ស្រមោលអំណាចលើក្តារអុកយុទ្ធសាស្ត្របាងកក៖ ពីបដិវត្តន៍ ១៩៣២ ដល់ការប្រមូលផ្តុំអំណាចផ្ទាល់ខ្លួន និងចលនារលកពណ៌ទឹកក្រូច
13-10-2026 20:13
(ភ្នំពេញ)៖ សម្រាប់លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ ទីក្រុងបាងកក មិនត្រឹមតែជារដ្ឋធានី និងជាបេះដូងសេដ្ឋកិច្ចរបស់ប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជា «ទីលានមរណៈនៃអំណាច» ដែលពោរពេញដោយស្នាមច្រវ៉ាក់រថក្រោះ ការចរចាដ៏ស្ងាត់ស្ងៀមក្នុងរាជវាំង និងការកែប្រែប្រវត្តិសាស្ត្រតាមរយៈរដ្ឋប្រហារជាបន្តបន្ទាប់។
លោកបណ្ឌិត បានបន្តថា បើសម្លឹងមើលទិដ្ឋភាពទាំងនេះតាមទស្សនវិជ្ជានយោបាយអំណាចរបស់ លោក Niccolò Machiavelli ដែលនិពន្ធសៀវភៅ Principe (ដែលជាភាសាខ្មែរច្រើនហៅថា សៀវភៅ អំពី«សម្តេច») យើងអាចវិភាគថា ចាប់តាំងពីការផ្លាស់ប្តូររបបគ្រប់គ្រងក្នុងសតវត្សរ៍ទី២០មក នយោបាយថៃ បានឆ្លងកាត់ការបត់បែនយ៉ាងជ្រាលជ្រៅ គឺការដណ្តើម ការរក្សា និងការបន្តអំណាចតាមគ្រប់មធ្យោបាយ។
តើកាំភ្លើង រថក្រោះ រដ្ឋធម្មនុញ្ញ និងចលនាយុវជន ត្រូវបានគេប្រើប្រាស់យ៉ាងដូចម្តេចនៅលើក្តារអុកនយោបាយនេះ? ហើយតើអ្វីទៅជា «ចេតនា និងទិសដៅពិតប្រាកដ» របស់អ្នកដែលក្តោបក្តាប់អំណាចកំពូលដែលនៅពីក្រោយវាំងនន?
១. ការផ្លាស់ប្តូររបបគ្រប់គ្រងពីសក្តិភូមិផ្តាច់ការ មកជារបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៣២
នៅព្រឹកព្រលឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៣២ ភាពស្ងប់ស្ងាត់របស់ទីក្រុងបាងកកត្រូវបានបំផ្លាញដោយសកម្មភាពប្រវត្តិសាស្ត្រមួយ។ ក្រុម «គណៈរាស្ត្រ» (Khana Ratsadon) ដែលជាសម្ព័ន្ធភាពរវាងមន្ត្រីស៊ីវិលវ័យក្មេង និងមេទ័ពកងពលពិសេស បានធ្វើរដ្ឋប្រហារអហិង្សាមួយ ដើម្បីបញ្ចប់របបរាជានិយមផ្តាច់ការដែលបានចាក់ឫសគល់យ៉ាងជ្រៅ។
ទោះបីជាទ្រឹស្តីរបស់ លោក Machiavelli ក្នុងសៀវភៅ «សម្តេច» ធ្លាប់បានណែនាំថា អ្នកដណ្តើមរដ្ឋ(អំណាច) បានថ្មីត្រូវតែ «កម្ទេចខ្សែស្រឡាយស្តេចចាស់ចោលទាំងអស់» ដើម្បីកុំឱ្យមានការងើបបះបោរបន្ទាប់ក៏ដោយ ប៉ុន្តែក្រុមគណៈរាស្ត្របានជ្រើសរើសផ្លូវផ្ទុយស្រឡះ។ ពួកគេបានរក្សាទុកព្រះមហាក្សត្រឱ្យគង់លើរាជបល្ល័ង្កក្រោមរដ្ឋធម្មនុញ្ញ ដោយសារមូលហេតុយុទ្ធសាស្ត្រចំនួនបី៖
- ការគោរពបូជាពីប្រជាជន៖ ស្ដេចគឺជាបេះដូង និងជាមជ្ឈមណ្ឌលជំនឿសាសនាដ៏ខ្ពង់ខ្ពស់របស់ប្រជាជនសៀម ការកម្ទេចចោលនឹងធ្វើឱ្យក្រុមខ្លួនក្លាយជា «ជនក្បត់ជាតិ» ក្នុងក្រសែភ្នែកមហាជនភ្លាមៗ។
