អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
12-10-2026 12:45
(ភ្នំពេញ)៖ បញ្ហាព្រំដែនមិនមែនជារឿងដែលអាចនិយាយឱ្យរួចពីមាត់ ឬចោទប្រកាន់តាមការសន្និដ្ឋានដោយគ្មានភស្តុតាងគ្រប់គ្រាន់និងច្បាស់លាស់នោះឡើយ។ នេះជាបញ្ហាអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍ជាតិ ដែលទាមទារឱ្យមានការទទួលខុសត្រូវខ្ពស់បំផុតពីអ្នកនយោបាយ មន្ត្រីជំនាញ អ្នកវិភាគ និងគ្រប់បុគ្គលដែលចូលរួមបញ្ចេញមតិ។ មិនមែនចេះតែមានមាត់ និងមធ្យោបាយផ្សាយ គិតតែពីការចោទប្រកាន់ដោយគ្មានភស្តុតាងឡើយ។
ការឆ្លើយឆ្លងរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង អ៊ុំ សំអាន អតីតទណ្ឌិតធ្លាប់ជាប់គុកដោយសារតែរឿងបំភ្លៃពីបញ្ហាព្រំដែនរបស់ក្រុមប្រឆាំង ពាក់ព័ន្ធនឹងបង្គោលព្រំដែនលេខ៥២-៥៩ បានធ្វើឱ្យសំណួរដ៏សំខាន់មួយត្រូវបានចោទសួរឡើងចំពោះមុខសាធារណជន «តើការអះអាងអំពីការបាត់បង់ទឹកដីមានភស្តុតាងអ្វីខ្លះ ហើយតើភស្តុតាងទាំងនោះអាចឆ្លងកាត់ការផ្ទៀងផ្ទាត់បច្ចេកទេស និងផ្លូវច្បាប់បានដែរឬទេ?»។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៃរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញ ខណៈអ៊ុំ សំអាន និងក្រុមប្រឆាំងរបស់ខ្លួនមិនទាន់បង្ហាញពីគោលជំហរពិតប្រាកដ ឬក៏គ្មានភស្តុតាង និងឯកសារគ្រប់គ្រាន់ក្នុងការតតាំងការពិត?
អ៊ុំ សំអាន បានលើកការអះអាងរបស់ខ្លួនថា ការបោះបង្គោលព្រំដែនបណ្តោះអាសន្នមួយចំនួននៅចន្លោះបង្គោលលេខ៥២-៥៩ បានធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីទៅភាគីថៃ។ ការអះអាងបែបនេះមានជាការចោទប្រកាន់ដ៏ធ្ងន់ធ្ងរ ព្រោះវាមិនត្រឹមតែចោទសួរអំពីភាពត្រឹមត្រូវនៃការងារបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពាក់ព័ន្ធដល់ការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល និងមន្ត្រីដែលបំពេញការងារកំណត់ព្រំដែនផងដែរចំពោះមុខជាតិនិងប្រជាជនផងដែរ។
ការរិះគន់រាជរដ្ឋាភិបាលជាសិទ្ធិដែលអាចអនុវត្តបានក្នុងក្របខណ្ឌច្បាប់។ ប៉ុន្តែសិទ្ធិរិះគន់មិនអាចជំនួសកាតព្វកិច្ចបង្ហាញភស្តុតាងបានឡើយ។ ជាពិសេស នៅពេលការរិះគន់នោះមានខ្លឹមសារចោទថា ប្រទេសមួយបានបាត់បង់ទឹកដី ឬថាមានការប្រគល់ទឹកដីទៅឱ្យប្រទេសជិតខាងដើម្បីដូរយកសន្តិភាព និងរក្សាអំណាចដែលជាការចោទប្រកាន់ធ្ងន់ធ្ងរបំផុតមួយដែលទាមទារឱ្យមានការ ប្រុងប្រយ័ត្នបំផុត។
នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញ អ៊ុំ សំអាន និងក្រុមការងាររបស់លោកឱ្យនាំយកផែនទី ឯកសារ និងភស្តុតាងពាក់ព័ន្ធមកពិភាក្សាផ្ទាល់ជាមួយក្រុមអ្នកជំនាញនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅក្នុងប្រទេសកម្ពុជា។ ការអញ្ជើញនេះត្រូវបានភ្ជាប់ជាមួយការធានាសុវត្ថិភាព ការសម្របសម្រួលការធ្វើដំណើរ និងការបើកឱកាសឱ្យមានអ្នកសារព័ត៌មាន តំណាងគណបក្សនយោបាយ អង្គការសង្គមស៊ីវិល បញ្ញវន្ត និងប្រជាពលរដ្ឋចូលរួមសង្កេតការណ៍តាមលក្ខខណ្ឌសមស្រប។
នៅថ្ងៃទី១១ ខែតុលា សម្តេចធិបតីបានបញ្ជាក់ជាថ្មីអំពីការធានាសុវត្ថិភាព និងលើកឡើងពីលទ្ធភាពឱ្យស្ថានទូតបរទេស ឬអង្គការសង្គមស៊ីវិលដែល អ៊ុំ សំអាន ទុកចិត្ត ចូលរួមតាមដានសុវត្ថិភាព។ សម្តេចក៏បានពន្យល់ថា ការពិភាក្សានៅកម្ពុជាអាចបើកលទ្ធភាពឱ្យមានការចុះផ្ទៀងផ្ទាត់ទីតាំងជាក់ស្តែង ប្រសិនបើការពិនិត្យឯកសារនៅលើតុមិនទាន់អាចបំភ្លឺបញ្ហាបានគ្រប់គ្រាន់។
ចំពោះមុខការអញ្ជើញនេះ អ៊ុំ សំអាន បានលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាព និងស្ថានភាពផ្លូវច្បាប់របស់ខ្លួន ព្រមទាំងបានស្នើលក្ខខណ្ឌមួយចំនួនមុនពេលសម្រេចចិត្តអំពីការវិលត្រឡប់មកកម្ពុជា ដែលនេះត្រូវបានសាធារណជន អ្នកវិភាគ និងតាមដានសង្គមថាគ្រាន់តែជាលេសដើម្បីទិញពេលវេលាប៉ុណ្ណោះ ហើយភាគច្រើនក៏បានព្យាករណ៍ថា អ៊ុំ សំអាន នឹងមិនហ៊ានចូលកម្ពុជាទេ ហើយបក្ខពួកខ្លួននឹងបង្កើតលេសរាប់មិនអស់ដើម្បីបង្វែរស្ថានភាពទ័លច្រករបស់ខ្លួន។
អ្វីដែលត្រូវផ្ទៀងផ្ទាត់ មិនមែនត្រឹមតែទីតាំងបង្គោលនោះទេ ប៉ុន្តែជាស្ថានភាពផ្លូវច្បាប់របស់បង្គោល និងមូលដ្ឋានដែលប្រើសម្រាប់កំណត់ខ្សែព្រំដែន។ ការសន្និដ្ឋានអំពីការបាត់បង់ទឹកដីត្រូវការការផ្ទៀងផ្ទាត់ផែនទី សន្ធិសញ្ញា កំណត់ហេតុបច្ចេកទេស ទិន្នន័យភូមិសាស្ត្រ និងនីតិវិធីកំណត់ព្រំដែនដែលអនុវត្តចំពោះទីតាំងជាក់លាក់នោះ។ បើអ៊ុំ សំអាន ពិតជាមានមូលដ្ឋានច្បាប់ និងឯកសារច្បាស់លាស់ព្រោះអួតអាងថាជាអ្នកជំនាញព្រំដែននោះ គួរតែហ៊ានស៊ីនិងហ៊ានសងចំពោះពាក្យសម្តីរបស់ខ្លួននិយាយ និងកុំព្យាយាមលាបពណ៌ខ្លួនឯងជាអ្នកស្រឡាញ់ជាតិ និងបង្រួមបង្រួមជាតិដោយប្រកាសថាខ្លួនមិនចង់ឈ្នះខ្មែរគ្នាឯងទេ គឺចង់ឈ្នះថៃ។ ឈ្នះថៃអី បើមួយថ្ងៃៗ អ៊ុំ សំអាន និងបក្ខពួកយកតែព័ត៌មានរូបភាពរបស់ថៃមកផ្សព្វផ្សាយដើម្បីបំភ្លៃការពិត ញុះញង់នោះ។
ដូច្នេះ ការអះអាងថាមានការបាត់បង់ទឹកដីមិនអាចត្រូវបានទទួលយកជាការពិតដោយសារតែ អ៊ុំ សំអាន ខំនិយាយតាមបណ្តាញសង្គមហ្វេសប៊ុក និងមានអ្នកចែករំលែកនោះទេ។ គោលការណ៍សំខាន់នៃការទទួលខុសត្រូវចំពោះសាធារណជន «អ្នកដែលលើកការអះអាងត្រូវបង្ហាញមូលដ្ឋាននៃការអះអាង ហើយអ្នកដែលបដិសេធត្រូវបង្ហាញមូលដ្ឋាននៃការបដិសេធ»។
