំងមានតម្លៃយុទ្ធសាស្ត្រជ្រាលជ្រៅសម្រាប់វៀតណាម។ ការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយឡាវនិងកម្ពុជាក៏អាចជួយឱ្យវៀតណាមរក្សាបរិយាកាសសន្តិសុខដែលមានស្ថេរភាព និងអាចគ្រប់គ្រងបាននៅប៉ែកខាងលិច ខណៈដែលខ្លួនត្រូវប្រឈមនឹងបញ្ហាយុទ្ធសាស្ត្រនៅសមុទ្រចិនខាងត្បូង។ ហេតុនេះហើយ បានកើនទំនងជាមិនទាន់ជាការគំរាមកំហែងដោយផ្ទាល់ចំពោះវៀតណាមនោះទេ ប៉ុន្តែវាអាចជាអថេរយុទ្ធសាស្ត្រថ្មីមួយ ដែលហាណូយមិនអាចមើលរំលងបាននោះឡើយ។

- ថៃ វត្តមានចិនកាន់តែខិតមកជិត៖ ដោយឡែកពីខាងថៃវិញ ការបើកមជ្ឈមណ្ឌលគាំទ្រនិងហ្វឹកហ្វឺនយោធារួមចិន-ឡាវ នៅបានកើនប្រហែលមិនបង្កើតការព្រួយបារម្ភក្នុងកម្រិតដូចវៀតណាមទេ ប៉ុន្តែវាក៏មិនមែនជារឿងដែលបាងកកអាចមើលរំលងបាននោះដែរ។ មូលហេតុសំខាន់គឺ «ភូមិសាស្ត្រ»។ ព្រោះថា បានកើនស្ថិតនៅភាគខាងជើងក្រុងវៀងចន្ទន៍ ហើយវៀងចន្ទន៍នៅទល់មុខភាគឦសានរបស់ថៃ ដោយមានទន្លេមេគង្គជាព្រំដែនធម្មជាតិ។ ដូច្នេះហើយ ការកើនឡើងនៃវត្តមានសន្តិសុខចិននៅឡាវ មានន័យថាវត្តមានយោធាចិនបានខិតមកជិតលំហសន្តិសុខរបស់ថៃជាងមុន។

បើយើងមើលមួយជ្រុងទៀត ថៃមិនចាំបាច់មើលបានកើនក្នុងរូបភាពជាការគំរាមកំហែងដោយផ្ទាល់នោះទេ។ ដ្បិតចិននិងថៃមានទំនាក់ទំនងសេដ្ឋកិច្ចនិងការពារជាតិរបស់ខ្លួន ហើយភាគីចិនក៏ប្រកាសថា មជ្ឈមណ្ឌលបានកើនមិនសំដៅប្រឆាំងប្រទេសទីបីណាមួយឡើយ។ រដ្ឋាភិបាលថៃក៏មិនបានបង្ហាញប្រតិកម្មជាសាធារណៈក្នុងន័យប្រឈមមុខដែរ។ ប៉ុន្តែបើមើលឱ្យជ្រៅជាងនេះ អ្វីដែលថៃត្រូវតាមដានគឺថា តើបានកើនអាច «ក្លាយជា» អ្វីនៅថ្ងៃអនាគត។ រហូតមកដល់ពេលនេះ មិនទាន់មានព័ត៌មានសាធារណៈច្បាស់លាស់អំពីចំនួនបុគ្គលិកចិន ប្រភេទយន្តហោះ ឬឧបករណ៍យោធាដែលអាចត្រូវដាក់នៅទីនោះទេ។

ចំណុចទីពីរ ថៃស្ថិតក្នុងស្ថានភាពភូមិសាស្ត្រនយោបាយគួរឱ្យចាប់អារម្មណ៍ នៅត្រង់ថាថៃជាសម្ព័ន្ធមិត្តសន្ធិសញ្ញាយូរអង្វែងរបស់សហរដ្ឋអាមេរិក ប៉ុន្តែក្នុងពេលជាមួយគ្នា ថៃក៏បានអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច និងយោធាយ៉ាងជិតស្និទ្ធជាមួយចិន។ ដូច្នេះហើយបានកើនអាចមិនជំរុញឱ្យថៃ «ជ្រើសរើសភាគី» ភ្លាមៗទេ ប៉ុន្តែទំនងជាអាចធ្វើឱ្យការរក្សាតុល្យភាពរវាងចិននិងអាមេរិករបស់បាងកកកាន់តែស្មុគស្មាញ។

