អ្នកជំនាញភូមិសាស្រ្តនយោបាយ៖ «បោះបាយបិណ្ឌ» ជាល្បែងម្ចាស់អរិយធម៌ដែលមានចលនារើបម្រាស់ និងចេតនារំដោះជាតិពីឥទ្ធិពលសៀមរបស់ព្រះបាទអង្គឌួង?
08-10-2026 18:07
(ភ្នំពេញ)៖ នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរបានមកដល់ អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ លោកបណ្ឌិត ញិល រដ្ឋា បានទម្លាយឲ្យដឹងពីអត្ថន័យពិត ដែលបង្កប់នៅក្នុង «បាយបិណ្ឌមួយដុំ និងការសូត្រធម៌យំស្រណោះនៅវេលាព្រលឹម» ដែលមានតម្លៃស្មើនឹង «អាវក្រោះការពារជាតិ» ដែលសង្គ្រោះប្រទេសកម្ពុជាពីការរលាយបាត់ចេញពីផែនទីលោក។
ក្នុងន័យនេះលោកបណ្ឌិត ញិល រដ្ឋា បានឲ្យដឹងថា គិតត្រឹមមុនឆ្នាំ១៨៦៣ អាណាចក្រសៀមស្គាល់ខ្មែរត្រឹមថាជា «រដ្ឋរណប ឬអាយ៉ង» ដែលប្រើដើម្បីប្រឆាំងឥទ្ធិពលយួនអាណ្ណាម (យួនក៏មើលឃើញខ្មែរត្រឹមជា «ខេត្តមួយ» តែប៉ុណ្ណោះ។ ការណ៍នេះបានធ្វើឲ្យព្រះបាទអង្គឌួងមិនអាចប្រយុទ្ធដោយគ្រាប់កាំភ្លើងទៀតឡើយ ទ្រង់បានលេងល្បែងភូមិសាស្ត្រនយោបាយតាមរយៈការប្រើប្រាស់ពុទ្ធចក្រ ព្រាហ្មចក្រ និងសិល្បៈអក្សរសាស្ត្រជាតិ ធ្វើជាអាវុធពង្រឹងស្មារតី និងសាមគ្គីជាតិសាសន៍ខ្មែរឡើងវិញដើម្បីទាញចេញពីបាតជ្រោះនៃការក្លាយខ្លួនជាជនជាតិភាគតិចមួយនៅលើសាកលលោក។
១. ឥទ្ធិពលសៀម និងប្រវត្តិគ្រងរាជ៖ «ចំណាប់ខ្មាំងនៅបាងកក»
តើអ្នកនឹងធ្វើដូចម្តេច បើអ្នកត្រូវរស់នៅក្នុងរាជវាំងនៃប្រទេសមួយដែលកំពុងត្រួតត្រាជាតិសាសន៍ខ្លួនឯងអស់រយៈពេលជិត ៣០ឆ្នាំ?