- ខែលការពារភាពស្របច្បាប់៖ ពួកគេត្រូវការព្រះរាជហត្ថលេខាដើម្បីផ្តល់ភាពស្របច្បាប់ដល់ច្បាប់ថ្មី និងរដ្ឋធម្មនុញ្ញ (សង្គមថៃសម័យនោះចូលចិត្តអានសាមកុក)។
- ការទប់ស្កាត់ការឈ្លានពានពីខាងលិច និងខាងកើត៖ ការរក្សាស្ថិរភាពផ្ទៃក្នុងបែបនេះ បានជួយការពារប្រទេសពីការយកលេសចូលជ្រៀតជ្រែកពីសំណាក់មហាអំណាចអាណានិគមបារាំង និងអង់គ្លេសដែលព័ទ្ធជុំវិញ(ចុះទឹកក្រពើ ឡើងលើខ្លា)។
២. ទម្រង់ប្រវត្តិនៃការដណ្តើមអំណាច និងចំនួនរដ្ឋប្រហារជាក់លាក់
ចាប់តាំងពីឆ្នាំ១៩៣២មក ប្រទេសថៃបានជួបប្រទះ រដ្ឋប្រហារសរុបចំនួន ១៩ដង (ជោគជ័យ ១៣ដង និងបរាជ័យ ៦ដង)។ ប៉ុន្តែការវិភាគតាមបែបវិទ្យាសាស្ត្រនយោបាយទំនើបខ្លះបានកំណត់យកតួលេខ ២២ដង (ជោគជ័យ ១៣ និងបរាជ័យ ៩)។ រដ្ឋប្រហារនៅថៃមិនមែនជាបដិវត្តន៍ពីក្រោមឡើងលើនោះឡើយ ប៉ុន្តែវាជា «រដ្ឋប្រហារពីលើចុះក្រោម» ដែលដឹកនាំដោយមេទ័ពកងទ័ពជើងគោក។
ហេតុផលខ្លីៗនៅពីក្រោយរដ្ឋប្រហារសំខាន់ៗទាំង៧៖
- រដ្ឋប្រហារឆ្នាំ១៩៣២ (ជោគជ័យ)៖ បញ្ចប់របបរាជានិយមផ្តាច់ការ ដើម្បីបង្កើតរបបអាស្រ័យរដ្ឋធម្មនុញ្ញ (ដឹកនាំដោយ លោក ព្រីឌី ផាណូមយង្គ Pridi Banomyong)។ លោកបានបោះជំហានធ្វើជា «ស្ថាបត្យករច្បាប់ និងប្រព័ន្ធអប់រំ» ប៉ុន្តែការប៉ុនប៉ងកែទម្រង់សេដ្ឋកិច្ចបែបសង្គមនិយមរបស់លោក (សៀវភៅលឿង) បានក្លាយជាភ្លើងចង្រ្កាននៃជម្លោះនយោបាយដែលធ្វើឱ្យលោកមានសត្រូវកាន់តែច្រើននៅថ្ងៃខាងមុខ។
- រដ្ឋប្រហារឆ្នាំ១៩៣៣ (ព្រះអង្គម្ចាស់ បវរតេជ, បរាជ័យ)៖ ក្រុមអភិជនរាជានិយមចាស់ព្យាយាមដណ្តើមអំណាចវិញ ប៉ុន្តែត្រូវបង្រ្កាប។ រដ្ឋាភិបាលបានតែងតាំង លោកវរសេនីយ៍ត្រី ហ្លួង វិបុលសង្គ្រាម (Luang Phibunsongkhram - ក្រោយមកក្លាយជានាយករដ្ឋមន្ត្រី និងជាមេដឹកនាំផ្តាច់ការថៃ) ឱ្យធ្វើជាមេបញ្ជាការបង្ក្រាបក្រុមព្រះអង្គម្ចាស់ បវរតេជ។ព្រះអង្គម្ចាស់ បវរតេជ បានភៀសព្រះកាយតាមយន្តហោះមកសុំសិទ្ធិជ្រកកោននយោបាយនៅក្នុងប្រទេសកម្ពុជា (រស់នៅរហូតដល់ឆ្នាំ១៩៤៨)។
- រដ្ឋប្រហារឆ្នាំ១៩៤៧ (ជោគជ័យ)៖ យោធាដណ្តើមអំណាចពីស៊ីវិល បន្ទាប់ពីការសុគតដ៏អាថ៌កំបាំងរបស់ព្រះចៅរ៉ាម៉ាទី៨។ លោក ព្រីឌី ផាណូមយង្គ បានភាសខ្លួន ហើយមិនដែលបានវិលត្រឡប់មកជាន់ទឹកដីថៃវិញឡើយ រហូតដល់លោកបានទទួលមរណភាពនៅទីក្រុងប៉ារីស ក្នុងឆ្នាំ១៩៨៣។ (លោក ព្រីឌី ផាណូមយង្គ និងហ្លួង វិបុលសង្គ្រាម ពីមិត្តក្លាយជាសត្រូវស៊ូពូជ)។
