វិភាគអន្តរជាតិ៖ តើមូលដ្ឋានទ័ពរបស់ចិននៅក្នុងប្រទេសឡាវ មានន័យយ៉ាងណាចំពោះតំបន់?
08-10-2026 20:38
(បែរឡាំង)៖ ចិនទើបតែបានបើកសម្ពោធមូលដ្ឋានទ័ពថ្មីមួយសម្រាប់ការបណ្ដុះបណ្ដាល និងគាំទ្រឡូហ្ស៉ីស្ទីគនៅក្នុងប្រទេសឡាវ ដែលនេះជាការពង្រីកវត្តមានយោធាមួយរបស់ទីក្រុងប៉េកាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងដែលមានលទ្ធភាពអាចផ្ដល់ឱ្យកងទ័ពអាកាសចិននូវមូលដ្ឋាន ទ័ពអចិន្រ្តៃយ៍ដំបូងបំផុតមួយនៅក្រៅប្រទេសនៅពេលអនាគត។ មជ្ឈមណ្ឌល China-Laos Joint Support and Training Center នៅឯអាកាសយានដ្ឋាន Ban Keun Airport ស្ថិតនៅភាគខាងជើងរដ្ឋធានីវៀងចន្ទន៍បានចាប់ផ្ដើមធ្វើប្រតិបត្តិការជាផ្លូវការកាលពីចុងខែកញ្ញាកន្លងទៅ រួមជាមួយបណ្ឌិតសភាអាកាសចរណ៍មិត្តភាព ចិន-ឡាវ។ ប៉េកាំងបាននិយាយថាមជ្ឈមណ្ឌលនេះនឹងត្រូវបានប្រើជាចម្បងដើម្បីជួយបណ្ដុះបណ្ដាលពីឡុតកងទ័ពអាកាសឡាវ ហើយនឹងត្រូវបានធ្វើការថែទាំក៏ដូចជាធ្វើប្រតិបត្តិការរួមគ្នាដោយប្រទេសទាំង២។
ចិនបានបើកមូលដ្ឋានទ័ពនៅក្រៅប្រទេសដំបូងបំផុតនៅក្នុងប្រទេសជីបូទី នៃតំបន់ស្នែងអាហ្វ្រិកកាលពីឆ្នាំ២០១៧។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយជាសាធារណៈ ក្រសួងការពារជាតិចិនបានបញ្ជាក់ថា «មូលដ្ឋានទ័ព និងបណ្ឌិសភាអាកាសចរណ៍មិត្តភាពចិន-ឡាវ មិនមានគោលដៅលើប្រទេសទី៣ណាមួយនោះទេ ហើយមានគោលដៅជួយពង្រឹងបន្ថែមជាក់ស្ដែងនូវកិច្ចសហប្រតិបត្តិការរវាងយោធានៃប្រទេសទាំង២ ក៏ដូចជាចូលរួមចំណែកដល់ការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់»។
* តើ Ban Keun អាចនឹងក្លាយជាមូលដ្ឋានទ័ពអចិន្ត្រៃយ៍មួយរបស់ចិន?
លោក Hunter Marston ជានាយកកម្មវិធីអាស៊ីអាគ្នេយ៍មកពីវិទ្យាស្ថាន Lowy Institute ក្នុងប្រទេសអូស្ត្រាលីបានប្រាប់ទូរទស្សន៍អាល្លឺម៉ង់ DW ថាហេដ្ឋារចនាសម្ព័ន្ធនៃមូលដ្ឋានទ័ពអាកាសនៅឯអាកាសយានដ្ឋាន Ban Keun Airport ផ្ដល់ឱ្យចិននូវជម្រើសនៃការពង្រីកការប្រើប្រាស់យោធារបស់ខ្លួននៅពេលអនាគត។ «ការផ្ដោតប្រហែលអាចជាការចូលរួមក្នុងការបណ្ដុះបណ្ដាល ប៉ុន្តែវាមានលទ្ធភាពអាចទៅរួចថាមូលដ្ឋានទ័ពនេះអាចនឹងក្លាយជាមូលដ្ឋានទ័ពអចិន្ត្រៃយ៍មួយ។ ម្យ៉ាងវិញទៀត ប្រសិនបើចិនជ្រើសរើសប្រើមូលដ្ឋានទ័ពនេះជាមូលដ្ឋានទ័ពអចិន្ត្រៃយ៍ នោះប៉េកាំងមានឥទ្ធិពលនយោបាយគ្រប់គ្រាន់លើទីក្រុងវៀងចន្ទន៍ដើម្បីទាមទារសិទ្ធិប្រើប្រាស់ផ្ដាច់មុខនៅពេលអនាគត»។ នេះជាការបន្ថែមរបស់លោក Hunter Marston។