- ការនិរទេស និងជីវិតនៅបាងកក (១៨១១-១៨៤០)៖ ក្រោយសង្គ្រាមដណ្តើមរាជ្យ និងការជ្រៀតជ្រែកពីសៀម-អាណ្ណាម ព្រះអង្គឌួងត្រូវបានជម្លៀសទៅគង់នៅក្រុងបាងកក។ នៅទីនោះ ទ្រង់មិនមែនរស់នៅរង់ចាំវាសនានោះទេ ប៉ុន្តែទ្រង់បានសិក្សាយុទ្ធសាស្ត្រគ្រប់គ្រងរដ្ឋ ក្បួនពាន់ជ័យ រៀបចំអក្សរសាស្ត្រ និងសង្កេតមើលរបៀបដែលស្តេចសៀមកំពុងធ្វើទំនើបកម្មប្រទេស។
- សង្គ្រាមសៀម-អាណ្ណាមលើទឹកដីខ្មែរ (១៨៤១-១៨៤៥)៖ ខ្មែរក្លាយជាសមរភូមិឈាមស្រស់ដោយសារសៀមក៏ចង់ក្តោបក្តាប់ខ្មែរជាចំណុះ និងទីបំផុតបានសម្រេចបំណង។
- ការឡើងគ្រងរាជ្យនៅឧដុង្គ (១៨៤៧-១៨៤៨)៖ នៅឆ្នាំ១៨៤៧ សៀមនិងយួន បានចុះសន្ធិសញ្ញាសន្តិភាពលើសាកសពនៃប្រទេសខ្មែរ ហើយបានយល់ព្រមឱ្យព្រះបាទអង្គឌួងឡើងសោយរាជ្យ។ ទ្រង់បានប្រារព្ធពិធីគ្រងរាជ្យបែបសម័យអង្គរជាផ្លូវការនៅឆ្នាំ១៨៤៨ នៅរាជធានីឧដុង្គមានជ័យ ក្នុងស្ថានភាពប្រទេសខ្មែរស្ទើរតែគ្មានអ្វីសេសសល់។
២. ចេតនានៃការទទួលនិកាយសាសនាបែបសៀម៖ «យុទ្ធសាស្ត្រផ្ទេរអំណាចទន់»
ហេតុអ្វីបានជាព្រះអង្គឌួង ដែលចង់បានឯករាជ្យ បែរជានាំយក «គណៈធម្មយុត្តិកនិកាយ» ដែលជាផលិតផលសាសនារបស់រាមាទី៤ (ព្រះបាទមង្កុដ) នៃស្រុកសៀម មកបង្កើតក្នុងស្រុកខ្មែរនៅឆ្នាំ ១៨៥៥? តើនេះជាការ «ចុះចាញ់» ឬជា «ល្បែងជញ្ជីងអំណាច»?
- ការទាញយក «ស្តង់ដារវិន័យ» មកជួសជុសសង្ឃមណ្ឌល៖ សង្គ្រាមបានធ្វើឱ្យព្រះសង្ឃខ្មែរ (មហានិកាយ) ធ្លាក់ចុះវិន័យយ៉ាងខ្លាំង។ ការទូលនិមន្តព្រះមហាប៉ាន (ព្រះសង្ឃខ្មែរដែលរៀនសូត្រច្បាស់លាស់នៅបាងកក) ឱ្យមកបង្កើតគណៈធម្មយុត្តនៅវត្តបទុមវតី (១៨៥៥) គឺជាការនាំយក «អាវក្រោះវិន័យ» មកធ្វើកំណែទម្រង់ផ្ទៃក្នុង។
- ល្បែងសម្របចិត្តសៀម៖ ស្តេចសៀមចង់កម្ទេចឥទ្ធិពលអាណ្ណាមឲ្យអស់ ព្រោះពេលនោះការកាន់លទ្ធិមហាយាន និងកុងជឺប នៅមានភាពខ្លាំងក្លាក្នុងរបៀបរស់នៅរបស់ខ្មែរ។ ការពង្រឹងថេរវាទបែបសៀមឱ្យរឹងប៉ឹងប្រកបដោយវិន័យខ្ពស់ គឺជាការគូសបន្ទាត់សាសនាដាច់ស្រឡះ ដើម្បីកុំឱ្យមនោគមវិជ្ជារាជវង្ស «ង្វៀន» បន្តជ្រៀតជ្រែក និងងាយបញ្ជាពីក្រុងបាំងកក។
- ការធ្វើឲ្យមានតុល្យភាពរវាងខ្មែរ៖ ដោយសារគណៈមហានិកាយជាឫសគល់ប្រជាជនដែលមិនអាចខ្វះបាន ចំណែកឯកាលនោះគណៈធម្មយុត្តសម្រាប់វណ្ណៈអភិជនខ្មែរនិយមសៀម (សៀមគ្រប់គ្រងពេញរាជវាំង) ធ្វើឱ្យព្រះអង្គឌួងអាចគ្រប់គ្រងអំណាចពុទ្ធចក្របានទាំងពីរប្រព័ន្ធ ដោយមិនឱ្យក្រុមណាមួយមានអំណាចលើសលប់លើរាជបល្ល័ង្ក។
៣. ល្បែងម្ចាស់អរិយធម៌៖ ការប្រើប្រាស់ពុទ្ធចក្រលាយជាមួយព្រាហ្មណចក្រ
ព្រះបាទអង្គឌួងយល់យ៉ាងច្បាស់ថា «ប្រជាជនដែលភ្លេចសិល្បៈ អក្សរសាស្រ្ត និងប្រពៃណីរបស់ខ្លួន គឺជាប្រជាជនដែលងាយស្រួលត្រួតត្រាបំផុត»។ ទ្រង់បានយកក្បួនព្រាហ្មណ៍ និងពុទ្ធសាសនា មកត្បាញបញ្ចូលគ្នាជាអត្ថបទអក្សរសិល្ប៍ និងពិធីកម្មជាតិ៖
* ពិចារណា៖ ឥទ្ធិពលមហាភារតចំពោះរឿងនាងកាកី?