ក្នុងន័យនេះ ការអញ្ជើញឱ្យ អ៊ុំ សំអាន ចូលរួមពិភាក្សាគឺជាឱកាសមួយដែលអាចនាំឱ្យមានការបំភ្លឺជាសាធារណៈ។ ទោះជាយ៉ាងណា តម្លៃពិតប្រាកដនៃឱកាសនេះមិនស្ថិតនៅលើការធ្វើឱ្យភាគីណាមួយអាម៉ាស់ ឬបង្ហាញថានរណាឈ្នះនរណាចាញ់នោះទេ។ តម្លៃរបស់វាស្ថិតនៅលើសមត្ថភាពបំភ្លឺការពិត និងកាត់បន្ថយការយល់ច្រឡំរបស់ប្រជាពលរដ្ឋ។ ដូច្នេះ អ៊ុំ សំអាន គួរតែមានភាពក្លាហានគ្រប់គ្រាន់ដើម្បីប្រឈមមុខនឹងពាក្យសម្តីរបស់ខ្លួនដែលបានសាបព្រោះ។
អ៊ុំ សំអាន អាចរក្សាជំហររិះគន់របស់ខ្លួនបាន។ ប៉ុន្តែការរក្សាជំហរមួយឱ្យមានភាពជឿជាក់ ទាមទារឱ្យមានការឆ្លើយតបចំពោះសំណួរបច្ចេកទេសជាក់លាក់ មិនមែនត្រឹមតែការបន្តការអះអាងដដែលៗឡើយ។ ការបង្ហាញការពិតតាមរយៈឯកសារ និងការផ្ទៀងផ្ទាត់បច្ចេកទេសនឹងមានប្រយោជន៍ចំពោះកម្ពុជាច្រើនជាងការបន្តជម្លោះពាក្យសម្តីរវាងអ្នកនយោបាយ។
ការការពារអធិបតេយ្យភាពជាតិមិនមែនជាភារកិច្ចផ្តាច់មុខរបស់អ្នកនយោបាយណាម្នាក់ឡើយ។ ប្រជាពលរដ្ឋមានសិទ្ធិសួរ អ្នកនយោបាយមានសិទ្ធិរិះគន់ ហើយស្ថាប័នរដ្ឋមានកាតព្វកិច្ចពន្យល់ក្នុងក្របខណ្ឌសមត្ថកិច្ច និងច្បាប់។ ប៉ុន្តែគ្រប់ភាគីត្រូវទទួលខុសត្រូវចំពោះភាពត្រឹមត្រូវនៃអ្វីដែលខ្លួនអះអាង។
ចំពោះ អ៊ុំ សំអាន សំណួរដែលនៅចំពោះមុខមិនមែនត្រឹមតែថាតើ អ៊ុំ សំអាន និងក្រុមការងារខ្លួននឹងហ៊ានមកកម្ពុជា ឬមិនមកនោះទេ។ សំណួរសំខាន់ជាងនេះគឺ៖ តើ អ៊ុំ សំអាន អាចបង្ហាញភស្តុតាងអ្វីខ្លះដែលអាចផ្ទៀងផ្ទាត់បាន ដើម្បីគាំទ្រការអះអាងរបស់ខ្លួនអំពីបង្គោលព្រំដែនលេខ៥២-៥៩? ឬមិនមានឯកសារក្នុងដៃនៅឡើយ?
ប្រសិនបើមានភស្តុតាង គួរបង្ហាញឱ្យមានការពិនិត្យដោយម៉ត់ចត់។ ប្រសិនបើមានចំណុចមិនច្បាស់ គួរបញ្ជាក់ថាមិនច្បាស់។ ហើយប្រសិនបើមានការបកស្រាយខុស ការកែតម្រូវដោយផ្អែកលើភស្តុតាងគឺជាការទទួលខុសត្រូវ មិនមែនជាការបាត់បង់កិត្តិយសឡើយ។ រឿងព្រំដែនត្រូវការការពិតដែលអាចផ្ទៀងផ្ទាត់បាន និងការទទួលខុសត្រូវចំពោះជាតិ មិនមែនគ្រាន់តែឮគេថា និងខ្លួនឯងយល់តាមគំនិតខ្លួន យកមកបរិយាយបំភ្លៃការពិត បំពុលសង្គមឡើយ។
អធិបតេយ្យភាពជាតិជារឿងធំ។ អ្នកដែលនិយាយអំពីវាក៏ត្រូវមានការទទួលខុសត្រូវធ្ងន់ធ្ងរដូចគ្នា។ ដូច្នេះ បើអ៊ុំ សំអាន មិនហ៊ានចូលមកតាមការអញ្ជើញរបស់សម្តេចធិបតី និងព្យាយាមរកលេសនេះរកលេសនោះ និងបង្វែរស្ថានការណ៍ នោះពលរដ្ឋខ្មែរបានដឹងច្បាស់ហើយថាអ្នកនយោបាយប្រឆាំងទាំងនេះបានត្រឹមប្រឆាំងផ្កាប់មុខ ល្ងង់ខ្លៅនិងចេះតែមួយមុខគត់គឺប្រឆាំងដើម្បីប្រឆាំង និងពេលខ្លះបម្រើឱ្យផលប្រយោជន៍បរទេសថែមទៀតផង។ ពួកគេគួរទុកឱ្យជាតិ និងប្រជាជនកម្ពុជាបានសុខ និងរួមជាមួយរដ្ឋាភិបាលការពារទឹកដី អធិតេយ្យភាពជាតិ មិនមែនបំផ្លាញជាតិ និងបម្រើមហិច្ឆតាបរទេសឡើយ ៕
ដោយចៅចាក់ស្មុក
ស្រុកកំចាយមារ, ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦




