* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន (Video inside)

14-10-2026 07:41

(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ បានចេញមកបញ្ជាក់យ៉ាងច្បាស់ៗថា បញ្ហាពាក់ព័ន្ធនឹង លោក សម រង្ស៊ី មិនមែនស្ថិតនៅលើរូបភាពវីដេអូចាស់ ឬថ្មី ដែលអ្នកសារព័ត៌មានយកមកប្រើជាការរំលេចរូបភាព (Illustrate) នោះឡើយ ប៉ុន្តែបញ្ហាស្នូល គឺលោក សម រង្ស៊ី ត្រូវចេញមុខបញ្ជាក់ និងបដិសេធសម្តីរបស់អតីតមន្ត្រីថៃ ដែលបានអះអាងថា លោក សម រង្ស៊ី បាននិយាយថា «ភាគីកម្ពុជាជាអ្នកបាញ់មុន»។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើលោក សម រង្ស៊ី មិនចេញមុខបដិសេធទេ មានន័យថា គាត់ពិតជាបាននិយាយមូលបង្កាច់កម្ពុជាដូច្នេះមែន។

ប្រតិកម្មរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើឡើងបន្ទាប់ពីគេឃើញ លោក សម រង្ស៊ី និងបក្ខពួក បានបង្ហោះវីដេអូចាស់មួយដែលរូបគាត់ធ្លាប់ផ្តល់បទសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP តាំងពីឆ្នាំ២០១៩ ហើយដែលសារព័ត៌មានអនឡាញថៃ Top News យកមកប្រើដើម្បីរំលេចរូបភាព (Illustrate) នៅពេលលោក Nantiwat Samart អតីតអនុប្រធានការិយាល័យស៊ើបការណ៍សម្ងាត់ជាតិ និងជាអតីតលេខារដ្ឋមន្ត្រីក្រសួងការបរទេសថៃ និយាយពីលោក សម រង្ស៊ី។ ក្រុមរបស់លោក សម រង្ស៊ី បានយករូបភាពវីដេអូនោះធ្វើជាលេសចោទប្រកាន់ថា គេយករូបភាពចាស់មកកាត់តដើម្បីវាយប្រហារលើរូបគាត់ទៅវិញ។

ឆ្លើយតបនឹងការបង្វែរដាននេះ លោក ប៉ែន បូណា បានពន្យល់អំពីក្រមសីលធម៌ និងការងារវិជ្ជាជីវៈសារព័ត៌មានថា ក្នុងវិស័យព័ត៌មាន អ្នកសារព័ត៌មានអាចប្រើប្រាស់រូបភាព ឬវីដេអូឯកសារណាមួយក៏បាន (មិនថារូបចាស់ ឬថ្មីឡើយ) ដើម្បីបង្ហាញអត្តសញ្ញាណបុគ្គលនៅក្នុងសាច់រឿង ដោយដាក់ Caption ឬ Credit បញ្ជាក់ពីប្រភពរូបភាព។ ដូច្នេះ ការដែលលោក សម រង្ស៊ី លើកយករូបភាពចាស់មកធ្វើជាសំអាង ដើម្បីគេចវេសពីអ្វីដែលខ្លួនត្រូវបកស្រាយ មិនមែនជារឿងត្រឹមត្រូវ និងមិនមែនជាមធ្យោបាយដោះស្រាយបញ្ហានោះឡើយ។

លោកអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់យ៉ាងចាក់ដោតថា៖ «បញ្ហាពាក់ព័ន្ធនឹង លោក សម រង្ស៊ី មិនមែនរូបភាពនោះទេ។ បញ្ហាគឺនៅត្រង់ថា លោក Nantiwat Samart បានប្រាប់សារព័ត៌មាន Top News ថា លោក សម រង្ស៊ី បាននិយាយថា៖ «ភាគីកម្ពុជាជាអ្នកបាញ់មុន...»។ នេះជាចំណុចដែលលោក សម រង្ស៊ី ត្រូវចេញមុខបញ្ជាក់»។

លោក ប៉ែន បូណា បានចោទជាសំណួរថា ជាធម្មតា ពេលមានសារព័ត៌មានណាមួយផ្សាយខុស ឬមានបុគ្គលណានិយាយប៉ះពាល់ដល់ខ្លួន បុគ្គលនោះតែងតែចេញមុខបដិសេធភ្លាមៗដើម្បីបង្ហាញភាពស្អាតស្អំ ជាពិសេសរឿងធ្ងន់ធ្ងរដែលអតីតមន្ត្រីថៃបានទម្លាយនៅពេលនេះ ដែលអាចចាត់ទុកជា «អំពើក្បត់ជាតិ»។ ចុះហេតុអ្វីបានជា លោក សម រង្ស៊ី មិនព្រមបដិសេធព័ត៌មាននេះ? ហើយហេតុអ្វីបានជាទាំងលោក សម រង្ស៊ី និងលោក អ៊ុំ សំអាន តែងតែចេះតែគេចវេសពីការពិត ហើយបង្វែរទៅរឿងផ្សេងរហូត?

ជាចុងក្រោយ លោក ប៉ែន បូណា បានសង្កត់ធ្ងន់ជាថ្មីថា ដើម្បីជម្រះមន្ទិល និងបញ្ចប់រឿងនេះ លោក សម រង្ស៊ី ត្រូវតែមានសេចក្តីក្លាហានចេញមុខបដិសេធសម្តីរបស់អតីតមន្ត្រីថៃរូបនោះជាសាធារណៈ។ ប្រសិនបើនៅតែមិនព្រមចេញមុខបដិសេធទេនោះ វាមានន័យយ៉ាងច្បាស់ក្រឡែតថា «លោក សម រង្ស៊ី ពិតជាបាននិយាយមួលបង្កាច់កងកម្លាំងកម្ពុជាថាជាអ្នកបាញ់មុនមែន!»៕