ក្រសួងព័ត៌មាន អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ចូលរួមពង្រឹងលំហព័ត៌មានប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់
09-10-2026 16:54
(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអង្គការសង្គមស៊ីវិល សមាគមសារព័ត៌មាន និងដៃគូអភិវឌ្ឍន៍នានាសូមចូលរួមបំពេញតួនាទីរបស់ខ្លួនដោយស្មោះត្រង់ និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថា ភាគីពាក់ព័ន្ធទាំងអស់គប្បីបង្កើនការអប់រំ និងបណ្តុះបណ្តាលលើកកម្ពស់ចំណេះដឹងផ្នែកច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈ និងការផ្ទៀងផ្ទាត់ព័ត៌មាន ដល់ប្រជាពលរដ្ឋ និងអ្នកបង្កើតមាតិកាព័ត៌មាន។ សូមជៀសវាងដាច់ខាតនូវការបណ្តុះបណ្តាល ឬការជំរុញទាញយកប្រជាពលរដ្ឋឱ្យធ្លាក់ទៅក្នុងរូបភាពជា «ឧបករណ៍នយោបាយ» ឬការបង្កើតទម្លាប់រាយការណ៍ព័ត៌មានបែបញុះញង់ បំភ្លៃតថភាព ឬបង្កវិវាទឬវិបត្តិដែលការបណ្តុះបណ្តាល ឬការទាក់ទាញពលរដ្ឋបែបនេះអាចនាំឱ្យពលរដ្ឋប្រឈមមុខនឹងហានិភ័យផ្លូវច្បាប់។ ផ្ទុយទៅវិញ ការចូលរួមរបស់អង្គការ សមាគម ក្នុងការកសាងសមត្ថភាពប្រកបដោយស្មារតីទទួលខុសត្រូវ សីលធម៌ និងវិជ្ជាជីវៈខ្ពស់ គឺជាគន្លឹះតែមួយគត់ក្នុងការការពារពលរដ្ឋ និងពង្រឹងលំហព័ត៌មានប្រកបដោយសណ្តាប់ធ្នាប់ខ្ពស់ មានសុវត្ថិភាព និងបរិយាបន្ននៅកម្ពុជា។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្តថា ករណីអ្នកសារព័ត៌មានពលរដ្ឋប្រឈមការគំរាមកំហែង ឬការរំលោភបំពាន ដោយសារការរាយការណ៍អំពីបញ្ហាសាធារណៈ តើមានយន្តការណាមួយ ដើម្បីជួយឱ្យពួកគេទទួលបានការការពារ ឬការណែនាំផ្នែកច្បាប់ដែរ ឬទេ? ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងកាតព្វកិច្ចដូចគ្នាទាំងអស់។
សូមបញ្ជាក់ថា គ្មានបុគ្គលណាម្នាក់ត្រូវ បានចោទប្រកាន់ ឬប្រឈមមុខតាមផ្លូវច្បាប់ ដោយសារការរាយការណ៍ព័ត៌មានត្រឹមត្រូវ ឬការបញ្ចេញមតិដោយក្រមសីលធម៌ និងគោរពវិធានច្បាប់កំណត់ឡើយ។ ប៉ុន្តែ ការអនុវត្តដោយល្មើសច្បាប់ ឬបំពានក្រមសីលធម៌ នាំឱ្យប៉ះពាល់ដល់សន្តិសុខជាតិ (ដូចការហាមប្រាមដោយច្បាប់ស្រាប់) បង្កការញុះញង់ បង្កចលាចល ឬការរំលោភលើសិទ្ធិបុគ្គលដទៃ បុគ្គលនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ដោយមិនអាចយកស្លាកអ្នកសារព័ត៌មាន ឬ ពលរដ្ឋសារព័ត៌មាន ធ្វើជាលេសការពារទង្វើល្មើសច្បាប់នោះបានឡើយ។