ឡាវបានពឹងផ្អែកយ៉ាងខ្លាំងលើការវិនិយោគ និងហិរញ្ញវត្ថុពីចិនអស់រយៈពេលជាង ២ទសវត្សរ៍មកហើយ។ ក្រុមអ្នករិះគន់តែងតែចោទប្រកាន់ ប៉េកាំងនូវអ្វីដែលពួកគេហៅថាអន្ទាក់បំណុល។ តែចិនជារឿយៗតែងតែច្រានចោលការចោទប្រកាន់បែបនេះ។ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានវាយតម្លៃថាបំណុលសាធារណៈរបស់ឡាវមានរហូតដល់ជាង ៨១ភាគរយនៃផលិតផលក្នុងស្រុកសរុប ឬ GDP ហើយមានចិនជាម្ចាស់បំណុលធំបំផុត។ ក្នុងឆ្នាំ២០២០ ក្រុមហ៊ុន China Southern Power Grid គ្រប់គ្រងដោយរដ្ឋចិនត្រូវបានរាយការណ៍ទិញភាគហ៊ុន ៩០ភាគរយនៅក្នុងក្រុមហ៊ុន Electricite du Laos Transmission ដែលធ្វើប្រតិបត្តិការមួយផ្នែកធំនៃបណ្ដាញផ្គត់ផ្គង់អគ្គិសនីរបស់ ឡាវ។ បើតាមក្រុមអ្នកវិភាគ វត្តមានយោធាអចិន្រ្តៃយ៍របស់ចិនក្នុងប្រទេសឡាវ អាចនឹងក្លាយជាកត្តាមួយបង្កើនការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
សហរដ្ឋអាមេរិកមានមូលដ្ឋានទ័ពជាច្រើននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាមួយសិទ្ធិចូលប្រើប្រាស់មូលដ្ឋានទ័ពរបស់ប្រទេសជាសម្ព័ន្ធមិត្តដូចជាហ្វីលីពីន ជប៉ុន និងអូស្ត្រាលីជាដើម។ បើធៀបជាមួយនឹងមហាអំណាចលោកខាងលិចដទៃ ដូចជាសហរដ្ឋអាមេរិក ចិនមានមូលដ្ឋានទ័ពតិចតួចប៉ុណ្ណោះនៅក្រៅប្រទេស។ ប៉ុន្តែ មូលដ្ឋានទ័ពអាកាសក្នុងប្រទេសឡាវ អាចនឹងកាត់បន្ថយគុណវិបត្តិមួយនេះរបស់ចិនបន្តិចម្ដងៗតាមរយៈការផ្ដល់ឱ្យយោធាចិននូវទីតាំងបន្ថែមសម្រាប់ការបណ្ដុះបណ្ដាល ការថែទាំបរិក្ខារ និងការស្ដុកសម្ភារៈទុកសម្រាប់ប្រើនៅពេលចាំបាច់។
ក៏ប៉ុន្តែនេះជាការវិវត្តន៍ស្ថានការណ៍ដ៏គួរឱ្យព្រួយបារម្ភមួយសម្រាប់វៀតណាម។ នេះបើតាមលោក Euan Graham ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់មកពីវិទ្យាស្ថាន Australian Strategic Policy Institute ប្រាប់ទូរទស្សន៍ DW។ ទីក្រុងប៉េកាំង និងទីក្រុងហាណូយនៅតែបន្តរក្សាទំនាក់ទំនងជិតស្និទ្ធរវាងគណបក្សកុម្មុយនិស្តទាំង២ និងទំនាក់ទំនងសេដ្ឋកិច្ច។ ប្រទេសទាំង២ ក៏នៅតែជាគូប្រជែងនឹងគ្នាក្នុងតំបន់សមុទ្រចិនខាងត្បូងផងដែរជាទីដែលពួកគេកំពុងទាមទារអធិបតេយ្យគ្រប់គ្រងលើដែនទឹកមានជម្លោះ។ វៀតណាមបានសម្លឹងឃើញឡាវជាតំបន់ទ្រនាប់យុទ្ធសាស្ត្រមួយដ៏សំខាន់មួយរបស់ខ្លួន។ លោក Graham បានកត់សម្គាល់ថាវៀតណាមតែងតែចាត់ទុកតំបន់ឥណ្ឌូចិនជាដែនឥទ្ធិពលផ្ដាច់មុខរបស់ខ្លួន ដែលផ្ដល់ជាតំបន់ទ្រនាប់មួយសម្រាប់ទប់ទល់នឹងការឈ្លានពានពីខាងក្រៅ។ តែឥលូវ វៀតណាម ហាក់កំពុងព្រួយបារម្ភពីការឡោមព័ទ្ធជាយុទ្ធសាស្ត្រពីសំណាក់ចិន ហើយមូលដ្ឋានទ័ពអាកាសថ្មីក្នុងប្រទេសឡាវនឹងបង្កភាពស្មុគស្មាញដល់ផែនការយោធារបស់វៀតណាម។
