* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ នៅថ្ងៃទី១៦ ខែតុលាខាងមុខនេះ (Video inside)

14-10-2026 11:19

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ក្នុងគោលបំណងបន្តជួយសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ និងងាយរងហានិភ័យដែលរងការប៉ះពាល់ ពីពហុវិបត្តិដែលកម្ពុជាបាននិងកំពុងជួបប្រទះ។

ការផ្តល់ប្រាក់ឧបត្ថម្ភនេះ ធ្វើឡើងចំនួន ៤លើក ក្នុងឆ្នាំ២០២៦ ដោយលើកទី១ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦, លើកទី២ នៅថ្ងៃ១៦ ខែតុលា ឆ្នាំ២០២៦នេះ, លើកទី៣ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ និង លើកទី៤ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៦។

លោកបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាជាតិគាំពារសង្គម មានប្រសាសន៍ថា ដោយកម្ពុជា បាន និងកំពុងបន្តជួបពហុវិបត្តិដែលកើតមានឡើងជាបន្តបន្ទាប់ រួមមាន ការផ្លាស់ប្តូររបបពាណិជ្ជកម្មសកល, ការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ, សង្គ្រាមឈ្លានពាន និងការរំលោភបំពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា និងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលផ្ដល់កម្មវិបាកអវិជ្ជមានដល់ការផ្គត់ផ្គង់ថាមពលសកលជាដើម, រាជរដ្ឋាភិបាលបានសម្រេចដាក់ឱ្យអនុវត្ត «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ក្នុងគោលដៅបង្កើតមុខរបរ និងការងារ, ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា សម្រាប់ រយៈពេលខ្លី និងមធ្យមខាងមុខ»។

ក្នុងចំណោមអន្តរាគមន៍នានា, រាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្ត «កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ» នេះឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ថ្មីៗនេះ។

លោកបណ្ឌិត ចន ណារិទ្ធ ស្នើឱ្យពលរដ្ឋដែលមានបណ្ណសមធម៌ បណ្ណគ្រួសារងាយរងហានិភ័យ ដែលមានសុពលភាពទាំងអស់មេត្តារក្សាបណ្ណ និងលេខកូដឱ្យបានល្អ និងសូមអញ្ជើញទៅបើកប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលលើកទី២ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ នៅតាមបញ្ជរវីងគ្រប់ទីកន្លែងនៅទូទាំងប្រទេស។

សូមជម្រាបជូនថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរង កម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈនឹងផ្តល់សាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះមាន បណ្ណសមធម៌ និងគ្រួសារមានបណ្ណងាយរងហានិភ័យ មានសុពលភាពប្រមាណ ៤លាន ៥សែននាក់ នៅទូទាំងប្រទេស។

កន្លងមករាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម តែងតែគិតគូរ និងយកចិត្តទុកដាក់ជាប្រចាំ លើសុខុមាលភាព និងជីវភាពរស់នៅរបស់ពលរដ្ឋ ជាពិសេសក្នុងគ្រាមានគ្រោះអាសន្ន តាមរយៈការដាក់ចេញនូវកម្មវិធីអន្តរាគមន៍ពិសេសមួយចំនួន ដូចជា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩, កម្មវិធីជំនួយសង្គម ជាសាច់ប្រាក់ ជូនគ្រួសារ ងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ និង កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារ ងាយរងហានិភ័យក្នុងអំឡុងមានសម្ពាធអតិផរណា ក៏ដូចជាកម្មវិធីអន្តរាគមន៍ពិសេសនានាជូន គ្រួសារភៀសសឹក ដោយសារជម្លោះព្រំដែនផងដែរ៕