លោក ឃួង ស្រេង៖ កម្មករម្នាក់អាចចំនេញថវិកាយ៉ាងតិច ១៥ម៉ឺនរៀល ពេលធ្វើដំណើរទៅតាមបណ្តាខេត្តឆ្ងាយៗ ដោយប្រើសេវាជិះរថយន្តក្រុងរបស់រដ្ឋ ដោយឥតគិតថ្លៃ (Video inside)
09-10-2026 11:19
(ភ្នំពេញ)៖ ទោះបីថ្ងៃមេឃភ្លៀងរលឹមយ៉ាងខ្លាំងទទឹកជោកខ្លួនយ៉ាងណាក៏ដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកព្រលឹមស្រាងៗ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជូនដំណើរប្រជាពលរដ្ឋ កម្មករ កម្មការិនី ឡើងជិះរថយន្តក្រុងដោយមិនគិតថ្លៃ នៅទីលានប្រជាធិបតេយ្យ មុខឃ្លាំងសាំង ក្នុងខណ្ឌឬស្សីកែវ ខណៈដែលពួកគាត់ត្រូវចាកចេញពីភ្នំពេញ ទៅស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។
ពីមួយឆ្នាំទៅមួយឆ្នាំ ប្រជាពលរដ្ឋក៏ដូចជាបងប្អូនកម្មករកម្មការិនីរោងចក្រ ជិះរថយន្តក្រុងទៅលេងស្រុកកំណើតជួបជុំបងប្អូនក្នុងឱកាសបុណ្យជាតិធំៗ ដូចជាពិធីបុណ្យចូលឆ្នាំថ្មី និងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ជាដើមនេះ មានកំណើនកើនឡើងជាលំដាប់ ដោយសារតែបងប្អូនប្រជាពលរដ្ឋ មានជំនឿជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត ហើយម្យ៉ាងទៀត ការធ្វើដំណើរដោយរថយន្តក្រុងនេះ ពួកគាត់ទទួលបានសុវត្ថិភាពផងដែរ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា តាមការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានឲ្យរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រសួងការងារ ដើម្បីរៀបចំជូនដំណើរ ប្រជាពលរដ្ឋ កម្មករ កម្មការិនីធ្វើការនៅរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្តទាំង២៤ ដោយមិនគិតថ្លៃ តាមកាេប្រើប្រាស់សេវា រថយន្តសាធារណៈរាជធានីភ្នំពេញ ដើម្បីជួបជុំបងប្អូននៅរដូវ បុណ្យភ្ជុំបិណ្ឌនេះ។
ជារៀងរាល់ឆ្នាំ រដ្ឋបាលរាជធានីទទួលនូវការណែនាំ និងអនុសាសន៍ ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងការបម្រើប្រជាពលរដ្ឋ ក្នុងរដូវបុណ្យទាន។ បន្ទាប់មកទៀត នៅក្នុងនីតិកាលទី៧នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បន្តនូវប្រពៃណីនេះ តាមគោលការណ៍របស់សម្តេចតេជោ ដោយបានឲ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្ត ក្រុងចំនួន ៦០០គ្រឿង ដើម្បីជូនដំណើរពួកគាត់ ទៅបុណ្យភ្ជុំបិណ្ឌ តាមប្រពៃណីជាតិ នៅតាមបណ្តាខេត្ត។
ប៉ុន្តែឆ្នាំនេះចម្លែក ដោយឃើញបងប្អូនពលករ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលមកធ្វើកិច្ចការងារប្រកបមុខរបរ អាជីវកម្ម នៅរាជធានីភ្នំពេញ បានធ្វើដំណើរទៅខេត្តទាំង២៤នេះ មានចំនួនច្រើនជាងមុន ដោយសារគាត់បានឃើញអំពីអត្ថប្រយោជន៍ ដែលសម្តេចធិបតីបានផ្តល់ជូនគាត់ ក៏ដូចជាអ្នកបម្រើសេវាដឹកជញ្ជូន មានកាយវិការទន់ភ្លន់ រួសរាយរាក់ទាក់ ភាសាផ្អែមល្ហែម ក្នុងនាមជាជាតិតែមួយ ក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ ក្រោមការដឹកនាំរបស់សម្តេចធិបតី។ ភាពជិតស្និទ្ធនេះបានធ្វើឲ្យគាត់ងាកមកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈរបស់រថយន្តក្រុង ដោយមិនគិតតថ្លៃនេះថែមទៀត។ គាត់អាចសន្សំថវិកា បានម្នាក់យ៉ាងហោចណាស់ ១៥ម៉ឺនរៀល ក្នុងពេលទៅ និងពេលត្រឡប់មកវិញ ១៥ទៀត។ ដូច្នេះហើយទើបពួកគាត់ងាកមកប្រើប្រាស់សេវានេះច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
លោក ឃួង ស្រេង បន្តថា កម្មករម្នាក់ យ៉ាងតិចត្រូវចំណាយ ១៥ម៉ឺនរៀល ធ្វើដំណើរទៅតាមបណ្តាខេត្តឆ្ងាយៗ ហើយជារៀងរាល់ឆ្នាំ ពលរដ្ឋបានមកទទួលសេវាជិះរថយន្តក្រុងនេះជាង១០ម៉ឺននាក់ ដែលអាចកាត់បន្ថយការចំណាយប្រជាពលរដ្ឋបានច្រើន។ នេះជាគោលការណ៍ដ៏ឈ្លាសវៃរបស់សម្តេចធិបតី បន្តវេនពីសម្តេចតេជោ ហ៊ុន សែន។
លោក ឃួង ស្រេងបន្តថា តាមអនុសាសន៍ណែនាំរបស់សម្តេចធិបតីថា ទោះបីជាអត់ទាន់ដល់ពេលបើកប្រាក់ខែក៏ដោយ ប៉ុន្តែក្រសួងបានណែនាំទៅដល់ម្ចាស់រោងចក្រឱ្យបើកប្រាក់ខែ ដែលជាក់ស្តែង កាលពីម្សិលមិញ ឃើញថា បានបើកប្រាក់ខែជូនហើយ មុនត្រឡប់ទៅផ្ទះជាមួយនឹងរថយន្ត ដែលមិនគិតថ្លៃហើយមានប្រាក់ហោប៉ៅ សម្រាប់ទៅធ្វើបុណ្យធ្វើទានផងដែរ នេះជាការរួមចំណែក មួយដើម្បីធ្វើម៉េច ឲ្យពិធីបុណ្យភ្ជុំបិណ្ឌនេះ ជាពិធីដែលយើងជួបជុំគ្នា សប្បាយចិត្តទាំងអស់គ្នាបាន។
សូមបញ្ជាក់ដែរថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការធ្វើដំណើរ ទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ៕