- រដ្ឋប្រហារឆ្នាំ១៩៥៧ (ជោគជ័យ)៖ ឧត្តមសេនីយ៍ សារិត ធនរ័ត្ន ដណ្តើមអំណាច ដើម្បីស្តារឥទ្ធិពលវាំង និងពង្រឹងរបបយោធា។ លោកសេនាប្រមុខ វិបុលសង្គ្រាម ដឹងខ្លួនទាន់ក៏បានជិះរថយន្តរត់ភៀសខ្លួនទៅកាន់ប្រទេសកម្ពុជា (ស្នាក់នៅមួយរយៈពេលខ្លី មុននឹងបន្តទៅជប៉ុន)។ នេះជាពេលដែលព្រះបាទរាមាទី៩ បានក្លាយជាក្សត្រដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្រថៃទំនើប។
- រដ្ឋប្រហារឆ្នាំ១៩៨១ (លោកឧត្តមសេនីយ៍ សន្ត ចិត្របដិមា Santh Chitpatima, បរាជ័យ)៖ ក្រុមមេទ័ព «ទាហានវ័យក្មេង Young Turks» កាន់កាប់បាងកកបាន តែត្រូវបរាជ័យព្រោះគ្មានការគាំទ្រពីព្រះមហាក្សត្រ។ នៅថ្ងៃទី៣ ខែមេសា លោក ប្រេម បានបញ្ជូនកងទ័ពពីខេត្តចូលមកកាន់កាប់បាងកកវិញដោយសន្តិវិធី។ លោកឧត្តមសេនីយ៍ សន្ត ចិត្របដិមា បានភៀសខ្លួនទៅកាន់ប្រទេសម៉ាទ្បេស៊ី ចំណែកក្រុមទាហានវ័យក្មេង ត្រូវបានចាប់ខ្លួន និងដកហូតឋានន្តរសក្តិយោធាទាំងអស់។
- រដ្ឋប្រហារឆ្នាំ២០០៦ (ជោគជ័យ)៖ ទម្លាក់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ក្រោមលេសថាពុករលួយ និងប្រមាថព្រះចៅអធិរាជ។ រដ្ឋប្រហារនេះត្រូវបានធ្វើឡើងយ៉ាងស្ងាត់កំបាំង និងរហ័សបំផុត នាយប់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០០៦ ខណៈពេលដែលលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កំពុងស្ថិតនៅទីក្រុងញូវយ៉ក ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។ លោក ថាក់ស៊ីន ត្រូវនិរទេសខ្លួនទៅបរទេសអស់រយៈពេលជាង ១៥ឆ្នាំ។
- រដ្ឋប្រហារឆ្នាំ២០១៤ (ជោគជ័យ)៖ ដឹកនាំដោយលោកឧត្តមសេនីយ៍ ប្រយុទ្ធ ច័ន្ទ្រឱចា (Prayut Chan-o-cha) ដោយយកលេសទប់ស្កាត់ការទាល់ច្រកនយោបាយ និងបាតុកម្មរ៉ាំរ៉ៃ។ គោលបំណងដើម្បី កម្ទេច «ប្រព័ន្ធថាក់ស៊ីន» ឱ្យអស់ពីសង្វៀននយោបាយថៃ បន្ទាប់ពីប្អូនស្រីបង្កើតរបស់លោក គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) បានឈ្នះឆ្នោតឡើងធ្វើជានាយករដ្ឋមន្ត្រី។ រដ្ឋប្រហារនេះបានបិទបញ្ចប់យុគសម័យសង្គ្រាមអាវលឿង-អាវក្រហម ប៉ុន្តែវាបានដុតកំដៅបង្កើតជា «ចលនានិស្សិតជំនាន់ថ្មីឆ្នាំ២០២០» ដែលងាកមកប្រឆាំងនឹងវាំងនិងយោធាជំនួសវិញ។
៣. ភាពស្របច្បាប់ និងការគាំទ្រពីស្ថាប័នកំពូលនៃជាតិ
តើអ្វីជាអាវុធពិតប្រាកដក្នុងការគ្រប់គ្រងអំណាចនៅបាងកក?