ក្នុងឆ្នាំ១៨១៥ (កាលគង់នៅបាងកក) ព្រះអង្គឌួងបាននិពន្ធរឿង «កាកី»។
- ទស្សនវិជ្ជាការគ្រប់គ្រង៖ ទោះបីជារឿងនេះយោងចេញពី «ទសជាតក» និងមានឥទ្ធិពលពីមហាភារតៈ ឬរាមាយណៈក៏ដោយ ប៉ុន្តែវាជា «សាស្ត្រានយោបាយ»។ ព្រះអង្គបង្ហាញពីទោសនៃការក្បត់ (តណ្ហា) និងភាពខ្វះតថភាពរបស់ស្តេច (ព្រហ្មទត្ត) ដែលនាំឱ្យបាត់បង់អំណាច។
- ការឆ្លុះបញ្ចាំងភូមិសាស្ត្រនយោបាយ៖ នាងកាកីតំណាងឱ្យប្រទេសតូច (ខ្មែរ) ដែលត្រូវគេដណ្តើម ដកហូត និងផ្លាស់ប្តូរដៃពីម្នាក់ទៅម្នាក់ (សៀម និងយួន) ប្រសិនបើអ្នកដឹកនាំខ្វះគតិបណ្ឌិត។
* ពិចារណា៖ គំរូពិធីបុណ្យបិតុបក្សរបស់ព្រះកណ៌ចំពោះកាន់បិណ្ឌ និងភ្ជំបិណ្ឌខ្មែរ?
១. ប្រវត្តិ និងអត្ថន័យនៃថ្ងៃនីមួយៗ
ឫសគល់នៃពិធីបុណ្យបិតុបក្ស (Pitri Paksha) មានដើមកំណើតក្នុងសាស្ត្រាមហាភារតៈ ព្រះកណ៌ (Karna) វីរបុរសស្មោះត្រង់ដែលបានពលីជីវិតក្នុងសង្គ្រាមកុរុក្សេត្រ បានឡើងទៅកាន់ឋានសួគ៌។ ប៉ុន្តែនៅទីនោះ រាល់ពេលទ្រង់ប៉ះពាល់អាហារ វាបានប្រែជាមាសនិងប្រាក់ទាំងអស់ ព្រោះកាលនៅរស់ ទ្រង់ធ្វើទានតែមាសប្រាក់ មិនដែលប្រគេន «បាយនិងទឹក» ដោយផ្ទាល់ឡើយ។
ព្រះឥន្ទ្រ (ប្រភពខ្លះ ថាព្រះយមរាជ ឬព្រះកាល) បានអនុញ្ញាតឱ្យព្រះកណ៌ត្រឡប់មកឋានមនុស្សវិញរយៈពេល ១៥ថ្ងៃ ក្នុងអំឡុងខែភទ្របទ (ខែទី៩) ដើម្បីរៀបចំពិធីធ្វើទានបាយទឹក និងសាច់សាលោហិតដល់បុព្វបុរស (ធ្វើមុនខ្មែរមួយថ្ងៃគឺ ១៥កើត ខែភទ្របទ ហើយបញ្ចប់ថ្ងៃ១៥រោច)។ ដោយន័យនេះ ព្រះបាទអង្គឌួងបានយកក្របខ័ណ្ឌ ១៥ថ្ងៃនេះមកតម្រូវឱ្យត្រូវនឹងសភាវៈខ្មែរ ដោយបែងចែកអត្ថន័យដូចតទៅ៖