ក្នុងករណីពួកគេជួបប្រទះបញ្ហា ក្រសួងព័ត៌មាន មានយន្តការសម្របសម្រួលកោះអញ្ជើញអ្នកបង្កើតមាតិកា ក៏ដូចជាពលរដ្ឋដែលជាអ្នករាយការណ៍ព័ត៌មាន (Citizen Journalists) ឱ្យមកទទួលការតម្រង់ទិសអំពីក្រមសីលធម៌ពាក់ព័ន្ធនឹងការផ្សព្វផ្សាយ ឬការរាយការណ៍ព័ត៌មានឱ្យត្រឹមត្រូវ និងសង្គតិភាពនឹងនិយាមប្រតិបត្តិ និងរបៀបរបបនៃការរាយការណ៍ និងផ្សាយលើបណ្តាញសង្គម។ ក្រសួងផ្តល់ឱកាសយ៉ាងទូលំទូលាយដល់ពួកគាត់ ក្នុងការទទួលបានការបណ្តុះបណ្តាលអប់រំអំពីច្បាប់ វិធានគតិយុត្ត ព្រមទាំងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដើម្បីឱ្យពួកគាត់មានយល់ដឹងច្បាស់លាស់អំពីសិទ្ធិ កាតព្វកិច្ច ព្រំដែននៃច្បាប់ និងការអនុវត្តវិជ្ជាជីវៈប្រកបដោយការទទួលខុសត្រូវ និងសុវត្ថិភាព។
ក្រសួងព័ត៌មាន សូមរំលឹកជូនជាថ្មីថា អ្នកសារព័ត៌មានដែលបានចុះបញ្ជីត្រឹមត្រូវ មានប័ណ្ណសារព័ត៌មានផ្លូវការដែលមានសុពលភាព និងបំពេញការងារដោយគោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក្នុងករណីជួបបញ្ហាក្នុងពេលបំពេញការងារ អាចស្នើសុំមកក្រសួងព័ត៌មាន ដើម្បីទទួលបាននូវ៖ ១) ការការពារផ្នែកច្បាប់ និងជំនួយផ្នែកច្បាប់ ដើម្បីការពារសិទ្ធិ និងកិត្យានុភាពក្នុងការបំពេញបេសកកម្មវិជ្ជាជីវៈស្របច្បាប់។ ២) ការគាំពារផ្នែកសង្គម ការគាំទ្រនិងអត្ថប្រយោជន៍តាមយន្តការគាំពារសង្គមរបស់រាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន។ ៣) ការផ្តល់អន្តរាគមន៍ផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ ដោយក្រសួងមានយន្តការផ្សះផ្សា និងដោះស្រាយវិវាទផ្នែកសារព័ត៌មានក្រៅប្រព័ន្ធតុលាការ ដើម្បីជួយសម្រុះសម្រួលវិវាទរវាងអ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធ ស្របតាមស្មារតីនៃច្បាប់ស្តីពីរបបសារព័ត៌មាន ដោយអាចបញ្ចៀសការប្តឹងផ្តល់ទៅតុលាការ ឬការប្រឈមផ្លូវច្បាប់ធ្ងន់ធ្ងរ។
លោកសូមលើកទឹកចិត្តអ្នកដែលមានឧបនិស្ស័យ និងចំណូលចិត្តខាងសារព័ត៌មាន ឱ្យចូលរួមទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ កសាងសមត្ថភាព យល់ដឹងអំពីច្បាប់ និងក្រមសីលធម៌ឱ្យបានត្រឹមត្រូវ ព្រមទាំងពិចារណាចុះបញ្ជី ឬបង្កើតអង្គភាពសារព័ត៌មានស្របច្បាប់ ដើម្បីប្រែក្លាយចំណូលចិត្ត និងការចូលរួមនេះ ឱ្យទៅជាអ្នកសារព័ត៌មានអាជីពពិតប្រាកដត្រឹមត្រូវ ហើយឈប់ប្រើឈ្មោះសារព័ត៌មាន ឬពលរដ្ឋសារព័ត៌មានគ្រាន់ជាលេសទៀតទៅ ដោយវិលមកប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវ តុល្យភាព និងគ្មានរបៀបវារៈលាក់កំបាំង។