តែទោះជាបែបនេះក្ដី អ្នកវិភាគផ្សេងទៀតបាននិយាយថាទីតាំងភូមិសាស្ត្របានធ្វើឱ្យអត្ថាប្រយោជន៍យោធានៃមូលដ្ឋានទ័ពអាកាសថ្មីនៅ Ban Keun មានដែនកំណត់។ លោក Collin Koh ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់ មកពីសាកលវិទ្យាល័យ Nanyang Technological University ក្នុងប្រទេសសិង្ហបុរី បានប្រាប់ DW ចិនអាចនឹងពង្រីកវត្តមានរបស់ខ្លួនបន្តិចម្ដងៗនៅឯមូលដ្ឋានទ័ពអាកាស Ban Keun។ តាមអ្នកវិភាគរូបនេះ ប៉េកាំងអាចដាក់ពង្រាយកងទ័ពបន្ថែម ជាពិសេសទីប្រឹក្សា និងគ្រូបង្គោល ព្រមទាំងអ្នកបណ្ដុះបណ្ដាលពីឡុត និងអាចដល់ដាក់ពង្រាយយន្ដហោះចម្បាំងស៊េរីទំនើប ព្រមទាំងអាចប្រើប្រាស់មូលដ្ឋានទ័ពនេះជាទីតាំងស្ដុកបរិក្ខារ និងសម្ភារៈផ្គត់ផ្គង់។ ក៏ប៉ុន្តែការបាចសាចអំណាចយោធារបស់កងទ័ពរំដោះប្រជាជនចិន PLA នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ អាចនឹងត្រូវបានរឹតត្បិតដោយសារតែឡាវជាប្រទេសដែលគ្មានព្រំដែនជាប់សមុទ្រ។
ផ្ទុយពីមូលដ្ឋានទ័ពរាម Ban Keun មិនអាចផ្ដល់ឱ្យចិននូវច្រកចេញទៅកាន់សមុទ្រនោះទេ។ តាមលោក Collin Koh ខណៈវៀតណាមនឹងតាមដានយ៉ាងយកចិត្តទុកដាក់លើមូលដ្ឋានទ័ពអាកាស Ban Keun ពាក់ព័ន្ធនឹងសក្ដានុពលនៃតួនាទីរបស់មូលដ្ឋានទ័ពនេះក្នុងជម្លោះណាមួយនៅសមុទ្រចិនខាងត្បូង ទីតាំងភូមិសាស្ត្រនៃមូលដ្ឋានទ័ពនេះដែរមិនអាចផ្ដល់ឱ្យចិននូវអត្ថាប្រយោជន៍មានប្រៀបលើសលុបសម្រាប់ការធ្វើប្រតិបត្តិការយោធានោះទេ។ លោក Simon Creak ជាសាស្ត្រាចារ្យរងម្នាក់មកពីវិទ្យាស្ថាន Singapore's National Institute of Education និងជាអ្នកប្រវត្តិសាស្រម្នាក់សិក្សាពីឡាវ បាននិយាយថាទីក្រុងវៀងចន្ទន៍បានប្រកាន់យកគោលនយោបាយមិនចូលបក្សសម្ព័ន្ធ និងបានដាក់បញ្ចូលគោលនយោបាយនេះជាគោលនយោបាយការបរទេសមកទល់បច្ចុប្បន្ន កាលពីឆ្នាំ១៩៨៦។
លោកបានកត់សម្គាល់ថាឡាវមិនធ្លាប់មានមូលដ្ឋានទ័ពបណ្ដុះបណ្ដាលរួមគ្នាស្រដៀងគ្នានេះកាលពីអតីតកាលឡើយ បើទោះជាតែងតែលើកសរសើរពីទំនាក់ទំនងនយោបាយ និងយោធាជិតស្និទ្ធជាមួយវៀតណាម ព្រមទាំងចិន និងរុស្ស៉ីក៏ដោយ។ លោកបន្តថានៅពេលមានការលើកឡើងពីមូលដ្ឋានទ័ពបរទេសក្នុងប្រទេសឡាវ គេតែងតែនឹងឃើញដល់មូលដ្ឋានរបស់ CIA អាមេរិកក្នុងសម័យសង្រ្គាមឥណ្ឌូចិន។ ក៏ប៉ុន្តែ លោកនៅតែជឿថាវាហាក់មិនទំនងនោះទេដែលឡាវនឹងកែប្រែគោលនយោបាយការបរទេសផ្លូវការរបស់ខ្លួន ឬបោះបង់ចោលកិច្ចប្រឹងប្រែងជាយូរណាស់ មកហើយរបស់ខ្លួនដើម្បីរក្សាតុល្យភាពទំនាក់ទំនងជាមួយវៀតណាម ថៃ និងចិន៕