ប្រវត្តិសាស្ត្រថៃបានបង្ហាញយ៉ាងច្បាស់ថា «អំណាចកាំភ្លើង និងរថក្រោះអាចគ្រប់គ្រងបានត្រឹមតែផ្លូវថ្នល់ក្នុងបាងកកប៉ុណ្ណោះ ប៉ុន្តែមិនអាចធានាជ័យជម្នះបានឡើយ ប្រសិនបើគ្មានភាពស្របច្បាប់»។
- មេរៀនពីប្រវត្តិសាស្ត្រ៖ ក្នុងព្រឹត្តិការណ៍រដ្ឋប្រហារខែមេសា ឆ្នាំ១៩៨១ ទោះបីជាក្រុមទាហានបះបោរអាចកាន់កាប់ទីក្រុងបាងកកបានទាំងស្រុងក៏ដោយ ប៉ុន្តែដោយសារនាយករដ្ឋមន្ត្រី និងព្រះរាជវង្សានុវង្សបានភៀសខ្លួនទៅកាន់ខេត្តនគររាជសីមា និងទទួលបានការគាំទ្រពីព្រះមហាក្សត្រ ក្រុមធ្វើរដ្ឋប្រហារនៅបាងកកក៏ត្រូវបរាជ័យ និងក្លាយជាពួកក្បត់ជាតិក្នុងពេលត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ។
- តួនាទីរបស់តុលាការ និងខ្នងបង្អែក៖ ក្រៅពីព្រះរាជឱង្ការប្រកាសទទួលស្គាល់ ស្ថាប័នតុលាការ និងក្រុមប្រឹក្សាឯកជន ដើរតួជា «ខែលគតិយុត្ត» ក្នុងការចេញសេចក្តីសម្រេចផ្តល់ភាពស្របច្បាប់ដល់រដ្ឋប្រហារយោធា និងកម្ទេចគូប្រជែងនយោបាយតាមរយៈការរំលាយគណបក្ស។
៤. ដំណើរការនៃ «ប្រព័ន្ធបណ្តាញរាជានិយម»
ក្នុងរជ្ជកាលរាមាទី៩ អំណាចពិតប្រាកដមិនបានស្ថិតនៅលើបុគ្គលណាម្នាក់ដាច់ខាត ប៉ុន្តែវាដំណើរការតាមរយៈ «ប្រព័ន្ធបណ្តាញរាជានិយម» ដែលបានចងក្រងឡើងដោយសាស្ត្រាចារ្យ Duncan McCargo។
- ការដំណើរការ៖ ព្រះមហាក្សត្រគង់ជាកំពូលនៃបណ្តាញ ដោយមានប្រធានក្រុមប្រឹក្សាឯកជន (ឧទាហរណ៍៖ លោកឧត្តមសេនីយ៍ ប្រេម ទីណស៊ូឡានន្ទ) ដើរតួជាអ្នកសម្របសម្រួល និងបញ្ជូនសញ្ញាទៅកាន់កងទ័ព និងតុលាការ។
- គោលបំណង៖ បណ្តាញនេះប្រើប្រាស់មនោគមវិជ្ជា «មនុស្សល្អ ឬគុណធម៌» ដើម្បីទប់ស្កាត់ និងកម្ទេចរាល់ឥទ្ធិពលរបស់អ្នកនយោបាយស៊ីវិលដែលកើតចេញពីការបោះឆ្នោត ប៉ុន្តែមានមូលដ្ឋានគាំទ្រខ្លាំងពីប្រជាជន។
៥. ការវិវត្តទៅជា «ប្រព័ន្ធប្រមូលផ្តុំអំណាចផ្ទាល់ខ្លួនរបស់ព្រះមហាក្សត្រ» និងចេតនាពិតប្រាកដ
នៅក្នុងរជ្ជកាលបច្ចុប្បន្ន (រាមាX ) ទម្រង់អំណាចដ៏ស្មុគស្មាញនៃប្រព័ន្ធបណ្តាញក្រៅផ្លូវការ ត្រូវបានរំលាយចោល។ ព្រះអង្គបានកសាង «ប្រព័ន្ធប្រមូលផ្តុំអំណាចផ្ទាល់ខ្លួនរបស់ព្រះមហាក្សត្រ»។
តើនរណាជាអ្នកក្តោបអំណាចពិតប្រាកដ?