- ថ្ងៃ ១រោច ដល់ ១៤រោច (កាន់បិណ្ឌ/វារកភត្ត)៖ ពេលវេលាដែលយមរាជអនុញ្ញាតឲ្យបើកទ្វារនរក ដល់ពួកប្រេត និងអសូរកាយមកកាន់ពិភពមនុស្សដើម្បីស្វែងរកអាហារ។ ការធ្វើចង្ហាន់ និងបាយបិណ្ឌជូនព្រះសង្ឃជា «ដុំថាមពលកុសល» ផ្ញើទៅកាន់ព្រលឹងដែលកំពុងរងទុក្ខវេទនា។
- ថ្ងៃ ១៥រោច (ភ្ជំបិណ្ឌធំ/ថ្ងៃប្រមូលផ្តុំ)៖ ពាក្យថា «ភ្ជុំ» មានន័យថាការជួបជុំគ្នា ឬការប្រមូលផ្តុំដុំបាយ (បិណ្ឌ)។ ជាថ្ងៃចុងក្រោយដែលទ្វារនរកត្រូវបិទវិញ ព្រលឹងទាំងឡាយត្រូវត្រឡប់ទៅកាន់ភពរបស់ខ្លួន ប្រសិនបើមិនបានទទួលទាន ឬផលបុណ្យពីញាតិទេ នោះនឹងដាក់បណ្តាសាដល់គ្រួសារ។
២. ភាពស្រដៀង និងខុសគ្នា (ឥណ្ឌា និង ខ្មែរ)
ប្រសិនបើពិនិត្យលើជំនឿគ្រឹះ ពិធីបិតុបក្សរបស់ឥណ្ឌា ប្រកាន់យកព្រាហ្មណសាសនា (Vedic Hinduism) ដោយផ្តោតសំខាន់លើពិធីច្រូចទឹកឧទ្ទិសកុសល (តប៌ណ-Tarpan មានទេវតប៌ណ, ឫសីតប៌ណ និងបិតុតប៌ណ) និងប្រគេនដុំបាយបិណ្ឌ (Pinda) ទៅកាន់ទន្លេផល្លូ ឬ ប្រសិនបើមិននៅជិតទន្លេទេ គេយកដុំបិណ្ឌ (លើស្លឹកឈូក) នោះទៅដាក់នៅលើដីស្អាត ឬភ្លឺស្រែ ដើម្បីឱ្យសត្វក្អែក «អ្នកនាំសាររបស់ព្រះយមរាជ និងដូនតា», ឆ្កែ «អ្នកយាមទ្វារស្ថាននរក» ឬសត្វគោ «ជណ្ដើរទៅកាន់ស្ថានសួគ៌» ដោយមានបូជាចារ្យ (Brahmin) ជាអ្នកដឹកនាំធ្វើពិធីឯកជនសម្រាប់គ្រួសារនីមួយៗ។
ផ្ទុយទៅវិញពិធីកាន់បិណ្ឌ និងភ្ជំបិណ្ឌរបស់ខ្មែរ គឺជាការច្របាច់បញ្ចូលគ្នារវាងពុទ្ធសាសនាថេរវាទ ឥទ្ធិពល ជំនឿអ្នកតា ការរំលឹកគុណបុព្វបុរស។ ពិធីនេះប្រារព្ធឡើងរយៈពេល ១៥ថ្ងៃដូចគ្នា ប៉ុន្តែខ្មែររៀបចំជាលក្ខណៈសហគមន៍នៅតាមវត្តអារាម ដោយមានការជួបជុំប្រជាជន និងព្រះសង្ឃ ព្រមទាំងមានសកម្មភាពពិសេសដូចជាការបោះបាយបិណ្ឌនៅវេលាព្រលឹម និងការសូត្រធម៌បង្សុកូលដើម្បីឧទ្ទិសកុសល។
* ពិចារណា៖ ទំនៀមទម្លាប់ខ្មែរអង្គរសម្រាប់ការបោះបាយបិណ្ឌ និងការបង្សុកូល?
