កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
12-10-2026 20:05
(បាគូ, អាស៊ែបៃហ្សង់)៖ ក្នុងដំណើរអញ្ជើញបំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់ ដែលជាវេទិកាដ៏សំខាន់ផ្សព្វផ្សាយពីសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាលើកទឹកចិត្តអ្នកវិនិយោគរបស់អាស៊ែបៃហ្សង់ ចូលមកវិនិយោគនៅកម្ពុជា។
វេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់ ក្រោមកិច្ចសហការរវាងក្រសួងពាណិជ្ជកម្មកម្ពុជា ក្រសួងសេដ្ឋកិច្ចអាស៊ែបៃហ្សង់ ស្ថានទូតនៃប្រទេសទាំងពីរ និងសភាពាណិជ្ជកម្ម។ វេទិកាធុរកិច្ចនេះ មានការអញ្ជើញចូលរួមពីលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក មីខាអៀល ហ្សាប់ប៉ារ៉ូវ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាស៊ែបៃហ្សង់ ព្រមទាំងអ្នកធ្វើធុរកិច្ចកម្ពុជា និងអាស៊ែបៃហ្សង់ជាច្រើនរូបផ្សេងទៀត។
វេទិកាធុរកិច្ចនេះ ត្រូវបានគាំទ្រ និងជំរុញឱ្យរៀបចំឡើងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ ក្នុងការនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅអាស៊ែបៃហ្សង់ ក្នុងគោលដៅផ្គូផ្គងអ្នកធ្វើជំនួញនៅកម្ពុជា និងអាស៊ែបៃហ្សង់ ផ្សព្វផ្សាយសក្តានុពលនៃការវិនិយោគ ច្បាប់ពាក់ព័ន្ធការវិនិយោគ និងគោលនយោបាយលើកទឹកចិត្តនានាសម្រាប់ការវិនិយោគនៅកម្ពុជា ទៅកាន់អ្នកវិនិយោគអាស៊ែបៃហ្សង់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ក្នុងវេទិកានោះថា វេទិកានេះប្រព្រឹត្តទៅចំពេលដែលពិភពលោកកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដែលកំពុងរៀបចំឡើងវិញនូវខ្សែសង្វាក់ផ្គត់ផ្គង់ និងការសម្រេចចិត្តវិនិយោគ។ ក្នុងបរិបទនេះ កម្ពុជា និងអាស៊ែបៃហ្សង់ នៅតែប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការ និងទាញយកប្រយោជន៍ពីភាពខ្លាំងបំពេញគ្នាទៅវិញទៅមក ដោយទំនាក់ទំនងទ្វេភាគីកំពុងទទួលបានសន្ទុះក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការតភ្ជាប់ និងការផ្លាស់ប្តូរប្រជាជនទៅវិញទៅមក។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ បានគូសរំលេចពីប្រវត្តិទំនាក់ទំនងរវាងកម្ពុជា និងអាស៊ែបៃហ្សង់ ព្រមទាំងរំលឹកពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាដំណើរទស្សនកិច្ចបានដាក់ចេញមូលដ្ឋានគ្រឹះសម្រាប់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