អំណាចពិតប្រាកដទាំងផ្នែកយោធា និងសេដ្ឋកិច្ច លែងស្ថិតនៅលើក្រុមប្រឹក្សាឯកជន មេទ័ព ឬសែស្រឡាយរាជវង្សដទៃទៀតឡើយ ប៉ុន្តែត្រូវបានប្រមូលផ្តុំ និងបញ្ជាដោយ រាមាX ផ្ទាល់ព្រះអង្គ។
- ការគ្រប់គ្រងកងទ័ពដោយផ្ទាល់៖ ព្រះអង្គបានផ្ទេរកងពលពិសេស (Elite Division) ក្នុងទីក្រុងបាងកកឱ្យស្ថិតនៅក្រោម «ទីបញ្ជាការសន្តិសុខរាជវាំង» និងបង្កើតទាហានកន្សែងកក្រហម ៩០៤ (Red-Rim Soldiers / 904) ដែលមានខ្សែបញ្ជាត្រង់ដាច់ខាតមកកាន់ព្រះអង្គ។
- ការក្តោបក្តាប់សេដ្ឋកិច្ចជាតិ៖ កែប្រែច្បាប់ផ្ទេរទ្រព្យសម្បត្តិវាំង និងភាគហ៊ុនក្រុមហ៊ុនធំៗរាប់ពាន់លានដុល្លារ (SCB, SCG) ឱ្យទៅជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ព្រះមហាក្សត្រ។
ការគ្រប់គ្រងកងទ័ពដោយផ្ទាល់តាមរយៈប្រព័ន្ធទាហានកន្សែងកក្រហម ៩០៤ និងក្តោបក្តាប់សេដ្ឋកិច្ចជាតិ គឺជាការប្តូរទម្រង់ប្រទេសថៃពី «របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញដែលការពារដោយយោធា» ឱ្យទៅជា «របបរាជានិយមផ្តាច់ការបែបថ្មី ដែលមានយោធាជាឧបករណ៍ចំណុះផ្ទាល់ខ្លួន»។
ព្រះអង្គមើលឃើញថា ការពឹងផ្អែកលើអ្នកនយោបាយ ឬមេទ័ពដូចសម័យបិតា នាំឱ្យមានភាពស្មុគស្មាញ និងគ្រោះថ្នាក់ ដូច្នេះការកាន់កាប់ខ្សែបញ្ជាយោធា និងក្បាលម៉ាស៊ីនសេដ្ឋកិច្ចដោយផ្ទាល់ដៃ គឺជាវិធីតែមួយគត់ដើម្បីធានាអំណាចដាច់ខាត និងបង្ក្រាបរាល់ចលនាដែលប៉ុនប៉ងកែទម្រង់ស្ថាប័ននេះ។
៦. ការងើបបះបោររបស់ចលនានិស្សិត-យុវជនឆ្នាំ២០២០ និងឥទ្ធិពលរលកពណ៌ទឹកក្រូច
តើប្រព័ន្ធអំណាចផ្តាច់ការនេះ អាចទប់ទល់នឹង «រលកនៃការផ្លាស់ប្តូរផ្នត់គំនិត» របស់យុវជនបានដែរឬទេ?