ប្រពៃណីភ្ជំបិណ្ឌមិនមែនទើបតែបង្កើតនៅសម័យឧដុង្គនោះទេ ប៉ុន្តែជា «ការផ្លាស់ប្តូរទម្រង់ (Metamorphosis)» ចេញពីប្រព័ន្ធជំនឿពិធីសក្ការៈបុព្វបុរស និងរាជពិធីសាសនានៃចក្រភពខ្មែរ៖
១. ភស្តុតាងប្រវត្តិសាស្ត្រតាមប្រាសាទនានា
- ប្រាសាទអង្គរវត្ត និងអង្គរធំ៖ ចម្លាក់លោតនៅថែវខាងត្បូងអង្គរវត្ត (រឿងឋានសួគ៌ និងឋាននរក) បង្ហាញពីជំនឿលើ «ផលកម្ម និងការរងទុក្ខវេទនារបស់ប្រេត»។ ចំណែកកំណត់ត្រារបស់ ជីវ តាក្វាន់ (១២៩៦) ក៏បានកត់ត្រាពីពិធី «កោសក់ និងធ្វើទានប្រមូលផល» នៅខែទី៩ (ត្រូវនឹងខែភទ្របទ) ដែលអ្នកស្រុកអង្គរប្រមូលផ្តុំគ្នាធ្វើពិធីកុសលជូនព្រលឹងបុព្វបុរស។
- ប្រាសាទបាគង (ហរិហរាល័យ)៖ ជាទីតាំងដំបូងគេដែលស្តេច ឥន្ទ្រវរ្ម័នទី១ (៨៧៧-៨៨៩) បានកសាងប្រាសាទប្រកាសពីនិន្នាការ «បិតុបូជា» ដោយប្រតិស្ឋានលិង្គ «ឥន្ទ្រេស្វរ» ដើម្បីឧទ្ទិសដល់បុព្វបុរស និងបុព្វក្សត្រដែលបានចែកឋាន។
- ប្រាសាទកោះកេរ្ត៍ (ឆកគគីរ)៖ ក្នុងរជ្ជកាល ជ័យវរ្ម័នទី៤ (៩២៨-៩៤១) ពិធីថ្វាយគ្រឿងបូជាដល់ព្រលឹងដូនតាត្រូវបានធ្វើឡើងយ៉ាងធំធេងនៅលើកំពូលប្រាសាទប្រាង្គ ៧ជាន់ (ប្រាសាទធំ) ដើម្បីតភ្ជាប់រវាង «ឋានមនុស្ស ឋាននរក និងឋានសួគ៌»។
- ប្រាសាទព្រះខ័ន (ធរណីន្ទ្រវរ្ម័ន)៖ សាងសង់ដោយ ជ័យវរ្ម័នទី៧ (១១៨១-១១៨៦) ជា «មាតិបូជា និងបិតុបូជាដ្ឋាន» ដែលមានតម្កល់រូបបដិមាតំណាងឱ្យព្រះបិតា (ជយវរ្មេស្វរ) និងព្រះមាតា។ ទីនេះជាមជ្ឈមណ្ឌលនៃការធ្វើពិធីបង្សុកូល និងការសូត្រធម៌ឧទ្ទិសកុសលជាតិដ៏ធំបំផុតក្នុងសម័យអង្គរ។
២. សិល្បៈនៃការ «បោះបាយបិណ្ឌ» និង «ការបង្សុកូល»