សម្តេចនាយករដ្ឋមន្ត្រី បានគូសរំលេចថា ទោះបីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងអាស៊ែបៃហ្សង់ ស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយក្តី តែប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើន សម្រាប់ពង្រីកបន្ថែម។ ក្នុងន័យនេះ កម្ពុជា និងអាស៊ែបៃហ្សង់ គួរផ្តោតការយកចិត្តទុកដាក់លើការធ្វើពិពិធកម្មមុខទំនិញ និងសេវាកម្ម សម្រាប់ការធ្វើពាណិជ្ជកម្ម និងការជំរុញការផ្លាស់ប្តូរធុរកិច្ចទៅធុរកិច្ច និងស្វែងរកវិស័យថ្មីៗនៃការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញជំនឿយ៉ាងមុតមាំថា ជាមួយនឹងការចូលរួមយ៉ាងខ្លាំងក្លាពីវិស័យសាធារណៈ និងឯកជន កម្ពុជា និងអាស៊ែបៃហ្សង់ អាចទាញស្តារសក្តានុពលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពេញលេញរវាងប្រទេសទាំងពីរ និងកសាងភាពជាដៃគូដែលមានភាពរស់រវើក និងផលប្រយោជន៍ទៅវិញទៅមក។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងដែរថា កម្ពុជា និងអាស៊ែបៃហ្សង់ មានរចនាសម្ព័ន្ធសេដ្ឋកិច្ចបំពេញឲ្យគ្នាទៅវិញទៅមក ដែលផ្តល់សក្តានុពលយ៉ាងខ្លាំងក្លាសម្រាប់សហស្ថានភាពពាណិជ្ជកម្ម។ ខណៈដែលអាស៊ែបៃហ្សង់ មានភាពលេចធ្លោក្នុងវិស័យថាមពល គីមីឥន្ធនៈ ថាមពលកកើតឡើងវិញ បច្ចេកវិទ្យា កសិកម្ម ឡូជីស្ទីក និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល កម្ពុជាមានវិស័យកម្មន្តសាល ប្រកបដោយចីរភាព វិស័យកសិកម្មដ៏ល្អប្រសើរ កម្លាំងពលកម្មវ័យក្មេង ដែលងាយសម្របខ្លួន ការចាប់យកថាមពលស្អាតកាន់តែច្រើន និងការទទួលបានអនុគ្រោះពាណិជ្ជកម្មទៅកាន់ទីផ្សារក្នុងតំបន់។
សម្រាប់សម្តេចមហាបវរធិបតី តាមរយៈការរួមបញ្ចូលគ្នានូវឧត្តមភាពទាំងនេះ អាចបង្កើតប្រព័ន្ធអេកូឡូស៊ីប្រកបដោយចីរភាពដែលជំរុញឲ្យធុរកិច្ចរបស់យើងរីកចម្រើនជាមួយគ្នា។
ដើម្បីទាក់ទាញការចាប់អារម្មណ៍របស់អ្នកធ្វើធុរកិច្ចរបស់អាស៊ែបៃហ្សង់នោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកបង្ហាញអត្ថប្រយោជន៍ជាក់ស្តែងចំនួន៦ ដែលកម្ពុជាផ្តល់ជូនវិនិយោគិន។ អត្ថប្រយោជន៍ទាំង៦នោះ រួមមាន៖
ទី១៖ កម្លាំងពលកម្មប្រកបដោយថាមវន្ត៖ កម្លាំងពលកម្មរបស់កម្ពុជាមានវ័យក្មេង ថាមវន្ត រៀនសូត្របានលឿន និងប្រើប្រាស់បច្ចេកវិទ្យាបានយ៉ាងស្ទាត់ជំនាញ ដោយ៦០ភាគរយ នៃប្រជាជនមានអាយុក្រោម ៣៥ឆ្នាំ។
ទី២៖ បរិយាកាសធុរកិច្ចមានអំណោយផល និងការលើកទឹកចិត្ត៖ បរិយាកាសធុរកិច្ចរបស់កម្ពុជាមានលក្ខណៈសេរី និងផ្តោតលើវិនិយោគិន ដោយផ្តល់ការលើកទឹកចិត្ត សំបូរបែប និងតាមតម្រូវការរហូតដល់១២ឆ្នាំ នៃការលើកលែងពន្ធ និងអនុញ្ញាតឱ្យមានកម្មសិទ្ធិបរទេស ១០០ភាគរយ ដោយគ្មានការរឹតត្បិតលើការផ្ទេរប្រាក់ចំណេញ ឬដើមទុន។ រាជរដ្ឋាភិបាល ក៏បានអនុវត្តកំណែទម្រង់ រួមទាំងកាត់បន្ថយបទប្បញ្ញត្តិស្មុគស្មាញផ្សេងៗ និងការលើកកម្ពស់តួនាទីរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជាច្រកចេញចូលតែមួយសម្រាប់ការដាក់ពាក្យស្នើសុំវិនិយោគ។
