រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
13-10-2026 19:22
(ភ្នំពេញ)៖ សន្ដិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, អនុប្រធានប្រចាំការ នៃ គ.ប.ឆ.ប. និងជាប្រធានលេខាធិការដ្ឋាន នៃ គ.ប.ឆ.ប. បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការអនុវត្តច្បាប់ ដើម្បីបន្តបង្ក្រាប និងបោសសម្អាតសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
យុទ្ធនាការជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានអនុវត្តវិធានការច្បាប់ទាំងក្នុងការបង្ក្រាបដល់ទីតាំងការផ្តន្ទាទោសតាមផ្លូវតុលាការចំពោះមេខ្លោង និងអ្នកពាក់ព័ន្ធ ការបង្កកទ្រព្យសម្បតិ្តរបស់ឧក្រិដ្ឋជន ហើយបាននឹងកំពុងបន្តការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់លើសំណុំរឿងជាច្រើននៅតុលាការ។
ចំពោះករណីតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា មិនបានបណ្តែតបណ្តោយឱ្យទីតាំងនេះ ប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាក់ស្តែងកាលពីខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ចបានរកឃើញអគារមួយចំនួននៅក្នុងបរិវេណសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងសកម្មឆបោកអនឡាញ ដែលពួកក្រុមឧក្រិដ្ឋជនបានរត់គេចចេញ និងបន្សល់ទុកនូវភស្តុតាងជាច្រើនមានការជាប់សង្ស័យធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយអាជ្ញាធរសមត្ថកិច្ចខេត្តកោះកុង បានឃាត់ខ្លួនមុខសញ្ញាសង្ស័យមួយចំនួន និងរឹបអូសវត្ថុតាង ដើម្បីបម្រើការស្រាវជ្រាវសើបអង្កេត ព្រមទាំងបានបិទសៀល និងគ្រប់គ្រងទីតាំងខាងលើនេះយ៉ាងម៉ត់ចត់។
កាលពីកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចុះពិនិត្យ និងតាមដានវឌ្ឍនភាពដោយផ្ទាល់នៅតាមទីតាំង ដែលសមត្ថកិច្ចកំពុងគ្រប់គ្រងក្នុងខេត្តកោះកុង និងបានណែនាំឱ្យអាជ្ញាធរ សមត្ថកិច្ចទទួលខុសត្រូវ គ្រប់គ្រងទីតាំង វត្ថុតាង និងស៊ើបអង្កេតឱ្យបានម៉ឹងម៉ាត់បំផុត។
ចំពោះបុគ្គលមានឈ្មោះ Deng Pibing សមត្ថកិច្ចកម្ពុជា បាននឹងកំពុងស្រាវជ្រាវស៊ើបអង្កេត សកម្មភាពសង្ស័យពាក់ព័ន្ធនឹងតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង។
បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា បុគ្គលឈ្មោះ Deng Pibing បានចាកចេញពីប្រទេសកម្ពុជា តាំងពីអំឡុងចុងខែឧសភា ឆ្នាំ២០២៦។ តាមប្រភពព័ត៌មានជំនាញ បានរកឃើញថា បុគ្គលឈ្មោះ Deng Pibing នេះត្រូវបាននគរបាលអន្តរជាតិ Interpol ដាចេញ និវេទក្រហម (red list)៕


