- ការបោះបាយបិណ្ឌ (សិល្បៈប្រព្រឹត្តិកម្មអរូបី)៖ ការយកបាយបិណ្ឌពូនជា ៥ដុំ (តំណាងឱ្យព្រះពុទ្ធ ៥ ព្រះអង្គ ឬធាតុទាំង៥) ទៅបោះនៅជុំវិញព្រះវិហារនៅវេលាម៉ោង ៤ព្រឹក គឺជាការច្របាច់បញ្ចូលគ្នារវាង «ពុទ្ធសាសនាថេរវាទ» និង «ជំនឿអ្នកតា/ប្រព្រឹត្តិកម្មអរូបីខ្មែរបុរាណ»។ ខ្មែរបុរាណជឿថា ប្រេតខ្លះដែលមានកម្មក្រាស់ មិនអាចទទួលចង្ហាន់តាមរយៈព្រះសង្ឃបានឡើយ លុះត្រាតែបោះអាហារឱ្យចំដីនៅវេលាងងឹតដែលគ្មានពន្លឺព្រះអាទិត្យ។
- ការបង្សុកូល (ពិធីកាត់ផ្តាច់ និងតភ្ជាប់)៖ ដើមឡើយជាការយកសំពត់ប្រឡាក់ពិលាកមកពិចារណាធម៌ «សង្ខារមិនទៀង»។ ប៉ុន្តែក្នុងបរិបទប្រវត្តិសាស្ត្រខ្មែរ ការបង្សុកូលត្រូវបានប្រែក្លាយជា «កិច្ចសន្យាផ្លូវចិត្ត» រវាងអ្នករស់នៅ និងអ្នកចែកឋាន ដើម្បីតភ្ជាប់ខ្សែស្រឡាយអរិយធម៌មិនឱ្យដាច់ពូជ។
សារអប់រំ និងតម្លៃស្នូលនៃបុណ្យភ្ជំបិណ្ឌគឺ សាមគ្គីភាព អនាម័យ សន្តិសុខស្បៀង និងសន្តិភាព។ ពីពិធីសាសនា និងយុទ្ធសាស្ត្រការពារជាតិ បុណ្យភ្ជំបិណ្ឌបានបង្កប់នូវសារអប់រំដ៏ជ្រាលជ្រៅសម្រាប់សង្គមខ្មែរគ្រប់យុគសម័យ។
- ស្មារតីសាមគ្គីភាព៖ ពិធីបុណ្យនេះជាកញ្ចក់ឆ្លុះបញ្ចាំងពីការរួមរស់ជាមួយគ្នារបស់កូនខ្មែរគ្រប់ទិសទី។ ការរួមបេះដូងគ្នារៀបចំចង្ហាន់ ធ្វើនំអន្សម និងការប្រមូលផ្តុំគ្នានៅវត្តអារាម គឺជាស្ពានតភ្ជាប់ភាពស្និទ្ធស្នាលរវាងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូលឱ្យរួមឌាំងជាកម្លាំងតែមួយ។
- ការប្រតិបត្តិអនាម័យ និងសុខមាលភាព៖ ទំនៀមទម្លាប់នៃការរៀបចំចង្ហាន់ប្រគេនព្រះសង្ឃ និងការធ្វើដុំបាយបិណ្ឌ តម្រូវឱ្យមានការរៀបចំសម្អាតកាយ វាចា ចិត្ត ព្រមទាំងការធ្វើអនាម័យអាហារ និងទីសក្ការបូជាយ៉ាងម៉ត់ចត់។ ការថែរក្សាភាពស្អាតបាតក្នុងសហគមន៍អំឡុងរដូវវស្សា គឺជាវិធានការទប់ស្កាត់ជំងឺដង្កាត់ផ្សេងៗដ៏មានប្រសិទ្ធភាព។
- សន្តិសុខស្បៀង និងការរក្សាទុកបានយូរ៖ ស្មារតីនៃការបង្កើត «ស្បៀងយុទ្ធសាស្ត្រ» អំឡុងពិធីភ្ជំបិណ្ឌ បង្ហាញពីប្រជ្ញាញាណខ្មែរបុរាណក្នុងការកែច្នៃ និងរក្សាទុកអាហារស្ងួតដែលអាចរក្សាទុកបានយូររហូតដល់លើសពី ៦ខែ (ដូចជាការធ្វើប្រហុក ត្រីងៀត ត្រីឆ្អើរ និងការរក្សាគ្រាប់ធញ្ញជាតិ)។ បច្ចេកទេសនេះមិនត្រឹមតែជាដំណោះស្រាយចំពោះការខ្វះខាតអាហារក្នុងរដូវវស្សាប៉ុណ្ណោះទេ ប៉ុន្តែជាមាសប្រាក់ និងជាទ្រព្យសន្តិសុខស្បៀងដ៏រឹងមាំរបស់ជាតិ។
- ការស្រឡាញ់ និងការកសាងសន្តិភាព៖ បុណ្យភ្ជំបិណ្ឌគឺជាសារតាំងនៃការអត់ឱន ការអភ័យទោស និងការផ្សាយមេត្តាធម៌ដល់សត្វលោកទាំងឡាយ (រួមទាំងប្រេត និងសត្រូវ)។ ការរំលឹកពីទុក្ខវេទនានៃសង្គ្រាមនាអតីតកាល បង្រៀនឱ្យកូនខ្មែរស្គាល់តម្លៃដ៏មហាសាលនៃ«សន្តិភាព» ហើយរួមគ្នារក្សាសន្តិភាពជាតិ និងសន្តិភាពផ្លូវចិត្តឱ្យស្ថិតស្ថេរចិរដាល។
ជារួមសម្រាប់ការយល់ឃើញរបស់លោកបណ្ឌិត ញិល រដ្ឋា រជ្ជកាលព្រះបាទអង្គឌួង មិនមែនជា «យុគសម័យចម្លងតាមសៀម» ដូចដែលអ្នកប្រវត្តិសាស្ត្របរទេសខ្លះយល់ច្រឡំនោះទេ។ វាគឺជា «យុទ្ធសាស្ត្រសេះឈើ (Trojan Horse)»។ ព្រះអង្គបានយកឧបករណ៍សាសនា និងអក្សរសាស្ត្រដែលទ្រង់បានរៀនពីសៀម មកកែច្នៃធ្វើជា «អាវក្រោះវប្បធម៌ខ្មែរ» ដោយទ្រង់បានកសាងអក្សរសាស្ត្រជាតិ កែសម្រួលប្រពៃណីភ្ជំបិណ្ឌឱ្យមានអត្តសញ្ញាណផ្ទាល់ខ្លួន។ កសាងកំពង់ផែក្រុងកំពត (១៨៥៣) ដើម្បីបើកផ្លូវពាណិជ្ជកម្មផ្ទាល់ជាមួយបរទេស ដោយមិនឆ្លងកាត់សៀម ឬយួន។ ទ្រង់បានផ្ញើរាជសារសម្ងាត់ទៅ អធិរាជ Napoleon III នៃបារាំង (១៨៥៣-១៨៥៦) ដើម្បីទាមទារអធិបតេយ្យភាព និងបញ្ជាក់ពីអធិបតេយ្យភាពខ្មែរតាមរយៈអត្តសញ្ញាណខ្លួន។
ព្រះបាទអង្គឌួងបានបង្ហាញថា «នៅពេលដែលកាំភ្លើងដាវសឹកមិនអាចវាយឈ្នះសត្រូវ មានតែចិត្តសាស្ត្រ និងការថែរក្សាដួងព្រលឹងវប្បធម៌ គឺជាសមរភូមិចុងក្រោយដែលរក្សាជាតិឱ្យនៅរស់»៕