ទី៣៖ ការគាំទ្រដ៏រឹងមាំពីសំណាក់រាជរដ្ឋាភិបាល៖ កម្ពុជា យកចិត្តទុកដាក់យ៉ាងខ្លាំងលើភាពជោគជ័យបន្តរបស់វិនិយោគិន រួមទាំងតាមរយៈសេវាកម្មថែទាំក្រោយការវិនិយោគដែលផ្តល់ដោយ CDC និងការរៀបចំនូវយន្តការប្រឹក្សាយោបល់ជាប្រចាំដើម្បីដោះស្រាយកង្វល់របស់វិនិយោគិន។ យន្តការទាំងនេះរួមមានវេទិការាជរដ្ឋាភិបាល-វិស័យឯកជន ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ក៏ដូចជាកិច្ចសន្ទនាពិគ្រោះប្រឹក្សាយោបល់រវាង CDC និងសមាគមធុរកិច្ចបរទេស និងស្ថានទូតនានា។
ទី៤៖ ទីតាំងយុទ្ធសាស្ត្រ និងការតភ្ជាប់៖ ស្ថិតនៅចំកណ្តាលអាស៊ាន កម្ពុជាផ្តល់នូវបណ្តាញតភ្ជាប់ការដឹកជញ្ជូន ឡូជីស្ទីកប្រកបដោយភាពងាយស្រួល និងតម្លៃសមស្របនៅក្នុងតំបន់។ ការវិនិយោគដ៏ច្រើនរបស់កម្ពុជាលើហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធដឹកជញ្ជូន រួមទាំងការសាងសង់ព្រែកជីកហ្វូណនតេជោ ដែលកំពុងដំណើរការ នឹងជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូនបន្ថែមទៀត និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការធុរកិច្ច។
ទី៥៖ ការទទួលបានទីផ្សារក្នុងតំបន់ និងសកល៖ ក្នុងនាមជាសមាជិកអាស៊ាន និងជាអ្នកចូលរួមក្នុង RCEP កម្ពុជាផ្តល់នូវលទ្ធភាពយ៉ាងទូលំទូលាយ ក្នុងការចូលទៅកាន់ទីផ្សារក្នុងតំបន់ដែលកំពុងមានការរីកចម្រើន បន្ថែមពីនេះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរបស់កម្ពុជាជាមួយចិន និងកូរ៉េខាងត្បូង និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ជាមួយអារ៉ាប់រួម កាន់តែពង្រីកអត្ថប្រយោជន៍ទីផ្សារបន្ថែមទៀត។
ទី៦៖ ចីរភាពថាមពល និងកំណើនបៃតង៖ កម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះថាមពលប្រកបដោយចីរភាព។ គិតត្រឹមខែកក្កដា ឆ្នាំ២០២៦ កម្ពុជាសម្រេចបាន ៦៣ភាគរយ នៃការប្រើប្រាស់ថាមពលកកើតឡើងវិញ ហើយមានគោលបំណងសម្រេចបានគោលដៅ ៧០ភាគរយ នៅឆ្នាំ២០៣០ និងអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។ វារីអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ គឺជាសមាសធាតុសំខាន់នៃផែនការនេះ។
ចុងបញ្ចប់នៃសុន្ទរកថាក្នុងវេទិកានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញវិនិយោគិនអាស៊ែបៃហ្សង់ ចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្ត និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំការជួយសម្រួលដល់ដំណើរវិនិយោគ តាមរយៈយន្តការគាំទ្រ និងការតម្រង់ទិស ដោយធានានូវបទពិសោធន៍ដ៏រលូន និងជោគជ័យ៕

