- ការប្រកួតប្រជែងឥទ្ធិពលរវាងចិននិងសហរដ្ឋអាមេរិក និងផលប៉ះពាល់ចំពោះអាស៊ាន៖ បើមើលក្នុងរូបភាពធំបានកើនបង្ហាញថា ការប្រកួតប្រជែងឥទ្ធិពលរវាងចិននិងសហរដ្ឋអាមេរិក នៅអាស៊ីអាគ្នេយ៍ កាន់តែរីកធំជាងមុនគឺមិនមែនស្ថិតត្រឹមតែនៅសមុទ្រចិនខាងត្បូងទៀតទេ ដោយវាហាក់កំពុងពង្រីកចូលមកអាស៊ានដីគោកផងដែរ។ សម្រាប់ចិន ការពង្រីកទំនាក់ទំនងជាមួយឡាវពីពាណិជ្ជកម្ម វិនិយោគ ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធ មកដល់កិច្ចសហប្រតិបត្តិការសន្តិសុខនិងយោធា បង្ហាញពីការកើនឡើងនៃការចូលប្រើប្រាស់ជាយុទ្ធសាស្ត្ររបស់ខ្លួននៅក្នុងតំបន់។

ចំពោះអាស៊ាន ការវិវត្តនេះផ្តល់ទាំងកាលានុវត្តភាព និងបញ្ហាប្រឈម ប្រទេសសមាជិកអាចទទួលបានវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការសន្តិសុខកាន់តែច្រើន ស្របពេលជាមួយគ្នាវាក៏អាចប្រឈមនឹងសម្ពាធពីការប្រកួតប្រជែងរបស់មហាអំណាចផងដែរ។ ដូច្នេះហើយបញ្ហាស្នូលសម្រាប់អាស៊ានមិនមែនថា ត្រូវជ្រើសរើសចិន ឬសហរដ្ឋអាមេរិកនោះឡើយ ប៉ុន្តែគឺថាតើអាស៊ានធ្វើយ៉ាងណាដើម្បីទាញយកផលប្រយោជន៍ពីមហាអំណាចទាំងពីរ។

សរុបសេចក្តីមក តើអ្នកមើលបានកើនពីជ្រុងខាងណា? ដ្បិតបានកើននៅតែជាបានកើន ហើយវានៅតែជាព្រលាននៃការប្រើប្រាស់រួមរវាងឡាវនិងចិនដដែល។ ប៉ុន្តែអត្ថន័យរបស់វាប្រែប្រួលទៅតាមជ្រុងដែលយើងឈរមើល។ សម្រាប់ចិន វាជាការពង្រីកការចូលប្រើប្រាស់ជាយុទ្ធសាស្ត្រសម្រាប់ឡាវ វាជាការបង្កើនតម្លៃយុទ្ធសាស្ត្ររបស់ខ្លួន សម្រាប់វៀតណាម វាជាការចូលកាន់តែជ្រៅរបស់ចិនទៅក្នុងលំហឥទ្ធិពលប្រពៃណីរបស់ខ្លួន សម្រាប់ថៃ វាជាការផ្លាស់ប្តូរបរិយាកាសសន្តិសុខនៅក្បែរខ្លួន ហើយសម្រាប់អាស៊ានវាជាបំណែកមួយនៃរូបភាពធំនៃការប្រកួតប្រជែងមហាអំណាច។ អាស្រ័យដូច្នេះហើយបានកើនតូចឬធំ មិនមែនស្ថិតនៅលើទំហំព្រលាននោះទេ ប៉ុន្តែស្ថិតនៅលើជ្រុងដែលយើងឈរមើលវា៕