ត្រង់ចំណុចនេះ ត្រូវបានអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ការរកឃើញរបស់ CCIM ដែលថាអ្នកសារព័ត៌មានពលរដ្ឋកំពុងជួយបំពេញចន្លោះព័ត៌មាននៅតាមសហគមន៍ ប៉ុន្តែពួកគេនៅតែប្រឈមហានិភ័យ និងខ្វះការការពារ។ ជាដំបូងយើងត្រូវបែងចែកឱ្យច្បាស់រវាងអ្នកសារព័ត៌មានអាជីព និងអ្នកមិនមែនអាជីព រីឯពលរដ្ឋដែលផ្តល់ព័ត៌មានពីមូលដ្ឋាន គឺជាការចូលរួមរាយការណ៍ ឬការអនុវត្តសិទ្ធិបញ្ចេញមតិ សម្រាប់ជាការរួមចំណែកក្នុងការជួយឱ្យអាជ្ញាធរឆ្លើយតប និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ឬដោះស្រាយបញ្ហាពាក់ព័ន្ធនឹងវិស័យណាមួយ ដើម្បីធ្វើឱ្យវិស័យនោះកាន់តែប្រសើរឡើង មានប្រសិទ្ធភាព គាំទ្រដល់ការរស់នៅប្រចាំថ្ងៃ និងការអភិវឌ្ឍ។
លោកបានបញ្ជាក់ថា ប៉ុន្តែការធ្វើសកម្មភាពទាំងនេះត្រូវដើរទន្ទឹមគ្នានឹងការទទួលខុសត្រូវ ស្ថិតក្រោមព្រំដែននៃច្បាប់ និងប្រកាន់ខ្ជាប់ការផ្ទៀងផ្ទាត់ជានិច្ច ដើម្បីធានាសុក្រឹតភាព ចៀសវាងការផ្តល់ ឬផ្សាយព័ត៌មានមិនពិត ឬព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ដែលអាចបង្កជាការយល់ច្រឡំ ឬចលាចលក្នុងសង្គម។ ហើយការរាយការណ៍ក្នុងនាមជាពលរដ្ឋនោះទៀតសោត មិនជំនួសកិច្ចការរបស់អ្នកសារព័ត៌មានអាជីពឡើយ។ ពលរដ្ឋដែលរាយការណ៍ព័ត៌មានពីមូលដ្ឋាន អាចជួយបំពេញបន្ថែមតាមរយៈការធ្វើជាប្រភពព័ត៌មាន មួយសម្រាប់អ្នកកាសែតអាជីពចុះទៅសម្ភាសន៍ ផ្ទៀងផ្ទាត់ និងប្រមូលព័ត៌មានបន្ថែម។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្ថែមថា រីឯសារព័ត៌មានអាជីព ដែលប្រតិបត្តិត្រឹមត្រូវតាមវិជ្ជាជីវៈ ក្រមសីលធម៌ និងច្បាប់ គឺនៅតែជា «ប្រភពព័ត៌មានដែលសាធារណជន និងសង្គមអាចជឿទុកចិត្តបាន» សម្រាប់យកទៅពិចារណា ឬជាផ្នែកមួយក្នុងការសម្រេចចិត្ត។ ដូច្នេះ សូមកុំឱ្យមានការលាយឡំគ្នារវាងពលរដ្ឋរាយការណ៍ព័ត៌មាន និងតួនាទីរបស់អ្នកសារព័ត៌មានអាជីព ដែលជាអ្នកមានកម្រិតសិក្សាវិជ្ជាជីវៈ បទពិសោធន៍ និងការប្រកបការងារសារព័ត៌មានជាអាជីព ដោយគោរពក្រមសីលធម៌ វិន័យបទដ្ឋានវិជា្ជជីវៈសារព័ត៌មានច្បាស់លាស់៕