ការប្រមូលផ្តុំអំណាចផ្ទាល់ខ្លួនយ៉ាងដាច់ខាតនេះ បានជួបនឹងរលកតវ៉ាមិនធ្លាប់មានពីសំណាក់ចលនានិស្សិត និងយុវជនឆ្នាំ២០២០ (ដូចជា Free Youth ឬចលនាកូដពណ៌ស) ដែលបានអង្រួនគ្រឹះនយោបាយថៃ យ៉ាងខ្លាំង៖
- ការបំបែកបម្រាមសង្គម (Taboo) និងយុទ្ធសាស្ត្រហូរដូចទឹក (Be Water)៖ យុវជនបានហែកចោលបម្រាមវប្បធម៌ ដោយហ៊ានចេញមុខទាមទារឱ្យមានការកែទម្រង់ស្ថាប័នព្រះមហាក្សត្រដោយត្រង់ៗ និងជាសាធារណៈ។ ពួកគេបានប្រើប្រាស់ Telegram/Twitter (X) ដើម្បីបង្កើតបាតុកម្មផ្លេកបន្ទោរ (Flash Mobs) និងប្រើប្រាស់និមិត្តរូប Pop Culture (ការលើកម្រាមដៃបី, រឿង Harry Potter) ដើម្បីប្រឆាំងនឹងរបបផ្តាច់ការ។
- ការវាយបក និងការបំប្លែងខ្លួនចូលសង្វៀនបោះឆ្នោត៖ ទោះបីជារដ្ឋបានប្រើប្រាស់ច្បាប់មាត្រា ១១២ និងកម្លាំងបាយបង្ក្រាបយ៉ាងចាស់ដៃ រហូតបាតុកម្មផ្លូវថ្នល់ថយចុះក៏ដោយ ប៉ុន្តែស្មារតីនេះបានបំប្លែងខ្លួនទៅជា «រលកពណ៌ក្រូច» នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០២៣ ដោយជួយឱ្យគណបក្សបោះជំហានទៅមុខ (Move Forward Party) ឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី។ ទោះជាបក្សនេះត្រូវតុលាការរំលាយចោលក៏ដោយ ក៏កម្លាំងគាំទ្របានបន្តផ្ទេរទៅគណបក្សប្រជាជន (People's Party) ដែលជាបក្សបន្តវេន។
បើតាមការបញ្ជាក់របស់លោកបណ្ឌិត ញិល រដ្ឋា ប្រវត្តិសាស្ត្រនយោបាយថៃ គឺជាសៀវភៅសិក្សាដ៏មានតម្លៃអំពីការតស៊ូដណ្តើមអំណាច ដែលបង្ហាញថា កាំភ្លើង និងរថក្រោះអាចដកហូតអំណាចពីរដ្ឋាភិបាលស៊ីវិលបាន ប៉ុន្តែមានតែ «ភាពស្របច្បាប់ និងស្ថាប័នកំពូលនៃជាតិ» ប៉ុណ្ណោះ ទើបជាគ្រឹះពិតប្រាកដនៃការរក្សាអំណាចនោះក្នុងរយៈពេលវែង។ ពីបដិវត្តន៍ឆ្នាំ១៩៣២ រហូតដល់ការប្រមូលផ្តុំអំណាចផ្ទាល់ខ្លួនរបស់ព្រះបាទរាមាX និងការប្រឈមមុខជាមួយមនោគមវិជ្ជារបស់យុវជនជំនាន់ថ្មី ទីក្រុងបាងកកនៅតែបន្តជាល្បែងអុកដ៏គ្រោះថ្នាក់ ដែលរាល់ជំហាននៃអំណាចសុទ្ធតែត្រូវបានគណនាដោយប្រុងប្រយ័ត្នបំផុត។
លោកបណ្ឌិត ញិល រដ្ឋា បានលើកយកទស្សនវិជ្ជានយោបាយអំណាចរបស់លោក Niccolò Machiavelli ដែលអាចជួយឲ្យយើងមើលឃើញពីកត្តា និងចេតនាដែលនាំឲ្យមិត្តយុទ្ធសាស្ត្របាត់ទំនុកចិត្ត ឯមិត្តប្រយោជន៍និយមក្លាយសត្រូវយុទ្ធសាស្ត្រ តួយ៉ាងដូចក្នុងប្រវត្តិសាស្ត្រនយោបាយថៃ។
ការសម្លឹងក្តារអុកថៃតាមទស្សនវិជ្ជានយោបាយអំណាចរបស់ Niccolò Machiavelli បានបង្រៀនថាតាំងពីដើមមក៖ «មនុស្សតែងតែជាក្រុមប្រែប្រួល មានកលល្បិច និងលោភលន់ចំពោះផលប្រយោជន៍»។ ហេតុនេះហើយ ទើបសម្ព័ន្ធភាពដែលទិញដោយផលប្រយោជន៍ តែងតែប្រែជា «សត្រូវយុទ្ធសាស្ត្រ» នៅពេលសង្គ្រាម ឬវិបត្តិមកដល់ហើយ «មិត្តយុទ្ធសាស្ត្រ» តែងតែបាត់បង់ទំនុកចិត្ត នៅពេលអ្នកដឹកនាំខកខានក្នុងការបង្កើត «គ្រឹះអំណាចផ្ទាល់ខ្លួន» តួយ៉ាងដូចល្បែងអំណាច និងការប្រែប្រួលសម្ព័ន្ធមិត្តនៅក្នុងប្រវត្តិសាស្ត្រនយោបាយថៃ៕






