* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អភិបាលក្រុងគីមផូ គាំទ្រការជំរុញក្រុមហ៊ុនកូរ៉េប្រមាណ៨ពាន់ក្រុមហ៊ុន ពង្រីកសក្តានុពលអាជីវកម្មនៅកម្ពុជា

14-10-2026 10:34

(កូរ៉េ)៖ លោក Lee Ki-hyung អភិបាលក្រុងគីមផូ នៃសាធារណរដ្ឋកូរ៉េ បានបង្ហាញការគាំទ្រចំពោះការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគជាមួយកម្ពុជា ព្រមទាំងបង្ហាញបំណងចង់ឱ្យក្រុមហ៊ុន និងសហគ្រាសផលិតកម្មប្រមាណ៨ពាន់ក្រុមហ៊ុន នៅក្នុងក្រុងគីមផូ អាចពង្រីកសក្តានុពលអាជីវកម្មរបស់ខ្លួនទៅកាន់ទីផ្សារកម្ពុជា។

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសលោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជួបពិភាក្សាការងារជាមួយលោក Lee Ki-hyung អភិបាលក្រុងគីមផូ នៅសាលាក្រុងគីមផូ ខេត្តខ្យង់គីដូ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦។

ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ជាពិសេសការយកចិត្តទុកដាក់លើសុខុមាលភាពរបស់ប្រជាពលរដ្ឋខ្មែរប្រមាណ ២ពាន់នាក់ ដែលកំពុងរស់នៅ និងបម្រើការងារក្នុងតំបន់គីមផូ។

លោកអភិបាលក្រុងគីមផូ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅ និងធ្វើការក្នុងតំបន់នេះ ដោយចាត់ទុកថា ពួកគេបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងមូលដ្ឋាន។

ក្នុងឱកាសនោះ លោក ឃួន ផុនរតនៈ បានលើកឡើងថា ឆ្នាំ២០២៧ ខាងមុខ គឺជាឆ្នាំដ៏ពិសេសដែលកម្ពុជា និងសាធារណរដ្ឋកូរ៉េ នឹងប្រារព្ធខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោកសង្ឃឹមថា ស្ថានទូតកម្ពុជា និងរដ្ឋបាលក្រុងគីមផូ អាចសហការរៀបចំព្រឹត្តិការណ៍ពិសេសរួមគ្នា ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោកឯកអគ្គរាជទូត ក៏បានអញ្ជើញលោកអភិបាលក្រុងគីមផូ ដឹកនាំគណៈប្រតិភូក្រុមហ៊ុន និងសហគ្រាសកូរ៉េ មកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងរៀបចំវេទិកាធុរកិច្ច ដើម្បីស្វែងរកឱកាសវិនិយោគ និងបង្កើតភាពជាដៃគូអាជីវកម្មថ្មីៗជាមួយធុរជនកម្ពុជា។

ជាការឆ្លើយតប លោក Lee Ki-hyung បានសម្តែងការគាំទ្រចំពោះសំណើរបស់លោកឯកអគ្គរាជទូត ដោយបញ្ជាក់ថា ក្រុងគីមផូ មានក្រុមហ៊ុន និងសហគ្រាសផលិតកម្មប្រមាណ ៨ពាន់ក្រុមហ៊ុន ហើយលោកក៏មានបំណងជំរុញឱ្យក្រុមហ៊ុនទាំងនេះស្វែងរកឱកាសពង្រីកអាជីវកម្ម និងសក្តានុពលរបស់ខ្លួននៅក្នុងទីផ្សារកម្ពុជាផងដែរ៕